ព្រឹទ្ធបុរសនៅមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ លោក ផេង ស៊ីថា ដែលបានចូលរួមនៅក្នុងការងារស្រាវជ្រាវនេះ មានប្រសាសន៍ឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី២៩ មិថុនា ថា ការរកឃើញនេះគឺធ្វើឡើងតាមរយៈព័ត៌មានរបស់អ្នកស្រាវជ្រាវបារាំងជំនាន់មុន ដែលបានបន្សល់ទុក ហើយការស្រាវជ្រាវនេះគឺជាការរកឃើញលើកដំបូងបំផុតនៅកម្ពុជា។
លោក ផេង ស៊ីថា ថ្លែងបន្តថា ៖ «យើងបានប្រទះឃើញឆ្អឹងសត្វពីសម័យនៃការកកើតភ្នំ ទឹកដីខ្មែរយើងដំបូង! យើងបានប្រទះឃើញឆ្អឹងសត្វសម័យបុរាណ បុរាណមែនទែន មិនមែនបុរាណត្រឹមតែ ១ពាន់ ២ពាន់ឆ្នាំអីប៉ុណ្ណឹងទេ ឬរាប់ម៉ឺនឆ្នាំទេ! ដល់រាប់លានឆ្នាំឯណោះ! អ្នកដែលគេឯកទេសខាងឆ្អឹងសត្វហ្នឹង គេបានឲ្យដំណឹងមកថា ជាការកត់សម្គាល់បណ្ដោះអាសន្ន អាចមានសត្វអណ្ដើក អាចមានសត្វរមាស សត្វកាំប្រមា ហើយយើងធ្វើការសិក្សាទៅលើដីដែលជាប់ជាមួយនឹងថ្មហ្នឹង រួមជាមួយនឹងឆ្អឹងសត្វ...»។
ការស្រាវជ្រាវនេះបានចាប់ផ្ដើមធ្វើតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ កក្កដា ខែក្រោយនេះ។
លោក ផេង ស៊ីថា បញ្ជាក់បន្ថែមថា ការស្រាវជ្រាវនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរធម្មជាតិរបស់ប្រទេសបារាំង។ លោកថ្លែងបន្តថា គម្រោងស្រាវជ្រាវនេះត្រូវធ្វើនៅស្ថានីយ ២ គឺស្ថានីយ ភ្នំក្បាលរមាស ដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខែត្រកំពត និងស្ថានីយ ភ្នំល្អាង ស្ថិតក្នុងស្រុកដងទង់ ខែត្រកំពតដែរ។
លោក ផេង ស៊ីថា បញ្ជាក់បន្ថែមថា ស្ថានីយភ្នំក្បាលរមាសកំពុងតែធ្វើស្រាវជ្រាវ។ ដោយឡែកចំពោះភ្នំល្អាងវិញ នៅមិនទាន់បានចូលសិក្សានៅឡើយទេ ដោយសារមិនទាន់ទទួលការអនុញ្ញាតពីក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលគ្រប់គ្រងនៅតំបន់ភ្នំនោះ។ លោកបន្ថែមថា ការរកឃើញនេះជាភស្តុតាងបញ្ជាក់ឲ្យឃើញពីភាពចំណាស់របស់ទឹកដីខ្មែរ៕