ខ្មែរក្រោម ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នៅ​ទន្លេ​បាសាក់ ខេត្ត​ឃ្លាំង ដើម្បី​ថែរ​ក្សា​ប្រពៃណី​ដូនតា

ដោយ សេក បណ្ឌិត
2018.11.21
អុំទូក​នៅកម្ពុជាក្រោម ៦២២ ទិដ្ឋភាព​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក នៅ​ទន្លេ​បាសាក់ ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម ក្នុង​ថ្ងៃ​ទី១ កាល​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ២០១៨។
រូបថត ពី​ហ្វេសប៊ុក​បណ្ឌិត ឡៅ ម៉ុងហៃ

ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីដើមកំណើតដែលវៀតណាមត្រួតត្រានោះ កំពុង​នាំ​គ្នា​ប្រារព្វ​ព្រះរាជ​ពិធី​​បុណ្យ​​អុំ​​ទូក បណ្ដែត​​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ដូចពលរដ្ឋខ្មែរនៅកម្ពុជាដែរ។ សព្វថ្ងៃ ព្រះ​រាជ​ពិធី​​​បុណ្យ​​នេះ ត្រូវ​បាន​​ពលរដ្ឋ​ខ្មែរ​ក្រោម​ ប្រតិបត្តិ​បន្ត​រាល់​ឆ្នាំ និង​​ចាត់​​ទុក​​ថា​ជា​​បុណ្យ​​ប្រពៃណី​​​វប្បធម៌​​ជាតិ​ដ៏​ធំ​មួយ ក្នុង​​ចំណោម​​ពិធី​​បុណ្យ​​សំខាន់ៗ​ ជា​ច្រើន​ទៀត បើ​ទោះ​​ជា​ព្រះ​រាជ​ពិធី​​បុណ្យ​​អុំ​ទូក​​នៅ​កម្ពុជា​​​ក្រោម ត្រូវ​បាន​រៀបចំ និង​ចាត់ចែង ដោយ​អាជ្ញាធរ​វៀតណាម​ក្ដី។

រៀងរាល់ឆ្នាំ ពលរដ្ឋខ្មែរក្រោម តែងរៀបចំព្រះរាជពិធីបុណ្យអុំទូក ចំពេលរដូវទឹកសម្រកក្នុងខែកក្ដិក ឬ ខែវិច្ឆិកា។ ពួក​គេ​អះអាង​​ថា ការ​នាំ​គ្នា​ប្រារព្ធ​ព្រះរាជពិធី​បុណ្យ​អុំទូក ដោយសារ​ដូនតា​បន្សល់​ទុក​ឲ្យ​។ ព្រះរាជពិធីបុណ្យអុំទូក​នៅ​កម្ពុជា​ក្រោម ប្រារព្ធ​​​ឡើង តំណាលគ្នា នឹងព្រះរាជពិធី​បុណ្យ​អុំទូក នៅ​រាជធានីភ្នំពេញដែរ។ ទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅកម្ពុជា មាន ២ទីតាំង គឺនៅខេត្ត​ឃ្លាំង និង​ខេត្តព្រះត្រពាំង។

ព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជាក្រោម ត្រូវបានពលរដ្ឋ​ខ្មែរក្រោមឲ្យដឹងថា ដំបូងគេ​នាំគ្នាប្រមូល​ផ្ដុំ​ទូក ង តាម​វត្ត​នានា គ្រប់​​ខេត្ត​​ទាំង​​អស់ ដឹកតាមផ្លូវគោក និងផ្លូវទឹក បញ្ជូនយកទៅ​អុំ​ប្រណាំងគ្នា ក្នុង​ទន្លេបាសាក់ នៃខេត្តឃ្លាំង។ សម្រាប់​ខេត្តព្រះ​ត្រពាំង​វិញ មាន​ទូក ង តែ​៨​ប៉ុណ្ណោះ គឺជាទូកលេខ១ ប្រចាំ​ស្រុកទាំង៧ និងទី​រួម​ខេត្ត មាន​ ១ទូក សម្រាប់​អុំ​​ប្រណាំង​​គ្នា នៅ​​​​ខេត្ត​​​ព្រះ​ត្រពាំង។ ទូក ង ដែល​នៅសេសសល់ នឹងត្រូវ​បញ្ជូន​ទៅអុំប្រណាំង​ នៅ​​ខេត្ត​​ឃ្លាំង​​ទាំង​​អស់។

