ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​មាន​ជំនឿ​លើ​បារមី​អ្នក​តា​ក្រហម​ក

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន រស់​នៅ​តាម​ដង​ទន្លេ​សេសាន ទន្លេ​ស្រែពក ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី តែង​មាន​ជំនឿ​ទៅ​លើ​បារមី​អ្នក​តា​ក្រហម​ក អ្នក​ថែ​រក្សា​ទន្លេ​ផ្តល់​សេចក្តី​សុខ​ជួយ​រំដោះ​ទុក្ខ កាល​ណា​អ្នក​ភូមិ​បន់​ស្រន់​សុំ​ឲ្យ​អ្នក​តា​ជួយ។

តើ​ជំនឿ​ប្រពៃណី​នេះ​មាន​ហេតុផល និង​សារប្រយោជន៍​អ្វី​ខ្លះ​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ?

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ចំនួន​បី​ក្នុង​ស្រុក​សេសាន តែង​ប្រកាន់​ខ្ជាប់​ពិធី​សែន​ព្រេន​បន់​ស្រន់​សុំ​បារមី​អ្នក​តា​ក្រហម​ក ជួយ​រំដោះ​ទុក្ខ ឬ​ផ្តល់​សេចក្តី​សុខ​សប្បាយ​ដល់​អ្នក​ភូមិ​តាម​ជំនឿ​ប្រពៃណី ពួក​គាត់​ច្រើន​ជំនាន់​មក​ហើយ។

«សំឡេង»

ពលរដ្ឋ​ទាំង​នោះ​មាន​ចម្រុះ​ជនជាតិ ក្នុង​នោះ​រួម​មាន​ចិន ឡាវ ជនជាតិ​ដើម​ភាគ​តិច គ្រឹង ទំពូន លន់ កាវ៉ែត ព្រៅ កាចក់ និង​ខ្មែរ។

មូលហេតុ​ដែល​អ្នក​ភូមិ​មាន​ជំនឿ​ទៅ​លើ​អ្នក​តា​ក្រហម​ក គឺ​មាន​ជាប់​ពាក់ព័ន្ធ​ការ​តំណាល​ពី​ប្រវត្តិ​របស់​អ្នក​ភូមិ​ជា​ចាស់​ទុំ​ជនជាតិ​ឡាវ ម្នាក់​ឈ្មោះ ខ ដែង រស់​នៅ​តំបន់​អូរថាលុក បច្ចុប្បន្ន​ហៅ​ថា​ភូមិ​ភ្លុក ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង គឺ​ជា​អ្នក​ចេះ​វិជ្ជា​មន្ត​អាគម​ខ្លាំង​ពូកែ ចេះ​ព្យាបាល​ជំងឺ និង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។ ហេតុ​នេះ ប្រជាពលរដ្ឋ​តំបន់​នោះ​តែង​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ លោក​តា ខ ដែង មុតមាំ។ តា ខ ដែង មាន​ស្នាម​ជាំ​នៅ​ជុំវិញ​ក ហេតុ​នេះ​ពេល​លោក​តា​ដែង ស្លាប់​ទៅ អ្នក​ភូមិ​បាន​ចាត់​ទុក​គាត់​ថា​ជា​អ្នក​តា ហើយ​ហៅ​តៗ​គ្នា​ថា អ្នក​តា​ក្រហម​ក រហូត​មក។

