នាយកដ្ឋានបច្ចេកទេស និងគម្រោងអន្តរវិស័យ កំពុងចាប់ផ្ដើមសាងសង់ស្ពានបណ្ដែតទឹកបណ្ដោះអាសន្នមួយយ៉ាងប្រញាប់ប្រញាល់ ដើម្បីឱ្យភ្ញៀវទេសចរបានឆ្លងទៅទស្សនាអង្គរវត្ត ជាប្រចាំថ្ងៃមួយរយៈសិន ជំនួសឱ្យស្ពានហាលបុរាណដែលកំពុងតែទ្រុឌទ្រោមទៅហើយ។
ការសាងសង់ស្ពានពោងប្លាស្ទិកបណ្ដែតទឹកនេះ នៅស្របពេលដែលអ្នកជំនាញអន្តរជាតិ រួមនឹងអាជ្ញាធរអប្សរា បានយល់ស្របដូចគ្នាថា ស្ពានហាលបុរាណនៅប៉ែកខាងលិចរបស់អង្គរវត្ត អាយុកាលជាង ១.០០០ឆ្នាំ ដែលទ្រុឌទ្រោមទៅហើយនោះ គឺចាំបាច់ត្រូវតែជួសជុលឱ្យល្អឡើងវិញ។
អ្នកជំនាញអាជ្ញាធរផ្នែកស្ថាបត្យកម្មរបស់អាជ្ញាធរអប្សរា ឱ្យដឹងថា គេនឹងចាប់ផ្ដើមគម្រោងជួសជុលស្ពានស្ពានហាលបុរាណនៅប៉ែកខាងលិចរបស់ប្រាសាទអង្គរវត្ត នៅពេលឆាប់ៗនេះ។
ស្ពានហាលបុរាណដែលមានប្រវែងប្រហែល ២០០ម៉ែត្រ សម្រាប់ឆ្លងកសិណចូលទៅទស្សនាអង្គរវត្ត ដែលកសាងឡើងតាំងពីអំឡុងឆ្នាំ១១១៣ មកនោះ គឺកន្លែងខ្លះមានសភាពបាក់ស្រុត និងថ្មពុកផុយដែលត្រូវធ្វើការជួសជុលជាចាំបាច់។
ប្រធានគម្រោងជួសជុលស្ពានហាលប៉ែកខាងលិចរបស់អង្គរវត្ត ក្នុងដំណាក់កាលទី២ គឺលោក អន សុភាព។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ថា កាលពីសប្ដាហ៍មុន ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ដែលសហការជាមួយសកលវិទ្យាល័យ សូហ្វីយ៉ា (Sophia) ជប៉ុន បានរួមគ្នាធ្វើកំណាយនៅតាមស្ពានហាលនោះ ដើម្បីសិក្សាជាមុនទៅលើគម្រោងជួសជុល។ មន្ត្រីដដែលបញ្ជាក់ថា គេនៅរង់ចាំតែអនុសាសន៍ពីអ្នកជំនាញអាដហុក (ADHOC) នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ និងការពារបេតិកភណ្ឌ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC) របស់អង្គការ យូណេស្កូ (UNESCO) ប៉ុណ្ណោះ។
លោក អន សុភាព បញ្ជាក់ថា បើតាមលោកដឹង អ្នកជំនាញអាដហុក នឹងមកពិនិត្យមើលស្ពានហាលអង្គរវត្ត នៅថ្ងៃទី២០ ខែមករា បន្ទាប់មក បើអ្នកជំនាញផ្ដល់អនុសាសន៍យ៉ាងណាគឺគេនឹងចាប់ផ្ដើមគម្រោងជួសជុលស្ពានហាលរបស់អង្គរវត្តតែម្ដង៖ «គម្រោងជួសជុលនីមួយៗ ការស្រាវជ្រាវ ជាការចាំបាច់បំផុត។ គណៈកម្មការ ICC គេឱ្យយើងស្រាវជ្រាវ មុននឹងយើងចាប់ផ្ដើមគម្រោងជួសជុល ហើយកាលពីសប្ដាហ៍មុន ខ្ញុំបានធ្វើកំណាយសិក្សាពីរចនាសម្ព័ន្ធ ក៏ដូចជាស្ថានភាពថ្មី ស្ថានភាពដីរួចហើយ»។

