អ្វីដែលត្រូវព្រួយបារម្ភ គឺវិបត្តិធនធានមនុស្ស និងសេដ្ឋកិច្ច ដែលនឹងបណ្ដាលឱ្យកើតមានភាពក្រីក្រ។ ផលប៉ះពាល់ធ្ងន់ធ្ងរទី១ គឺ ៥០% នៃមរណភាពរបស់កុមារនៅទូទាំងពិភពលោក បណ្ដាលមកពីបញ្ហាខ្វះអាហារដែលមានជីវជាតិផ្សេងៗ។ ក្នុងនោះ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ កុមារអាយុក្រោម ៥ឆ្នាំចំនួន ៣សែននាក់ បានស្លាប់ក្នុងមួយឆ្នាំៗ។
ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយទៀត គឺសុខភាពរបស់កុមារ ដែលនឹងបន្សល់ទុកជាបញ្ហារ៉ាំរ៉ៃសម្រាប់ក្រុមគ្រួសារផ្ទាល់ និងសង្គមជាតិទៅថ្ងៃអនាគត។ ជាទូទៅ កូនក្មេងដែលពុំបានទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ ងាយកើតជំងឺផ្សេងៗ ដូចជាជំងឺក្រិន ជំងឺស្គមស្គាំង និងខ្វះទម្ងន់ ជាដើម ដែលធ្វើឲ្យកុមារមិនចម្រើនលូតលាស់ទាំងរាងកាយ និងបញ្ញាស្មារតី។ កុមារដែលខ្វះអាហារូបត្ថម្ភ តែងជួបការលំបាកក្នុងការសិក្សារៀនសូត្រ ដោយសារខួរក្បាលពុំលូតលាស់ មិនមានការចងចាំល្អ សូម្បីតែពាក្យ ឬមេរៀនងាយៗក្តី។ ប្រការនេះ នឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះកុមារផ្ទាល់ នៅពេលធំពេញវ័យ ដែលត្រូវធ្វើការងារចិញ្ចឹមជីវិត។
របាយការណ៍សិក្សាស្រាវជ្រាវថ្មីរបស់អង្គការសង្គ្រោះកុមារ (Save the Children) កាលពីពាក់កណ្ដាលឆ្នាំ២០១៣ រកឃើញថា ១ភាគ៤ នៃកុមារនៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាខ្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ដែលនឹងបណ្ដាលឱ្យពិភពលោកមានយុវវ័យរាប់លាននាក់មានបញ្ហាសុខភាពផ្លូវកាយ និងបញ្ញាស្មារតីបន្ថែមទៀត។ ដោយឡែក បញ្ហាខ្វះអាហារូបត្ថម្ភ គឺជាមូលហេតុដ៏ចម្បង ដែលបណ្ដាលឱ្យមានវិបត្តិមិនចេះអក្សរ និងលេខនព្វន្តនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ស្ថានភាពនេះ គឺជាកត្តាជំរុញឱ្យសង្គមជាតិមួយធ្លាក់ទៅក្នុងវិបត្តិធនធានមនុស្ស ហើយដែលជាយថាហេតុ បណ្ដាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍវិស័យផ្សេងៗទៀត។
ប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសចំនួន១៥ នៅលើសកលលោក ដែលមានបញ្ហាខ្វះអាហារូបត្ថម្ភកុមារធ្ងន់ធ្ងរជាងគេបំផុត។
ពីមួយឆ្នាំទៅមួយឆ្នាំ អង្គការសហប្រជាជាតិ និងស្ថាប័នផ្តល់ជំនួយអន្តរជាតិ បានបង្ហាញថា បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារដែលកើតមានត្រាំត្រែងជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហាសុខភាពដ៏ចម្បងបំផុត ដែលប្រទេសកម្ពុជា កំពុងជួបប្រទះ។ ក្នុងនោះជាង ៤០% នៃក្មេងៗដែលមានអាយុក្រោម ៥ឆ្នាំ កើតជំងឺក្រិន មានរាងកាយ និងកម្ពស់មិនលូតលាស់តាមធម្មតា។
តាមរបាយការណ៍ឆ្នាំ២០១២ របស់ធនាគារពិភពលោក (World Bank) ក្នុងចំណោមកុមារ ២នាក់ មានម្នាក់ គឺប្រឈមនឹងកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ និងជំងឺក្រិន។ អត្រានេះ គឺនៅទ្រឹងមិនមានថយចុះឡើយ គិតតាំងពីឆ្នាំ២០១០ មក។ តាមតួលេខឆ្នាំ២០១១ របស់អង្គការបណ្ដាញសកម្មភាពអន្តរជាតិ ដើម្បីអាហាររបស់ទារក (International Baby Food Action Network = IBFN) នៅប្រទេសកម្ពុជា មានកុមារអាយុក្រោម ៥ឆ្នាំ ចំនួនជិត ១លាន ៤សែននាក់។ ដូច្នេះ បើគិតទៅ គឺមានកុមារចំនួន ៧សែននាក់ ដែលបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ និងជំងឺក្រិន។ នេះ គឺជាបញ្ហាធ្ងន់ធ្ងរដែលបង្កឱ្យមានផលប៉ះពាល់អាក្រក់ដល់ធនធានមនុស្ស