សិស្សានុសិស្សក្នុងទម្រង់សិល្បៈល្ខោន នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានថយចុះជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណជាបីឆ្នាំចុងក្រោយនេះ។ នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ឲ្យដឹងថា ការជ្រើសរើសសិស្សឲ្យចូលហាត់រៀនសាលានេះ មិនគ្រប់តាមផែនការគ្រោងទុកឡើយ។
បញ្ហានេះ គឺជាក្តីបារម្ភរបស់គ្រូជាសិល្បករជើងចាស់ ខ្លាចមិនមានពន្លកសិល្បៈល្ខោនគ្រប់ទម្រង់បន្តវេនពីពួកគាត់ ដែលមានវ័យកាន់តែចាស់ៗអស់ទៅហើយ។
សិល្បៈល្ខោនខ្មែរមានច្រើនទម្រង់ ដែលសិស្សកំពុងហាត់រៀននៅក្នុងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ នៅតំបន់បឹងប៉ាយាប ជាយរាជធានីភ្នំពេញ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពន្លឺនៃសិល្បៈល្ខោនខ្មែរហាក់ចុះខ្សោយទៅៗ ប្រៀបបាននឹងចង្កៀងជិតអស់ប្រេងដូច្នេះដែរ។
ក្រឡេកមើលទៅថ្នាក់ជាឆាកហាត់ល្ខោនយីកេ នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ មានសភាពរខេករខាកខ្វះមុខខ្វះក្រោយ ទោះបីសាលានេះទើបនឹងសង់ថ្មី ដែលជាសំណងរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី បន្ទាប់ក្រុមហ៊ុននេះបានយកសាលាចាស់នៅកណ្ដាលក្រុងជិតស្តាតចាស់ ក្បែរគល់ស្ពានជ្រោយចង្វារ កាលពីប៉ុន្មានឆ្នាំមុននេះ ទៅសង់ផ្ទះល្វែងលក់។
ការហាត់រៀនប្រចាំថ្ងៃមានតែស្គរយីកេមួយ ទ្រអ៊ូមួយប៉ុណ្ណោះ ហើយថ្ងៃខ្លះអត់មានអ្វីទាំងអស់។ សិស្សសាលាយីកេប្រមាណជា ៥ជំនាន់មកហើយ ដែលកំពុងហាត់រៀនរួមគ្នាក្នុងសាលាតែមួយ សព្វថ្ងៃនេះមានគ្នាសរុបប្រមាណជាង ១០នាក់ប៉ុណ្ណោះ។
សិល្បករជើងចាស់ផ្នែកល្ខោនយីកេម្នាក់មានវ័យជាង ៥០ឆ្នាំ លោក ឌុច សារី ជាអតីតតួឯកក្នុងទម្រង់ល្ខោនមួយនេះ។ សព្វថ្ងៃ លោកជាគ្រូបង្ហាត់ផង និងទទួលបន្ទុកផ្នែករដ្ឋបាលនៃសាលាល្ខោនផង បានថ្លែងក្រោយពេលសម្រាកពីការងារបង្ហាត់ថា សិស្សដែលឈានជើងចូលមករៀនសាលាល្ខោនយីកេឆ្នាំនេះមានតែ ៦នាក់ទេ ក្នុងចំណោមផែនការត្រូវជ្រើសរើសប្រមាណ ៣០នាក់។ ចំណែកបីឆ្នាំមុននេះពុំមានសិស្សថ្មីចូលរៀនឡើយ។ នេះជាចំនួនតិចតួចណាស់បើប្រៀបធៀបទៅនឹងសាលាជំនាញផ្សេងៗ និងមិនដែលជួបប្រទះឡើយកាលពីនៅសាលាចាស់។
