បទ​វិភាគ៖ តើ​កម្ពុជា​គួរ​ពន្យារ​ពេល​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដំណាច់​ឆ្នាំ​២០១៥​នេះ​ឬ​ទេ?

ដោយ ឯក សិរី
2015.10.22
ប្រជុំ​អាស៊ាន​សេដ្ឋកិច្ច​លើក​ទី​៤៤ ៣០៥ ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០ ជួប​ប្រជុំ​គ្នា​ធ្វើ​សេចក្តី​ព្រាង និង​ពិនិត្យ​ទៅ​លើ​របាយការណ៍​មួយ​ចំនួន ដើម្បី​ត្រៀម​ដាក់​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ជួប​ប្រជុំ​នៅ​ពេល​ឆាប់ៗ នា​សណ្ឋាគារ​អប្សរា​អង្គរ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២។
RFA/Hang Savyouth

មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន ប្រាថ្នា​បង្កើត​​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដំណាច់​ឆ្នាំ​២០១៥ ខាង​មុខ។ អាស៊ាន​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៧ នៅ​ក្នុង​ពិភពលោក​ដែល​មាន​ផលិតផល​សរុប​ប្រចាំ​ឆ្នាំ​ចំនួន​ប្រហែល ២,៦​ទ្រីលាន​ដុល្លារ​អាមេរិក និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង ៦២៥​លាន​នាក់ ប្រសិន​បើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដូច​ការ​គ្រោង​ទុក។

មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា កម្ពុជា​មិន​ទាន់​ត្រៀម​ខ្លួន​ពេញលេញ​នៅ​ឡើយ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​​សហគមន៍​សេដ្ឋកិច្ច និង​អាច​ស្រូប​យក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​សមាហរណកម្ម​នៅ​ពេល​ខាង​មុខ​នេះ​ទេ។ ក្នុង​បរិបទ​នេះ តើ​កម្ពុជា គួរ​ពិចារណា​ពន្យារ​ពេល​ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែរ ឬ​ទេ?

មក​ដល់​ពេល​នេះ អាស៊ាន​កំពុង​តែ​ធ្វើ​ដំណើរ​ជិត​ដល់​គោលដៅ​ដែល​បាន​គ្រោង​ទុក គឺ​ការ​បង្កើត​ទីផ្សារ​រួម និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ។ គេ​រំពឹង​ថា បន្ទាប់​ពី​សហគមន៍​សេដ្ឋកិច្ច​ត្រូវ​បាន​បង្កើត​នៅ​តាម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នឹង​មាន​លំហូរ​ដោយ​គំហុក​នូវ​ទំនិញ សេវាកម្ម និង​ការ​វិនិយោគ​បរទេស មូលធន​ហិរញ្ញវត្ថុ​រវាង​ប្រទេស​សមាជិក​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​សេរី ដោយ​មិន​មាន​ការ​បង់​ពន្ធអាករ និង​ជា​ពិសេស ចរាចរណ៍​ពលករ អ្នក​ជំនាញ អ្នក​វិនិយោគទុន​ពី​ប្រទេស​សមាជិក​នីមួយៗ ក្នុង​តំបន់​នឹង​មាន​កំណើន​កាន់​តែ​ខ្លាំង។

យ៉ាងណាមិញ មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន នៅ​ដំណាច់​ឆ្នាំ​២០១៥ ប្រកប​ដោយ​ជោគជ័យ​ និង​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា ដើម្បី​ស្រូប​យក​អត្ថប្រយោជន៍​ជា​អតិបរមា​នៅ​ក្នុង​សមាហរណកម្ម​តំបន់​នេះ។

មក​ដល់​ពេល​នេះ កម្ពុជា​សម្រេច​បាន​ជាង ៧០% នៃ​កំណែ​ទម្រង់​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ ត្រូវ​អនុវត្ត​មុន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍​​សេដ្ឋកិច្ច​រួម និង​ស្ថិត​នៅ​លំដាប់​ទី​៣ ក្នុង​តំបន់​បន្ទាប់​ពី ម៉ាឡេស៊ី និង សិង្ហបុរី។ យ៉ាងណាមិញ ការ​សម្រេច​បាន​កំណែ​ទម្រង់​ជាង ៧០% នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ជា​ទិដ្ឋភាព​រួម​នៃ​ការ​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​សមាជិក​អាស៊ាន​ដទៃ និង​ប្រទេស​ផ្សេង​ទៀត​នោះ​ឡើយ ពោល​គឺ​កម្ពុជា បាន​ត្រៀម​ខ្លួន​តែ​ក្នុង​ក្របខ័ណ្ឌ​​នយោបាយ និង​ក្របខ័ណ្ឌ​បទដ្ឋាន​គតិយុត្តិ​តែ​ប៉ុណ្ណោះ។ សម្រាប់​ទិសដៅ​អាទិភាព​ដទៃ​ទៀត ដូចជា បញ្ហា​ប្រកួត​ប្រជែង​ក្នុង​ធុរកិច្ច​ក្របខ័ណ្ឌ​តំបន់ ការ​ខាតបង់​ចំណូល​ពន្ធអាករ បញ្ហា​លំហូរ​ពលករ​ជំនាញ​បរទេស បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង​អំពើ​ពុករលួយ​ជាដើម កម្ពុជា​ហាក់​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ។

