បទវិភាគ៖ ផលប្រយោជន៍នៃសមាហរណកម្មកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការAPEC
2015.11.26
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលភាសាអង់គ្លេសហៅកាត់ថា APEC បង្កើតឡើងនៅឆ្នាំ១៩៨៩ ដែលមានប្រទេសជាស្ថាបនិកចំនួន ១២។ ក្នុងនោះប្រទេសអាស៊ានចំនួន ៧ បានក្លាយជាសមាជិកពេញសិទ្ធិនៃវេទិកាសេដ្ឋកិច្ចពិភពលោកមួយនេះ លើកលែងតែប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ គេរំពឹងថា ការធ្វើសមាហរណកម្មនៅក្នុងវេទិកាសេដ្ឋកិច្ច APEC នឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសក្រីក្រ តួយ៉ាងដូចជាកម្ពុជា ជាដើម។
តើ APEC ជាអ្វី? តើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះមានសារសំខាន់យ៉ាងណា? ប្រសិនបើកម្ពុជា ក្លាយជាសមាជិកពេញសិទ្ធិនៃវេទិកាសេដ្ឋកិច្ច APEC តើប្រទេសកំពុងអភិវឌ្ឍន៍មួយនេះនឹងអាចទទួលបានផលប្រយោជន៍អ្វីខ្លះពីសមាហរណកម្មនេះ?
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាសេដ្ឋកិច្ចសេរី បង្កើតឡើងដោយបណ្ដាប្រទេសដែលស្ថិតនៅតាមបណ្ដោយមហាសមុទ្រប៉ាស៊ីហ្វិក។ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អោយកាន់តែស៊ីជម្រៅតាមរយៈការបើកចំហប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ដោយអនុវត្តនូវរបបអនុគ្រោះពន្ធ ពង្រឹងបទដ្ឋានគតិយុត្តិ ព្រមទាំងធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌពាណិជ្ជកម្មអន្តរប្រទេស តាមរយៈការបង្កើតយន្តការដោះស្រាយជម្លោះពាណិជ្ជកម្ម និងការបង្កើតក្របខ័ណ្ឌរួមក្នុងការការពារកម្មសិទ្ធិបញ្ញាជាដើម។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឈរលើសសរស្ដម្ភចំនួនបីជាមូលដ្ឋានគឺ សសរស្ដម្ភទី១ សេរីភាពផ្នែកពាណិជ្ជកម្ម និងវិនិយោគ។ បណ្ដាប្រទេសសមាជិក APEC នីមួយៗយល់ព្រមធ្វើសេរីភាវូបនីយកម្មក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទុនដែលទាក់ទងទៅនឹងការលើកកម្ពស់កម្មសិទ្ធិបញ្ញា ការគោរពតាមគោលនយោបាយប្រកួតប្រជែងដោយស្មើភាព និងការដោះស្រាយជម្លោះ ពាណិជ្ជកម្ម ដោយសន្តិវិធីជាដើម។
សសរស្ដម្ភទី២ សម្របសម្រួលពាណិជ្ជកម្ម។ ប្រទេសសមាជិកទាំងអស់ត្រូវបានលើកទឹកចិត្តអោយមានការធ្វើកំណែទម្រង់លើវិស័យពន្ធគយវិស័យថាមពល ទូរគមនាគមន៍ និងជាពិសេសការធ្វើអោយមានតម្លាភាពក្នុងពាណិជ្ជកម្ម ដោយផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគទុន និងអ្នកជំនួញធ្វើយ៉ាងណាអោយទទួលបាននូវព័ត៌មានច្បាស់លាស់លើបទបញ្ញត្តិ និងលក្ខខណ្ឌវិនិយោគក្នុងបណ្ដាប្រទេស APEC នីមួយៗ។
សសរស្ដម្ភទី៣ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។ មេដឹកនាំ APEC តម្រូវអោយយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនូវធនធានមនុស្ស ពង្រឹងទីផ្សារមូលធនប្រកបដោយប្រសិទ្ធភាព ពង្រីកនិងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមជាដើម។
ក្នុងពេលបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក មានផលិតផលសរុបក្នុងស្រុក (GDP) ជិត ៥៧ភាគរយនៃផលិតផលសរុបពិភពលោក កើនទ្វេដងពី ១៦ ទ្រីលានដុល្លារ នៅឆ្នាំ១៩៨៩ ដល់ ៣១ ទ្រីលានដុល្លារនៅឆ្នាំ២០១៣ និងមានប្រទេសសមាជិកកើនឡើងរហូតដល់ ២១ប្រទេស ពីទ្វីបអាស៊ី អាមេរិកឡាទីន និងអាមេរិកខាងជើង ក្នុងនោះក៏មានសមាជិកអាស៊ាន ៧ ប្រទេសផងដែរ គឺប្រ៊ុយណេ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី ស្របពេលដែលកម្ពុជា កំពុងស្វះស្វែងឱកាសចូលជាសមាជិកពេញសិទ្ធិនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកមួយនេះ។
តើប្រទេសកម្ពុជា នឹងទទួលបានគុណប្រយោជន៍អ្វីខ្លះ ប្រសិនបើប្រទេសនេះភ្ជាប់ខ្លួនទៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកមួយនេះ?