លោកបានពន្យល់ពីកត្តាដែលនាំឲ្យសិស្សចូលរៀនជំនាញសិល្បៈមានចំនួនតិចនេះ ដោយសារកត្តាជីវភាព និងទីផ្សារការងារ ការផ្លាស់ប្ដូរទីតាំងសាលាពីកណ្ដាលក្រុងមកជាយក្រុង ហើយស្ថិតនៅកៀនកោះពិបាកធ្វើដំណើរ និងខ្វះការផ្សព្វផ្សាយពីការជ្រើសរើសសិស្សឲ្យចូលរៀន និងបញ្ជាក់ពីផលប្រយោជន៍នៃការសិក្សានៅសាលាវិចិត្រសិល្បៈនេះ៖ «ការរើសបានតិច ព្រោះពួកគាត់អត់ដឹងតែម្តង! អ៊ីចឹងពីរឆ្នាំបីឆ្នាំកន្លងមកនេះ គឺអត់មានសិស្សចូលរៀនតែម្តង»។
ការធ្លាក់ចុះនេះ ធ្វើឲ្យលោក និងអ្នករួមអាជីពដទៃទៀត ព្រួយបារម្ភខ្លាចក្រែងទៅថ្ងៃអនាគតរកអ្នកស្នងតំណែងលោក ជាពិសេសខ្លាចសិល្បៈល្ខោនខ្មែរគ្រប់ទម្រង់ទាំងអស់ ត្រូវបាត់បង់នាយុគសម័យចុងក្រោយនេះ៖ «ខ្ញុំភ័យព្រួយណាស់សព្វថ្ងៃនេះ សូមឲ្យថ្នាក់ដឹកនាំសាលា រដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួយជំរុញខាងផ្នែកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ជាពិសេសផ្ដោតទៅលើជំនាញណាដែលធ្លាក់ស្រុតចុះ សូមមេត្តាជួយ ជួយជាច្បាប់ទម្លាប់ មធ្យោបាយ ថវិកា ជាដើម»។
យុវតីម្នាក់មានវ័យជិត ២០ឆ្នាំ ឈ្មោះ សៀក រាសី ដែលទើបនឹងចូលរៀនសាលាល្ខោនយីកេនៅឆ្នាំនេះ បានឲ្យដឹងក្រោយពីសម្រាកហាត់រៀនថា នាងបានប្រឡងជាប់ថ្នាក់អាហារូបករណ៍ផ្នែកស្ថាបត្យកម្មមួយរួចហើយ ប៉ុន្តែដោយក្តីស្រឡាញ់ល្ខោនយីកេ នាងបានចូលរៀនមួយមុខវិជ្ជាទៀត ដោយប្ដូរវេនថ្នាក់ស្ថាបត្យកម្មទៅរៀនពេលយប់វិញ ម្យ៉ាងមានផ្ទះបងប្អូនជួលគេស្នាក់នៅជិតសាលាសិល្បៈនេះផង៖ «ខ្ញុំអត់ចង់ឲ្យបាត់បង់ទេ ព្រោះខ្ញុំឈឺចាប់ ព្រោះពេលខ្លះខ្មែរអត់ស្គាល់យីកេ អ៊ីចឹងហើយបើខ្ញុំចេះ ខ្ញុំនឹងបន្តបង្ហាត់ក្មេងៗបន្តទៀតមិនឲ្យបាត់បង់ទេ»។
មិនមែនតែសិល្បៈវ័យចំណាស់សល់ពីដូនតាខ្មែរមួយនេះទេ ដែលត្រូវព្រួយបារម្ភគ្មានអ្នកស្នងនោះ ចំណែកទម្រង់ល្ខោនផ្សេងទៀត ដូចជាល្ខោនបាសាក់ ល្ខោនខោល ល្ខោននិយាយ មហោទ័យ ក៏ជួបបញ្ហាដូចគ្នាដែរ។
ងាកមកមើលទម្រង់សិល្បៈវ័យចំណាស់មួយទៀត គឺល្ខោនបាសាក់។ ទម្រង់ល្ខោនមួយនេះក៏ធ្លាប់មានប្រជាប្រិយភាពក្នុងស្រទាប់មហាជនខ្លាំងណាស់ដែរ។
សាស្ត្រាចារ្យល្ខោនបាសាក់ម្នាក់ លោក សេក សាវុធ ដែលធ្លាប់ដើរតួយក្ស ហើយបច្ចុប្បន្នលោកជានាយករងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ទទួលបន្ទុកទស្សនីយភាព និងជាគ្រូបង្ហាត់ជំនាញល្ខោនបាសាក់ លោកក៏មានក្តីបារម្ភដូចគ្នាដែរ។ លោកថា សិល្បៈជាមរតកដូនតាដែលត្រូវថែរក្សា ប៉ុន្តែត្រូវការសិក្សាហាត់រៀនរហូតដោយប្រើពេលវេលាច្រើន ចំណែកតម្រូវការ ឬចំណូលសម្រាប់គាំទ្រជីវភាពប្រចាំថ្ងៃអត់មាន