អ្នក​ច្បាប់​សិទ្ធិមនុស្ស៖ លោក ហ៊ុន សែន បង្កើន​យុទ្ធនាការ​យក​ច្បាប់​ជា​អាវុធ បង្ក្រាប​សំឡេង​ប្រឆាំង

ដោយ ជី វិតា
2023.01.02
អ្នក​ច្បាប់​សិទ្ធិមនុស្ស៖ លោក ហ៊ុន សែន បង្កើន​យុទ្ធនាការ​យក​ច្បាប់​ជា​អាវុធ បង្ក្រាប​សំឡេង​ប្រឆាំង
រូប៖ ហ្វេសប៊ុកគណបក្ស​ភ្លើងទៀន និងលោក ហ៊ុន សែន

ខណៈ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំថ្មី គណបក្សកាន់អំណាច​កាន់​តែ​បង្កើន​យុទ្ធនាការ​កំទេច​សំឡេង​ប្រឆាំង​តាមរយៈ​ការប្រើ​ច្បាប់ និង​តុលាការ​ជា​អាវុធ ។

អ្នកឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មើលឃើញ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ការ​គ្រប់គ្រង​រដ្ឋ​ដោយ​យក​ច្បាប់​ជាធំ (Rule of Law) កាន់តែ​ធ្លាក់​ចុះ​ខ្សោយ ហើយ​ការគ្រប់គ្រង​រដ្ឋ​ដោយ​យក​ច្បាប់​តុលាការ​ជា​ឧបករណ៍ (Rule by Law) កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ។

តើ​ការគ្រប់គ្រង​រដ្ឋ​ដោយ​យក​ច្បាប់​ជាធំ និង​ការ​គ្រប់គ្រង​រដ្ឋ​ដោយ​យក​ច្បាប់​ជា​ឧបករណ៍ ខុស​ប្លែក​គ្នា​បែប​ណា?

វិបត្តិ​នយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស​កាន់តែ​មាន​កំដៅ​ខ្លាំង ស្រប​ពេល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៣​រំកិល​ចូល​មក​ដល់។ គណបក្ស​កាន់អំណាច បាន​បង្កើន​យុទ្ធនាការ​ថ្មី​មួយ​កំរិត​ទៀត ក្នុង​ការ​បង្ក្រាប​អ្នក​រិះគន់ នោះ​គឺ​ការ​កំទេច​បក្ស​ប្រឆាំង​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ផ្នែក​នយោបាយ ដោយ​ប្រើ​ច្បាប់​ជា​អាវុធ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងឡាយ​ណា​ដែល​ហ៊ាន​រិះគន់ ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

លោក ហ៊ុន សែន​«ថា អាណា​និយាយ​ចោរ គឺ​ប្ដឹង​អាហ្នឹង អត់​មាន​ទុក​ទេពី​ថ្ងៃ​ណេះ​ទៅ​។ ឥឡូវ​ឮ​ថា [​លោក សុន ឆ័យ ប្ដឹង​ទៅ​ឧទ្ធរណ៍​] ប្ដឹង​ឡើង​ទៅ​សាទុក្ខ​ហើយ​។ ខាង​គណបក្ស​ប្រជាជន​អត់​ត្រូវ​ការ​ប្ដឹង​សាទុក្ខ​ទេ ព្រោះ​ប្ដឹង​បាន​តាម​បំណង​ហើយ​។ ឥឡូវ​ឧទ្ធរណ៍​ចេញ​ម៉ោ កាត់​ឱ្យ​យើង​បាន​៤.០០០.០០០ (​បួន​ពាន់​លាន​) រៀល ហើយ ឱ្យ​តែ​តុលាការ​កាត់​ហើយ រឹបអូស​យក​តែ​ម្ដង​កុំ​ឆ្ងល់​ពេក​។ ដាក់​ដេញថ្លៃ​ទៀត លក់​ទៀត»

រឹបអូស​ទ្រព្យ​សម្បត្តិ​សម​តាម​បំណង​យក​មក​ដាក់​លក់​ដេញថ្លៃ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​នេះ គឺ​លោក​សំដៅ​ដល់​ផ្ទះ​សម្បែង​របស់​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​តុលាការ​បង្គាប់​ឱ្យ​រឹបអូស​យក​ទៅ​សងជំងឺចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​បណ្ដឹង​បរិហារកេរ្តិ៍ ប្រឆាំង លោក សុន ឆ័យ។

