ផែនការនោះគឺផ្ដោតលើការបង្ក្រាបបទល្មើសចំនួន ៥ប្រភេទ ដូចតទៅ ទី១ បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ ទី២ បទល្មើសផលិតចែកចាយគ្រឿងញៀនខុសច្បាប់ ទី៣ បទល្មើសអនាចារ ជួញដូរស្ត្រី និងអំពើហិង្សាក្នុងគ្រួសារ ទី៤ បទល្មើសក្មេងទំនើង និងទី៥ បទល្មើសល្បែងខុសច្បាប់នៅតាមភូមិឃុំ។
ផែនការនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអនុវត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១០។
អគ្គស្នងការរងនគរបាលជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក សុខ ផល បានមានប្រសាសន៍នៅក្នុងពិធីកម្ទេចឌីវីឌី និងវីស៊ីឌីខុសច្បាប់ចំនួនជាង ២៥០.០០០បន្ទះ កាលពីថ្ងៃទី២៤ ខែមករាថា បទល្មើសព្រហ្មទណ្ឌធំៗបានថយចុះនៅឆ្នាំ២០១០ កន្លងទៅនេះ។
លោកបន្តថា ៖ «បទល្មើសនានាដែលកត់សម្គាល់ចុះថយ គឺមានបទល្មើសលួច មានស្ថានទម្ងន់ គេហៅថា បទល្មើសប្លន់ថយចុះ ២៤៤លើក។ បទល្មើសឃាតកម្មថយចុះ ៥០លើក។ បទល្មើសលួចថយចុះ ១៧៣លើក។ បទល្មើសហិង្សាក្នុងគ្រួសារ បង្ករបួសស្នាមនានាថយចុះ ៨១លើក។ ប៉ុន្តែដោយឡែកបទល្មើសសេពសន្ថវៈនៅទូទាំងប្រទេសពុំទាន់មានការថយចុះនៅឡើយ»។
ប្រតិកម្មទៅនឹងរបាយការណ៍នេះ ប្រជាពលរដ្ឋឈ្មោះ ឆូយ វ៉ាត អាយុ ៤៨ឆ្នាំ នៅភូមិព្រៃទទឹង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ថ្លែងថា បទល្មើសអំពើហិង្សាក្នុងគ្រួសារមានការថយចុះមែន ប៉ុន្តែបទល្មើសលួចនៅកើតមានជារឿយៗ ៖ «នៅរដូវប្រាំងនេះ នៅតាមវាលស្រែរាំងស្ងួត អ៊ីចឹងពួកចោរកម្មវាងាយចល័ត ធ្វើចលនា អ៊ីចឹងប្រជាជនមានការព្រួយបារម្ភច្រើនដែរ។ សំណូមពររបស់ខ្ញុំ សំណូមពរដល់រាជរដ្ឋាភិបាល មេត្តាជំរុញដល់នគរបាលប៉ុស្តិ៍ មេត្តាចល័ត ប៉ុន្តែខ្ញុំមើលឃើញបញ្ហាសព្វថ្ងៃហ្នឹង នគរបាលប៉ុស្តិ៍មានកម្លាំងតិច ហើយភូមិ ១៨ភូមិ ម្ល៉ោះហើយនគរបាលមានការហត់នឿយច្រើន»។
ប្រទេសកម្ពុជា មានកម្លាំងនគរបាលជាតិចំនួនជាង ៥០.០០០នាក់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។
របាយការណ៍របស់អគ្គស្នងការរងនគរបាលជាតិ បានបង្ហាញថា នៅឆ្នាំ២០១០ កន្លងទៅ បទល្មើសធំៗនៅទូទាំងប្រទេសកម្ពុជា មានការថយចុះជាងឆ្នាំ២០០៩ កន្លងទៅចំនួន ៣៦៩ករណី គឺឆ្នាំ២០០៩ មានចំនួន ៣.០៨៧ករណី ប្រៀបធៀបឆ្នាំ២០១០ ចំនួនជាង ២.៧០០ករណី។
បទល្មើសដែលបានថយចុះនោះ មានបទល្មើសប្លន់ បទល្មើសឃាតកម្ម បទល្មើសលួច និងបទល្មើសហិង្សាបង្ករបួសស្នាម ប៉ុន្តែបទល្មើសរំលោភសេពសន្ថវៈ បានកើននៅឆ្នាំ២០១០ កន្លងទៅចំនួន ៣១០ករណី ប្រៀបធៀបឆ្នាំ២០០៩ មានតែចំនួន ២៤១ករណី។
លោកឧត្ដមសេនីយ៍ឯក សុខ ផល បានបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវរបស់សមត្ថកិច្ចបានបង្ហាញថា មូលហេតុសំខាន់ៗ ដែលនាំឲ្យកើនបទល្មើសនេះ គឺបណ្ដាលមកពីជនល្មើសសេពគ្រឿងស្រវឹង សេពគ្រឿងញៀន និងការមើលខ្សែភាពយន្តអាសអាភាស។
បទល្មើសនេះមានលក្ខណៈកាន់តែសាហាវ គឺរំលោភដោយក្រុមមនុស្សច្រើន។ របាយការណ៍បានឲ្យដឹងទៀតថា ជនរងគ្រោះភាគច្រើនជាអនីតិជន។
លោកបានសន្យាថា នឹងពង្រីកការបង្ក្រាប និងរឹបអូសវីដេអូអាសអាភាស នៅទូទាំង ២៤ខេត្ត ក្រុង នៅឆ្នាំ២០១១នេះ នៅគ្រាដែលឆ្នាំ២០១០ កន្លងទៅ ការបង្ក្រាប និងរឹបអូស គឺផ្ដោតលើខេត្តក្រុងចំនួន៧៕