បច្ចុប្បន្ន​ទីតាំង​អ្នក​តា​ក្រហម​ក ត្រូវ​បាន​ប្រជាពលរដ្ឋ​មាន​ជនជាតិ​ចិន ឡាវ ជនជាតិ​ដើម​ភាគ​តិច និង​ខ្មែរ រៀប​ចំ​សង់​ខ្ទម​ទំហំ​ប្រមាណ ១៤​ម៉ែត្រ​ក្រឡា ធ្វើ​ពី​ស៊ីម៉ង់​ប្រក់​ស័ង្កសី នៅ​ទី​ទួល​មួយ​ឋិត​នៅ​មាត់​ទន្លេ​សេសាន ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​ចំណុច​ជួប​គ្នា​នៃ​ទន្លេ​ទាំង​ពីរ ឋិត​ក្នុង​ភូមិ​ភ្លុក ឃុំ​ភ្លុក និង​ជា​តំបន់​ទឹក​ជូរ​នៃ​ទន្លេ​មាន​ល្បាក់​ខ្ពស់ ទឹក​ហូរ​គួច​ខ្លាំង​បង្ក​គ្រោះ​ញឹកញាប់​ដល់​ប្រជាពលរដ្ឋ កាល​ណា​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នោះ។

ទាក់ទិន​ទៅ​នឹង​ប្រវត្តិ​នៃ​ជំនឿ និង​ការ​គោរព​ប្រតិបត្តិ​ទៅ​លើ​អ្នក​តា​ក្រហម​ក នេះ ប្រជាពលរដ្ឋ​ចាស់​ទុំ​នៅ​តំបន់​នោះ​មាន​តំណាល​ត​គ្នា​ពី​ជីដូន​ជីតា​ពួក​គាត់​មក​ថា តាំង​ពី​សម័យ​អាណានិគមនិយម​បារាំង មក​លើ​ប្រទេស​កម្ពុជា នា​ឆ្នាំ​១៩៤០ មក ជាពិសេស​មុន​ពេល​ខេត្ត​រតនគិរី ត្រូវ​បាន​បង្កើត​ឡើង​មិន​មាន​ផ្លូវ​គមនាគមន៍​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ពី​ខេត្ត​ស្ទឹងត្រែង ភ្ជាប់​ទៅ​តំបន់​ជនបទ​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ឡើយ។

សម័យ​កាល​នោះ ប្រជាពលរដ្ឋ​ឡាវ បាន​ចូល​មក​តាំង​ទីលំនៅ​មួយ​ផ្នែក​តាម​ដង​ទន្លេ​សេសាន ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង និង​មួយ​ផ្នែក​ធំ​នៅ​ផ្នែក​ខាង​លើ​ទន្លេ បច្ចុប្បន្ន​ជា​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី។ ក្រៅ​ពី​នោះ មាន​ប្រជាពលរដ្ឋ​កំណើត​ជនជាតិ​ដើម​ភាគ​តិច​ជា​ក្រុមៗ បាន​មក​តាំង​ទីលំនៅ​តាម​ដង​ទន្លេ​ដូច​គ្នា ហើយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ដោយ​ប្រើ​ទូក។

ព្រឹទ្ធាចារ្យ​ជនជាតិ​ឡាវ អាយុ ៧២​ឆ្នាំ​រស់​នៅ​ភូមិ​ស្រែគរ ជា​អ្នក​ចងចាំ​ប្រវត្តិ​អ្នក​តា​ក្រហម​ក លោក ចាន់ ធន់ រៀប​រាប់​ថា ជំនាន់​នោះ​ជនជាតិ​ចិន រស់​នៅ​ខេត្ត​ស្ទឹងត្រែង គឺ​ជា​អ្នក​សាងសង់​ខ្ទម​អ្នក​តា​នេះ​ឡើង​ដំបូង​គេ ដោយសារ​តែ​ពួក​គេ​ធ្វើ​ជំនួញ​តាម​ទូក​ពី​ខេត្ត​ស្ទឹងត្រែង ដើម្បី​ដោះដូរ​ទំនិញ​មាន​អំបិល គ្រឿង​បរិភោគ និង​សម្ភារៈ​ជាមួយ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ទាំង​ពីរ ហើយ​នាំ​យក​ទៅ​វិញ​មាន​ភ្លុក​ដំរី ស្បែក​សត្វ ឆ្អឹង​សត្វ និង​វត្ថុ​មាន​តម្លៃ​ពី​តំបន់​ព្រៃ​ភ្នំ​ផ្សេង​ទៀត ដូច​ជា​ផ្ដៅ ជ័រ​ទឹក។ល។