សម្រាប់​អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតិ៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​តំបន់​អាស៊ី លោក ប្រ៊េដ អាដាមស៍ (Brad Adams) បណ្ដឹង​បរិហារកេរ្តិ៍​ប្រឆាំង​លោក សុន ឆ័យ គឺជា​ឧទាហរណ៍​មួយ​នៃ​ករណី​ជាក់ស្ដែង​ជាច្រើន​ទៀត ដែល​មេ​បក្ស​កាន់​អំណាច​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​កម្ពុជា ជា​អាវុធ ដើម្បី​បំបាត់​បក្ស​ប្រឆាំង និង​អ្នក​​រិះគន់។

លោក​ថា រដ្ឋអំណាច​កម្ពុជា​តែង​ព្យាយាម​បង្ហាញ​ថា ពួកគេ​ធ្វើ​អ្វីៗ​ស្រប​តាម​ច្បាប់​ទាំងអស់ ប៉ុន្តែ​ស្រប​នោះ​គឺ​ស្របតាម​ទម្រង់​ច្បាប់ រីឯ​គតិ​ច្បាប់​វិញ ខ្លឹមសារ​ជាច្រើន ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​រំលោភ​សិទ្ធិមនុស្ស។

លោក ប្រ៊េដ អាដាមស៍«នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​រដ្ឋសភា​ដែល​គ្មាន​សមាជិក​បក្ស​ប្រឆាំង​។ សូម្បីតែ​នៅ​អាណត្តិ​មុនៗ​ក៏ដោយ គឺ​លោក ហ៊ុន សែន អាច​បញ្ជា​ឱ្យ​សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញខ្លួន​ពេលណា​ក៏បាន ហើយ​គំរាមកំហែង​សមាជិក​បក្ស​ប្រឆាំង​តាម​អំពើ​ចិត្ត​។ មើល​តែ​ពី​សម្បក​ក្រៅ គេ​ឃើញ​ថា រដ្ឋសភា​មានការ​បោះឆ្នោត​បោះ​អី​អ៊ីចឹង​មែន ដើម្បី​អនុម័ត​ច្បាប់​នានា​ដោយ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ តាម​នីតិវិធី​ត្រឹមត្រូវ។ បើ​និយាយ​ពី​ពិធីការ និង​ទម្រង់​បែបបទ គឺថា​ធ្វើ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ហើយ ប៉ុន្តែ​ចំពោះ​ខ្លឹមសារ និង​ពាក្យ​ពេចន៍​ដែល​សរសេរ​ក្នុង​ច្បាប់​នោះ​វិញ វា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ។ នោះ​ហើយ គឺ​ល្បែង​ល្បិច​នៃ​ការគ្រប់គ្រង​រដ្ឋ​ដោយ​យក​ច្បាប់​ជា​ឧបករណ៍ ពោល​អ្នកលេង​តែង​ប្រឹង​សម្ដែង​ឱ្យ​គេ​ឃើញ​ថា ពួកគេ​កំពុង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដោយ​យក​ច្បាប់​ជាធំ តែ​មែន​ទែន​ទៅ​មិនមែន​ទេ»

ច្បាប់​សភា​មួយចំនួន​ដែល​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ ឬ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា​កត់ត្រា​ទុក និង​ស្នើសុំ​កែលំអ​។ ច្បាប់​ទាំងនោះ​រួមមាន​៖ ក្រម​ព្រហ្មទណ្ឌ ច្បាប់​ស្ដីពី​អង្គការ​ក្រៅរដ្ឋាភិបាល ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត ជាដើម​។ ច្បាប់​ទាំងនេះ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ ហើយ​មនុស្ស​មួយចំនួន​ត្រូវ​បាន​ចាប់​ដាក់គុក​រួចទៅ​ហើយ។

ឧទាហរណ៍​៖ តុលាការ​បាន​ប្រើ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ កាត់ទោស​មនុស្ស​ដាក់គុក​មួយចំនួន បន្ទាប់​ពី​ពួកគេ​បញ្ចេញ​មតិ​ទាក់ទង​នឹង​ជំងឺ​កូវីដ។

ជាក់ស្ដែង កាល​ពី​ខែ​សីហា ឆ្នាំ​២០២១ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​អ្នក​ចិញ្ចឹម​មាន់​ម្នាក់​ឈ្មោះ នី ណាក់ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម ក្រោយពី​លោក​បង្ហោះ​សារ​ថា លោក​នឹង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់​របស់​លោក ហើយ​នឹង​ស្នើសុំ​ច្បាប់​ធ្វើ​ទ្រុង​ឱ្យ​មាន់ ក្នុង​ស្ថានភាព​អាសន្ន​នៃ​ជំងឺ​កូវីដ​១៩។

