បទវិភាគ៖ មូលហេតុពីក្រោយខ្នងគណបក្សកាន់អំណាចចងសម្ព័ន្ធជាមួយគណបក្សតូចៗ?
2023.11.18

គណបក្សប្រជាជនកម្ពុជាបានកាន់អំណាចប្រមាណជា ៤០ឆ្នាំមកហើយ ក៏ប៉ុន្តែគណបក្សនេះហាក់នៅមិនទុកចិត្តខ្លួនឯងនៅឡើយ។ គណបក្សនេះបានស្វះស្វែងប្រមែប្រមូលគណបក្សតូចៗ ឲ្យមកនៅក្រោមការត្រួតត្រារបស់ខ្លួន។
ឥលូវនេះគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មានគណបក្សជិត៣០ ជាសម្ព័ន្ធមិត្តរបស់ខ្លួន។ លោក ហ៊ុន សែន ចងសម្ព័ន្ធភាពជាមួយគណបក្សតូចៗនេះ នៅស្របពេលគណបក្សប្រឆាំងបានចងសម្ព័ន្ធភាពជាមួយគណបក្សបីផ្សេងទៀត ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។
តើហេតុអ្វីបានជាលោក ហ៊ុន សែន ចងសម្ព័ន្ធជាមួយគណបក្សតូចៗផ្សេងទៀត?
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានផ្ទេរអំណាចឲ្យកូនគឺលោក ហ៊ុន ម៉ាណែត បានដូចបំណង ដោយពុំមានឧបសគ្គអ្វីឡើយ។
ទោះបីជាលោក ហ៊ុន សែន បានប្រគល់អំណាចឲ្យលោក ហ៊ុន ម៉ាណែត បានជោគជ័យបែបនេះក្ដី ក៏លោក ហ៊ុន សែន ហាក់នៅមិនទាន់ស្ងប់ចិត្តឡើយ។
ជាផ្លូវការ បើទោះជាលោក ហ៊ុន សែន លែងមានតួនាទីជាប្រមុខរដ្ឋាភិបាលក៏ដោយ ក៏លោកហាក់ នៅក្ដោបក្ដាប់អំណាចនៅក្នុងដៃយ៉ាងណែនដដែល។
តាមការសង្កេត លោក ហ៊ុន សែន បានរៀបចំផែនការកាន់កាប់អំណាចនេះ ហាក់ខ្លាំងជាងពេលមុនថែមទៀតផង សម្រាប់ត្រកូលហ៊ុន។ លោកបែងចែកតួនាទីឲ្យកូនចៅរបស់លោក ដឹកនាំស្ថាប័នសំខាន់ៗជាច្រើន ជាក់ស្ដែងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលគ្រប់គ្រងមន្ត្រីរាជការស៊ីវិលទាំងមូល។ កូនរបស់លោកមួយរួបទៀតគឺ ហ៊ុន ម៉ានិត កាន់ខាងចារកម្ម នៅក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក។ ក្រៅពីនេះទៀត កូនប្រសារបស់លោក ក៏មានតួនាទីដឹកនាំក្រសួងស្ថាប័ន និងកូនស្រីរបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាណា បានក្ដោបក្ដាប់មុខជំនួញធំៗជាច្រើនកន្លែងនៅកម្ពុជា។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) បានចេញរបាយការណ៍ស្ដីពី «ការក្ដោបក្ដាប់សេដ្ឋកិច្ចកម្ពុជារបស់ត្រកូលហ៊ុន» តាមរយៈការរំលោភច្បាប់ និងសិទ្ធិមនុស្ស ដោយមិនមានការស៊ើបអង្កេតណាមួយពីស្ថាប័នរដ្ឋឡើយ។ របាយការណ៍នេះបញ្ជាក់ថា ក្រុមគ្រួសារត្រកូលហ៊ុន ប្រើប្រើប្រាស់អំណាច ដើម្បីក្ដោបក្ដាប់សេដ្ឋកិច្ចកម្ពុជា ដែលមានតម្លៃវាល់លានដុល្លារសហរដ្ឋអាមេរិក។
ទោះជាលោក ហ៊ុន សែន និងកូនចៅរបស់លោក បានក្ដោបក្ដាប់អំណាច រួមទាំងមុខជំនួញពេញដៃបែបនេះក្ដី ក៏លោក ហ៊ុន សែន ហាក់មិនស្ងប់ចិត្ត និងមិនទុកចិត្តខ្លួនឯងឡើយ។