ការឆ្លើយតបសម្រាប់តម្រូវការរបស់អ្នកល្ខោនអត់ទាន់សភាពការណ៍ ឬរបត់នៃសង្គមបច្ចុប្បន្ន។ លោកថា កូនខ្មែរនៅស្រឡាញ់សិល្បៈដូនតារបស់ខ្លួនច្រើន ប៉ុន្តែបញ្ហាជីវភាពធ្វើឲ្យពួកគេដើរគេចចេញទៅរកជំនាញផ្សេងៗ ដែលអាចរកចំណូលបានឆាប់រហ័ស និងទាន់តម្រូវការក្នុងសង្គមទំនើប៖ «ជំនាញល្ខោននេះចេញទៅលេងម្តងៗរួមគ្នា ៥០ ទៅ ៦០នាក់ ទម្រាំបានលេងម្តងៗចិញ្ចឹមខ្លួនមិនរស់ទេ អ៊ីចឹងពិបាកក្នុងការរកស៊ីរួមគ្នា ព្រោះមិនអាចទៅម្នាក់ឯងបានទេ។ បញ្ហានេះធ្វើឲ្យមនុស្សម្នាក់ៗពិចារណាថា អញចូលទៅអញបានអីស៊ី? កាលពីដើម ស្រុកយើង និងនៅស្រុកគេ សិល្បៈវប្បធម៌ រដ្ឋជាអ្នកធានាទទួលខុសត្រូវចិញ្ចឹមមើលការខុសត្រូវ ធ្វើឲ្យកូនអ្នកក្រីក្រមួយចំនួនគាត់មានលទ្ធភាពរៀន តែស្រុកយើងឥឡូវអត់មាន»។
លោកបន្តថា បញ្ហាដ៏ស្មុគស្មាញទាំងនេះហើយ ដែលជាក្តីបារម្ភក្នុងការបណ្ដុះពន្លកសិល្បៈបន្តវេនទៅថ្ងៃអនាគត។ បើក្រឡេកមើលទៅគ្រូភាគច្រើនវិញ សុទ្ធតែចាស់អស់ទៅហើយ ពឹងលើពន្លកថ្មីអាចប្រឈមនឹងភាពពុកផុយរលួយ ខ្លះក៏រសាត់ចេញឆ្ងាយបន្តិចម្តងៗពីវិស័យសិល្បៈបុរាណនេះទៀត៖ «ឥឡូវយើងបណ្ដុះអត់បានទេ គ្រូកាន់តែចាស់ៗអស់ហើយ»។
ទាក់ទងនឹងបញ្ហានេះដែរ នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ អ្នកស្រី សៀង វៀង ដែលទើបឡើងកាន់តំណែងថ្មី ហាក់ណែនទ្រូងនិយាយមិនចេញ ឬអាចនិយាយថា ហាស្លាក់ខ្ជាក់ស្លែងចំពោះការធ្លាក់ចុះនៃអ្នកបន្តវេនសិល្បៈនេះ៖ «សាលាល្ខោនដែលបែងចែកជា ៣ទម្រង់ មានការថយចុះសឹងតែគ្រប់ជំនាញ គឺសាលាល្ខោនបាសាក់ ល្ខោននិយាយ និងល្ខោនយីកេ»។
ទន្ទឹមគ្នានេះ អ្នកស្រីក៏ខិតខំរកមធ្យោបាយផ្សេងៗ ដើម្បីឲ្យសាលាជំនាញមួយនេះរក្សាលំនឹងរបស់ខ្លួនបាន ក្នុងដំណើរដ៏វែងឆ្ងាយទៅមុខទៀត៖ «ចំពោះខ្ញុំភ័យយូរហើយ មិនទើបភ័យឥឡូវនេះទេ ប៉ុន្តែចេះតែខិតខំជួយណែនាំគេឲ្យយល់ថា អ្វីក៏ដោយដែលជាជំនាញដែលជាបំណិនជីវិតរបស់យើង គឺវាមិនអត់ប្រយោជន៍»។
អ្នកស្រីបន្តថា ការខ្វះខាតនូវឧបករណ៍បច្ចេកទេសក្នុងការហាត់រៀនសិល្បៈ និងគ្រូខ្វះការលើកទឹកចិត្តគាំទ្រឲ្យតម្លៃពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ជាផ្នែកមួយដែលធ្វើឲ្យមានបញ្ហាប្រឈមដល់ថ្នាលបណ្ដុះគ្រាប់ពូជសិល្បៈមួយនេះដែរ។
បញ្ហាដដែលនេះ អ្នកស្រីធ្លាប់បានលើកយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាលជាបណ្ដើរៗហើយ ប៉ុន្តែពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។