សម្រាប់​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​វិញ ច្បាប់​នេះ​បាន​រឹត​បន្តឹង​សេរីភាព​បំពេញ​ការងារ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល ដោយ​ផាកពិន័យ​ធ្ងន់​រហូត​ឈាន​ដល់​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា ដែល​ហ៊ាន​រិះគន់ និង​និយាយ​មិនល្អ​ពី​គណបក្ស​នយោបាយ ដែល​រដ្ឋអំណាច​យល់​ថា ជា​ការ​ប្រមាថ។

ច្បាប់​នេះ​ក៏​គាប​សង្កត់ ចាប់​បង្ខំ​គណបក្ស​នយោបាយ​ឱ្យ​ទទួល​យក​លទ្ធផល​បោះឆ្នោត​ក្រោយ​ការ​បោះឆ្នោត​ម្ដងៗ​ផង​ដែរ។ បក្ស​ណាមួយ​ហ៊ាន​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត អាសនៈ​សភា​របស់​បក្ស​នោះ​នឹង​ត្រូវ​ដក​ហូត​ទៅ​ចែក​ឱ្យ​បក្ស​ដទៃ។

ច្បាប់​នេះ​ក៏ អនុញ្ញាត​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ចូលរួម​ឃោសនា​ឱ្យ​គណបក្ស​នយោបាយ​ទៀត​ផង។ មន្ត្រី​សង្កេតការណ៍​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស រិះគន់​ថា ការ​អនុញ្ញាត​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​អាច​ចូលរួម​ឃោសនា​ឱ្យ​គណបក្ស​នយោបាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត។

លោក កង សាវាង្ស«អភិបាល​ខេត្ត​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រីរាជការ មន្ត្រី​តុលាការ​ហ្នឹង លោក​អាច​មាន​សិទ្ធិ​ដាក់​ច្បាប់​ពិសេស ចូលរួម​ឃោសនា ចូលរួម​ដង្ហែ​បក្ស​អី​ជាដើម​ហ្នឹង សួរ​ថា តម្លៃ​និង​តួនាទី​របស់​គាត់ [​វា​មាន​ទំនាស់​ផលប្រយោជន៍​] ទោះបី​គាត់​សុំច្បាប់​ក៏ដោយ ប៉ុន្តែ​សម្រាប់​យើងៗ​ឃើញថា វា​នៅតែ​ជះឥទ្ធិពល​ទៅដល់​ប្រជាពលរដ្ឋ ដែល​ម្ចាស់​ឆ្នោត​ហ្នឹង»

ឧទាហរណ៍​មួយទៀត​នៃ​ការប្រើ​ច្បាប់​ជា​ឧបករណ៍ គឺ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ច្បាប់​គណបក្ស​នយោបាយ ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨​រូប មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ហើយ​បិទផ្លូវ​តវ៉ា។

លោក​មេធាវី ជួង ជូងី បញ្ជាក់​ថា ការ​ធ្វើ​ច្បាប់​ហាម មិន​ឱ្យ​មានការ​ប្ដឹង​ឧទ្ធរណ៍​នេះ វា​បំពាន​លើ​គោលការណ៍​ទទួល​បាន​យុត្តិធម៌​ក្នុង​ការ​ជំនុំជម្រះ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

លោក ជួង ជូងី«ក្នុង​រឿង​ព្រហ្មទណ្ឌ ទោះ​សាលដីកា​តុលាការ​កំពូល​ស្ថាពរ ក៏​ច្បាប់​អនុញ្ញាត​ឱ្យ​គេ​ប្ដឹង​សើរើ​បាន​ដែរ​។ ដូចគ្នា​ដែរ នៅក្នុង​រឿងក្ដី​រដ្ឋប្បវេណី ទោះជា​រឿងក្ដី​ហ្នឹង​ចូល​ជា​ស្ថាពរ សាលដីកា​តុលាការ​កំពូល​ចូល​ជា​ស្ថាពរ​ក៏ដោយ ក៏​ផ្លូវច្បាប់​អនុញ្ញាត​ឱ្យ​ភាគី ដែល​មិន​សុខចិត្ត​ហ្នឹង ប្រើ​សិទ្ធិ​ប្ដឹង​ទាមទារ​ឱ្យ​ជំនុំជម្រះ​សា​ឡើងវិញ​ដែរ។ ប៉ុន្តែ សាលដីកា​តុលាការ​កំពូល​នេះ គឺ​បំពារ បំពាន​មែនទែន បិទផ្លូវ​តវ៉ា​តែម្ដង មិន​ឱ្យ​នរណា​មួយ​តវ៉ា​បានទេ ប្រសិនបើ​នរណា​មួយ​តវ៉ា តុលាការ​កំពូល​គេ​ថា​ប្រឆាំង​នឹង​សេចក្ដីសម្រេច​របស់​តុលាការ នឹង​មាន​ការ​ដាក់​ទោស​តទៅទៀត​។ នេះ​គឺជា​សេចក្ដីសម្រេច ដែល​ផ្ដល់​ភាព​ឈឺចាប់​បំផុត សម្រាប់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ»