លោក​បន្ត​ថា ការ​ធ្វើ​ជំនួញ​របស់​ជនជាតិ​ចិន គឺ​ពឹង​ផ្អែក​ទៅ​លើ​ទូក​ដឹក​ទំនិញ​មាន​ទំហំ​ប្រមាណ ៣​ម៉ែត្រ បណ្តោយ​ប្រវែង ២០​ម៉ែត្រ ដោយ​ប្រើ​កម្មករ​ពី ១៥ ទៅ ២០​នាក់ ចែវ​តាម​ដង​ទន្លេ​ប្រកប​ដោយ​តំបន់​ថ្ម ទឹក​ជួរ និង​ល្បាក់​ទឹក​ខ្ពស់​ទាប​ច្រើន​កន្លែង ជាពិសេស​តំបន់​ទឹក​ជួរ​ជិត​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ទាំង​ពីរ ដែល​តែង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ ដូច​ជា​លិច​ទូក​ស្លាប់​មនុស្ស ជាដើម។ ហេតុ​នេះ អ្នក​ជំនួញ​ជនជាតិ​ចិន បាន​បន់​ស្រន់​កាល​ណា​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​គ្រោះ​ថ្នាក់​នោះ៖ «គេ​បារម្ភ​បើ​សិន​គេ​មិន​បាន​លើក​ដៃ​សំពះ​អ្នក​តា​ទេ គេ​មិន​ហ៊ាន​ទៅ។ ស័ក្តិសិទ្ធិ ដោយសារ​ថា ប្រជាពលរដ្ឋ​ជា​ទំនៀមទម្លាប់​របស់​គេ​ធ្លាប់​អាស្រ័យ​អ្នក​តា​ហ្នឹង គេ​ឃើញ​ស្ថានភាព​ជាក់ស្តែង​កន្លង​មក អ្នក​តា​ហ្នឹង​គាត់​មាន​ឥទ្ធិពល​ខ្លាំង គេ​តែង​តែ​គោរព​ប្រណិប័តន៍»

ជំនឿ​លើ​អ្នក​តា​ក្រហម​ក បាន​បន្ត​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន បើ​ទោះ​បី​មាន​ការ​អភិវឌ្ឍ​មាន​គមនាគមន៍​ផ្លូវ​គោក​ធ្វើ​ដំណើរ​ងាយ​ស្រួល អ្នក​ជំនួញ​បញ្ឈប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ពី​ខេត្ត​ស្ទឹងត្រែង មក​ខេត្ត​រតនគិរី ក្តី ក៏​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​នៅ​តែ​ប្រកាន់​ខ្ជាប់​ប្រពៃណី​សែន​អ្នក​តា កាល​ណា​អ្នក​ភូមិ​មាន​គ្រោះ​ភ័យ ឬ​បំណង​ប្រាថ្នា​ធ្វើ​អ្វី​មួយ។ ចាប់​ពី​ឆ្នាំ​២០០៩ រហូត​មក អ្នក​ភូមិ​ស្រែគរ ភូមិ​ភ្លុក ស្រែ​ស្រណុក និង​ក្បាល​រមាស បាន​ឯកភាព​គ្នា​ធ្វើ​ពិធី​សែន​ព្រេន​អ្នក​តា​ក្រហម​ក រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ និង​មាន​ប្រារព្ធ​ពិធី​ថ្វាយ​ភ្លេង​បញ្ជាន់​អារក្ស​ចូល​រូប​អ្នក​តា​ក្រហម​ក បន្ថែម​ទៀត។

«សំឡេង»

