មូលហេតុ​ដែល​ជនជាតិ​ដើម​ភាគ​តិច​ក្រោល​ខ្លាច​ខ្មោច​និង​គោរព​លើ​អារក្ស

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​ក្រោល ជា​ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្នុង​ចំណោម​ជនជាតិ​ដើម​ភាគ​តិច​ផ្សេងៗ​ទៀត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជនជាតិ​នេះ​មាន​ជំនឿ​លើ​អារក្ស​ខ្លាំង​ជាង​ផ្នូរ​ដូនតា។ គេ​មិន​កប់​សព​នៅ​ក្នុង​ភូមិ​ទេ ដោយ​ខ្លាច ហើយ​បើ​ផ្ទះ​ណា​មាន​មនុស្ស​ឈឺ​ធ្ងន់ គេ​មិន​ទុក​នៅ​លើ​ផ្ទះ​ឡើយ ព្រោះ​ខ្លាច​មាន​មនុស្ស​ស្លាប់​នៅ​លើ​ផ្ទះ។

តើ​ហេតុ​អ្វី​ជនជាតិ​ដើម​ភាគ​តិច​នេះ​ខ្លាច​ខ្មោច? ហេតុ​អ្វី​បាន​ជា​គេ​គោរព​លើ​អារក្ស?

ក្នុង​ព្រៃ​ជ្រៅ​មាន​ដើម​ឈឺ​ដុះ​ទ្រុបទ្រុល នៅ​ក្បែរ​នោះ​មាន​ខ្ទម​ឈើ​តូចៗ​មាន​តែ​ដំបូល និង​សសរ​នៅ​ក្នុង​ខ្ទម​ឈើ​នីមួយៗ​មាន​ផ្នូរ​ខ្មោច​តូច​ធំ ខ្ពស់​ទាប មាន​ទាំង​ឪទឹន​ស្រា​នៅ​ក្បែរ​ផ្នូរ​ទៀត​ផង។ ផ្នូរ​ទាំង​នេះ​ជា​ផ្នូរ​កប់​សព​របស់​ដូនតា​ជនជាតិ​ដើម​ភាគ​តិច​ក្រោល។

អង្គុយ​នៅ​ក្រោម​ផ្ទះ​សល់​ពី​សម័យ​ដើម​មាន​បណ្តោយ​ជាង ២០​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ក្បឿង លោក សាលី ឃាង ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ឬ​ហៅ​ថា​មេ​កន្ទ្រាញ រៀបរាប់​ថា ជនជាតិ​ក្រោល បញ្ចុះ​សព​ឆ្ងាយ​ពី​ភូមិ គឺ​មាន​ហេតុផល​ពីរ។ ទី​១ គឺ​ខ្លាច​ខ្មោច។ ទី​២ ខ្លាច​ព្រាយ​បិសាច​ដែល​គេ​មាន​ជំនឿ​ថា នៅ​ជាមួយ​ខ្មោច​ធ្វើ​បាប​អ្នក​ភូមិ​ឲ្យ​មាន​ជំងឺ។ លោក សាលី ឃាង ប្រាប់​ទៀត​ថា ជនជាតិ​ក្រោល មិន​ទុក​សាកសព​យូរ​ឡើយ គឺ​ត្រឹម​មួយ​យប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​តែ​យក​ទៅ​បញ្ចុះ៖ «ខ្មោច​ឪពុក​ខ្មោច​ម្តាយ​អី​ក៏ដោយ​ខ្លាច​ណាស់»

ផ្នូរ​កប់​សព​ជនជាតិ​នេះ គេ​ធ្វើ​រោង​ប្រក់​ពី​លើ​មាន​តែ​សសរ និង​ដំបូល គ្មាន​ជញ្ជាំង​ទេ។ នៅ​ក្នុង​រោង​នោះ​តែង​តែ​មាន​ស្រា​ពាង។ រោង​ប្រក់​ផ្នូរ​បុរស គេ​ធ្វើ​ខ្ពស់​ជាង​រោង​ប្រក់​ផ្នូរ​របស់​នារី។ ជាង​នេះ​ទៅ​ទៀត ស្បូវ​ប្រក់​ផ្នូរ​តិច​ជាង​បុរស​មួយ​កណ្ដប គឺ​ផ្នូរ​បុរស​ប្រក់ ៧​កណ្ដប ផ្នូរ​នារី​ប្រក់ ៦​កណ្ដប។ រីឯ​នៅ​ក្នុង​ផ្នូរ គេ​មាន​ដាក់​ប្រាក់ កាំបិត ពូថៅ នៅ​ត្រង់​ចុង​ជើង ព្រោះ​គេ​មាន​ជំនឿ​ថា​ព្រលឹង​ដូនតា​នឹង​ត្រូវ​កាប់​ព្រៃ​ដើម្បី​រស់នៅ​ក្នុង​ភព​ផ្សេង​ទៀត។