គិត​ត្រឹម​ឆ្នាំ​២០១៩ មក​ដល់​ចុង​ឆ្នាំ​២០២២ តុលាការ​បាន​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ជា​ឧបករណ៍ ចាប់​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន សកម្មជន​ការពារ​សិទ្ធិមនុស្ស​និង​បរិស្ថាន និង​ពលរដ្ឋ ដែល​សំដែង​មតិ ដាក់គុក​មិន​តិច​ជាង ១០០​នាក់​នោះ​ទេ។

យុទ្ធនាការ​កំទេច​បក្ស​ប្រឆាំង​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​នៅ​អំឡុង​ចុងឆ្នាំ​២០២២​។ បក្ស​កាន់អំណាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ និង​តុលាការ​ជា​អាវុធ ដើម្បី​បំបាក់ស្មារតី និង​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ពិការ​ទាំង​ផ្លូវ​នយោបាយ ទាំង​មធ្យោបាយ​ហិរញ្ញវត្ថុ​។ ជាក់ស្ដែង គឺ​ករណី​អនុប្រធាន​បក្ស​ភ្លើងទៀន លោក សុន ឆ័យ ដែល​រង​ការ​ប្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គ​.​ជ​.​ប ពី​បទ​បរិហារកេរ្តិ៍ តាម​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ ក្រោយ​លោក សុន ឆ័យ រិះគន់​ថា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ កន្លង​ទៅ មាន​ការ​លួច​បន្លំ សន្លឹក​ឆ្នោត។

អ្វី​ដែល​កន្ត្រាក់​អារម្មណ៍​សហគមន៍​ជាតិ និង​អន្តរជាតិ​ខ្លាំង​ក្នុង​សំណុំ​រឿង​នេះ គឺ​ការណ៍​ដែល​តុលាការ​បង្គាប់​ឱ្យ​លោក សុន ឆ័យ សង​សំណង​ជំងឺ​ចិត្ត​ទៅ​ស្ថាប័ន​ទាំង​ពី​នេះ ជា​ទឹកប្រាក់​ចំនួន​ជាង ១​លាន​ដុល្លារ​អាមេរិក។ តុលាការ​បាន​បង្គាប់​ឱ្យ​រឹបអូស​អចលនទ្រព្យ​របស់ លោក សុន ឆ័យ ពីរ​កន្លែង គឺ​នៅ​ក្រុង​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប។

លោក សុន ឆ័យ នៅ​តែ​ប្រកាន់​ជំហរ​ថា អ្វី​ដែល​លោក​និយាយ​គឺជា​ការ​បញ្ចេញ​មតិ ដូច​អ្នក​សង្កេតការណ៍​ដទៃទៀត​ដែរ​។ លោក​ថា ការ​បង្គាប់​ឱ្យ​លោក​បង់ប្រាក់​ដ៏​ច្រើន​សន្ធឹក​នេះ គឺ​ហាក់​មាន​គម្រោង​ការ​គិត​ទុកជាមុន ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក និង​មាន​ផែនការ​ជាមុន។

លោក សុន ឆ័យ៖ ហាក់ដូច​ជា​ការ​មាន​គម្រោង​រួច​ជា​ទៅ​ហើយ កាត់សេចក្ដី​ចប់​សព្វគ្រប់ គេ​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​មាន​បន្តិចបន្តួច​ដូចជា​ផ្ទះ​ដែល​ខ្ញុំ​រស់នៅ​នេះ ហើយ​ហ្នឹង​កូន​ផ្ទះ​មួយ​នៅក្នុង​ខេត្ត​សៀមរាប។

