បុរស​វ័យ​ជិត ៨០​ឆ្នាំ​រស់នៅ​ខេត្តសៀមរាប​ប្រើ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ

0:00 / 0:00

បុរស​វ័យ​ចំណាស់​ម្នាក់​មាន​ដើមកំណើត​ជា​អ្នកស្រុក​អង្គរ ខេត្តសៀមរាប​បាន​ប្រើ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត ប្រកប​ការងារ​ជា​អ្នក​ជួសជុល​ប្រាង្គ​ប្រាសាទ​បុរាណ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

ថ្វីត្បិតតែ​ការងារ​នេះ មិនអាច​រក​ប្រាក់​កម្រៃ​ក្លាយជា​អ្នក​មាន​ក្តី ក៏ប៉ុន្តែ​បុរស​ដែល​មាន​វ័យ​ជិត ៨០ ឆ្នាំ​រូប​នេះ​រីករាយ​នឹង​ធ្វើ​វា​ដើម្បី​រក្សា​កេរដំណែល​ស្នាដៃ​បុព្វបុរស​ខ្មែរ និង​រក្សា​លំនឹង​ប្រាសាទ​ឱ្យ​គង់វង្ស​យូរ​ដល់​កូនចៅ​ជំនាន់​ក្រោយៗ។

ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប​ភាគច្រើន តែងតែ​ឆ្លងកាត់ និង​ទៅ​ទស្សនា​លានជល់ដំរី ជាប់​នឹង​ក្រុម​ប្រាសាទព្រះពិធូរ និង​ប្រាសាទ​ជម ឋិត​ក្នុង​បរិវេណ​អង្គរធំ ខាងជើង​នៃ​ប្រាសាទ​បាយ័ន។

បច្ចុប្បន្ន​ទីនោះ ក្រុម​ជាង​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុម​កម្មករ​ជិត ១០០​នាក់ កំពុង​មមាញឹក​ជួសជុល​ប្រាសាទបុរាណ​ក្នុង​តំបន់​នោះ ក្រោយពី​អ្នក​ជំនាញ​បុរាណវិទ្យា​បាន​ធ្វើ​កំណាយ​រួចរាល់​ហើយ។

ក្នុងចំណោម​មនុស្ស​ជិត ១០០​នាក់​ទាំងនោះ គេ​ឃើញ​មាន​បុរស​វ័យ ៧៦​ឆ្នាំ​ម្នាក់ សម្បុរ​ខ្មៅ​រាង​ស្គម ខ្ពស់​កំពុង​អង្គុយ​ដាប់ថ្ម ក្នុង​បរិវេណ​ប្រាសាទ​ជម។

បើទោះបីជា គាត់​មាន​វ័យ​ចំណាស់​ក្តី លោក នុត ពឹង នៅតែ​រឹងមាំ អាច​ធ្វើ​ការងារ​ធ្ងន់ៗ​បាន​ធម្មតា ដូច​មនុស្ស​មាន​វ័យ​ជាង ៥០​ឆ្នាំ​។ លោក​មានកូន ៤​នាក់ មាន​ដើមកំណើត​ជា​អ្នកស្រុក​អង្គរ រស់នៅ​ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ហើយ​មានបទពិសោធន៍​ជួសជុល​ប្រាសាទ​ជាង ៥០ ឆ្នាំ​មក​ហើយ ពោល​ចាប់​តាំង​ពី​អំឡុង​ទសវត្សរ៍​ទី៦០។

កំពុង​អង្គុយ​ដាប់ថ្ម​ដើម្បី​យក​ទៅ​ផ្គុំ​ប្រាសាទ ក្នុង​បរិវេណ​ប្រាសាទ​ជម លោក នុត ពឹង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៧ ឧសភា​ថា លោក​ពេញចិត្ត​ការងារ​នេះ ព្រោះ​ចង់​ថែរក្សា​ប្រាសាទ​បុរាណ ដែល​ចាស់​ទ្រុឌទ្រោម ឱ្យ​ឈរ​រឹងមាំ​ឡើងវិញ ដើម្បី​ឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​ស្គាល់ ឆ្លុះបញ្ចាំង​ពី​អរិយធម៌​សម័យ​បុរាណ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ជួសជុល១.jpg
ស្ថានភាព​បុរស​វ័យ ៧៦ ឆ្នាំ លោក នុត ពឹង (ឆ្វេង) និង​ក្រុមការងារ​កំពុង​ជួសជុល​ប្រាសាទ​ជម កាលពី​ថ្ងៃទី១៧ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក​ថា រយៈពេល​ជាង ៥០​ឆ្នាំ កន្លង​ទៅ​នេះ លោក​បាន​ជួសជុល​ប្រាសាទ​គោកចក ប្រាសាទ​ធម្មនន្ទ ប្រាសាទតាកែវ ប្រាសាទស្រះស្រង់ ហើយ​ចុង​ក្រោយ​នេះ គឺ​ប្រាសាទ​ជម។

