ព្រះសិរ្សព្រះព្រហ្មដែលមានតម្លៃលានដុល្លារត្រូវបានប្រគល់ជូនសារមន្ទីរជាតិ

ព្រះសិរ្ស (ក្បាល) របស់ព្រះព្រហ្មចំនួនពីរ ដែលបានភ្ជាប់បញ្ចូលគ្នាតែមួយ ត្រូវបានក្រសួងការបរទេសកម្ពុជា ប្រគល់ដល់សារមន្ទីរជាតិ ដើម្បីថែរក្សា។ វត្ថុបុរាណទាំងពីរនេះ ត្រូវបានមកកម្ពុជាវិញ ក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ដែលកាលណោះជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង ឈ្នះក្ដីនៅតុលាការប្រទេសបារាំង នៅឆ្នាំ១៩៩៤។
ព្រះសិរ្សព្រះព្រហ្មទាំងពីរនេះ ធ្លាប់ត្រូវបានគេដាក់តាំងលក់នៅកន្លែងលក់វត្ថុបុរាណក្នុងទីក្រុងប៉ារីស ក្នុងតម្លៃ ១លានដុល្លារសហរដ្ឋអាមេរិក មុនពេលលោក ហោ ណាំហុង ប្រទះឃើញ ហើយប្ដឹងផ្ដល់ទៅកាន់តុលាការប្រទេសបារាំង កាលពីឆ្នាំ១៩៩៤។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែងឲ្យដឹងថា ព្រះសិរ្សទាំងពីរនេះធ្វើអំពីថ្មភក់ ក្នុងសតវត្សទី១០ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ត្រូវបានជនខិលខូចលួចចេញពីប្រាសាទណាមួយនៃក្រុមប្រាសាទកោះកេរ នៅពេលកម្ពុជា មានសង្គ្រាមនៅទសវត្សឆ្នាំ១៩៧០។
អ្នកស្រីថា តាមការសិក្សា ព្រះសិរ្សទាំងពីរនេះមានដងខ្លួនតែមួយ ដូច្នេះក្រុមការងារផ្គុំព្រះសិរ្សទាំង២បញ្ចូលគ្នា៖ «ការត្រឡប់មកវិញជាផ្នែកមួយនៃសុខសន្តិភាព។ បើតាមជំនឿខ្មែរ បើកាលណាមែឪវិលវិញមកជួបកូន ព្រលឹងដូនតាវិលវិញមកជួបជុំកូនចៅ ជាមង្គល»។
អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានបញ្ជូនបដិមានេះមកដល់កម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា បន្ទាប់ពីត្រូវបានរក្សាទុកនៅនិវេសនដ្ឋានឯកអគ្គរាជទូតអស់រយៈពេល ២២ឆ្នាំ។ ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនៅសារមន្ទីរជាតិ នៅថ្ងៃទី៣០ ខែមីនា។ ក្រោយមន្ត្រីរដ្ឋាភិបាលថ្លែងសុន្ទរកថាស្វាគមន៍រួចហើយនោះ ក៏មានរបាំជូនពរអមដោយតន្ត្រីបុរាណដើម្បីកំដរកម្មវិធី។
ព្រះសិរ្សទី១ មានទំហំ ៤៧ x ៧៥ x ១១២ សង់ទីម៉ែត្រ និងព្រះសិរ្សទី២ ទំហំ ៥២ x ៤៧ x ១១០ សង់ទីម៉ែត្រ ជាបដិមាដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ អ្នកស្រាវជ្រាវអះអាងថា បដិមានេះមានតួខ្លួនធំណាស់។ មន្ត្រីរដ្ឋាភិបាលនៅតែបង្ហាញមហិច្ឆតារកឲ្យឃើញឲ្យដងខ្លួនដើម្បីភ្ជាប់នឹងព្រះសិរ្សរបស់ព្រះព្រហ្មឡើងវិញ។