កាលពីខែតុលាកន្លងទៅនេះ លោកបានកៀរគរគណបក្សនយោបាយចំនួន២៧គណបក្ស ក្នុងនោះមានគណបក្សខ្លះ មិនទាំងដែលធ្វើសកម្មភាពអ្វីសោះផង ក៏លោក ហ៊ុន សែន ប្រមូលយកមកឱ្យនៅក្រោមក្លៀករបស់គណបក្សប្រជាជនកម្ពុជា ក្រោមការត្រួតត្រារបស់លោកទៀតផង។
ចងសម្ព័ន្ធភាពជាមួយគ្នាដែរ
នេះជាលើកទី១ និងជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជាបានចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយជាទ្រទ្រង់ធំបែបនេះ។ លោក ហ៊ុន សែន ចងសម្ព័ន្ធភាពនេះ មិនមែនជារឿងចៃដន្យឡើយ។ លោក ហ៊ុន សែន មានគោលដៅជាក់លាក់ក្នុងការចងសម្ព័ន្ធភាព។
ការចងសម្ព័ន្ធភាពនេះ នៅស្របពេលក្រុមគណបក្សប្រឆាំងចងសម្ព័ន្ធភាពនឹងគ្នាដែរ។ បញ្ហានេះតាមមើលទៅលោក ហ៊ុន សែន ចង់ទប់ស្កាត់ចលនាគណបក្សនៅក្រៅរដ្ឋាភិបាល មិនឲ្យរួបរួមគ្នាផង និងចង់ឲ្យគណបក្សនៅក្រៅរដ្ឋាភិបាលរត់មកនៅជ្រកក្រោមក្លៀករបស់លោកផង ដើម្បីងាយស្រួលគ្រប់គ្រង។
ជាធម្មតាគណបក្សនៅក្រៅរដ្ឋាភិបាល ឬគណបក្សប្រឆាំង ស្វះស្វែងចងសម្ព័ន្ធភាព និងគ្នាដើម្បីមានកម្លាំងខ្លាំងឬ មានអ្នកគាំទ្រច្រើន ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ ឧទាហរណ៍ដូចជាគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានចងសម្ព័ន្ធភាពនិងគ្នា ហើយចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៣ ជាដើម។
ក៏ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលចងសម្ព័ន្ធភាពជាមួយគណបក្ស២៧ផ្សេងទៀតនៅពេលនេះ តើលោក ហ៊ុន សែន មានបំណងអ្វីពិតប្រាកដ?
នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន បានសារភាពនៅក្នុងពិធីចងសម្ព័ន្ធភាពជាមួយគណបក្សតូចៗទាំងនោះថា គណបក្សប្រជាជនកម្ពុជាមានធនធានមនុស្សនិងថវិកាគ្រប់គ្រាន់ហើយ ប៉ុន្តែលោកចង់រួបរួមនៅពេលនេះ គឺចង់បង្រួបបង្រួមនិងឲ្យតម្លៃគណបក្សតូចៗទាំងនោះ ដោយស្មើភាពគ្នា។ «»
អ្វីដែលគួរអស់សំណើចនោះ គឺថាបើសិនជា លោក ហ៊ុន សែន ពិតជាឲ្យគុណតម្លៃលើការស្មើភាពគ្នានៃគណបក្សនយោបាយនោះ លោកប្រាកដជាមិនរំលាយចោល គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ឡើយ។
ពាក្យដែលលោក ហ៊ុន សែន ថា បើកសេរីភាពដល់គណបក្សនយោបាយដោយស្មើៗគ្នានេះ ទំនងគ្រាន់តែនិយាយឲ្យតែល្អមើលប៉ុណ្ណោះ។ អ្វីជាការកត់សម្គាល់នោះ លោក ហ៊ុន សែន បើកឱកាសឲ្យតែគណបក្សណាដែលមិនមានប្រជាប្រិយភាពចូលរួមការបោះឆ្នោតតែប៉ុណ្ណោះ ដូចជាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សរួបរួមជាតិនិងគណបក្សទើបបង្កើតថ្មីៗ មួយចំនួនទៀត ចូលរួមការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣ជាដើម។
រីឯគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងចុងក្រោយគេនោះ បែរជាគ.ជ.បដែលស្ថិតនៅក្រោមឥទ្ធិពលរបស់អតីតនាយកមន្ត្រី មិនអនុញ្ញាតឲ្យចូលរួមបោះឆ្នោតនោះទេ ក្រោមលេសថា គ្មានលិខិតចុះបញ្ជីច្បាប់ដើមនៅក្រសួងមហាផ្ទៃ។
លោក ហ៊ុន សែន ចងសម្ព័ន្ធភាពជាមួយគណបក្សតួចៗជិត៣០នេះ ទំនងជាលោកចង់ឲ្យគណបក្សទាំងនេះជួយទប់លំនឹងកៅអីនាយករដ្ឋមន្ត្រីកូនប្រុសរបស់លោក នៅស្របពេលដែលក្រុមអ្នកប្រជាធិបតេយ្យកំពុងស្វះស្វែងចងសម្ព័ន្ធភាព រឹងមាំ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅក្នុងពេលបោះឆ្នោតខាងមុខ។ នៅទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏បានឲ្យតែងតាំងមេដឹកនាំ គណបក្សនយោបាយក្នុងសម្ព័ន្ធរបស់លោកមានតួនាទីជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់រដ្ឋាភិបាលដែរ ដោយនៅក្នុងរដ្ឋាភិបាល ស៊ីប្រាក់ខែរដ្ឋ ដែលជាលុយ បង់ពន្ធរបស់ពលរដ្ឋ ទោះបីជាគណបក្សទាំងនោះប្រជាពលរដ្ឋមិនបោះឆ្នោតឱ្យក៏ដោយចុះ។ អ្នកសង្កេតការណ៍យល់ឃើញថា ការយកលុយរបស់ប្រជាជនទៅចំណាយលើប្រាក់ខែគណបក្សរណបគណបក្សប្រជាជនទាំង២៧នេះ គឺជាការខ្ជះខ្ជាយថវិកាជាតិឥតប្រយោជន៍ និងមិនត្រឹមត្រូវ។
ការធ្វើទាំងអស់សុទ្ធសឹងជាការលួងចិត្តរបស់លោក ហ៊ុន សែន ដើម្បីឲ្យមន្ត្រីគណបក្សទាំង២៧នេះមានទំនុកចិត្ត និងខំការពាររដ្ឋាភិបាលថ្មី ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលលោកនៅមិនទាន់មានទំនុកចិត្តលើកូនរបស់គាត់ទាំងស្រុង។
ម្យ៉ាងវិញទៀត ការបង្កើតសម្ព័ន្ធភាពជាមួយគណបក្សដទៃរបស់លោក ហ៊ុន សែន នេះ ក៏ទំនងជាលោកភ័យខ្លាចគណបក្សតូចៗរួបរួមគ្នា ហើយចងសម្ព័ន្ធជាមួយគណបក្សប្រឆាំង ឬកម្លាំងអ្នកប្រជាធិបតេយ្យ ដែលអាចជាការគំរាមកំហែងដល់គណបក្សប្រជាជនកម្ពុជារបស់លោក។ ដូច្នេះហើយទើប លោក ហ៊ុន សែន មិនបានបង្អង់យូរឡើយ ក្រោយពីឃើញគណបក្សភ្លើងរៀបចំចងសម្ព័ន្ធជាមួយគណបក្សដទៃទៀតនោះ លោកក៏ប្រញាប់ប្រញាល់ប្រមូលគណបក្សតូចៗដែលគណបក្សខ្លះមិនដែលធ្វើសកម្មភាពផងនោះមកបង្កើតជាសម្ព័ន្ធ ដើម្បីត្រៀមទប់ទល់ជាមួយកម្លាំងអ្នកប្រជាធិបតេយ្យ។
ជីវិតរបស់លោក ហ៊ុន សែន ហាក់ស្ថិតក្នុងភាពភ័យខ្លាចជាប់រហូត បើទោះជាលោកបានផ្ទេរអំណាចឱ្យកូនប្រុសលោកហើយក្ដី។ អ្វីដែលលោកទំនងជាភ័យខ្លាចនៅពេលនេះ គឺកម្លាំងអ្នកប្រជាធិបតេយ្យរួមគ្នាជាសម្ព័ន្ធ ក្លាយជាគណបក្សប្រឆាំងដ៏រឹងមាំ និងមានប្រជាប្រិយ ដូចពេលគណបក្ស សម រង្សី និងគណបក្សសិទ្ធិមនុស្សបានរួមគ្នា ក្លាយជាគណបក្សសង្គ្រោះជាតិ ដែលបានឈ្នះអាសនៈសភាចំនួន ៥៥កៅអីនៅក្នុងការបោះឆ្នោតសាកលឆ្នាំ២០១៣។ នេះហើយគឺជាមូលហេតុពិតប្រាកដដែលបង្ខំឱ្យលោក ហ៊ុន សែន បង្គាប់ឱ្យតុលាការកំពូលរំលាយចោលគណបក្សសង្គ្រោះជាតិដោយអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។