ពលរដ្ឋខ្មែររស់នៅលើទឹកដីកម្ពុជាក្រោម កំពុងប្រារព្វពិធីបុណ្យកឋិនទាន ដូចពលរដ្ឋខ្មែរនៅលើពិភពលោកដែរ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមថា ពួកគេមិនដែលខកខានប្រារព្ធពិធីបុណ្យកឋិនទានម្ដងណាឡើយ គឺដើម្បីថែរក្សាវប្បធម៌ដូនតា នៅលើទឹកដីកំណើតកម្ពុជាក្រោម។ ប៉ុន្ដែរាល់ឆ្នាំ ការប្រារព្ធពិធីបុណ្យកឋិនទាន តែងឋិតការឃ្លាំមើលពីអាជ្ញាធរវៀតណាម។
ពលរដ្ឋ និងព្រះសង្ឃខ្មែររស់លើទឹកដីកម្ពុជាក្រោម អះអាងថា ថ្វីបើសិទ្ធិសេរីភាព ក្នុងការលើកស្ទួយវប្បធម៌ សាសនា អក្សរសាស្ត្រ មិនសូវមានពេញលេញដូចពលរដ្ឋខ្មែរនៅកម្ពុជាក្តី ក៏ពួកគេ មិនដែលបោះបង់ ឬបំភ្លេចចោលពិធីបុណ្យទានបន្សល់ពីដូនតាណាមួយទេ។ ក្នុងឱកាសរដូវកាលបុណ្យកឋិនទានឆ្នាំនេះ ពុទ្ធបរិស័ទចំណុះជើងវត្តនានា នៅកម្ពុជាក្រោម គឺដូចខ្មែររស់នៅប្រទេសកម្ពុជា និងខ្មែររស់នៅបរទេសមួយចំនួន នៅតែរក្សាប្រពៃណី នាំគ្នាដង្ហែរអង្គកឋិនទាន ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមវត្តនៅទឹកដីកម្ពុជាក្រោម។
អាចារ្យវត្តពោធិ៍ និងជាគ្រូបាលីរង នៃពុទ្ធិកបឋមសិក្សាវត្តពោធិ៍ ស្រុកពោធិរម្យរង្សី ខេត្តព្រះត្រពាំង លោក យ៉ាន់ វី ប្រាប់ថា ពលរដ្ឋខ្មែរ នៅកម្ពុជាក្រោមទាំងចាស់ទាំងក្មេង តែងប្រារព្វពិធីបុណ្យកឋិនទានរាល់ឆ្នាំ។ សម្រាប់វត្តពោធិ៍ឆ្នាំនេះ ទទួលអង្គកឋិនទាន ៥អង្គ ដង្ហែរចូល៖ « ពិធីបុណ្យកឋិនទានរបស់កម្ពុជាខ្មែរក្រោមរបស់យើង ធ្វើតាមពុទ្ធបញ្ញត្តិរបស់ព្រះពុទ្ធព្រះអង្គ និងធ្វើតាមប្រពៃណីខ្មែរយើង កុំឲ្យសាបសូន្យ។ ពិបាកប្រារព្វដែរ កន្លងមក យើងធ្វើតាមព្រះពុទ្ធសាសនា វារារាំងតិចតួចដែរ គំរាមកំហែងខ្លះ។ ឆ្នាំនេះ វាសង្កេតមើលដែរ ប៉ុន្ដែមិនធ្វើអីទេ។ វាសង្កេតមើល ញញើតៗ ដែរ។ យើងចេះតែធ្វើទៅ សង្ឃឹមតែព្រះធម៌ទៅ » ។
ពិធីបុណ្យកឋិនទាន មានរយៈពេល ២៩ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ រោច ខែអស្សុជ ដល់ថ្ងៃទី១៥ កើត ខែកក្តិក។ ឆ្នាំ ២០១៨ នេះ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា។
ពិធីបុណ្យកឋិន ឬកឋិនទាន ជាពិធីបុណ្យធំមួយ ក្នុងសាសនា ព្រះពុទ្ធ។ វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា កឋិន ឬ កថិន មានន័យថា សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃ ក្នុងអំឡុងថ្ងៃទី១ រោច ខែអស្សុជ ដល់ថ្ងៃទី១៥ កើត ខែកត្តិក ដែលហៅថា បុណ្យកថិន គឺបុណ្យប្រគេនសំពត់នេះឯង។ ជា ភាសាបាលី កឋិន គឺសំដៅការយកក្រណាត់ ដែលភិក្ខុសង្ឃសម័យបុរាណនៅប្រទេសឥណ្ឌា ប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។
បុណ្យកឋិន គេប្រារព្ធបន្ទាប់ពីបុណ្យចេញវស្សា។ ទាំងនៅកម្ពុជា និងនៅកម្ពុជាក្រោម ពុទ្ធបរិស័ទចំណុះជើងវត្ត តែងនាំគ្នាប្រារព្ធពិធីបុណ្យកឋិន តាមទីអារាមក្បែរផ្ទះ ឬឆ្ងាយ និងពុំសូវមានវត្ដណាមួយ ត្រូវបានខកខានឡើយ លើកលែងតែវត្ត នៅទីដាច់ស្រយាលខ្លះ និងវត្តដែលខ្សត់ពុទ្ធបរិស័ទ។
