កម្មករកាត់ដេរចំនួនជាង ២៣០០នាក់ កំពុងតែប្រឈមមុខនឹងភាពអត់ការងារធ្វើនៅពេលនេះ ក្រោយពីរោងចក្រកាត់ដេរឈ្មោះ PCCS Garment Limited នៅក្នុងសង្កាត់ទឹកថ្លា ក្រុងភ្នំពេញ បានរំសាយកម្មករកាត់ដេរ និងបើកប្រាក់បំណាច់ឲ្យកម្មករតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ពេលនេះ។
ការរំសាយកម្មករមិនបានធ្វើដោយលាយលក្ខណ៍អក្សរ និងបញ្ជាក់អំពីមូលហេតុច្បាស់លាស់ទេ។ តំណាងសហជីពកម្មករចំនួន ៣៦នាក់ បានទទួលប្រាក់បំណាច់ចំនួនរវាង ៣០០០ដុល្លារអាមេរិក ទៅ៤០០០ដុល្លារអាមេរិក ចំហែកឯកម្មករម្នាក់ៗ បានទទួលចំនួនជាង ២០០ដុល្លារអាមេរិក ទៅ៥០០ដុល្លារអាមេរិក ពីរោងចក្រនេះ។
ក្រុមកម្មករបានឲ្យដឹងថា តំណាងរោងចក្រកំពុងតែដឹកជញ្ជូនម៉ាស៊ីនដេរចេញពីរោងចក្រនេះជាបន្តបន្ទាប់កន្លងមកនេះ។
កម្មករឈ្មោះ ច័ន្ទ ធឿន អាយុ៣២ឆ្នាំ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ប្រាក់បំណាច់ និងប្រាក់ខែត្រូវបានរោងចក្របើកឲ្យកម្មករ ប៉ុន្តែប្រាក់សំណងជំងឺចិត្តមិនត្រូវបានគេបើកឲ្យទេ ៖ "ដឹកឥវ៉ាន់ ដឹកម៉ាស៊ីនចេញអស់ហើយ។ មិនឲ្យមានអ្វីធ្វើ ក៏មិនឲ្យទៅ ប៉ុន្តែគុណលុយឲ្យគ្រប់ចំនួន ៥ចំណុច"។
កម្មករឈ្មោះ សេក ផានី អាយុ៣២ឆ្នាំ បានថ្លែងថា កម្មករកំពុងតែអត់ការងារធ្វើ ៖ "អ្នកខ្លះគេទ្រាំដូចថា ព្រឹកល្ងាចៗអ៊ីចឹង គេក៏ទ្រាំយក ហើយដើរចេញទៅ។ អត់និយាយ អត់ប្រាប់អ្វីទាំងអស់។ បើសិនគេប្រាប់ ខ្ញុំមានសង្ឃឹមច្រើន"។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងតំណាងរោងចក្រ PCCS Garment limited បាននៅឡើយ ដើម្បីសុំការបំភ្លឺអំពីមូលហេតុនៃការរំសាយកម្មករនេះ។
តំណាងសហជីពមិត្តភាពកម្មករកាត់ដេរនៅរោងចក្រ PCCS Garment Limited ឈ្មោះ ស៊ុំ រ៉ន អាយុ៣៥ឆ្នាំ បានមានប្រសាសន៍ថា រោងចក្រនេះមិនបានទទួលការបញ្ជាទិញទំនិញកន្លងមក រហូតដល់ខែធ្នូនេះ ៖ "កាលខែ១១ យើងមានឥវ៉ាន់ពេញ កម្មករថែមម៉ោងពេញទាំងអស់តែម្ដង។ ខែ១២ អស់រលីង ពួកខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ដោយសារ ទី១ ខាងកម្មករគាត់អត់មានការងារធ្វើ គាត់ពិបាកក្នុងការរស់នៅផ្ទះជួល។ គាត់បានទទួលយកដោយបង្ខំចិត្តគាត់"។
រោងចក្រនេះបានដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ មក។ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ឧស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ក្រសួងនឹងចាត់ក្រុមជំនាញពិនិត្យមើលរឿងនេះ ៖ "ព្រោះថា នៅក្រសួងនេះ យើងបានបែងចែកការងារគ្នារួម។ មានឯកឧត្ដម អ៊ំ មាន គាត់អ្នកទទួលការងារហ្នឹង"។
របាយការអង្កេតរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០០៨ រោងចក្រកាត់ដេរបានបិតចំនួន៧៨ រោងចក្រព្យួរការងារកម្មករចំនួន២០ និងរោងចក្របើកជាថ្មីចំនួន៦៤។
នៅក្នុងឆ្នាំ២០០៩ រោងចក្របានបិតចំនួន៩៣ រោងចក្របើកជាថ្មីចំនួន៥៥ និងរោងចក្រព្យួរការងារកម្មករចំនួន៦០។ កម្មករកាត់ដេរជាច្រើនម៉ឺននាក់អត់ការងារធ្វើ។ ទាំងអស់នោះ គឺបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកតាំងពីឆ្នាំ២០០៨ មក៕
