តុលាការ​កំពូល​បើក​សវនាការ​សំណុំ​រឿង​គ្រឿងញៀន​នៅ​កំពង់ស្ពឺ

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១១ បាន​បើក​សវនាការ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​ជួញដូរ​គ្រឿង​ញៀន និង​ផលិត​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ ប៉ុន្តែ​តុលាការ​កំពូល​មិន​ទាន់​បាន​ប្រកាស​សាលដីកា​នៅ​ឡើយ​ទេ ហើយ​គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ខាង​មុខ​នេះ។
ដោយ សុខ សេរី
2011.06.22
Share on WhatsApp
Share on WhatsApp

សវនាការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​របស់​លោក ឃឹម ប៉ុន ជា​ចៅក្រម​ជម្រះ​ក្តី និង​ចៅក្រម​ប្រឹក្សា​ចំនួន ៤​រូប​ទៀត។

ជន​ជាប់​ចោទ​ឈ្មោះ ជា ជុង ជនជាតិ​ខ្មែរ អាយុ ៤៥​ឆ្នាំ បាន​ឆ្លើយ​នៅ​ក្នុង​សវនាការ​នោះ​ថា លោក​បាន​ចាញ់​បោក​ឈ្មោះ អ៊ុំ ឆាយ ដែល​បាន​បបួល​រូប​លោក​មក​ផ្សំ​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សម្លាប់​ស្មៅ​នៅ​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​ក្រោយ​មក​ក្រុម​សមត្ថកិច្ច​បាន​មក​ចាប់​ខ្លួន និង​បាន​ធ្វើ​ពិសោធន៍​រក​ឃើញ​ថា សារធាតុ​នោះ​ជា​សារធាតុ​ផ្សំ​គ្រឿង​ញៀន។

លោក ជា ជុង បាន​អះអាង​ថា លោក​ជា​ម្ចាស់​ដី​ទំហំ ៥​ហិកតារ​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​មិត្តភ័ក្ដិ​ជនជាតិ​ចិន បាន​ជួល​កន្លែង​ដើម្បី​រក្សា​ទុក​សារធាតុ​ទាំង​នោះ។

កាល​ពី​ខែ​មករា ឆ្នាំ​២០០៨ កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ ហួង ជាប់​គុក​មួយ​ជីវិត និង​ផាក​ពិន័យ​ចំនួន ១០០​លាន​រៀល ស្មើ​នឹង ២៥.០០០​ដុល្លារ​អា មេរិក។ តុលាការ​បាន​កាត់​ទោស​ឈ្មោះ ជា ជុង ឲ្យ​ជាប់​គុក ២៥​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ១​លាន​រៀល ស្មើ​នឹង ២៥០​ដុល្លារ​អាមេរិក ក្រោម​បទ​ផលិត​គ្រឿង​ញៀន និង​ជួញដូរ​គ្រឿង​ញៀន ក្រោយ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​សារធាតុ​ផ្សំ​គ្រឿង​ញៀន​ចំនួន​សរុប ៦​តោន រក្សា​ទុក​នៅ​ក្នុង​កសិដ្ឋាន​មួយ​ក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នៅ​ខែ​មេសា ឆ្នាំ​២០០៧។

ក្រៅ​ពី​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ជនជាតិ​ចិន ចំនួន ៥​នាក់​ទៀត​ឲ្យ​ជាប់​គុក​រវាង  ២០​ឆ្នាំ ទៅ ២៥​ឆ្នាំ។ ដោយ​ឡែក​ជន​ជាប់​ចោទ​ឈ្មោះ អ៊ុំ ឆាយ បាន​ធ្វើ​អត្តឃាត​នៅ​ពេល​កំពុង ​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ នៅ​ឆ្នាំ​២០០៧ កន្លង​ទៅ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jun 21, 2011 11:28 PM

I don't think they are the mastermind, they have been framed. The mastermind is still living freely. Imagine how that material came into the country if it did not have any cooperation from police or customs or high ranking people?