សកម្មភាព​ប្លន់​កម្រើក​ឡើង​នៅ​ស្រុក​បាកាន ខែត្រ​ពោធិ៍សាត់

សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​ឡើង​ផ្ទួនៗ និង​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ​នៅ​ឯ​ស្រុក​បាកាន។

លោក អ៊ុក ចិត អាយុ ៥២​ឆ្នាំ ដែល​ជា​ជន​រងគ្រោះ​ក្នុង​អំពើ​ប្លន់​នៅ​ភូមិ​ទួលអង្គ្រង ឃុំ​ខ្នារទទឹង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដែល​បាន​ចុះ​ទៅ​ដល់​ទី​នោះ​ថា ពួក​ចោរ​ក៏​បាន​រុក​រើ​ផ្ទះ​គាត់​យក​អស់​ប្រាក់ ៦​លាន​៨​សែន​រៀល មាស​សុទ្ធ ៦​ជី និង​ប្លាទីន ៦​ជី។

លោក អ៊ុក ចិត បាន​ឲ្យ​ដឹង​ថា ៖ «លុយ​ហ្នឹង​ខ្ញុំ​ការ​កូន ខាង​ប្រុស​គេ​ប្រគល់​មក​ឲ្យ យក​លុយ​មក​ទិញ​ទំនិញ​ការ។ ខ្ញុំ​អត់​បាន​មើល​ឃើញ​ច្បាស់​ដែរ ព្រោះ​ខ្ញុំ​ចុច​ពិល​ទៅ ចុច​ចំ​មុខ​វា ដល់​ហើយ​វា​ឲ្យ​ខ្ញុំ​ទម្លាក់​ភ្លើង​ចុះ គ្រាន់តែ​ខ្ញុំ​ងាក​ភ្លើង វា​បាញ់​ខ្ញុំ​បណ្ដោយ បាញ់​អត់​ត្រូវ..។. ខាង​ប៉ូលិស ខាង​ប៉េអឹម​គេ​ចុះ​យក​កំណត់​ហេតុ»

ស្រ្តី​អ្នក​លក់​គ្រឿងទេស​ឈ្មោះ នៃ ផាន អាយុ ២៩​ឆ្នាំ ប្រជាពលរដ្ឋ​នៅ​ភូមិ​រំលេច ឃុំ​រំលេច ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មាន​ការ​ប្លន់​អ្នក​ភូមិ​ជិត​ខាង​គាត់ ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

អ្នកស្រី នៃ ផាន បាន​បញ្ជាក់​ថា ៖ «ព្រួយ​ណាស់ មិន​សូវ​ហ៊ាន​នៅ​លក់​យប់ៗ​ដូច​រាល់​ដង។ រាល់​ដង​បើក​លក់​យប់ៗ​ជ្រៅ​ដែរ ម៉ោង​៩ ម៉ោង​១០​អី បាន​បិទ​ទ្វារ តែ​ឥឡូវ​ព្រលប់​ឡើង​ដឹង​តែ​បិទ​ទ្វារ​ហើយ»

ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា ថ្មីៗ​នេះ​អំពើ​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​ឡើង​ផ្ទួនៗ​នៅ​ភូមិ​ដាច់​ស្រយាល​នៃ​ឃុំ​មួយចំនួន​ក្នុង​ស្រុក​បាកាន បាន​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង។

អាជ្ញាធរ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​មាន​ចាប់​ពី​ខែ​វិច្ឆិកា​រហូត​មក​ទល់​ថ្ងៃ​១៧ ធ្នូ​នេះ មាន​ចំនួន ៥​ករណី ២​ករណី​កើត​មាន​នៅ​ក្នុង​ខែ​វិច្ឆិកា និង ៣​ករណី​ទៀត​កើត​មាន​ថ្មីៗ​ក្នុង​ខែ​ធ្នូ​នេះ។

អធិការ​នគរបាល​ស្រុក​បាកាន លោក ប៉ែន ទុង មាន​ប្រសាសន៍​ថា ប៉ូលិស​ចាប់​ក្រុម​ឧក្រិដ្ឋជន​បាន​មួយចំនួន​ហើយ ហើយ​កំណត់​បាន​មុខ​សញ្ញា​និង​កំពុង​សុំ​ដីកា​ចាប់​ខ្លួន​មួយចំនួន​ទៀត។

លោក ប៉ែន ទុង បាន​អះអាង​ថា ៖ «យើង​ក្ដាប់​បាន​ហើយ​មុខសញ្ញា​ហ្នឹង គេ​កំពុង​តាម​បំផ្លាញ​ហើយ ហើយ​អា​ថ្មីៗ​នេះ​ទៀត យើង​ចាប់​បាន​ម្នាក់​ហើយ ប៉ុន្តែ​គ្នា​វា​ដល់​ទៅ ៥​នាក់ វា​គេច​ខ្លួន។ អ៊ីចឹង​យើង​កំពុង​តែ​ធ្វើ​សំណុំរឿង​បញ្ជូន​ទាំង​មនុស្ស ទាំង​សំណុំរឿង ទៅ​តុលាការ​ដើម្បី​ឲ្យ​តុលាការ​ចេញ​ជា​ដីកា​ឲ្យ​យើង​តាម​ចាប់​អា​បី​បួន​នាក់​នេះ​ទៀត...»

ពាក់​កណ្តាល​នៃ​ដើម​ខែ​ធ្នូ នៅ​ស្រុក​បាកាន ករណី​ប្លន់​កើត​មាន​ជា​បន្ត​បន្ទាប់​ចំនួន ៣​លើក ថ្ងៃ​៨ ធ្នូ ករណី​ប្លន់​នៅ​ភូមិ​ខ្វាវ ឃុំ​រំលេច បណ្តាល​ឲ្យ​ជន​រងគ្រោះ​អស់​ប្រាក់ ១២​លាន​រៀល លើក​ទី​២ ថ្ងៃ​១៣ ធ្នូ ប្លន់​ផ្ទះ​ប្រធាន​ភូមិ​អណ្តូងសំបួរ ឃុំ​ស្នាមព្រះ ក្រុម​ចោរ​បាន​បាញ់​សម្លាប់​ភរិយា​ប្រធាន​ភូមិ និង​លើក​ចុង​ក្រោយ​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ ១៥ ធ្នូ នៅ​ភូមិ​ទួលអង្ក្រង ឃុំ​ខ្នារទទឹង៕