ចំពោះ​មនុស្ស​ស្លាប់​តៃហោង គេ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ​សព​នៅ​ភូមិ​ជា​ដាច់​ខាត ព្រោះ​ជា​ខ្មោច​ដែល​ចង្រៃ​បំផុត។ ចំណែក​ផ្នូរ​កប់​សព គេ​ត្រូវ​កប់​ទទឹង​ថ្ងៃ ហើយ​នៅ​ឆ្ងាយ​ពី​ផ្នូរ​អ្នក​ផ្សេងៗ​ទៀត។ ជនជាតិ​នេះ​គេ​មិន​បូជា​សព​ឡើយ។

លោក សាលី ឃាង ដែល​ស្នង​តំណែង​មេ​កន្ទ្រាញ​នេះ​ពី​ឪពុក​របស់​លោក និយាយ​បន្ត​ថា កន្លែង​ដែល​គេ​ជ្រើសរើស​ដើម្បី​កប់​សព គឺ​ដី​ណា​មាន​ដើម​ឈើ ហើយ​មែក​ឈើ​ងាប់ បើ​គេ​សម្រេច​ជ្រើស​យក​កន្លែង​នោះ ទោះ​មាន​សព​ជាន់​លើ​គ្នា ឬ​ក៏​មាន​ថ្ម​ពិបាក​កាប់​ដី​យ៉ាង​ណា ក៏​គេ​មិន​ប្ដូរ​កន្លែង​ថ្មី​ដែរ។ លោក​ប្រាប់​ទៀត​ថា នៅ​ពេល​សែង​សព​មិន​ត្រូវ​ឈប់​ទេ បើ​ឈប់ គឺ​មាន​ន័យ​ថា ចង្រៃ​ដល់​កូន​ចៅ និង​អ្នក​ភូមិ៖ «អត់​លើក​សព​ចុះ​ឡើង​ទេ គេ​ថា​ចង្រៃ​ដល់​កូន​ចៅ បើ​សែង​សព​នោះ​ទៀត​គេ​មិន​ដាក់​ចុះ​ទេ ទោះ​ធ្ងន់​យ៉ាង​ណា»

ជនជាតិ​នេះ​មាន​ភាសា​ដើម​របស់​ខ្លួន ប្រពៃណី​ទំនៀមទម្លាប់ គឺ​សែន​អារក្ស​សែន​ស្រែ​ជាដើម និង​មាន​សម្លៀកបំពាក់​ពី​ដូនតា គឺ​ខោ​ចែវ​ថ្នេរ​ប្រាំ អាវ​កាក់​វាល​ក ប៉ុន្តែ​សព្វថ្ងៃ​នេះ គេ​ស្លៀកពាក់​ខោ​អាវ​ធម្មតា។ ទោះ​ជនជាតិ​ដើម​ភាគ​តិច​ក្រោល ខ្លាច​ខ្មោច​ដូនតា​ក្តី ប៉ុន្តែ​រៀង​រាល់​ឆ្នាំ ជាពិសេស​មុន​បុណ្យ​ចូល​ឆ្នាំ គេ​នាំ​គ្នា​ទៅ​សម្អាត​ផ្នូរ​ដូនតា។

លិខិត​មួយ​ច្បាប់​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា កាល​ពី​ឆ្នាំ​២០១១ ទទួល​ស្គាល់​អត្តសញ្ញាណ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្រោល ក្នុង​គោល​បំណង​ឲ្យ​ប្រើប្រាស់​លិខិត​នេះ​បម្រើ​ប្រយោជន៍​សហគមន៍​នេះ។

