បទវិភាគ៖ ដល់វេលាដែលលោក ហ៊ុន សែន គ្មានជម្រើសអ្វី ក្រៅពីលះបង់ដើម្បីសង្គ្រោះជាតិ
2020.06.10

កម្ពុជាកំពុងជាប់ផុងជ្រៅក្នុងរណ្ដៅនៃវិបត្តិផ្ទួនៗគ្នាចំនួនពីរ គឺទីមួយវិបត្តិនយោបាយ នៃការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលនាំឱ្យសហភាពអឺរ៉ុប នឹងចាប់ផ្ដើមដកការអនុគ្រោះពន្ធ EBA ២០% នៅខែសីហា។ ទីពីរគឺវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងស្ថានភាពយីអ៊ុនដាក់អារក្សជាន់បែបនេះ ទាំងពលរដ្ឋខ្មែរ និងប្រទេសជាតិទាំងមូល ត្រូវការសង្គ្រោះបន្ទាន់។ ដូច្នេះ ដល់វេលាដែលលោក ហ៊ុន សែន គ្មានជម្រើសអ្វី ក្រៅពីលះបង់ដើម្បីសង្គ្រោះជាតិ។
ពាក្យលះបង់ដើម្បីសង្គ្រោះជាតិនេះ អាចពិបាកទទួលយកបានណាស់ សម្រាប់លោក ហ៊ុន សែន និងមន្ត្រីបក្សកាន់អំណាច ព្រោះវាមានបង្កប់ពាក្យ”សង្គ្រោះជាតិ” ដែលជាឈ្មោះរបស់គណបក្សប្រឆាំងដែលមន្ត្រីបក្សនេះ រួមគ្នារម្លាយចោល កាលពីឆ្នាំ២០១៧ ដោយសារតែគណបក្សកាន់អំណាច ថយប្រជាប្រិយ ឯគណបក្សប្រឆាំង កើនការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋស្ទើរពាក់កណ្ដាលប្រទេស ក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។ បក្សកាន់អំណាច រម្លាយបក្សប្រឆាំងចោល ៥ខែ ក្រោយបោះឆ្នោតនោះ។
ដោយសារតែការរម្លាយគណបក្សប្រឆាំងនេះហើយ ទើបសហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មកម្ពុជា។
ដូច្នេះ ក្នុងចំណោមវិបត្តិធំៗទាំងពីរ ដែលជាតិកំពុងប្រឈមនោះ មានវិបត្តិមួយ គឺរបបក្រុងភ្នំពេញជាបង្កើតវា នោះគឺវិបត្តិនយោបាយ ដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនោះឯង។
ឯវិបត្តិទីពីរ គឺជាវិបត្តិសាកល ដែលកម្ពុជារងគ្រោះនឹងគេដែរ ហើយរងគ្រោះខ្លាំងជាងគេផង ដោយសារតែសេដ្ឋកិច្ចយើង ពឹងផ្អែកទាំងស្រុងទៅលើបរទេស ជាពិសេសវិស័យនាំចេញសំលៀកបំពាក់ និងស្បែកជើង និងវិស័យទេសចរណ៍ ដែលជាប្រភពចំណូល ដ៏ធំបំផុតរបស់កម្ពុជា។
វិបត្តិទីពីរនេះ ដែលកើតឡើងដោយសារជំងឺកូវីដ-១៩ កម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅតែអង្គុយបន់ស្រន់ ឱ្យពិភពលោកឆាប់ជាសះស្បើយទាំងស្រុងពីជំងឺនេះ តែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី វិបត្តិទីពីរនេះ ក៏មានភាពពាក់ព័ន្ធគ្នាច្រើន ទៅនឹងវិបត្តិទីមួយដែរ ព្រោះវាធ្វើឱ្យលោក ហ៊ុន សែន បាត់បង់មូលដ្ឋានបង្អែកផ្នែកសេដ្ឋកិច្ចដ៏ធំមួយ ដែលលោកតែងតែយកមកធ្វើជាខែល ដើម្បីទប់ទល់នឹងទណ្ឌកម្មអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប។
