ប៉ុន្តែ ក្រោយមកក្នុងអំឡុងឆ្នាំ៤៦ មុនគ្រិស្តសករាជ ព្រះចៅអធិរាជមួយអង្គនៃចក្រភពរ៉ូម៉ាំង បានកំណត់យកថ្ងៃទី១ នៃខែមករា តាមប្រតិទិនសុរិយគតិ ឬដំណើរគោចរនៃព្រះអាទិត្យ ជាទិវាបុណ្យចូលឆ្នាំថ្មី ដែលបានបន្តជាប់រហូតមកដល់សម័យកាលនេះ។
«បទភ្លេងចម្រៀង Auld Lang Syne»
ដូចជាជាតិសាសន៍នានានៅទ្វីបដទៃទៀតលើពិភពលោកដែរ ជនជាតិរ៉ូម៉ាំង សម័យបុរាណ កាលពីច្រើនពាន់ឆ្នាំមុននោះ មានជំនឿផ្ទាល់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន។
ឯកសារនានាបង្ហាញថា ជនជាតិរ៉ូម៉ាំង បានឧទ្ទិសពិធីបុណ្យឆ្នាំថ្មីចំពោះអាទិទេពរក្សាទ្វារ ឬខ្លោងទ្វារ ព្រះនាម ចេននឹស (Janus) ដែលមានមុខពីរ គឺម្ខាងបែរទៅមុខ និងម្ខាងទៀតបែរទៅក្រោយ។ តាមប្រពៃណី គេជឿថា ទេវរក្សាទ្វារ ឬទ្វារបាលនេះ គឺជានិមិត្តរូបនៃការប្ដូរឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។
ចំណេរកាលក្រោយមក គឺចាប់ពីឆ្នាំ១៦០០ ការកំណត់យកថ្ងៃទី១ នៃខែមករា ជាទិវាបុណ្យចូលឆ្នាំថ្មីនេះ បានក្លាយទៅជាប្រពៃណីនៃប្រទេសលោកខាងលិចមួយចំនួន ហើយក៏បានរីកសាយភាយដល់ប្រទេសនៃទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ជាដើម ទោះបីជាប្រទេសទាំងនោះមានពិធីចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនហើយក្តី។
រីឯទំនៀមទម្លាប់នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកលនេះវិញ ក៏រៀបចំធ្វើឡើងទៅតាមប្រពៃណីសំខាន់ៗមួយចំនួន។
ពលរដ្ឋខ្មែរអាមេរិកាំង ម្នាក់ នៅរដ្ឋម៉ារីឡែន អ្នកស្រី មាស ម៉ាសាឌី ដែលបម្រើការនៅអង្គការជនភៀសខ្លួនអាមេរិក និងជានាយិកាសមាគមវត្តខ្មែរ ពុទ្ធិការាម នៅរដ្ឋម៉ារីឡែន រៀបរាប់អំពីផ្នែកមួយនៃប្រពៃណីនាឱកាសចូលឆ្នាំសាកលនេះ៖ «ជម្រាបសួរបងប្អូនខ្មែរយើងទាំងអស់ជាទីនឹករលឹក។ បុណ្យចូលឆ្នាំសាកលនេះ គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជនជាតិអាមេរិកាំង។ ហើយបងប្អូនខ្មែរយើងនៅឯនាយសមុទ្រ ក៏នាំគ្នាប្រារព្ធធ្វើពិធីនេះដែរ ហើយគឺជាថ្ងៃមួយដែលគេបានមកជួបជុំបងប្អូនមិត្តភក្ដិឆ្ងាយជិតទាំងអស់ នៅតាមគេហដ្ឋាននីមួយៗរៀងខ្លួន ហើយនាំគ្នាញ៉ាំអាហារជុំគ្នា រហូតដល់វិនាទីចុងក្រោយនៅថ្ងៃទី១ ឆ្នាំថ្មី ហើយក៏ជូនពរគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយទៅចា៎»។