មិនអាចស្ដារឡើងវិញបាន។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងរបាយការណ៍ថ្មីឆ្នាំ២០១៣ ព្រមានថា ការមិនយកចិត្តទុកដាក់ចំពោះស្ថានភាពអត្រានៃកុមារខ្វះអាហារូបត្ថម្ភនៅក្នុងប្រទេស នឹងបណ្ដាលឱ្យកម្ពុជា ជួបប្រទះបញ្ហាគំរាមកំហែងធ្ងន់ធ្ងរយូរអង្វែង ទៅលើការរីកលូតលាស់វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ។ ចំណែកអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា ក្នុងមួយឆ្នាំៗ ប្រទេសកម្ពុជា បាត់បង់ថវិកាច្រើនជាង ១៤៦លានដុល្លារ នៃផលចំណូលក្នុងស្រុកសរុប ដោយសារតែបញ្ហាខ្វះជីវជាតិ (វីតាមីន) និងសារធាតុខនិជ (សារធាតុរ៉ែ) ដែលជាផ្នែកសំខាន់នៃបញ្ហាកង្វះអាហារូបត្ថម្ភ។
តាមការសិក្សាស្រាវជ្រាវនៃក្រុមអ្នកវេជ្ជសាស្ត្រ ជាទូទៅ ការខ្វះស្បៀងអាហារជាមូលដ្ឋាន ការទទួលទានរបបអាហារដែលមិនមានជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ គឺជាកត្តាចម្បងដែលបណ្តាលឱ្យកុមារ និងមនុស្សពេញវ័យ មានបញ្ហាខ្វះអាហារូបត្ថម្ភ។
នៅកម្ពុជា អង្គការយូនីសេហ្វ (UNICEF) គូសបញ្ជាក់ថា បញ្ហាខ្វះទឹកស្អាត និងខ្វះអនាម័យនៅតំបន់ជនបទ គឺជាឫសគល់មួយផ្នែកដ៏សំខាន់ ដែលបណ្ដាលឱ្យអត្រានៃកុមារខ្វះអាហារូបត្ថម្ភនៅកម្ពុជា មានកម្រិតខ្ពស់។ ក្នុងចំណោមពលរដ្ឋខ្មែរសរុបជិត ១៥លាននាក់ មាន ៨លាននាក់ រស់នៅទីជនបទ។ ៥០% នៃពលរដ្ឋទាំងនោះ ពុំមានប្រភពទឹកស្អាតទទួលទាន ហើយ ៦៦% រស់នៅខ្វះអនាម័យ។
ដើម្បីដោះស្រាយវិបត្តិនេះ សហគមន៍អន្តរជាតិ ព្រមទាំងស្ថាប័នប្រទេសម្ចាស់ជំនួយ បានអំពាវនាវម្តងហើយម្តងទៀតដល់រដ្ឋាភិបាលកម្ពុជា ឱ្យខិតខំប្រឹងប្រែងខ្លាំងថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យសន្តិសុខស្បៀង សុខភាព អនាម័យ ទឹកស្អាត ការអប់រំ និងកិច្ចគាំពារសង្គម ជាពិសេសនៅតាមតំបន់ជនបទ។ ឆន្ទៈនយោបាយ ការវិនិយោគ និងការផ្ដោតការយកចិត្តទុកដាក់ ដើម្បីជួយដល់កុមារគ្រប់ៗគ្នាឱ្យមានអនាម័យ និងទឹកស្អាតប្រើប្រាស់ទាំងនៅតាមផ្ទះ និងតាមសាលារៀន គឺជាកត្តាសំខាន់ ដែលនឹងធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងធំសម្បើម នូវសុខមាលភាពពលរដ្ឋខ្មែរ ហើយនិងផ្តល់នូវផលប្រយោជន៍រយៈពេលវែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
តាមតួលេខឆ្នាំ២០១១ របស់អង្គការបណ្ដាញសកម្មភាពអន្តរជាតិ ដើម្បីអាហាររបស់ទារក នៅប្រទេសកម្ពុជា មានទារកកើតប្រមាណជិត ៣សែន ៧ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ ប្រសិនបើគណនាតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលថាក្នុងចំណោមកុមារខ្មែរ ២នាក់ មានម្នាក់ប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ និងជំងឺក្រិន នោះចំនួនកុមារដែលកើតបញ្ហានេះ នឹងកើនឡើងដល់ទៅជិត ១សែន ៨ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ បើពុំមានវិធានការទប់ស្កាត់ កាត់បន្ថយនិន្នាការនេះទេ ចំនួនកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ និងជំងឺក្រិននៅកម្ពុជា អាចនឹងមានចំនួនកើនឡើងដល់ទៅ ១លាន ៥សែននាក់ នៅឆ្នាំ២០២១។
អង្គការយូនីសេហ្វ គូសបញ្ជាក់ថា បញ្ហានេះបង្កឱ្យមានវិបត្តិសុខភាព និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរជាច្រើនជំនាន់តទៅមុខទៀត។
ចំណែកអង្គការសុខភាពពិភពលោក បានចាត់ទុកការមិនរវល់អើពើចំពោះបញ្ហារបស់កុមារ គឺជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត ព្រោះជាការបំភ្លេចចោលមូលដ្ឋានគ្រឹះនៃជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។