ភាសាដែលលោកធ្លាប់ប្រើរត់មាត់នោះ គឺលោកតែងតែអួតថា កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ប្រាក់ចំណូលពន្ធរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ មានប្រាក់បម្រុងរាប់ពាន់លានដុល្លារ និងមានមាស ៣០តោនជាដើម។
មិនតែប៉ុណ្ណោះ រៀងរាល់ពេលជួបកម្មកររោងចក្រ ដែលព្រួយចិត្តរាល់ថ្ងៃរឿងគេដកការអនុគ្រោះពន្ធ លោកតែងតែលើកទឹកអ្នកទាំងនោះ ឱ្យជឿលើតួលេខរបស់លោកថា កម្ពុជានឹងក្លាយជាប្រទេស ដែលប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០ ជាដើម។
ប៉ុន្តែ អ្វីដែលលោក ហ៊ុន សែន មិនដែលប្រាប់ការពិតដល់កម្មករ និងប្រជាកសិករនោះគឺ កម្ពុជាពឹងពាក់ទាំងស្រុងលើដង្ហើមបរទេស ហើយកម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរ ពិបាកនឹងងើបរួច បើពិភពលោកមានវិបត្តិធ្ងន់ធ្ងរ ដូចបញ្ហាកូវីដ-១៩នេះ នោះទេ។
អម្រែកនៃវិបត្តិទាំងពីរនេះ គឺជាបន្ទុកដ៏សែនធ្ងន់សម្រាប់ជាតិខ្មែរទាំងមូល ព្រោះប្រជាពលរដ្ឋខ្មែរច្រើនណាស់ រងផលប៉ះពាល់យ៉ាងដំណំដល់ជីវភាពប្រចាំថ្ងៃ ដោយសារតែបាត់បង់ការងារ និងបាត់បង់មុខរបរចិញ្ចឹមជីវិត។ អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺកសិករ និងកម្មកររោងចក្រ។កម្មកររោងចក្ររងផលប៉ះពាល់ផ្ទួនៗ គឺទីមួយការបាត់បង់ការងារធ្វើ និងប្រាក់ចំណូល ដោយសាររោងចក្រព្យួរ និងបិទទ្វារ ទីពីរគឺភាពមិនច្បាស់លាស់ ថា នឹងមានការងារធ្វើវិញ ទោះស្បើយជំងឺកូវីដ-១៩ ដោយសារចាប់ពីថ្ងៃទី១២ ខែសីហា តទៅ។ មានន័យថា បើទោះបីពិភពលោកស្បើយជំងឺនេះក៏ដោយ ក៏សហភាពអឺរ៉ុបនឹងដកការប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីលើមុខទំនិញ ៤០ មុខពីកម្ពុជា។
មិនមែនតែកម្មករទេបារម្ភ ថោកែរោងចក្រក៏មើលឃើញពីហានិភ័យធំនៅចំពោះមុខនេះដែរ។ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) កាលពីដើមខែមិថុនានេះ បានសរសេរលិខិតប្រធានគណៈកម្មការអឺរ៉ុប សុំឱ្យពន្យារពេលនៃការដកប្រព័ន្ធអនុគ្រោះពន្ធនោះ យ៉ាងហោចណាស់ពន្យារមួយឆ្នាំសិនដែរ ព្រោះវិស័យកាត់ដេរកំពុងជួបវិបត្តិធំ ដោយការបញ្ជាទិញដើមឆ្នាំ ២០២០ នេះ បានធ្លាក់ចុះរហូតដល់ ៦០ % ដែលធ្វើឱ្យរោងចក្រប្រមាណ ២៥០ រោងចក្រ ព្យួរការងារ និងធ្វើឱ្យកម្មករជាង ១៣០,០០០ បាត់បង់ការងារ។