ប៉ុន្តែ​សម្រាប់​បក្ស​កាន់អំណាច​ដែល​តែងតែ​ឈ្នះក្ដី​ក្នុង​សំណុំ​នយោបាយ​វិញ សេចក្ដី​សម្រេច​របស់​តុលាការ គឺជា​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ចំនួន​ទឹកប្រាក់​ជាង ១​លាន​ដុល្លា ដែល​តុលាការ​បង្គាប់​ឱ្យ​លោក សុន ឆ័យ បង់​សងជំងឺចិត្ត​ទៅ​គណបក្ស​របស់​លោក និង​គ..ប​នោះ ហាក់​នៅ​តិច​នៅឡើយ​ទេ។

លោក សុខ ឥសាន«អាហ្នឹង​អ៊ីចឹង មិនអាច​យក​១​លាន (លុយ​១​លាន​ដុល្លារ) មក​លុបលាង​កិត្តិយស សេចក្ដីថ្លៃថ្នូរ​ដែល​បាន​បាត់បង់​កន្លងមក​បាន​ទេ។ សុន ឆ័យ ខ្លាំង​លើស​អ្នកណា​ទាំងអស់ អាហ្នឹង​ហើយ​ជា​នយោបាយ​អត្តឃាត​ខ្លួនឯង កុំ​បន្ទោស​គេ​អ្នក​ដទៃ កុំ​បន្ទោស​ដើម​បណ្ដឹង។

កុំ​បន្ទោស​ដើម​បណ្ដឹង​ដែល​លោក សុខ ឥសាន ផ្ដាំ​ទៅ​លោក សុន ឆ័យ នោះ​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

លោក សុខ ឥសាន ដែល​មាន​ប្រសាសន៍​ថា ប្រាក់​សំណង​ជំងឺ​ចិត្ត​ជាង ១​លាន​ដុល្លា​ដែល​តុលាការ​បង្គាប់​ឱ្យ​លោក សុន ឆ័យ សង​នោះ ហាក់​នៅ​ស្ទើរ​ផង​នោះ ប្រហែលជា​លោក​មិនដឹង​ទេ​ថា ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​២០១០ មាត្រា​៣០៥ ដែល​តុលាការ​ប្រកាស​យោង​នៅក្នុង​សាលក្រម​នោះ មិន​មាន​ចែង​អំពី​ប្រាក់​សំណង​ជំងឺ​ចិត្ត​បែបនេះ​ទេ។

មាត្រា​៣០៥ និយាយ​តែ​ពី​ការ​ផាក​ពិន័យ ដែល​មាន​ចំនួន​ទឹកប្រាក់​ត្រឹម ១០០.០០០ (​មួយ​សែន​) រៀល ទៅ​១០.០០០០ (​ដប់​លាន​) រៀល ឬ​ស្មើ​ប្រមាណ​២៥ (​ម្ភៃ​ប្រាំ​) ទៅ ២.៥០០ (​ពី​ពាន់​ប្រាំ​រយ​) ដុល្លា សម្រាប់​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ ប៉ុន្តែ​មិន​ឃើញ​មាន​បញ្ញត្តិ​បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​នោះ​ទេ។

ទោះជា​យ៉ាងណា អ្នកច្បាប់​ថា បើ​ទោះ​ជា​ចៅក្រម​អាច​មាន​ឆន្ទានុសិទ្ធិ ក្នុង​ការ​បង្គាប់​ឱ្យ​ភាគី​ចាញ់ក្ដី​ក្នុង​បទ​បរហារកេរ្ដិ៍​សង​សំណង​ជំងឺ​ចិត្ត​ដល់​ភាគី​រងគ្រោះ​ក្ដី ក៏​ចំនួន​ទឹកប្រាក់​សំណង​ជំងឺ​ចិត្ត​នោះ ត្រូវតែ​សមរម្យ និង​សមាមាត្រ ពោល​គឺ​ចៅក្រម​មិនអាច​ចេះតែ​យល់ព្រម​តាម​ការ​ទាមទារ​តាម​ទំនើងចិត្ត​របស់​ដើមបណ្ដឹង ដែល​អះអាង​ថា ខ្លួន​បាន​រងគ្រោះ​ដោយ​សំដី​និយាយ​នោះ​ឡើយ​។ ពោល​គឺ​តុលាការ​ត្រូវតែ​ពិនិត្យពិច័យ​ឱ្យ​បាន​ម៉ត់ចត់ ថា​តើ​បុគ្គល ឬ​ស្ថាប័ន​ដែល​អះអាង​ថា ខ្លួន​ខូចខាត​ដោយសារ​ពាក្យសំដី ឬ​ការ​ផ្សព្វផ្សាយ​ណាមួយ​នោះ ពិតជា​ខូចខាត ឬ​ប៉ះពាល់​កិ្ត​យស​មែន​ឬទេ បើ​ប៉ះពាល់ ប៉ះពាល់ ឬ​ខូចខាត​កេរ្តិ៍​ឈ្មោះ​នោះ​ដោយ​របៀប​ណា ទើប​ចៅក្រម​ត្រូវ​គណនា​ចំនួន​ទឹកប្រាក់​ឱ្យ​សម​មាត្រ ឬ​សមរម្យ​តាម​ការ​ខូ​ខាត​នោះ​។ អ្នកសង្កេតការណ៍​ដែល​តាមដាន​សំណុំ​រឿង​បរិហារកេរ្តិ៍​ប្រឆាំង​លោក សុន ឆ័យ មាន​ការ​ពិបាក​ទទួល​យក​បាន​ចំពោះ​ចំ​ចំនួន​ទឹកប្រាក់​សំណង​ជំងឺ​ចិត្ត​ដ៏​ច្រើន​សន្ធឹក មិន​សម​មាត្រ​នោះ។ លើស​ពី​នេះ សំដី​របស់​លោក សុន ឆ័យ ដែល​នាំ​ទៅ​ដល់​ការ​ប្ដឹង​ផ្ដល់​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គ​.​ជ​.​ប នោះ អនុ​ធាន​បក្ស​ភ្លើងទៀន​រូប​នេះ មិន​បាន​និយាយ​ដល់​ឈ្មោះ​ស្ថាប័ន​ទាំង​ពីរ​នេះ​ទេ។

