ស្ត្រីចុងចោទទាំង ៥នាក់ ដែលតុលាការកោះហៅទៅសាកសួរ មានឈ្មោះអ្នកស្រី អ៊ុយ ណាវី, ភួង សុភាព, ជួន សុផុន, ទុំ ស្រីម៉ៅ និងអ្នកស្រី ហោ ចិន្តា។
អ្នកស្រី អ៊ុយ ណាវី ដែលជាមនុស្សម្នាក់ក្នុងចំណោមស្ត្រីទាំង ៥នាក់ ដែលតុលាការកោះហៅសាកសួរបានឲ្យដឹងថា រឿងហេតុនាំឲ្យកើតមានការប្ដឹងនេះ គឺមេសហគមន៍បុរីកីឡាមួយរូប ឈ្មោះ កង សេត បានប្ដឹងពួកគាត់ថា បានបង្កជម្លោះជាមួយអ្នកស្រី ហឹង វណ្ណា ជាភរិយាលោក កង សេត។
អ្នកស្រី អ៊ុយ ណាវី បន្តថា ជម្លោះនោះបានបង្កឡើងក្រោយពីអ្នកស្រី ហឹង វណ្ណា បានជេរប្រមាថពួកគាត់នៅពេលពួកគាត់ដើរកាត់មុខផ្ទះ ៖ «មានផ្ទៃពោះ វាចាប់បោកខ្ញុំ។ ឥឡូវចេះតែចុក ខ្ញុំទៅពេទ្យ គ្រូពេទ្យចេញក្រដាសថ្នាំ នៅតាមដានរាល់ថ្ងៃ។ គាត់ថា ចាំមើលទៅមុខទៀត...។ វាប្រុសពីរនាក់បោកខ្ញុំ»។
មេសហគមន៍បុរីកីឡា លោក កង សេត និងជាអ្នកដើមបណ្ដឹងបានបំភ្លឺថា ក្រុមស្ត្រីដែលគាត់បានប្ដឹង គឺចោទពីបទប៉ុនប៉ងធ្វើឃាតដោយគិតទុកជាមុន ព្រោះភរិយាគាត់កំពុងសម្រាកក្នុងផ្ទះត្រូវពលរដ្ឋដើរកាត់មុខផ្ទះ លើកគ្នាមកវាយដំភរិយាគាត់តែម្ដង ៖ «ទី១ខ្ញុំនៅផ្ទះខ្ញុំ ទី២ គាត់នៅម្នាក់ឯង ទី៣ អ្នកដែលមានបញ្ហាអីហ្នឹង មិនមែននៅផ្ទះខ្លួនទេ គឺមកធ្វើសកម្មភាពនៅផ្ទះខ្ញុំតែម្ដង។ ខ្ញុំអត់ទទួលខុសត្រូវរឿងអស់ទាំងហ្នុងទេ ព្រោះខ្ញុំអត់ដឹង រឿងពោះធំអីទេ...។ ខ្ញុំទទួលស្គាល់ថាគាត់ប៉ុនប៉ងសម្លាប់ប្រពន្ធខ្ញុំ ព្រោះគាត់នៅផ្ទះតែឯង គាត់អត់បានចេញពីផ្ទះទៅផ្ទះអ្នកអស់ហ្នឹងទេ»។
ក្រុមចុងចោទទាំង ៥រូបបានអះអាងថា នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១១ ពួកគាត់ ៣៨៤គ្រួសារ រស់នៅបុរីកីឡា មិនទាន់បានអគាររស់នៅទេ ព្រោះក្រុមហ៊ុនផានអ៊ីម៉ិច ដែលមានសិទ្ធិអភិវឌ្ឍន៍បុរីកីឡាមិនទាន់សង់អគារឲ្យពលរដ្ឋ ១.៧៧៦គ្រួសារបានរស់នៅតាមចំនួនស្នើសុំទៅនាយករដ្ឋមន្រ្តី ១០អគារនៅឡើយ។ ពួកគាត់បានទាមទារឲ្យនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ ក្រោយមកមេសហគមន៍ ១រូប ក្នុងចំណោមមេសហគមន៍ ១០រូប បានបដិសេធថា ពួកគាត់មិនបានរស់នៅក្នុងបុរីកីឡាទេ។ ពួកគាត់លើកគ្នាយកឯកសារបញ្ជាក់ការស្នាក់នៅទៅបង្ហាញមេសហគមន៍ដែលបដិសេធពួកគាត់នោះ ហើយបានដើរកាត់មុខផ្ទះ អ្នកស្រី ហឹង វណ្ណា ស្រាប់តែអ្នកស្រី ហឹង វណ្ណា បានជេរប្រមាថពួកគាត់ និងប្រើហិង្សាមកលើស្ត្រីមានផ្ទៃពោះឈ្មោះ អ៊ុយ ណាវី ទើបអ្នករួមដំណើរជួយឃាត់ ប៉ុន្តែក្រុមអ្នកឃាត់ត្រូវគេប្ដឹងទាំងអស់។
តែទោះយ៉ាងណា នៅថ្ងៃអង្គារ ទី១២ កក្កដា តុលាការសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសាកសួរ ដោយសារមន្ត្រីតុលាការ និងដើមបណ្ដឹងអវត្តមាន។
ក្រុមពលរដ្ឋដែលចូលរួមធ្វើសាក្សីនៅមុខតុលាការរាជធានីភ្នំពេញ បានឲ្យដឹងថា មេសហគមន៍បុរីកីឡាបានជូនដំណឹងមកថា ផ្ទះពួកគាត់ដែលមិនទាន់មានអគារថ្មីសម្រាប់រស់នៅ ដែលត្រូវសាងសង់ដោយក្រុមហ៊ុនផានអ៊ីម៉ិចនោះ នឹងត្រូវឈូសចោលនៅចុងសប្ដាហ៍នេះ៕