លោក សាលី ឃាង ថ្លែង​ប្រាប់​ថា ពិធី​បុណ្យ​សព​របស់​ជនជាតិ​ដើម​ភាគ​តិច​ដំបូង​ឡើយ គឺ​ធ្វើ​ពិធី​បុណ្យ ៧​ថ្ងៃ រួច​ហើយ ៣​ឆ្នាំ​ក្រោយ គេ​ធ្វើ​ម្តង​ទៀត​ជា​ពិធី​ធំ​ដុំ ដែល​សាច់ញាតិ​អាច​ផ្លាស់ប្ដូរ​ដំបូល​ប្រក់​ផ្នូរ​បាន។ ទោះ​បែប​នេះ មក​ដល់​សព្វថ្ងៃ ទំនៀមទម្លាប់​នេះ​បាន​ប្រែ​ផ្លាស់​ខ្លះ ដោយ​ធ្វើ​ត្រឹម​បុណ្យ ១០០​ថ្ងៃ៖ «ប្រែប្រួល​ខ្លះៗ​ឥឡូវ​មិន​ដល់​បី​ឆ្នាំ​ទៀត​សម្រាប់​ធ្វើ​រំឭក​វិញ្ញាណក្ខន្ធ»

តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ ខេត្ត​នេះ​មាន​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ប្រាំពីរ​រស់នៅ ឋិត​ក្នុង​ស្រុក​មួយ​ចំនួន ដូចជា ស្រុក​សំបូរ ចិត្របុរី ជាដើម។ ចំណែក​ជនជាតិ​ដើម​ភាគ​តិច​ក្រោល ភាគ​ច្រើន​ប្រមូល​ផ្តុំ​គ្នា​រស់នៅ​ក្នុង​ឃុំ​ស្រែជិះ ក្នុង​ស្រុក​សំបូរ។ ពួក​គេ​មាន​ជំនឿ​លើ​អារក្ស ជាក់ស្តែង​ពេល​ឈឺ​ថ្កាត់ គេ​តែង​តែ​ធ្វើ​ពិធី​បញ្ជាន់​អារក្ស។

ចាស់​ព្រឹទ្ធាចារ្យ​ជា​ជនជាតិ​ដើម​ភាគ​តិច​ក្រោល ម្នាក់​ទៀត គឺ​លោក ឌុយ ថា ប្រាប់​ថា ជនជាតិ​ក្រោល មាន​ជំនឿ​ខ្លាំង​ទៅ​លើ​អារក្ស។ ប្រសិន​មាន​អ្នក​ណា​ឈឺ​ថ្កាត់ គេ​ធ្វើ​ពិធី​បញ្ជាន់​អារក្ស។ លោក​ពន្យល់​ទៀត​ថា បើ​ផ្ទះ​ណា​មាន​មនុស្ស​ស្លាប់​នៅ​លើ​ផ្ទះ អារក្ស​មិន​ព្រម​មក​មើល​ជំងឺ​ទេ៖ «បើ​មនុស្ស​ស្លាប់​ផ្ទះ​គេ​ថា​ចង្រៃ​ដល់​អ្នក​ភូមិ ហើយ​អារក្ស​ក៏​មិន​ឡើង​មក​មើល​ដែរ»

អារក្ស​ដែល​អ្នក​ភូមិ​មាន​ជំនឿ ជា​មនុស្ស​ស្នង​រូប​អារក្ស​នៅ​ពេល​ធ្វើ​ពិធី​បញ្ជាន់​អារក្ស ដោយ​ការ​ផ្លុំ​ប៉ៃ និង​វាយ​ស្គរ​ដៃ។

ទោះ​ជនជាតិ​ដើម​ភាគ​តិច​ក្រោល ខ្លាច​ខ្មោច និង​គិត​ថា មនុស្ស​ស្លាប់​ទៅ​ចង្រៃ​ក្តី ប៉ុន្តែ​តំបន់​កប់​ខ្មោច​ជនជាតិ​នេះ គេ​ការពារ​ណាស់ ហាម​មិន​ឲ្យ​អ្នក​ណា​ប៉ះពាល់​ជា​ដាច់​ខាត។ ការ​វិវឌ្ឍ​នៃ​សង្គម ជំនឿ​របស់​ជនជាតិ​ដើម​ភាគ​តិច​ក្រោល ក៏​មាន​ការ​ប្រែប្រួល​ដែរ ដោយ​ពី​មាន​ជំងឺ​បន់​អារក្ស ប្ដូរ​មក​រក​គ្រូពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។