តាម​បទសម្ភាសន៍​របស់​លោក សុន ឆ័យ ដែល​ភាគី​ដើមចោទ​យក​មក​ដាក់​បន្ទុក​នោះ គេ​មិន​បានឮ​លោក សុន ឆ័យ និយាយ​ដល់​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថា ជា​អ្នក​លួច​បន្លំ​សន្លឹកឆ្នោត​នោះ​ទេ។

លោក សុន ឆ័យ«ហើយ​អ្វី​ដែល​ពលរដ្ឋ​លោក​ខំតស៊ូ​ឆន្ទៈ​របស់​លោក​ហើយ​ត្រូវ​បាន​គេ​លួច​បន្លំ ឬ​បំបាត់​នោះ​វា​នៅសល់​ប៉ុណ្ណឹង ហើយ​បើ​យើង​មិន​យក​តើ​វា​បាន​អី​ដើម្បី​ទុក​នៅ​តាម​មូលដ្ឋាន ដើម្បី​ឱ្យ​ពលរដ្ឋ​សង្ឃឹម​ពឹងពាក់​បាន​នោះ​។ ដូច​ខ្ញុំ​ប្រៀបធៀប​នឹង​ចោរលួច​គោ​អញ្ចឹង ចោរលួច​គោ​អស់​បី [​ក្បាល​] ហើយ នៅសល់​ពីរ តើ​យើង​ឱ្យ​ចោរ​មក​លួច​ពីរ​ទៀត​ឬអី​? មាន​នរណា​ធ្វើ​បែប​ហ្នឹង​កើត​? មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ​ទេ វា​មិន​សេរី មិន​យុត្តិធម៌ ហើយ​វា​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពលរដ្ឋ»

អ្នក​ច្បាប់​សិទ្ធិមនុស្ស លោក ប្រ៊េដ អាដាមស៍ ថា ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺជា​ស្ថាប័ន​។ លោក​ថា ប្រទេស​ភាគច្រើន​លើ​លោក​នេះ គេ​មិន​ឱ្យ​ស្ថាប័ន​មាន​សិទ្ធិ​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​អី​នោះ​ឡើយ ពីព្រោះ​ស្ថាប័ន​មិន​មាន​អ្វី​ត្រូវ​ឈឺចាប់​នោះ​ទេ។