នៅសហរដ្ឋអាមេរិក ពិធីជួបជុំគ្នានារាត្រីចុងក្រោយនៃឆ្នាំចាស់ ដើម្បីទទួលអបអរឆ្នាំថ្មីដែលល្បីជាងគេ គឺនៅទីក្រុងញីវយ៉ក។ អ្វីដែលពិសេសនោះ គឺប្រពៃណីទម្លាក់ បាល់ជូនពរ (Wishing Ball) ធ្វើអំពីត្បូងគ្រីស្តាល់ ដែលគេចុចគន្លឹះយន្តទម្លាក់យឺតៗនៅវេលាពាក់កណ្ដាលអធ្រាត្រ នៅទីលាន ថែមស្គ្វែរ (Times Square) ដើម្បីស្វាគមន៍ឆ្នាំថ្មី។ បាល់គ្រីស្តាល់នេះ មានចារសព្ទសាធុការពរដែលមនុស្សពីទីផ្សេងៗបានសរសេរទៅកាន់អ្នកជាទីស្រឡាញ់របស់គេ ព្រមទាំងក្ដីសង្ឃឹម បំណងប្រាថ្នា និងការតាំងចិត្តសម្រាប់ឆ្នាំថ្មី។
នៅប្រទេសអ៊ីតាលី សម័យបុរាណដែលជាទឹកដីដើមកំណើតនៃចក្រភពរ៉ូម៉ាំង មានប្រពៃណីទម្លាក់របស់ចាស់ៗ ដែលគេឈប់ប្រើហើយនោះ ទៅតាមបង្អួចនារាត្រីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។
«បទភ្លេងចម្រៀង Auld Lang Syne»
ចំណែកជនជាតិអាល្លឺម៉ង់ វិញ មានប្រពៃណីដុតរំលាយសំណ ហើយចាក់ទម្លាក់ទៅក្នុងទឹកត្រជាក់ ដោយនាំគ្នាទស្សន៍ទាយភព្វវាសនាឆ្នាំថ្មីទៅតាមរូបសំណដែលកកនៅក្នុងទឹកនោះ។ បើសំណមានរាងជាបេះដូង នោះគេជឿថា នឹងមានពិធីមង្គលការ បើជារូបសំពៅ មានន័យថា នឹងមានការធ្វើដំណើរ ហើយបើមានរាងជាសត្វជ្រូកវិញ គេរំពឹងថានឹងសម្បូរភោគផល ចំណីអាហារនាឆ្នាំថ្មីជាក់ជាមិនខាន។
ពលរដ្ឋខ្មែរអាល្លឺម៉ង់ ម្នាក់នៅទីក្រុងប៊ែរឡាំង បានរៀបរាប់ពីប្រពៃណីដ៏សំខាន់មួយទៀតនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសាកល គឺការបាញ់កាំជ្រួច ដែលជនជាតិអាល្លឺម៉ង់ តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ទាំងរដ្ឋនៅតាមទីសាធារណៈ និងពលរដ្ឋទូទៅនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយចំណាយប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។
អ្នកស្រី ឧល្លា រួន អតីតអ្នកជំនាញតុបតែងមុខផ្នែកភាពយន្ត និងល្ខោន ទៅតាមយុគសម័យនីមួយៗដែលបច្ចុប្បន្នចូលនិវត្តន៍ទៅហើយនោះ បានថ្លែងអំពីជំនឿរបស់ជនជាតិអាល្លឺម៉ង់ សម័យបុរាណ ក្នុងប្រពៃណីដុតកាំជ្រួចនេះ៖ «បើយើងប្រដូចទៅនឹងចិន ឬអាស៊ី យើង ដុតហ្នឹង គឺគេបណ្ដាញខ្មោចព្រាយពីឆ្នាំចាស់ឱ្យថាអស់ ដូចថាឱ្យអស់ចង្រៃ។ ប៉ុន្តែឥឡូវនេះ គឺដុតនេះទៅជាការសប្បាយ ហើយលាពីឆ្នាំចាស់ទៅឆ្នាំថ្មី»។
ប្រពៃណីដុតកាំជ្រួច ជាពិសេសនៅតាមទីសាធារណៈសំខាន់ៗនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសាកលនេះ គឺមានប្រារព្ធធ្វើនៅតាមប្រទេសនានា រួមទាំងនៅប្រទេសកម្ពុជា ផងដែរ។ ក្រៅពីដុតកាំជ្រួចចម្រុះពណ៌ ភ្លឺព្រោងព្រាយនាព្ធដ៏អាកាស មនុស្សម្នាដែលទៅជួបជុំគ្នានៅទីនោះតែងនាំគ្នាស្រែកច្រៀង និងហ៊ោកញ្ឆៀវយ៉ាងកងរំពង ស្វាគមន៍ឆ្នាំថ្មី។
ទំនៀមទម្លាប់នេះ គឺជាប្រពៃណីបុរាណមួយទៀតក្នុងកិច្ចឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដោយមានជំនឿថា នឹងនាំមកនូវសិរីសួស្ដី និងសុភមង្គលក្នុងក្រុមគ្រួសារ។
ពលរដ្ឋខ្មែរម្នាក់រស់នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺលោក លុយ បានហាន់ ដែលជាស្ថាបត្យករចូលនិវត្តន៍ទៅហើយនោះ បានរៀបរាប់អំពីប្រការនេះ៖ «បាទ! ពេលនោះហើយដែលគេកប់ឆ្នាំចាស់ ហើយគេស្រែកហ៊ោដើម្បីនឹងទទួលឆ្នាំថ្មី ហើយគេទៅជួបជុំគ្នានៅ សម្ព្ស អេលីហ្សេ (Champs Elysees) ដែលជាផ្លូវធំជាងគេបង្អស់នៅប៉ារីស។ បាទ! របៀបគេអ៊ីចឹង នៅស្រុកបារាំង នេះ»។
ចំពោះជនជាតិកាណាដា វិញក៏មានជំនឿនេះដូចគ្នាដែរ គឺថាការនាំគ្នាទះដៃស្រែកហ៊ោកញ្ជ្រៀវនាវេលាពាក់កណ្ដាលអធ្រាត្រ ដែលជារាត្រីចុងក្រោយនៃឆ្នាំចាស់ ឆ្លងចូលព្រឹកថ្ងៃទី១ នៃឆ្នាំថ្មី នឹងនាំមកនូវសេចក្តីសុខចម្រើន និងសន្តិភាព។
«បទភ្លេងចម្រៀង Auld Lang Syne»
ម៉្យាងវិញទៀត ដូចជាប្រពៃណីខ្មែរ និងជាតិសាសន៍ដទៃទៀតដែរ ការជូនពរគ្នាទៅវិញទៅមក គឺជាទំនៀមទម្លាប់ដ៏សំខាន់មួយទៀតនៃពិធីបុណ្យចូលឆ្នាំថ្មី។ ពលរដ្ឋខ្មែរនៅទីក្រុងម៉ុងរ៉េអាល់ (Montreal) អ្នកស្រី ផង់ ផារីន ដែលបម្រើការនៅក្រសួងយុត្តិធម៌ នៃប្រទេសកាណាដា ផ្ញើនូវក្តីនឹករលឹក និងពរសព្ទសាធុការ ជូនដល់ជនរួមជាតិនាឱកាសចូលឆ្នាំសាកលនេះ៖ «ចា៎! នៅស្រុកក្រៅនេះ គេនិយាយពីស្រុកខ្មែរ គេថា ប្រជាជនស្រុកខ្មែរឃើញថាញញឹមណា តែរូបខ្មែរ គឺថាញញឹមហើយ។ ចា៎! ហើយខ្ញុំចង់ជូនពរឱ្យបងប្អូនខ្មែរយើងទាំងអស់ មានសន្តិភាពនៅក្នុងប្រទេសយើងឱ្យសប្បាយ ឱ្យមានសើចឱ្យច្រើននៅ២០១៤ ហ្នឹង»។