ជា​ការ​ពិត​ណាស់ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​បង្កើត​ទីផ្សារ​កាន់​តែ​ធំ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ក្នុង​ស្រុក​ទៅ​លក់​ក្នុង​ទីផ្សារ​តំបន់ និង​នាំ​ចូល​នូវ​ផលិតផល​ចាំបាច់​សម្រាប់​បំពេញ​តម្រូវការ​ក្នុង​ស្រុក។ នៅ​ពេល​បច្ចុប្បន្ន និង ៥​ឆ្នាំ​ទៅ​មុខ សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា មិន​ទាន់​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ឡើយ ដោយសារ​សង្វាក់​ផលិតកម្ម​មាន​ចំនួន​តិច​កង្វះ​វត្ថុធាតុ​ដើម​គុណភាព​មាន​កម្រិត កង្វះ​បច្ចេកវិទ្យា​ និង​ពុំ​មាន​ព័ត៌មាន​លម្អិត​អំពី​លក្ខខណ្ឌ​ទីផ្សារ​ខាង​ក្រៅ​ជាដើម។ ក្នុង​បរិបទ​នេះ កម្ពុជា​ត្រូវ​នាំ​ចូល​ផលិតផល​ប្រើប្រាស់​យ៉ាង​ច្រើន​ក្នុង​តម្លៃ​ខ្ពស់​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ឯ​ទៀត ដោយ​ពុំ​មាន​ការ​បង់​ពន្ធអាករ ខណៈ​ដែល​កម្ពុជា មាន​លទ្ធភាព​នាំ​ចេញ​ផលិតផល​កសិកម្ម និង​វត្ថុធាតុ​ដើម​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ។ ការ​នាំចេញ​វត្ថុធាតុ​ដើម គឺ​ជា​ការ​នាំ​ចេញ​ដែល​ទទួល​បាន​កម្រៃ​ទាប​ជាង​ការ​នាំ​ចេញ​ផលិតផល​សម្រេច។ បើ​សិន​និន្នាការ​នេះ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​នាំ​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ជា​មិន​ខាន។

ទន្ទឹម​នឹង​នេះ​ដែរ ពលករ​ដែល​មាន​ជំនាញ​ខ្ពស់​របស់​កម្ពុជា មាន​ចំនួន​តិច បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ហាក់​មិន​ទាន់​ត្រៀម​ខ្លួន​បាន​ល្អ​ដើម្បី​ប្រកួត​ក្នុង​ទីផ្សារ​អាស៊ាន រួម​នៅ​ឡើយ។ ក្នុង​ទស្សនវិស័យ​វែង​ឆ្ងាយ ការ​ទាក់ទាញ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់ (FDI) តម្រូវ​ឲ្យ​ពលករ​កម្ពុជា ត្រូវ​មាន​ជំនាញ និង​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ធនធាន​មនុស្ស​កម្ពុជា នៅ​មាន​កម្រិត​ក្នុង​ជំនាញ​អាទិភាព គឺ​វិទ្យាសាស្ត្រ សេវាកម្ម បច្ចេកវិទ្យា វិស្វកម្ម និង​ធុរកិច្ច។ ឱកាស​ទីផ្សារ​ការងារ​របស់​កម្ពុជា នឹង​ត្រូវ​បំពេញ​ដោយ​ពលករ និង​អ្នក​ជំនាញ​បរទេស​ដែល​មាន​ជំនាញ​ខ្ពស់​មក​ពី​ប្រទេស​អាស៊ាន​ដទៃ​ក្នុង​រយៈពេល​យ៉ាង​តិច​បំផុត ៥​ឆ្នាំ ទម្រាំ​ចំណេះដឹង និង​ជំនាញ​ទាំងនេះ​អាច​ផ្ទេរ​មក​ពលករ​កម្ពុជា។ កត្តា​នេះ​ចៀស​មិន​ផុត​នឹង​បង្កើន​អត្រា​គ្មាន​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ជា​មិន​ខាន ដែល​នេះ​គឺ​ជា​ផលវិបាក​ដែល​បណ្ដាល​​មក​ពី​សមាហរណកម្ម​ទីផ្សារ​សេដ្ឋកិច្ច​រួម​នៅ​ដំណាច់​ឆ្នាំ​២០១៥ នេះ។

ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ដូចជា ផ្លូវថ្នល់ ផ្លូវដែក និង​កំពង់ផែ​ជាដើម ក៏​ជា​បញ្ហា​ចម្បង​មួយ​ផង​ដែរ ដែល​រាំង​ស្ទះ​ដល់​ការ​ទាញ​យក​អត្ថប្រយោជន៍​អោយ​បាន​ជា​អតិបរមា​ក្នុង​សមាហរណកម្ម​របស់​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន។ សន្ទស្សន៍​ការងារ​ភស្តុភារ (Logistics Performance Index) ឆ្នាំ​២០១៤ របស់​ធនាគារ​ពិភពលោក បាន​ចាត់​ថ្នាក់​កម្ពុជា នៅ​លេខ ៨៣ ក្នុង​ចំណោម ១៦០​ប្រទេស ខណៈ​ដែល​ប្រទេស​វៀតណាម និង ថៃ ស្ថិត​នៅ​លំដាប់ ៤៨ និង ៣៥។ មិនតែប៉ុណ្ណោះ បន្ទុក​ចំណាយ​លើ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១២ នៅ​កម្ពុជា មាន​កម្រិត ៤០% ខ្ពស់​ជាង​នៅ​ប្រទេស​ជិត​ខាង​ដែល​ធ្វើ​ឲ្យ​ផលិតផល​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាងគេ បើ​ធៀប​នឹង​ជម្រើស​ផ្សេង​ទៀត​ក្នុង​តំបន់។ សមត្ថភាព​ទាប​ផ្នែក​ភស្តុភារ បាន​ប៉ះពាល់​ដល់​ផលិតករ និង​អ្នក​វិនិយោគ​កម្ពុជា នៅ​គ្រប់​កម្រិត​ក្នុង​ទីផ្សារ​ដោយ​បន្ថែម​បន្ទុក​ចំណាយ​ទៅ​លើ​ការ​នាំ​ចេញ និង​បង្កើត​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​ផ្ដល់​សេវាកម្ម។ កត្តា​នេះ​ជា​ឧបសគ្គ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ផ្សេង​ទៀត ក្នុង​បរិបទ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​រួម។

លើស​ពី​នេះ​ទៅ​ទៀត ការ​ពុំ​ទាន់​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ពេញលេញ​ដល់​អ្នក​វិនិយោគទុន​បរទេស​ដែល​បណ្ដាល​មក​ពី​បញ្ហា​អំពើ​ពុករលួយ និង​កង្វះ​សមត្ថភាព​ស្ថាប័ន​ដើម្បី​អនុវត្ត​នីតិវិធី​គយ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​នឹង​បង្កើន​បន្ទុក​ចំណាយ​លើ​ប្រតិបត្តិការ និង​ការ​យឺតយ៉ាវ ដែល​កត្តា​នេះ​ជា​ឧបសគ្គ​សម្រាប់​កម្ពុជា ក្នុង​ការ​ប្រកួត​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​នៅ​ពេល​ខាង​មុខ។

ជាក់ស្ដែង របាយការណ៍​តម្លាភាព​អន្តរជាតិ នៅ​ឆ្នាំ​២០១៤ បាន​ចាត់​ថ្នាក់​កម្ពុជា ស្ថិត​នៅ​លំដាប់​ទី​១៥៦ ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ចំណោម​ប្រទេស ១៧៤ ដែល​មាន​អំពើ​ពុករលួយ​ខ្លាំង​ជាងគេ។កត្តា​អំពើ​ពុករលួយ នៅតែ​ជា​បញ្ហា​ដ៏​ស្រួចស្រាល់​ដែល​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​ខ្លាចរអា​ពី​សំណាក់​អ្នក​វិនិយោគទុន​បរទេស។

ដើម្បី​ស្រូប​យក​អត្ថប្រយោជន៍ និង​កាត់​បន្ថយ​ហានិភ័យ​ជា​អតិបរមា​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដោយ​តក់ក្រហល់​នៅ​ឆ្នាំ​២០១៥ នេះ ការ​ពន្យារ​ពេល​ធ្វើ​សមាហរណកម្ម​យ៉ាង​ហោច​ណាស់ ៥​ឆ្នាំ​បន្ថែម​ទៀត​រហូត​ដល់​ឆ្នាំ​២០២០ ដូច​ដែល​បាន​គ្រោង​ទុក​ក្នុង​របៀបវារៈ​សហគមន៍​សេដ្ឋកិច្ច​កន្លង​មក គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​កម្ពុជា។ ដើម្បី​រៀបចំ​ខ្លួន​អោយ​បាន​គ្រប់​ជ្រុងជ្រោយ និង​ការ​ពង្រឹង​សេដ្ឋកិច្ច​អោយ​រឹងមាំ​មុន​ពេល​ដែល​កម្ពុជា ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ចំណូល​ពន្ធអាករ​ទំនិញ​ដែល​នាំ​ចូល​ពី​បណ្ដា​ប្រទេស​អាស៊ាន​នៅ​ឆ្នាំ​២០១៨ និង​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​បង្កើត​គោល​នយោបាយ​កាន់​តែ​ត្រឹមត្រូវ​សមស្រប​នឹង​សមាហរណកម្ម​តំបន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។