អ្នកភូមិបឹងកក់បន់ស្រន់ឲ្យអ្នកតាជួយ
2011.06.09
អ្នកស្រី ទេព វន្នី តំណាងពលរដ្ឋតំបន់បឹងកក់ បានថ្លែងថា ការជួបជុំគ្នានៅថ្ងៃទី៩ ខែមិថុនា នេះ គឺដើម្បីសុំសេចក្ដីសុខផង និងបួងសួងសុំឲ្យគោលបំណងរបស់អ្នកភូមិបានសម្រេចដូចក្ដីប្រាថ្នា។
តំបន់បឹងកក់ទំហំ ១៣៣ហិកតារ ត្រូវរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ រយៈពេល ៩៩ឆ្នាំ ដែលការអភិវឌ្ឍនេះបានធ្វើឲ្យប៉ះពាល់ដីធ្លីផ្ទះសម្បែង និងរបររកទទួលទានរបស់ពលរដ្ឋជាង ៤ពាន់គ្រួសារ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋតំបន់នោះនាំគ្នាទាមទាររកការអភិវឌ្ឍមួយសមរម្យ។
កាលពីពេលថ្មីៗនេះ សាលាក្រុងភ្នំពេញ បានឯកភាពបង្កើតគណៈកម្មការចម្រុះមួយដើម្បីចុះវាស់វែងទំហំដី និងផ្ទះអ្នកភូមិតំបន់បឹងកក់ ដែលត្រូវអភិវឌ្ឍនឹងកន្លែងក្នុងសប្ដាហ៍ទី២ ខែមិថុនានេះ។
អាជ្ញាធរគ្រោងប្រគល់ដីទំហំ ១០ហិកតារឲ្យពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែង។
អ្នកស្រី ណន់ សុខេង រស់នៅតំបន់បឹងកក់ បានសំណូមពរឱ្យការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនោះអនុវត្តប្រកបដោយតម្លាភាព។
សាលាក្រុងភ្នំពេញ គ្រោងនឹងសាងសង់ផ្ទះរបៀបជាខុនដូឲ្យប្រជាពលរដ្ឋ ប៉ុន្តែក្រុមអ្នកភូមិបានបដិសេធគម្រោងនេះ ហើយសុំឱ្យធ្វើជាផ្ទះល្វែងមានគ្រឹះរឹងមាំ និងកុំឱ្យមានសំណង់នៅខាងលើ៕