នៅសម័យបច្ចុប្បន្ន ទាំងនៅកម្ពុជាក្រោម និងនៅកម្ពុជា ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង។ អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខា កឋិនទាន មាន ត្រៃចីវរ សង្ឃាដី (សំពត់ឃ្នាប ឬសំពត់សម្រាប់ពាក់ពាត សំពត់សម្រាប់ឃ្លុំការពាររងារ ខ្លះហៅថា ឧត្តរាសង្គៈ) ស្បង់ ព្រមដោយទេយ្យទានផ្សេងៗ ទៀត ដូចជា បាត ចានស្រាក់ កាំបិត ជេស ម្ជុល ថង់យាម ឆ័ត្រជាដើម។ ពុទ្ធិបរិស័ទ នាំគ្នាហែទៅកាន់ទីអារាម ប្រគេនព្រះសង្ឃ។ បើអង្គកឋិនទានដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹម រួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ។ បើវត្តនៅតាមដងទន្លេ គេជិះទូក រឺ កាណូត។ ឯវត្តនៅជិតផ្ទះ ពុទ្ធិបរិស័ទ្ធអាចនាំគ្នាដង្ហែរដោយថ្មើរជើង ឬ ប្រើរទេះគោ រទេះក្របី ឬទេះសេះ សម្រាប់ដឹកសម្ភារៈ។
កាលពីសម័យដើម ពេលមិនទាន់មានឡាន ម៉ូតូ ពុទ្ធបរិស័ទ្ធខ្មែរ បានប្រើសត្វដំរីជាយានជំនិះ ក្នុងពិធីហែរអង្គកឋិនទាន ដោយជិះ និងដឹកសម្ភារៈ។ អង្គដង្ហែកឋិនទានខ្លះ មានដំរីពី ២០ ទៅ ៣០ក្បាលក៏មាន និងមានពុទ្ធិបរិស័ទ ដើរហែជាជួរ ក្រោយសត្វដំរី។ ឯសត្វដំរីវិញ គេតុបតែង ដូចជា ដំរីព្រះឥន្ទច្យុតពីស្ថានសួគ៌ា។ នៅលើខ្នងដំរី គេចងរយាង (ខ្សែ ឬ ពួរ សម្រាប់ចង់លើខ្នងដំរីឲ្យមាំ) រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌ គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ។ ក្នុងពិធីដង្ហែអង្គកឋិនទាន មានក្រុមភ្លេងឆៃយ៉ាំ សម្រាប់បង្កើនបរិយាកាសគគ្រឹកគគ្រេង។
ព្រះភិក្ខុ ថាច់ ថយ គង់នៅវត្តមេពាំង ខេត្តព្រះត្រពាំង ឲ្យដឹងថា ពិធីបុណ្យកឋិនទាននៅកម្ពុជាក្រោម ប្រារព្ធមិនសូវខុសគ្នាពីនៅប្រទេសកម្ពុជាទេ។ ព្រះអង្គរៀបរាប់ថា ពិធីបុណ្យកឋិន គេធ្វើ ២ថ្ងៃជាប់គ្នា គឺនៅថ្ងៃដំបូង ពេលព្រឹក ម្ចាស់ផ្ដើមបុណ្យនាំគ្នាប្រគេនចង្ហាន់ព្រះសង្ឃ។ នៅពេលរសៀល គេជួបជុំភ្ញៀវនៅរោងកឋិនទាននៅផ្ទះ លុះដល់ពេលយប់ព្រះសង្ឃសម្ដែងព្រះធម៌ទេសនា។ នៅថ្ងៃបញ្ចប់ ពេលព្រឹក ប្រគេនចង្ហាន់ព្រះសង្ឃ និងថ្ងៃត្រង់ ពុទ្ធបរិស័ទនាំគ្នាដង្ហែអង្គកឋិន ប្រទក្សិណជុំវិញព្រះវិហារ ប្រគេនព្រះសង្ឃ៖ « នៅកម្ពុជាក្រោមយើង គឺម្ចាស់កឋិន គ្រួសារម្នាក់ៗ គេទៅជាវសម្ភារៈកឋិន ហើយមកធ្វើនៅផ្ទះរបស់គេ ហើយបានពុទ្ធបរិស័ទនៅក្រោមចំណុះហ្នឹង មានសទ្ធាជ្រះថ្លា ចូលរួមអង្គកឋិនជាមួយ ធ្វើជាផ្កា ហើយដង្ហែទៅប្រគេនព្រះសង្ឃនៅកម្ពុជាក្រោម » ។