ជាការឆ្លើយតប បួនថ្ងៃក្រោយមក តំណាងគណៈកម្មការអឺរ៉ុប បដិសេធសំណើនេះ ដោយប្រាប់តាមសារព័ត៌មានជប៉ុន Nikkei Asian Review ថា បើកម្ពុជាចង់បានប្រព័ន្ធអនុគ្រោះពន្ធ EBA ពេញលេញដូចដើមវិញ គឺទាល់តែបង្ហាញចំណាត់ការជាដុំកំភួន ក្នុងការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
តាមពិតនេះមិនមែនជាលើកទីមួយទេ ដែលសហភាពអឺរ៉ុប រក្សាជំហរដដែលនេះ។ តាំងពីមុនសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះមកម្ល៉េះ សហភាពអឺរ៉ុប តែងតែដាស់តឿនលោក ហ៊ុន សែន ជារឿយៗ ថាកូនសោរ គឺស្ថិតលើដៃលោក ហ៊ុន សែន មិនមែនលើគណៈកម្មការអឺរ៉ុបទេ។
កូនសោរនោះ គឺលោក ហ៊ុន សែន ត្រូវស្ដារប្រជាធិបតេយ្យឡើងវិញ ដោយឱ្យគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ និងដោះលែងប្រធានគណបក្សនេះជាដើម។
គណៈកម្មការអឺរ៉ុប ថាបើលោក ហ៊ុន សែន ធ្វើដូច្នេះបាន ពួកគេនឹងមិនដកការអនុគ្រោះពន្ធនេះទេ គឺឱ្យកម្ពុជាវិញទាំងស្រុង។ សារនេះ មានភាពសាមញ្ញ និងងាយយល់ ហើយងាយស្ដាប់!
កូនសោគឺនៅលើដៃលោក ហ៊ុន សែន។ វិបត្តិនយោបាយ ដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ គឺលោក ហ៊ុន សែន ជាបង្កើត ព្រោះរម្លាយគណបក្សសង្គ្រោះជាតិ។
ដូច្នេះ ដើម្បីស្ដារស្ថានការណ៍នេះឡើងវិញ លោក ហ៊ុន សែន គ្មានជម្រើសអ្វី ក្រៅពីលះបង់ដើម្បីសង្គ្រោះជាតិ។ គឺព្រួញមួយ បាញ់បានសត្វពីរ។ ទីមួយគឺសង្គ្រោះជាតិប្រជាជាតិខ្មែរ ឱ្យរួចផុតពីវិបត្តិមួយជាន់ និងទីពីរគឺអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ។
បើលោក ហ៊ុន សែន ពិតជាអះអាងថា ខ្លួនលោក ពិតជាបិតានៃនយោបាយឈ្នះ-ឈ្នះពិតប្រាកដមែននោះ ពេលនេះ គឺជាពេលវេលាដ៏សមស្របបំផុតមួយ ដែលលោកត្រូវបង្ហាញភាពពិត និងភាពស្មោះត្រង់ថា លោកធ្វើដើម្បីខ្មែរឈ្នះ គឺដើម្បីប្រយោជន៍កម្មករកម្មការិនីខ្មែរ និងប្រយោជន៍ពលរដ្ឋខ្មែររាប់លាននាក់ទៀត ដែលទទួលផលពីការអនុគ្រោះពន្ធ EBA និងឈ្នះបានស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដែលជាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផង។
ការងាកមកស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅពេលនេះ មិនអាចលាងជម្រះ និងកែប្រែមុខមាត់កម្ពុជា លើឆាកអន្តរជាតិ ឱ្យបានល្អឡើងវិញទាំងស្រុងនោះទេ ប៉ុន្តែវាអាចជួយស្អំបេះដូងខ្មែរ ដែលកំពុងរងទុក្ខខ្លាំង ដោយសារតែវិបត្តិផ្ទួនៗគ្នានេះខ្លះដែរ៕