លោក អន សុភាព ឱ្យដឹងថា ស្ពានហាលបុរាណដែលសាងសង់ពីថ្មបាយក្រៀមចំនួន ១១ស្រទាប់លាយនឹងថ្មភក់ក្រាលពីលើ ប៉ុន្តែបច្ចុប្បន្នថ្មបាយក្រៀមចំនួន ៥ស្រទាប់ខាងក្រោម បានពុកផុយខ្លាំង ចំណែកឯអាចម៍ដីដែលគេចាក់បំពេញក្នុងតួស្ពានហាលទៀតសោតក៏ច្របូកច្របល់ដែរ ដោយសារតែមានការជួសជុលមិនដឹងពីសម័យណាច្បាស់លាស់។
ស្ពានហាលបុរាណរបស់អង្គរវត្តនេះ ធ្លាប់បានជួសជុលម្ដងមកហើយនៅក្នុងអំឡុងទសវត្សទី៦០ ប៉ុន្តែមិនមានលក្ខណៈបច្ចេកទេសល្អទេ។
ស្របនឹងការចាប់ផ្ដើមគម្រោងជួសជុលស្ពានហាលអង្គរវត្តនេះ មន្ត្រីអាជ្ញាធរអប្សរាមួយផ្នែកទៀតក៏កំពុងចាប់ផ្ដើមសាងសង់ស្ពានពោងបណ្ដែតទឹកធ្វើពីប្លាស្ទិក ដើម្បីទុកឱ្យភ្ញៀវទេសចរដើរឆ្លងទៅទស្សនាអង្គរវត្តជាបណ្ដោះអាសន្ន ដោយសារតែគេត្រូវការបិទស្ពានហាលបុរាណទាំងស្រុងមួយរយៈសិន។
ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យទទួលបន្ទុកសាងសង់ស្ពានបណ្ដែតទឹក លោក ហេង គឹមឡេង មានប្រសាសន៍ថា អាជ្ញាធរអប្សរាបានបញ្ជាទិញស្ពានប្លាស្ទិក ដែលមានពោងបណ្ដែតលើទឹកពីក្រុមហ៊ុនមួយរបស់ប្រទេសកាណាដា ដើម្បីរៀបចំឱ្យភ្ញៀវទេសចរដើរឆ្លងកសិណទៅទស្សនាអង្គរវត្តជាបណ្ដោះអាសន្ន។ លោកអះអាងទៀតថា ស្ពានពោងដែលមានបណ្ដោយ ១៧២ម៉ែត្រ និងទទឹង ១០ម៉ែត្រនេះ គឺអាចធានាសុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរឱ្យដើរឆ្លងពី ៣.០០០ ទៅ ៦.០០០នាក់ក្នុងម្ដងៗ៖ «ពោងបណ្ដែតទឹកនេះ ១ម៉ែត្រការ៉េអាចផ្ទុកទម្ងន់បាន ២៧០គីឡូក្រាម ប៉ុន្តែជាលក្ខណៈស្ថាបត្យកម្ម គឺយើងអនុញ្ញាតឱ្យទំហំស្ពាន ១ម៉ែត្រការ៉េ គឺអាចផ្ទុកមនុស្សបានតែ ២នាក់ទេ»។
មន្ត្រីនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យបញ្ជាក់ថា ស្ពានពោងបណ្ដែតទឹកបណ្ដោះអាសន្ននេះ ទំនងជាត្រូវគេទុកឱ្យភ្ញៀវទេសចរដើរឆ្លងទៅអង្គរវត្តរយៈពេល ៥ឆ្នាំ ដោយយោងទៅលើគម្រោងជួសជុលរានហាលបុរាណរបស់អង្គរវត្ត មានរយៈពេល ៥ឆ្នាំដែរនោះ។
ស្ពានពោងបណ្ដែតទឹកនេះ អាចនឹងបើកឱ្យដំណើរការនៅអំឡុងខែមេសា ខាងមុខ នៅពេលដែលអ្នកបច្ចេកទេសសាងសង់ត្រួតពិនិត្យពីសុវត្ថិភាពរួចរាល់ហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។