លោក​ថា ប្រាសាទ​ដែល​ពិបាក​នឹង​ជួសជុល ហើយ​ប្រើ​ពេល​យូរ គឺ​ប្រាសាទ​សាងសង់​ពី​ឥដ្ឋ ដោយ​ត្រូវ​ប្រើប្រាស់​ស្ករត្នោត ម្សៅ​មី និង​ដី​ដំបូង​លាយ​ចូលគ្នា ដើម្បី​បិទ​ថ្ម​ត​ភ្ជាប់​គ្នា​ឱ្យ​ឈរ​រឹងមាំ​ដូច​ទម្រង់​ដើម។

លោក នុត ពឹង៖ «ប្រសិន​ណា​យើង​មិន​ជួយ​ការពារ​ប្រាសាទ​ទេ ច្បាស់​កូនចៅ​ជំនាន់​ក្រោយ នឹង​មិន​ស្គាល់​ប្រាសាទ​ទេ»។

បុរស​ដដែល​បន្ថែម​ថា ការងារ​នេះ អាច​រក​ប្រាក់​ចំណូល ១​ថ្ងៃ ៤ ម៉ឺន​រៀល ឬ​ស្មើ ១០​ដុល្លារ អាមេរិក មិន​អាច​ធ្វើ​ឱ្យ​លោក​មាន​ជីវភាព​ធូរធារ​ឡើយ​។ ក៏ប៉ុន្តែ​លោក​ថា លទ្ធផល​ដែល​ទទួល​បាន​ត្រឡប់​មក​វិញ ប្រាសាទ​ដែល​ពួក​លោក ជួសជុល​រួចរាល់ រឹងមាំ​ល្អ មាន​ទម្រង់​ស្អាត​ដូចដើម ចន្លោះ ៨០ ទៅ ជាង​៩០ ភាគរយ ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ខ្មែរ​សម័យ​បុរាណ។

កន្លង​ទៅ ក្រុម​អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង រដ្ឋាភិបាល​កូរ៉េ សហការ​គ្នា ជួសជុល​ពង្រឹង​ថ្ម​ប្រាសាទ​ជម ដែល​ទទួលរង​ការខូចខាត​រួមមាន បែកបាក់​ផ្ទាំង​ថ្ម ដោយមាន​ថ្ម​ខ្លះទៀត​ពុក​ផុយ ដែល​ត្រូវ​ជួសជុល​ថ្ម​ទាំងនោះ ឱ្យ​រឹងមាំ​អាច​ប្រើប្រាស់​ឡើងវិញ​បាន។

អាជ្ញាធរ​ជំនាញ​កំពុង​រៀបចំ​ថ្ម​ចាស់ៗ ទៅ​ដាក់​នៅ​ទីតាំង​ដើម ហើយ​បច្ចុប្បន្ន​នេះ​ក្រុមការងារ​ទាំង​២ ក្រុម​កំពុង​ត​ភ្ជាប់​ថ្ម ឱ្យ​មាន​គុណភាព​អាច​ប្រើ​បានជា​បន្តបន្ទាប់។

ការ​ជួសជុល​ប្រាសាទ​ជម ធ្វើឡើង​ជាង ៤ ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ធ្វើ​កំណាយ​រួចរាល់ ដោយមាន​ការ​ចូល​ពី អង្គការ​យូណេស្កូ (UNESCO) និង​សមាជិក​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ហៅ​កាត់​ថា ICC-Angkor (International Coordinating Committee-Angkor) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ដៃគូ​ពាក់ព័ន្ធ។

លោក នុត ពឹង បន្ថែម​ថា ការងារ​នេះ​ពិបាក​ជា​ខ្លាំង ត្រូវ​ការ​អត់ធ្មត់ និង​ផ្ចិតផ្ចង់ ធ្វើ​យ៉ាងណា​ត្រូវ​ស្រាវជ្រាវ​រក​ថ្ម​ចាស់ៗ មក​ជួសជុល​កែ​លម្អ ហើយ​តម្រៀប​រក​ស្ថានភាព​ដើម​វិញ​។ លោក​ថា សិល្បៈ​ជួសជុល​ប្រាសាទ ធ្វើឡើង​មាន​លំដាប់លំដោយ ដោយ​ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ ទើប​ជួសជុល​ប្រាសាទ​រួចរាល់។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​អធិប្បាយ​រឿង​នេះ ពី​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៧ ឧសភា។