«បទភ្លេងចម្រៀង Auld Lang Syne»
ចំណែក អ្នកស្រី មាស ម៉ាសាឌី ពីសហរដ្ឋអាមេរិក អ្នកស្រី ឧល្លា រួន ពីប្រទេសអាល្លឺម៉ង់ និងលោក លុយ បានហាន់ ពីប្រទេសបារាំង ក៏បានផ្ញើក្តីនឹករលឹក និងពរសព្ទសាធុការ ជូនដល់ជនរួមជាតិនាឱកាសចូលឆ្នាំសាកលនេះដែរ។
អ្នកស្រី មាស ម៉ាសាឌី៖ «នាងខ្ញុំសូមជូនពរដល់បងប្អូនខ្មែរទាំងអស់ សូមឱ្យជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារទាំងអស់ ជាពិសេស សូមឱ្យមានសុខសន្តិភាព ចា៎ Happy New Year»។
អ្នកស្រី ឧល្លា រួន៖ «សូមឱ្យប្រជាជនក្រីក្រខ្មែរមានបាយមានម្ហូបទទួលទានគ្រប់គ្រាន់ ហើយឱ្យបានមានទីជម្រករស់នៅសមរម្យជាមនុស្សដូចគេដូចឯង ឱ្យទទួលបានភាពសុចរិតពីសំណាក់អស់លោកដែលភ្លេចខ្លួនធំៗខាងលើ រួចហើយបន់ឱ្យស្ដេចកូន និងស្ដេចម៉ែ នឹកគិតសេចក្តីទុក្ខសោករបស់ប្រជារាស្ត្រក្រីក្រផង។ នេះជាសំណូមពរ និងសេចក្តីជូនពររបស់ខ្ញុំតែប៉ុណ្ណឹង»។
លោក លុយ បានហាន់៖ «បាទ! ក្នុងឆ្នាំថ្មីនេះ ខ្ញុំសុំថា ឱ្យស្រុកខ្មែរ ខ្មែរទាំងអស់គ្នារួបរួមគ្នា គឺថាដើម្បីធ្វើឱ្យស្រុកយើងលូតលាស់ ព្រោះថាបើយើងគ្មានសាមគ្គី ស្រុកយើងមិនអាចលូតលាស់បានទេបាទ»។
«បទភ្លេងចម្រៀង Auld Lang Syne»
នាងខ្ញុំ កេសរណ្ណីយ្យា ពីរដ្ឋធានីវ៉ាស៊ីនតុន។
សួស្តីឆ្នាំថ្មី ឆ្នាំសាកល!!!
«បទភ្លេងចម្រៀង Auld Lang Syne»
បទចម្រៀងនេះ មានចំណងជើងថា អល ឡាង ស្ហាន (Aul Lang Syne) មានន័យថា លាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដែលជាបទចម្រៀងដ៏ចំណាស់មួយនៃជនជាតិ ស្កត (Old Scottish Song)។ ពលរដ្ឋនៃប្រទេសនិយាយភាសាអង់គ្លេស ស្ទើរតែទាំងអស់នៅលើពិភពលោក តែងនិយមនាំគ្នាស្រែកច្រៀងបន្ទរនូវបទចម្រៀងនេះ នាវេលាពាក់កណ្ដាលអធ្រាត្រ នៅយប់ចុងក្រោយនៃឆ្នាំចាស់ ដើម្បីស្វាគមន៍ព្រឹកថ្ងៃទី១ នៃឆ្នាំថ្មី ឆ្នាំសាកល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។