APEC ត្រូវគេចាត់ទុកថា ជាក្លឹបប្រទេសអ្នកឈ្នះ ដោយហេតុថា សមាជិកទាំងអស់នៃវេទិកានេះសុទ្ធតែជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់។ ក្នុងនោះក៏មានមហាអំណាចពិភពលោកចំនួន ៣ ប្រទេសផងដែរជាសមាជិកពេញសិទ្ធិ ពោលគឺសហរដ្ឋអាមេរិក ចិន និង រុស្ស៊ី។ បន្ថែមលើនេះ សមាជិកពីរទៀត គឺ ចិន និង ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក និងមានការអភិវឌ្ឍឆាប់រហ័សដែលកត្តានេះធ្វើអោយ APEC ក្លាយជាទីផ្សារដ៏ធំប្រកបដោយសក្ដានុពលដែលមានប្រជាជនជាង ២,៨ប៊ីលាននាក់។
នេះជាហេតុផលដែលជំរុញអោយប្រទេសជាច្រើនដែលមិនស្ថិតនៅក្នុងភូមិភាគអាស៊ី-ប៉ាស៊ីហ្វិក តួយ៉ាង ឥណ្ឌា ប៉ាគីស្ថាន ម៉ុងហ្គោលី និងប្រទេសផ្សេងទៀត ក្នុងនោះក៏មានកម្ពុជា ផងដែរ បានស្នើសុំចូលជាសមាជិក APEC នេះ។
សម្រាប់កម្ពុជា ការអាចចូលជាសមាជិកពេញសិទ្ធិនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ គឺជាឱកាសដ៏ល្អក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញវិនិយោគទុនបរទេសអោយមកបណ្ដាក់ទុននៅក្នុងប្រទេស ដែលកត្តានេះនឹងអាចបង្កើតការងារជាច្រើនដល់ពលរដ្ឋកម្ពុជា និងការពង្រីកលំហនាំចេញផលិតផលក្នុងស្រុក មានដូចជា សំលៀកបំពាក់ អង្ករ កៅស៊ូ ដំណាំកសិផលផ្សេងទៀតទៅលក់ក្នុងទីផ្សារអន្តរជាតិក្រោមការអនុគ្រោះពន្ធ ឬមិនយកពន្ធពីប្រទេសសមាជិកផ្សេងទៀត។
ទន្ទឹមនឹងនេះ កម្ពុជាអាចនឹងជួបនូវបញ្ហាប្រឈមមួយចំនួនក្នុងដំណើរសមាហរណកម្មនៅក្នុងវេទិកាសេដ្ឋកិច្ច APEC នេះ ត្បិតដោយហេតុថា កម្ពុជានឹងខាតបង់ចំណូលរដ្ឋលើការប្រមូលពន្ធអាករទំនិញ បញ្ហាបទដ្ឋានផលិតភាពទាប លក្ខខណ្ឌការងារ និងគុណភាពសេវាកម្មនៅមានកម្រិត បញ្ហាអំពើពុករលួយ និងស្ថិរភាពនយោបាយ ការពុំទាន់ពង្រឹងការទុកចិត្តដល់អ្នកវិនិយោគទុនបរទេស និងជំនឿចិត្តលើប្រព័ន្ធបទដ្ឋានគតិយុត្តិជាដើម។ លើសពីនេះទៅទៀត កម្ពុជានឹងអាចប្រឈមបញ្ហាបរិស្ថានធ្ងន់ធ្ងរ ដោយហេតុថា វេទិកាសេដ្ឋកិច្ច APEC ជាវេទិកាដែលនាំមុខគេក្នុងវិស័យសេដ្ឋកិច្ចដែលបានបង្កើតអោយមានលំហូរឧស្សាហកម្ម «កខ្វក់» ជះឥទ្ធិពលដល់បរិយាកាស និងបម្រែបម្រួលអាកាសធាតុ។
យ៉ាងណាមិញ ការយកចិត្តទុកដាក់ពង្រឹងកំណើនសេដ្ឋកិច្ច និងពង្រីកទំនាក់ទំនងដៃគូពាណិជ្ជកម្ម និងវិនិយោគទុនអន្តរជាតិ អោយមានសន្ទុះកាន់តែខ្លាំង តួយ៉ាងដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានចុងឆ្នាំ២០១៥ នឹងនាំមកនូវឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