ពិធីប្រណាំងទូក នៅខេត្តឃ្លាំង ឆ្នាំ២០១៨ មាន​ទូក​ចូល​រួម​​អុំ​ប្រណាំង​ចំនួន ៤១ទូក។ ទូក ង ទាំង​​​នោះ ជា​​ប្រភេទ​​ទូក​វែង មាន​ចំនួន​ជាង ៥០នាក់ និង​ត្រូវ​មាន​រចនា​​បថ ជាទូក ង ខ្មែរ ដូច​ទូក​ប្រណាំង​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដែរ។

ឯកសារស្ដីពី ល្បែងប្រណាំងទូក របស់ក្រុមជំនុំទំនៀមទំលាប់ និពន្ធ​ដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង ជា​​អាចារ្យ​​នៅ​ពុទ្ធសាសនបណ្ឌិត​រង នៅ​ខេត្ត​ឃ្លាំង ទឹក​ដី​កម្ពុជា​ក្រោម សរសេរ​ថា សម័យ​លង្វែក ព.ស ឆ្នាំ២០៧១ ត្រូវ​នឹង គ.ស ឆ្នាំ១៥២៨ ព្រះបាទអង្គច័ន្ទ១ ទ្រង់បានតែង​តាំងពញាតាត​ឲ្យ​មាន​ងារ​ ជាស្តេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចត្រាញ់​ពញា​ តាត បាន​​ចាត់​ចែង ទាហាន​​ជើង​ទឹក ការពារស្រុកបាសាក់ ជា ៣ក្រុម គឺក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង​នឹង​ទូក​​ដែល​មាន​​​ទ្រង់​ទ្រាយ​​ដូច​ទូក​ប្រណាំង​យើង​សព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវ​ ពីរជួរ​ដែល​មាន​​ទ្រង់ទ្រាយ​ដូច ទូក​​ប្រណាំង​សព្វថ្ងៃ​ដែរ។ ឯក្រុមទី៣ ហៅថា ទ័ពបាសាក់ គឺទូកធំ​មាន​ដំបូល​ មានចែវ មាន​ក្តោង មាន​ទ្រង់ទ្រាយ ដូច​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្តួច​វែង​មាន​ដំបូល​តែ​មួយ កាត់ខាងមុខតែឥតជញ្ជាំង។ ជាទូទៅ គឺ​​សម្រាប់​​ដាក់​​ស្បៀង​អាហារ​សម្រាប់​កងទ័ព។ របៀប​ហាត់​ច្បាំង គឺទ័ពជើងទឹក មានមន្ត្រី៤ទិស ហៅថា ចតុស្ដម ​ជា​​មេ​ទ័ព និង​​ស្ថិត​​នៅ​​ក្រោម​ឱវាទ របស់​​ស្តេច​ត្រាញ់​ស្រុក​បាសាក់។ ស្ដេចត្រាញ់ស្រុកបាសាក់ បានកំណត់​ថ្ងៃពេញបូរមី ខែកក្តិក ជា​​​រដូវ​​​អក​​​អំបុក មន្រ្តី​​ទាំង ៤ទិស ​ត្រូវ​​កេណ្ឌ​ទាហាន​ជើង​ទឹក ទាំងជើងគោក ធ្វើសមយុទ្ធ មួយថ្ងៃ​មួយ​យប់​រាល់​ឆ្នាំ​។ ទាហានជើងទឹកទៀតសោត ក៏​ត្រូវ​ឱ្យ​ទៅ​ប្រឡង​ឫទ្ធិ នៅ​ទន្លេ​ពាម​កន្ថោរ ក្នុង​​ខេត្ត​​ឃ្លាំង​ ដ្បិត​ទី​​នោះ​ ជា​ទី​ប្រជុំ​ទឹក​គ្រប់​ខេត្ត និង​​​ទៅ​​​មក​​​បាន​​​ស្រួល។

គ្រូបាលីរងនៃពុទ្ធិកបឋមសិក្សាវត្តពោធិ៍ ស្រុកពោធិរម្យ ខេត្តឃ្លាំង លោកអាចារ្យ យ៉ាន់ វី ឲ្យដឹងថា ព្រះរាជ​​​ពិធី​​បុណ្យ​​អុំ​​ទូក​​​នៅ​​​កម្ពុជា​​ក្រោម មាន​ជា​យូរ​លង់​ណាស់​មក​ហើយ។ នៅដំណាល ព្រះ​រាជ​ពិធី​បុណ្យអុំទូក ពលរដ្ឋខ្មែរក្រោម នាំ​គ្នា​ប្រារព្ធ​​ពិធី​បណ្ដែត​​​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដូច​ខ្មែរ​​នៅ​​កម្ពុជា​​ដែរ៖ «»

ពលរដ្ឋខ្មែរក្រោម ឲ្យដឹងថា ពីមុនជនជាតិខ្មែរ នៅកម្ពុជាក្រោម ជាអ្នករៀបចំផ្ដួចផ្ដើម រៀបចំ​ព្រះរាជ​ពិធី​បុណ្យអុំទូក ប៉ុន្ដែ​​ប៉ុន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ អាជ្ញាធរវៀតណាម បានចាត់បញ្ជូលព្រះរាជពិធីបុណ្យ​អុំទូក ជាកីឡា​មួយប្រភេទរបស់វៀតណាម ដូច្នេះ​អាជ្ញាធ​រៀតណាម ជាអ្នករៀបចំ។ មិនមានទូក ង របស់​ជនជាតិវៀតណាមចូលរួមអុំប្រណាំង ក្នុង​​​ព្រះរាជ​​ពិធី​​បុណ្យ​​អុំ​​ទូក​​ខ្មែរ​​ក្រោម​​ទេ ប៉ុន្ដែ ទូក ង ខ្លះ មាន​​កីឡាករ​ចំណុះ​ទូក ជា​ជន​ជាតិវៀតណាម ដែល​រស់នៅក្នុងភូមិស្រុក ជាមួយជនជាតិខ្មែរ នៅ​កម្ពុជា​​​ក្រោម។ ទូក ង នៅ​កម្ពុជាក្រោម ត្រូវបាន​គេ​ប្រសិទ្ធិ​នាម យកឈ្មោះ តាមវត្ត ដែលគេ​តម្កល់​​ទូក​។ មាន​តែ​ទូក ង ចំនួន​​៨ ដែល​អុំ​ប្រណាំង​​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែលគេយកឈ្មោះ តាមឈ្មោះ​ស្រុក​ទាំង៧ និងឈ្មោះទីរួមខេត្តព្រះ​ត្រពាំង ព្រោះ​ជា​​​​ទូក​​តំណាង​ឲ្យ​ស្រុក និង​ខេត្ត។

សៀវភៅឈ្មោះ ​ជ័យ​វរ្ម័ន​ទី​៧ តម្កល់ក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យនៅរាជធានីភ្នំពេញ បាន​ចង​ក្រង​​ថា នៅ​​សម័យ​​អង្គរ​ នា​​​គ្រិស្ត​សករាជ សតវត្សរ៍​ទី​១២ នៅ​កម្ពុជា មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត​រុង​រឿង​​ណាស់ មានព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​ស្ដេច​ចេញ​​​​ធ្វើ​​​សង្គ្រាម​​ជើង​ទឹកដើម្បី​បង្ក្រាប​ពួក​ចាម ដោយ​​កង​ទ័ព​ទូក ​ជាកង​ចម្បាំង​រំដោះ​ក្រុង​កម្ពុជា ឲ្យ​រួច​ផុត​ស្រឡះ​​ចេញ​​ពី​​ខ្មាំង​​សត្រូវ​ នៅ​​គ្រិស្ដ​សករាជ​ ១១៧៧ ដល់​​ឆ្នាំ​ ១១៨១។ រឿង​ចម្បាំង​គ្រា​នោះ​មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​​​​បន្ទាយ​ឆ្មារ។ ក្នុង​ចម្លាក់​ ​មាន​កងទ័ព​ទូក ​យ៉ាង​ច្រើន​មហិមា ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះបាទ​​ជ័យ​វរ្ម័ន​​ទី​៧ ប្រថាប់​​ឈរ​​លើ​​ទីតាំង​​នាវា​​ចម្បាំង ​ដោយ​​ទ្រង់​ធ្នូ និង​ដំបង ​ដ៏​ស្វាហាប់​ក្នុង​ចំណោម​កង​ទ័ព​ទូក​ទាំងឡាយ។

