ទស្សនារូបចម្លាក់នៅសារមន្ទីរ ម៉េត្រូប៉ូលីថេន (រូបទី១ និង រូបទី២)
សារមន្ទីរសិល្បៈ ម៉េត្រូប៉ូលីថេន (Metropolitan Museum of Art) មានមូលដ្ឋាននៅក្នុងក្រុងញីវយ៉ក សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រ ទី៣ ខែឧសភា ថានឹងបញ្ជូនរូបចម្លាក់បុរាណចំនួន២ មកអោយកម្ពុជា វិញ តាមដែលអាជ្ញាធរអះអាងថា ចម្លាក់ទាំងនោះត្រូវគេលួចចេញពីប្រាសាទនៅក្នុងពេលកម្ពុជា មានសង្គ្រាមនាទសវត្សរ៍ទី៧០។
ការសម្រេចយល់ព្រមប្រគល់រូបចម្លាក់បុរាណខ្មែរសម័យសតវត្សរ៍ទី១០ ទាំងពីរ អោយកម្ពុជា វិញ ត្រូវធ្វើឡើងបន្ទាប់ពីមានការប្រកាសទាមទាររបស់មន្ត្រីកម្ពុជា និងការចរចាអស់ជាច្រើនខែ។
សេចក្ដីថ្លែងការណ៍របស់ប្រធានសារមន្ទីរសិល្បៈ ម៉េត្រូប៉ូលីថេន លោក ថូម៉ាស ខេមបេល (Thomas P. Campbell) បានបញ្ជាក់ថា តាមការសិក្សាដោយអ្នកជំនាញជាច្រើនខែ និងបានរកឃើញថា រូបចម្លាក់ទាំងនោះ គឺត្រូវបានគេលួចចេញពីប្រាសាទកណ្ដាលព្រៃនៅកម្ពុជា។ លោក ថូម៉ាស ខេមបេល បញ្ជាក់ថា ការយល់ព្រមប្រគល់រូបចម្លាក់មកអោយកម្ពុជា គឺដោយទឹកចិត្តសប្បុរស និងពង្រឹងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោក ថូម៉ាស ខេមបេល៖ «ការយល់ព្រមប្រគល់រូបចម្លាក់ទាំង ២នេះ គឺជាសកម្មភាពក្នុងន័យពង្រឹងទំនាក់ទំនងដែលមានជាយូរមកហើយ រវាងស្ថាប័ននេះ និងដៃគូនៅកម្ពុជា។ ស្របគ្នានឹងការរឹតចំណងទំនាក់ទំនងនេះ ក៏នឹងបង្កើនកិច្ចសហការគ្នាទៅអនាគត»។
រូបចម្លាក់ដែលនឹងប្រគល់មកអោយកម្ពុជា វិញនោះ ត្រូវលោក ថូម៉ាស ពិពណ៌នាថា ជាចម្លាក់មនុស្សប្រុសអង្គុយលត់ជង្គង់ ឬត្រូវលោកហៅថា ឆ្មាំអង្គុយយាមធ្វើអំពីថ្មភក់។ រូបចម្លាក់ទាំងពីរនោះត្រូវប្រគល់ជាអំណោយទៅអោយសារមន្ទីរសិល្បៈ ម៉េត្រូប៉ូលីថេន ជាបន្តបន្ទាប់ នៅក្នុងឆ្នាំ១៩៩២។ ហើយរូបចម្លាក់ទាំងពីរនោះ ត្រូវបានដាក់តាំងក្នុងសារមន្ទីរចាប់តាំងពីឆ្នាំ១៩៩៤។
កាលពីខែមិថុនា ឆ្នាំ២០១២ កន្លងទៅ មន្ត្រីកម្ពុជា បានប្រកាសទាមទារមកវិញនូវរូបចម្លាក់ដែលអះអាងថាត្រូវលួចចេញពីប្រាសាទកោះកេរ។ ប៉ុន្តែ នៅពេលនោះមន្ត្រីកម្ពុជា ពុំទាន់មានព័ត៌មានគ្រប់គ្រាន់ ដើម្បីការពារអំណះអំណាងនោះឡើយ។ យ៉ាងណា ព័ត៌មានចាំបាច់មួយចំនួនត្រូវប្រគល់បន្ថែមដោយអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) ដែលបានស្រាវជ្រាវពីការលួចរូបចម្លាក់នៅកម្ពុជា។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនៃក្រសួងវប្បធម៌ ពីការយល់ព្រមប្រគល់រូបចម្លាក់មកអោយកម្ពុជា វិញនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី៤ ខែឧសភា។
ប្រធានក្រុមស្ថាបនិកសមាគមកេរដំណែលខ្មែរ និងជាអ្នកស្រាវជ្រាវពីប្រាសាទកោះកេរ លោក ចិន្ត ច័ន្ទរតនា មានប្រសាសន៍ថា រូបចម្លាក់នោះ គឺអាចស្ថិតក្នុងចំណោមចម្លាក់មួយចំនួនទៀតដែលត្រូវគេលួចចេញពីប្រាសាទចិន ដែលជាប្រសាទមួយក្នុងចំណោមប្រាសាទនៅកោះកេរ។ បច្ចុប្បន្ន គឺនៅសល់តែជើងទម្រនៃរូបចម្លាក់ទាំងនោះនៅសេសសល់។
លោក រតនា បន្តថា រូបចម្លាក់បុរាណនោះ គឺស្ថិតក្នុងសាច់រឿងតែមួយជាមួយរូបចម្លាក់មួយដែលកំពុងមានរឿងក្ដីក្ដាំនឹងសារមន្ទីរ សូថេបប៊ី (Sotheby) ដែលក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក កំពុងប្រឹងប្រែងជួយកម្ពុជា ក្នុងការទាមទារមកវិញ៖ «ខ្ញុំចុះស្រាវជ្រាវ ខ្ញុំឃើញថា មានទម្រចំនួន៩ ក្នុងប្រាសាទចិន ដែលយកចេញពីក្លោងទ្វារខាងលិច គឺជាចម្លាក់នៅក្នុងរឿងមហាភារតយុទ្ធ។ រូបហ្នឹង គឺសាច់រឿងក្នុងពេល ភីម និង ទុរយោធន៍ ប្រយុទ្ធគ្នា។ ហើយរូបហ្នឹង គឺជាទេពមិនដឹងជាតួអង្គក្នុងរឿងហ្នឹងក៏មិនដឹង ដែលចូលរួមក្នុងពេលប្រយុទ្ធគ្នាហ្នឹង»។
បើទោះជាមានសារមន្ទីរសិល្បៈ ម៉េត្រូប៉ូលីថេន យល់ព្រមប្រគល់មកអោយកម្ពុជា វិញក៏ដោយ ក៏គេនៅមិនទាន់ដឹងថានឹងប្រគល់នៅពេលណានោះទេ ប៉ុន្តែសារមន្ទីរនេះបានសង្ឃឹមថានឹងធ្វើឡើងក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។