នៅពេលដង្ហែរអង្គកឋិនទានទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះ ចូលទៅក្នុងព្រះវិហារភ្លាមទេ។ គេតម្កល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយ ដែលគេបានរៀបចំទុកជាស្រេច។ ពុទ្ធបរិស័ទ និមន្ដព្រះសង្ឃឆាន់ចង្ហាន់ថ្ងៃត្រង់។ លុះរសៀលជ្រេទាបបន្ដិច គេនាំគ្នាហែអង្គកថិនទានប្រទក្សិណជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងព្រះវិហារ។ ព្រះចៅអធិការវត្ដ ចាត់ឲ្យព្រះភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិនទាន។ ពុទ្ធបរិស័ទ ចាប់ផ្ដើមថ្វាយបង្គំព្រះពុទ្ធរូប ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃ សូត្រធម៌ជាកិច្ចបង្ហើយបុណ្យ។
ព្រះភិក្ខុ ថាច់ ថយ មានព្រះថេរៈដីកាថា អានិសង្សដែលទទួលបានពីការដង្ហែអង្គកឋិនទានធំធេងណាស់ ទាំងនៅបច្ចុប្បន្នជាតិ និងអនាគតជាតិ៖ « អានិសង្ស គឺខាងទាយកអ្នកធ្វើ។ ទាយក ទាយិការអ្នកកសាងអង្គកឋិន ក៏ទទួលបានអានិសង្ស ៥យ៉ាង ព្រះភិក្ខុសង្ឃ ដែលទទួលអង្គកឋិន ក៏ទទួលបានអានិសង្ស ៥យ៉ាងដែរ»។
បន្ថែមពីលើពិធីបុណ្យកឋិនទាននៅកម្ពុជាក្រោម និងនៅកម្ពុជា វត្តអារាមខ្លះ ដែលនៅជាប់មាត់ទន្លេ ពុទ្ធបរិស័ទ បាននាំគ្នាបង្កើតកម្មវិធីប្រណាំងទូក ង ជាលក្ខណៈមិត្តភាព ក្នុងថ្ងៃដែលវត្តទទួលអង្គកឋិនទាន។
ប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជគុណ សឺន សុផារិន្ទ ឲ្យដឹងថា ពិធីបុណ្យកឋិនទាននៅកម្ពុជាក្រោម មិនសូវរងការរឹតត្បិតពីអាជ្ញាធរវៀតណាមខ្លាំង ដូចពិធីបុណ្យជាតិធំៗ ទេ។ ព្រះភិក្ខុ សឺន សុធារិន្ទ រំលឹកថា កាលពីមុន ពុទ្ធបរិស័ទនៅកម្ពុជាក្រោម តែងនាំគ្នាបង្កើតកម្មវិធីជួបជុំសប្បាយ ច្រៀង និងរាំវង់ទល់ភ្លឺ នៅតាមវត្ត ពេលមានពិធីបុណ្យកឋិនដង្ហែចូលវត្តម្ដងៗ។ ប៉ុន្ដែ បច្ចុប្បន្នអាជ្ញាធរវៀតណាម បានកាត់បន្ថយឲ្យនៅត្រឹមម៉ោង១១ ឬ ១២យប់ប៉ុណ្ណោះ។ ព្រះភិក្ខុ សឺន សុធារិន្ទ បន្ដថា ការប្រារព្វពិធីបុណ្យកឋិនទាននៅកម្ពុជាក្រោម គឺតម្រូវឲ្យមានការជូនដំណឹង ទៅអាជ្ញាធរវៀតណាមជាមុនសិន ហើយក្រុមអាជ្ញាធរវៀតណាម នឹងត្រូវដាក់ពង្រាយឃ្លាំមើល ក្រោមហេតុផលដើម្បីការពារសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យ៖ « ពីមុនមក គេមិនសុំ ( ច្បាប់ ) ទេ។ ប៉ុន្ដែក្រោយៗ មក ជូនដំណឹងគេ ( អាជ្ញាធរវៀតណាម ) ដែរ ដើម្បីគេរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់អីណា។ ជាទម្លាប់មួយទេ ជារឿងធម្មតាទេ ទោះបីយើងមិនប្រាប់គេក៏ដោយ ក៏គេត្រូវតែមកដែរ មកក្នុងលក្ខណៈអីក៏ដោយ អាត្មាក៏មិនដឹងដែរ » ។
ព្រះសង្ឃ ពលរដ្ឋខ្មែរនៅកម្ពុជាកណ្ដាល និងនៅកម្ពុជាក្រោម អះអាងថា បើទោះជាស្ថិតក្នុងស្ថានភាពបែបណា ក៏ពួកគេប្ដេជ្ញាមិនបំភ្លេចចោលវប្បធម៌ អរិយធម៌ សាសនា អក្សរសាស្ត្រខ្មែរទេ។ ពួកគេអំពាវនាវឲ្យពលរដ្ឋខ្មែរទូទាំងពិភពលោក ចូលរួមពិធីបុណ្យកឋិនទានជាមួយពុទ្ធបរិស័ទខ្មែរចំណុះជើងវត្តនានា នៅកម្ពុជាក្រោមឲ្យបានច្រើនកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។