ពិធី​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ លោក សុត ខឿន អះអាង​ថា បារមី​អ្នក​តា​ក្រហម​ក នឹង​មក​សណ្ឋិត​ក្នុង​រូប​អារក្ស ហើយ​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ដែល​ចង់​ដឹង​ពី​ហេតុការណ៍​អាក្រក់​អ្វី​មួយ ឬ​មាន​ប្រាថ្នា​ចង់​ឲ្យ​អ្នក​តា​ជួយ​ដោះ​ទុក្ខ​លំបាក​ផ្សេងៗ។ លោក​បន្ត​ថា អ្នក​តា​ក្រហម​ក មាន​បារមី​ស័ក្ដិសិទ្ធិ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជឿជាក់៖ «បើ​យើង​មិន​សែន​ទៅ បើ​យើង​មិន​គោរព​បូជា​គាត់​ទៅ វា​មាន​បញ្ហា​អាច​នឹង​លិច​កាណូត។ ពេល​លិច​ទៅ យើង​មុជ​ទឹក​ទៅ​រក​ម៉ាស៊ីន​ទៅ​រក​របស់​របរ​ក្នុង​បាត​ទឹក​ហ្នឹង អត់​ឃើញ ដល់​ពេល​យើង​សែន​រួច ហើយ​សុំ​ឲ្យ​ឃើញ​សែន​តាម​ប្រពៃណី​យើង​ជឿ យើង​ជ្រមុជ​តែ​ម្តង​ពីរ​ដង​យើង​ឃើញ»

ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ចាប់​អារម្មណ៍​ថា គេ​មិន​អាច​កាត់​ផ្តាច់​ជំនឿ​ប្រពៃណី​របស់​អ្នក​ភូមិ​បាន​ទេ បើ​ទោះ​បី​សង្គម​មាន​ការ​អភិវឌ្ឍ​យ៉ាង​ណា​ក្តី។ លោក​កត់​សម្គាល់​ថា អ្នក​ភូមិ​មាន​ការ​យល់​ដឹង​ពី​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ជាដើម ប៉ុន្តែ​ការ​ពឹង​អាស្រ័យ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​មាន​អារក្ស អ្នក​តា​ព្រៃ​ភ្នំ គឺ​ជា​ជំនួយ​ផ្លូវ​ចិត្ត​ដ៏​សំខាន់​របស់​អ្នក​ភូមិ កាល​ណា​ពួក​គាត់​មាន​គ្រោះ​ភ័យ៖ «គាត់​ធ្វើ​អ្វី​ដូច​ពលរដ្ឋ​ស្រុក​ក្រោម​ចេញ​ដង្ហែ​ក្បួន​បញ្ចេញ​មតិ ភាគ​ច្រើន​ធ្វើ​បាតុកម្ម​អត់​ទាន់​ស៊ី​ជម្រៅ​ហ្នឹង គាត់​ធ្វើ​តាម​ជំនឿ​របស់​គាត់​បន់​ស្រន់​តាម​អបិយ​ជំនឿ​របស់​គាត់។ ភាគ​ច្រើន គឺ​ចាស់​អាយុ​ត្រឹម ៥០ នៅ​តែ​ជឿ ៩០​ភាគរយ។ ក្មេងៗ​ឥឡូវ ចាស់ៗ​ចេះ​តែ​នាំ​សែន​នាំ​និយាយ​តាម​ដង្ហែ​តាម»

ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​នៃ​អង្គការ​ទន្លេ​បី គឺ​លោក មៀច មាន ចាត់​ទុក​ជំនឿ​អរូបិយ​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​ថា មាន​សារប្រយោជន៍​ផ្នែក​បរិស្ថាន ជាពិសេស​ជំនឿ​របស់​អ្នក​ភូមិ គឺ​ជា​របាំង​ផ្លូវ​ចិត្ត​ផ្លូវ​គំនិត សម្រាប់​កិច្ចការ​ការពារ​ធនធាន​ក្នុង​ទន្លេ និង​តំបន់​ព្រៃ​ឈើ ជា​សក្ដានុពល​ផ្នែក​បរិស្ថាន និង​សង្គម៖ «ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​យើង​នៅ​តំបន់​ខាង​លើ​ហ្នឹង ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​បាន​គោរព​ទៅ​តាម​អបិយ​ជំនឿ​របស់​ខ្លួន។ វា​ហាក់​ដូច​ធ្វើ​ឲ្យ​មនុស្ស​ហ្នឹង មិន​មាន​ចិត្ត​លោភលន់​ច្រើន​ទេ។ ឧទាហរណ៍​ថា គាត់​សុំ​តែ​មួយ​ហូប​គ្រប់គ្រាន់ អ៊ីចឹង​គាត់​ធ្វើ​រក​តែ​មួយ​គ្រប់​បាន​សេចក្តី​សុខ​របស់​គាត់​អ៊ីចឹង​ទៅ។ ចំណុច​នេះ គឺ​អាច​ជួយ​ការពារ​បាន។ ហើយ​ចំណុច​ដែល​យើង​មើល​ឃើញ​មាន​ផល​ចំណេញ​ច្រើន​ដែរ ជា​វិជ្ជមាន​រហូត​មក​ដល់​សម័យ​នេះ ក៏​យើង​មិន​អាច​បំភ្លេច​បាន​មិន​ជឿ​មិន​បាន មាន​ន័យ​ថា ព្រៃ​ដែល​គេ​ជឿ​ទុក​ចិត្ត គេ​យល់​ថា​អារក្ស​អ្នក​តា​នៅ​ម្តុំ​ហ្នឹង គេ​មិន​កាប់​ទេ គេ​មិន​ដែល​ថ្លើម​ធំ​រហូត​កាប់​បំផ្លាញ​ព្រៃ​ឈើ​ម្តុំ​ហ្នឹង​ឲ្យ​ខ្ទម​អ្នក​តា​នៅ​កណ្ដាល​វាល​នោះ​ទេ»

ចូល​រួម​យោបល់​ក្នុង​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​រតនគិរី លោក អ៊ូង ស្រេង វាយ​តម្លៃ​ថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា បាន​គាំពារ​លើ​សេរីភាព​នៃ​ជំនឿ​ប្រពៃណី និង​ការ​ប្រតិបត្តិ​ផ្នែក​សាសនា​របស់​ពលរដ្ឋ។ យ៉ាង​នេះ​ក្តី លោក​បន្ត​ថា ជំនឿ​អបិរូប និង​ជំនឿ​លើ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ត្រូវ​បាន​ប្រជាពលរដ្ឋ​បូក​បញ្ចូល​គ្នា​ក្នុង​ការ​រៀប​ចំ​អភិវឌ្ឍ​ជីវភាព​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ និង​សង្គម​ជាតិ មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន៖ «យើង​មើល​បង​ប្អូន​ជនជាតិ​នៅ​តាម​ភូមិ កាល​ណា​គាត់​សែន​ព្រេន​អត់​បាត់​គាត់​មក​ពេទ្យ​ហើយ។ បាទ គាត់​ងាក​មក​រក​ខាង​វិទ្យាសាស្ត្រ​ដែរ​ហ្នឹង។ បើ​គាត់​មាន​ជំនឿ​ជឿ​ទៅ​ខាង​ណា​មួយ អា​ហ្នឹង​គាត់​យល់​ថា​ផ្តល់​តម្លៃ​ទៅ​ដល់​គាត់»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ទាំង​ពីរ បាន​ផ្សារភ្ជាប់​ជំនឿ​ពួក​គាត់​បន្ថែម​ទៅ​លើ​សែន​អារក្ស កាល​ណា​មាន​ជំងឺ ជំនឿ​លើ​ព្រៃ​សក្ការៈ ជំនឿ​អាប​ធ្មប់​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ជំនឿ​ពេល​ម្តាយ​កើត​កូន ហើយ​ស្លាប់​កូន ត្រូវ​ដាក់​ឲ្យ​ស្លាប់​ជាមួយ​ម្តាយ និង​ជំនឿ​សែន​ព្រេន​ភូមិ និង​សែន​ព្រេន​ទទួល​ផល​កសិកម្ម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។