បច្ចុប្បន្ន ព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ មានការយាងទត​ពី​ព្រះ​មហា​ក្សត្រ ដោយ​​ផ្ទាល់។ សម្រាប់​​ការ​​​ប្រណាំ​ង​​​ទូក នៅ​កម្ពុជា​ក្រោម​​វិញ អាជ្ញាធរវៀតណាម បានរៀប​ចំ​ដាក់​ផ្ទាំងរូបថត​អតីត​មេដឹក​នាំ​​​ប្រទេស​វៀតណាម លោក ហូ ជីមិញ នៅលើទូកធំ និងទូកតូចៗ ជាច្រើន ដើម្បីបង្ហាញអ្នកចូលរួម​ទស្សនា។

ប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរក្រោម ព្រះតេជគុណ សឺន សុផារិន្ទ រំលឹកថា អាជ្ញាធរ​វៀតណាម បាន​​ហាម​មិន​ឲ្យ​ខ្មែរ​នៅ​ខេត្ត​ឃ្លាំង រៀបចំ​ព្រះរាជពិធីបុណ្យអុំទូក ដោយសារ​តែ​វៀតណាម ជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ។ ប៉ុន្ដែ​ពលរដ្ឋ​​ខ្មែរ​​មិន​ព្រម​ទេ នៅ​តែរៀបចំកម្មវិធីដោយខ្លួនឯង ទើប អាជ្ញាធរវៀតណាម សម្រេចចាត់ចែងកម្មវិធីប្រណាំងទូកតាំង​ពី​ពេល​នោះ​មក។ សម្រាប់​​ទូក​ ង ដែល​ចូលរួម​អុំ​ប្រណាំង​វិញ ព្រះអង្គ សឺន សុផារិន្ទ មានព្រះថេរៈ ថា អាជ្ញាធរវៀតណាម បានតម្រូវ​ឲ្យ​ដាក់​ឈ្មោះ​ទូក​ជា ២ភាសា គឺ​ម្ខាង​នៃ​ទូក សរសេរ​ឈ្មោះជាភាសាខ្មែរ និងម្ខាងទៀត សរសេរជា​ភាសាវៀតណាម៖ «»

ការបញ្ជូនទៅអុំប្រណាំង នៅខេត្តឃ្លាំង ត្រូវបានគេបញ្ជូនទៅតាមផ្លូវទឹក ព្រោះ​ទឹកដី​ខេត្តឃ្លាំង​សំបូរ​ផ្លូវទឹក ជាដី​សណ្ដរ​នៃ​ទន្លេ​មេគង្គ។ ព្រះអង្គ សឺន សុផារិន្ទ ឲ្យ​ដឹងបន្ថែមថា សម្រាប់វត្តនៅទីឆ្ងាយពី​ទន្លេ អាចប្រើឡាន ដើម្បីបញ្ជូនទៅអុំប្រណាំង។ នៅពេលគេទម្លាក់ទូកពីទីតម្កល់នៅតាមវត្ត កីឡាករ និងគណៈកម្មការគ្រប់គ្រងអុំទូក និមន្ដព្រះសង្ឃ ធ្វើពិធីសូត្រមន្ដ និង​លេង​ភ្លេង​ពិណពាទ្យ បើក​​ភ្នែក​​ទូក។ នៅពេលយប់ គេនាំគ្នាធ្វើប្រទីប តូចៗ ជារូបរាងប្រាសាទ ឬ រូបរាងព្រះវិហារ ដើម្បី​បណ្ដែត​​​តាម​​ទន្លេ ឬនៅស្រះគូរ ជាស្រះប្រវត្តិសាស្ត្រ នៅខេត្តព្រះត្រពាំង។

នៅពេលយប់ពេញបូរមី ខែកក្ដិក គេនាំគ្នាសំពះព្រះខែ អកអំបុកតាមផ្ទះ ទូទាំងទឹកដី​ខ្មែរ​ក្រោម ដែល​​មាន​​ខ្មែរ​​រស់​​នៅ។ ចំណែ​ក​នៅ​តាម​វត្ត​អារាម​វិញ ពុទ្ធបរិស័ទនាំគ្នាបង្ហោះគោម ជួបជុំ​គ្នា​​ យក​ចេក ដំឡូង ដូង អំបុក បង្អក​គ្នាទៅវិញទៅមក។ ពុទ្ធបរិស័ទ​​​វត្ត​ខ្លះ បង្កើតកម្មវិធី​រាំលេង​កម្សាន្ដ អបអរ​សាទរ​ពិធីអកអំបុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។