លោក ប្រ៊េដ អាដាមស៍​៖ «ក្នុង​ផ្លូវច្បាប់ ស្ថាប័ន​មិនមែន​ជា​មនុស្ស​ទេ ដូច្នេះ​វា​មិន​មាន​កិត្តិយស​កេរ្ដ៍​ឈ្មោះ​អី​ដែល​ត្រូវ​ខូចខាត​នោះ​ទេ​។ បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ គឺ​គ្រាន់តែ​បង្ហាញ​ឱ្យ​គេ​ឯង​ដឹង​ថា ស្ថាប័ន​មួយ​នេះ​គឺជា​ដៃជើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ មិន​ឆ្លាត​គ្រប់គ្រាន់​ក្នុង​ការ​ចៀសវាង​មិន​គេ​មើល​ឃើញ​ថា ខ្លួន​ជា​ផ្នែក​មួយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពួកគេ​ពិតជា​ល្ងង់ នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ឱ្យធ្វើ​អី​មួយ ពួកគេ​ក៏​ធ្វើតាម ។ សំណុំ​រឿង​នេះ​គឺជា​រឿង​នយោបាយ​ទាំងស្រុង​។ លោក សុន ឆ័យ ថ្លែងការណ៍​ដោយ​ផ្អែកលើ​ភស្តុតាង​នូវ​ភាព​មិន​ប្រក្រតី​មួយចំនួន​ដែល​គេ​ឃើញ​មាននៅ​លើ​បណ្ដាញ​សារព័ត៌មាន​ជា​សាធារណៈ​រួចទៅ​ហើយ​។ មួយវិញទៀត លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​វា​ទូលំទូលាយ​ណាស់ នៅ​ពេល​អ្នកធ្វើ​កិច្ចការ​ទាក់ទង​នឹង​រឿង​នយោបាយ​។ ដូច្នេះ​អ្នកនយោបាយ និង​ស្ថាប័ន​ពាក់ព័ន្ធ​នយោបាយ ដឹង​ហើយ​ថា ខ្លួន​នឹង​ប្រឈម​ជាមួយ​ការរិះគន់​។ នោះ​ហើយ​គឺជា​តម្លៃ​ដែល​ពួក​ត្រូវ​លះបង់​ក្នុង​ការ​បំពេញការងារ​ទាក់ទង​នឹង​ការបោះឆ្នោត។

លោក ប្រ៊េដ អាដាមស៍ បន្ត​ថា ការណ៍​ដែល​តុលាការ​បង្គាប់​ឱ្យ​លោក សុន ឆ័យ សង​ជំងឺចិត្ត​ជាង​មួយ​លាន​ដុល្លា​ទៅ​គណបក្ស​កាន់អំណាច និង​គជប ទាំង​គ្មាន​ច្បាប់​អនុញ្ញាត​បែប​នេះ​ផង​នោះ គឺជា​រឿង​ហួសហេតុ។ លោក​ថា នេះ​គឺជា​ឧទាហរណ៍​នៃ​ការ​កាត់សេចក្ដី​ដ៏​អយុតិ្ត​ធម៌​ទាំង​ននលគក​មួយទៀត​រប​ស់​តុលាការ​កម្ពុជា​ដែល​លម្អៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក ប្រ៊េដ អាដាមស៍«នេះ​គឺជា​ការ​អនុវត្ត​ច្បាប់​ខុស​។ បើសិនជា​អ្នក​ក្រឡេក​មើល​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ មនុស្ស​និយាយ​តែ​បែប​ហ្នឹង​ញឹកញាប់​ណាស់​។ ពួកគេ​រិះគន់​រដ្ឋាភិបាល ឬ រិះគន់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត រិះគន់​គណបក្ស​នយោបាយ ឬ​បេក្ខជន ដោយ​មិន​មាន​ការ​ប្ដឹង​ផ្ដល់​ពី​ទោស​ព្រហ្មទណ្ឌ​ឡើយ»

លោក ប្រ៊េដ អាដាមស៍ បញ្ជាក់​ថា ប្រសិនបើ​មាន​នរណា​ម្នាក់​ចង់​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ដូច​ករណី​ប្ដឹង​លោក សុន ឆ័យ អ៊ីចឹង ស្ថាប័ន​យុត្តិធម៌​ត្រូវ​ធានា​ថា លោក សុន ឆ័យ ទទួល​បាន​ការ​ជំនុំជម្រះ​ក្ដី​ដោយ​យុត្តិធម៌ ផ្អែក​តាម​បទបញ្ញត្តិ​ដែល​ស្របតាម​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា​ទទួលយក​ជា​ច្បាប់​ជាតិ។

លោក ប្រ៊េដ អាដាមស៍​៖ «ហើយ​ពិនិត្យមើល ថា តើ​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​នូវ​ចំនួន​ណាមួយ​នោះ​វា​ច្រើនពេក​ទេ​... (​ហាហា​) ១​លាន​ដុល្លារ​សម្រាប់​ការ​បញ្ចេញមតិ​បែប​នោះ វា​ហួសហេតុ មិន​សម​ហេតុផល​ទាល់តែ​សោះ​។ នៅ​ប្រទេស​បារាំង​រឿងក្ដី​ក្ដាំ​បរិហារកេរ្តិ៍​រវាង​លោក សម រង្សី និង​លោក ហ៊ុន សែន តុលាការ​បារាំង​បង្គាប់​ឱ្យ​លោក សម រង្សី បង់​សំណង​ជំងឺ​ចិត្ត​តែ ១​យូរ៉ូ​ប៉ុណ្ណោះ ស្ទើរតែ​អត់​សោះ​។ នៅ​ពេល​មិន​មាន​ច្បាប់​តម្រូវ​ឱ្យ​បង់​១​លាន​ដុល្លា​បែប​នេះ ហើយ​តុលាការ​បង្គាប់​ឱ្យ​បង់​បែប​នោះ ពិត​ណាស់​វា​ខុសច្បាប់​។ ខ្ញុំ​មិន​យល់​ទាល់តែ​សោះ​ថា ហេតុអ្វី​បានជា​ពួកគេ​ធ្វើ​រឿង​ល្ងង់ៗ​បែប​នេះ​ទៅ​កើត​។ ពីព្រោះ​វា​បង្ហាញ​ឱ្យ​គេឯង​ឃើញ​ថា នេះ​ជា​ទង្វើ​នយោបាយ​យ៉ាង​ច្បាស់​ក្រឡែត​។ វា​ពិត​ហើយ គោលដៅ​នៃ​ការ​ប្ដឹង​លោក សុន ឆ័យ នេះ​គឺ​ធ្វើ​ឱ្យ​លោក សុន ឆ័យ មិន​អាច​ចូលរួម​ធ្វើ​នយោបាយ​បាន ប៉ុន្តែ​ការ​ទាមទារ និង​ការសម្រេច​រឹបអូស​យក​ផ្ទះ​និង​ដី​ពីរ​កន្លែង​របស់​គាត់ គឺជា​រឿង​គួរ​ខ្ពើមរអើម និង​អាក្រក់​ខ្លាំង​ណាស់​។ ពួកគេ​អះអាង​ថា អ្វីៗ​ធ្វើ​ទៅ​តាម​ច្បាប់​តែប៉ុណ្ណោះ ប៉ុន្តែ​វា​ជា​ច្បាប់​អយុត្តិធម៌ ហើយ​ករណី​នេះ​ហើយ គឺជា​ឧទាហរណ៍​ដ៏​ល្អ​បំផុត​នៃ​ការប្រើប្រាស់​ច្បាប់​ជា​អាវុធ»

ច្បាប់​គឺជា​អាវុធ​មុខ​ពីរ ពោល​គឺ​នៅ​ពេល​ប្រទេស​មួយ​ប្រើ​ច្បាប់​ដើម្បី​ជ្រោង​ទង់​យុត្តិធម៌ និង​ការពារ​សិទ្ធិមនុស្ស គេ​ឱ្យឈ្មោះ​ប្រទេស​នោះ​ថា មានការ​គ្រប់គ្រង​រដ្ឋ​ដោយ​យក​ច្បាប់​ជាធំ (Rule of Law)​។ ការគ្រប់គ្រង​រដ្ឋ​ដោយ​យក​ច្បាប់​ជាធំ គឺ​រដ្ឋាភិបាល​គោរព​ច្បាប់​ដែល​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ។ ចំណែកឯ​ការគ្រប់គ្រង​រដ្ឋ​ដោយ​យក​ច្បាប់​ជា​ឧបករណ៍ (Rule by Law) វិញ គឺ​មេដឹកនាំ​ត្រួតត្រា​លើ​ពលរដ្ឋ​ដោយ​ប្រើ​ច្បាប់​ជា​ឧបករណ៍​។ រដ្ឋាភិបាល​ដែល​យក​ច្បាប់​ជា​ឧបករណ៍ ឬ​ជា​អាវុធ គឺជា​មេដឹកនាំ​គាបសង្កត់​អ្នក​រិះគន់ បំបិទ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ និង​បក្ស​ប្រឆាំង ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន។

យោង​តាម​របត់​នយោបាយ និង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​លើ​បក្ស​ប្រឆាំង អ្នកច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊េដ អាដាមស៍ ព្យាករណ៍​ថា ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៣ ខាងមុខនេះ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​នឹង​នៅតែ​មាន​ទំនោរ​ឆ្ពោះ​ទៅ​រក​ការដឹកនាំ​រដ្ឋ​ដោយ​យក​ច្បាប់ ឬ​តុលាការ​ជា​អាវុធ (weaponizing the laws) ដើម្បី​ផលប្រយោជន៍​នយោបាយ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។