រីឯ​ក្រុម​ជាង​កំពុង​ជួសជុល​ប្រាសាទព្រះពិធូរ ជាប់​នឹង​លានជល់ដំរី ក៏​កំពុង​មមាញឹក​តម្រៀប​ថ្ម​ឱ្យ​ដូច​ទ្រង់ទ្រាយ​ដើម​វិញ​ដែរ ខណៈ​ដែល​ថ្ម​ឈរ​បច្ចុប្បន្ន​ត្រូវ​គេ​តម្រៀប​ខូច​ទ្រង់ទ្រាយ​ធំ តាំងពី​សម័យ​អាណានិគមនិយម​បារាំង។

មន្ត្រី​ជំនាញ​អាជ្ញាធរ​អប្សរា​កំពុង​ជួសជុល ប្រាសាទ​ព្រះពិធូរ​ចំនួន ២ ការដ្ឋាន​ផ្សេងៗ​គ្នា ដោយ​ការដ្ឋាន អេ (A) សម្រេច​បាន ៩០ ភាគរយ និង​ការដ្ឋាន ស៊ី ( C ) ទើបតែ​សម្រេច​បាន ២០ ភាគរយ ប៉ុណ្ណោះ។

ជួសជុល២.jpg
ទិដ្ឋភាព​ប្រាសាទ​ជម​កំពុង​ជួសជុល កាលពី​ថ្ងៃទី១៧ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ជាង​ជួសជុល​ប្រាសាទ ព្រះ​ពិធូរ លោក ហឿន ហៃ ឱ្យដឹង​ថា លោក​ទទួល​បាន ប្រាក់​ឈ្នួល ៤ ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ហើយ​ឈប់សម្រាក​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ តែ​យ៉ាងណា​ក្តី លោក​រីករាយ នឹង​ធ្វើ​កិច្ច​ការងារ​នេះ ព្រោះ​ទទួល​បាន​ប្រាក់​ឈ្នួល​ទៀងទាត់ ដែល​ជា​ផ្នែក​មួយ​ចូលរួម​អភិរក្ស និង​ថែទាំ​ប្រាសាទ​បុរាណ​ខ្មែរ។

លោក ហឿន ហៃ៖ «យើង​រៀប​ហ្នឹង​មិន​ដូច​រៀប​ឥដ្ឋ​ទេ យើង​រៀប​ត្រូវ​ការ​មើល មិន​ងាយស្រួល​ទេ វា​ពិបាក ដាប់​ក៏​យើង​ដាប់ថ្ម​ដែរ​។ គម្រោង​នេះ​ធ្វើ​ប៉ុណ្ណឹង​សិន នៅ​នេះ​បើ​មាន​លុយ​ទៀត​ក៏​គេ​រើ ។ តែ​ខ្ញុំ​យល់ថា មិន​ងាយ​ទេ»។

ប្រាសាទព្រះពិធូរ ឬ​ហៅថា ប្រាសាទ​ក្រុមព្រះ​ពិធូរ ឋិត​នៅ​អែម​នឹង​លាន​ជល់​ដំរី ភាគ​ខាងជើង​នៃ​ប្រាសាទ​បាយ័ន និង​ខាងមុខ​ប្រាសាទបាពួន។

ប្រាសាទ​នេះ​ស្ថាបនា​ឡើង​នៅ​ដើម​សតវត្ស​ទី​១២ ក្នុង​រាជ្យ​ព្រះបាទ​សូរ្យវរ្ម័នទី​២ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ រីឯ​ប្រាសាទ​ជម ឋិត​នៅក្នុង​ក្រុម​ប្រាសាទព្រះពិធូរ​ដែរ បាន​ទទួលរង​ខូចខាត​ធ្ងន់ធ្ងរ ដោយ​ត្រូវ​រុះរើ តួ​នៃ​ប្រាសាទ​ទាំងស្រុង ដើម្បី​ពង្រឹង​គ្រឹះ និង​រចនាសម្ព័ន្ធ​ផ្នែក​ខាងក្រោម ជួសជុល​ថ្ម និង​រៀបចំ​តួ​ប្រាសាទ​ឡើងវិញ ដោយ​រក្សា​ឱ្យ​បាន​ទម្រង់​ដើម​ទាំងស្រុង។

អាជ្ញាធរ​ជំនាញ​បុរាណវិទ្យា​ឱ្យ​ដឹង​ថា គម្រោង​ជួសជុល​ប្រាសាទ​ទាំងនេះ ត្រូវ​ចំណាយ​ថវិកា​អស់​ជាង ជិត ៨ លាន​ដុល្លារ​អាមេរិក​( ៧.៩៨០.០០០) ក្រោម​ជំនួយ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​កូរ៉េ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (Korea International Cooperation Agency) ទីភ្នាក់ងារ​បេតិកភណ្ឌ​កូរ៉េ (Korea Heritage Agency) និង​ដៃគូ​ពាក់ព័ន្ធ​មួយចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។