តាមរយៈការផ្គុំព្រះសិរ្សទាំងពីរបង្ហាញថា ព្រះសិរ្សព្រះព្រហ្មដែលមានព្រះភក្ត្រ៤ គឺព្រះភក្ត្រទី២ និងទី៤ ត្រូវជនទុច្ចរិតដាប់បំផ្លាញចោលដើម្បីកាត់យកតែផ្នែកពីរដែលនៅល្អ ដែលបានត្រឡប់មកទឹកដីកំណើតវិញនៅពេលនេះ។ ព្រះសិរ្សទាំងពីរ មានព្រះកេសាបួងឡើងលើ មានព្រះភក្ត្រញញឹម ចិញ្ចើមត្រង់ និងមានពុកមាត់ និងពុកចង្កា។ ក្រៅពីស្នាមដាប់ដែលធ្វើឲ្យខូចអស់ព្រះភក្ត្រពីរ ព្រះភក្ត្រមួយទៀត មានស្នាមប្រេះចំពាក់កណ្ដាល។
ប្រធាននាយកដ្ឋានសារមន្ទីរជាតិ លោក គង់ វីរៈ ប្រាប់ថា ក្រុមការងារបានចុះទៅកាន់តំបន់ប្រាសាទកោះកេរ និងប្រាសាទចិន ដើម្បីសាកសួរពលរដ្ឋនៅក្នុងតំបន់នេះ ប៉ុន្តែមិនទាន់ទទួលបានតម្រុយពីតួខ្លួនដែលតភ្ជាប់ព្រះសិរ្សនេះទេ។ លោកថា ក្រៅពីនេះ ក្រុមការងារលោកបានសហការជាមួយអ្នកជំនាញរបស់សហរដ្ឋអាមេរិក ដើម្បីសិក្សាពីថ្មនៃបដិមា។ លោកថា គម្រោងនេះត្រូវចំណាយពេលនិងថវិកាច្រើន៖ «យើងមានតម្រុយតិចមែនទែន និយាយឲ្យត្រង់ទៅ ធ្វើដំណើរទៅកោះកេរ ពេលទទួលដំណឹង ពេលបានរូបថត យើងសួរចាស់ទុំនៅទីនោះ គាត់ថា អត់ដែលស្គាល់សោះ»។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង រៀបរាប់ថា នៅពេលដឹងថា បដិមាដែលដាក់លក់នោះ ជាវត្ថុបុរាណរបស់កម្ពុជា លោកបានដាក់ពាក្យប្ដឹងទៅនគរបាលបារាំង ប្រឆាំងការជួញដូរវត្ថុបុរាណ និងបន្តដាក់ពាក្យប្ដឹងទៅតុលាការ។ លោកថា ដំណើរការក្ដីដែលធ្វើឲ្យលោកឈ្នះក្ដី ព្រោះលោកមានមិត្តភក្ត្រជនជាតិបារាំងម្នាក់ ជាមន្ត្រីតុលាការ ជួយដល់ដំណើរការស្រាវជ្រាវស៊ើបអង្កេត៖ «ការដែលមានមនោសញ្ចេតនានេះ ខ្ញុំស្នើសុំប្រគល់បដិមានេះមកកម្ពុជាវិញ លោកស្រីក៏ប្រគល់មកឲ្យកម្ពុជា វិញទៅ»។
តាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ កម្ពុជា ទទួលបានវត្ថុបុរាណពីបណ្ដាប្រទេសនានា ជិត ៧០០។ វត្ថុបុរាណទាំងនោះបានរកឃើញភាគច្រើននៅប្រទេសថៃ ប្រទេសបារាំង សហរដ្ឋអាមេរិក និងបុគ្គលមួយចំនួនផ្ដល់ឲ្យ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ឲ្យដឹងថា ព្រះសិរ្សនេះ បានឆ្លងកាត់ប្រទេសថៃ មុននឹងត្រូវបានបញ្ជូនទៅដល់ប្រទេសបារាំង។
អនុសញ្ញាស្ដីពីការហាមឃាត់ និងការពារមិនឲ្យមានការនាំចេញ និងការនាំចូលវត្ថុបុរាណរបស់អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) ឆ្នាំ១៩៧០ បង្ហាញថា រាល់វត្ថុបុរាណទាំងឡាយត្រូវប្រគល់ជូនប្រទេសម្ចាស់ដើមវិញ។
ប្រទេសជាហត្ថលេខីដែលទទួលស្គាល់អនុសញ្ញានេះ សរុបចំនួន ១២៨ ប្រទេស។ ក្នុងនោះកម្ពុជា បានក្លាយជាប្រទេសហត្ថលេខីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧២ ចំណែកបារាំង បានទទួលយកអនុសញ្ញានេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧៕