ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ទទួល​ប្រាក់​២២​លាន​ដុល្លារ​សម្រាប់​គម្រោង​ឆ្នាំ​២០០៩

ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ទទួល​ប្រាក់​យ៉ាង​ច្រើន​ដែល​មាន​ចំនួន​ដល់​២២​លាន​ដុល្លារ​អាមេរិក​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ពី​អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ​ក្នុង​ការចំណាយ​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្នាំ​២០០៩។

ការកើនឡើង​នៃ​ថវិកា​ចំណាយ​នេះ​បាន​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​ចំនួន​ពីរ​ថ្ងៃ កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ កញ្ញា ឆ្នាំ​២០០៨ កន្លង​មក។

លោក សក់ សេដ្ឋា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការកើនឡើង​នេះ​គឺ​ចេញ​ពី​ក្រុម​អ្នក​ផ្តល់​ជំនួយ​ឯកជន​ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការសម្រេច​របស់​រដ្ឋាភិបាល​ធ្វើ​វិមជ្ឈការ និង​ការផ្តល់​អំណាច​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដើម្បី​សាងសង់​ផ្លូវ ស្ពាន និង​សាលារៀន៕