សង្គមខ្មែរតាំងពីជាង ៨០០ឆ្នាំមុន គឺបានចងក្រងក្បួនច្បាប់ និងគម្ពីរធម៌បាលីផ្សេងៗ ដោយចារទុកនៅលើស្លឹករុក្ខជាតិម្យ៉ាង គឺទ្រាំង ដែលគេតែងនិយមហៅថាស្លឹករឹត។ កេរដំណែលក្បួនច្បាប់ដែលចារជាសាស្ត្រាស្លឹករឹតនេះ គឺបានចាក់ឫសជ្រៅនៅក្នុងសង្គមខ្មែររហូតដល់អ្នកស្រាវជ្រាវខ្លះ បានចាត់ទុកថាវាជាមរតក និងព្រលឹងវប្បធម៌របស់ខ្មែរដ៏សំខាន់។
ក៏ប៉ុន្តែបច្ចុប្បន្ន សាស្ត្រាស្លឹករឹតបានចាប់ផ្ដើមបាត់បង់ពីសង្គមខ្មែរបន្តិចម្ដងៗ ដោយសារតែសម័យទំនើបផលិតក្រដាសធ្វើជាសៀវភៅបានចូលមកដល់ ហើយអ្នកជំនាញខាងផ្នែកចារសាស្ត្រាស្លឹករឹតក៏បាត់បង់ទៅៗពីសង្គមខ្មែរ។ ទោះយ៉ាងណានៅឯស្រុកពួក ចម្ងាយជាង ២០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប គឺគ្រួសារមួយនៅតែអភិរក្សការចារអក្សរធ្វើជាសាស្ត្រាស្លឹករឹតនៅឡើយ។
នាង ភឿន សុផាវី អាយុ ២៨ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក គឺជាស្ត្រីវ័យក្មេងម្នាក់ដែលមានជំនាញខាងចារអក្សរខ្មែរបុរាណធ្វើជាសាស្ត្រាស្លឹករឹត ដែលគេកម្រឃើញមានស្ត្រីខ្មែរណាមានជំនាញបែបនេះណាស់។ នាង សុផាវី ក្រៅតែពីចេះចារក្បួនច្បាប់ និងគម្ពីរធម៌តាមបែបប្រពៃណី និងព្រះពុទ្ធសាសនា នាងក៏ចេះអានអក្សរបុរាណទាំងនោះច្បាស់លាស់ ខុសពីមនុស្សខ្មែរសម័យនេះភាគច្រើនដែលមិនអាចអានបានទេ។
«...សំឡេងអានគម្ពីរ...»
អង្គុយនៅលើរនាបគ្រែដែលដាក់ទាបជិតផ្ទាល់ដីជាមួយម្ដាយចាស់ជរានៅក្នុងដីភូមិដែលព័ទ្ធរបងជិត នាង សុផាវី ឲ្យដឹងថា នាងបានចេះចារក្បួនសាស្ត្រាស្លឹករឹតនេះពីឪពុក ដែលធ្លាប់បួសជាព្រះសង្ឃ។ នាង សុផាវី បញ្ជាក់ថា នាងបានសិក្សាតែត្រឹមថ្នាក់ទី១០ នៃអនុវិទ្យាល័យស្រុកពួក ក៏ប៉ុន្តែនាងចេះចារអក្សរខ្មែរបុរាណធ្វើជាសាស្ត្រាស្លឹករឹតតាំងតែពីនាងអាយុ ១៣ឆ្នាំមកម្ល៉េះ។ នាងពន្យល់ថា ការចារអក្សរបុរាណនៅលើស្លឹកទ្រាំងធ្វើជាសាស្ត្រាស្លឹករឹត គឺមានការពិបាកជាងការសរសេរអក្សរបច្ចុប្បន្នឆ្ងាយ ពីព្រោះវាចារដោយប្រើម្ជុល ដោយប្រើកម្លាំងដៃ ហើយត្រូវការអារម្មណ៍ និងស្មារតីផ្ចិតផ្ចង់មែនទែន ពីព្រោះតែខុសតួអក្សរណាមួយ មិនអាចកែបានទេ គឺត្រូវសរសេរស្លឹកថ្មីឡើងវិញទាំងអស់។ ទោះយ៉ាងណា នាង សុផាវី បង្ហាញអារម្មណ៍ថា គឺនាងស្រឡាញ់ជំនាញនេះ ពីព្រោះតែវាជាមរតកដែលឪពុកបង្ហាត់បង្រៀន៖ «ភាគច្រើន គឺខ្ញុំចារចម្លងច្បាប់បុរាណអក្សរបុរាណ គឺខ្ញុំពេញចិត្តនឹងយកក្បួនច្បាប់បុរាណសុទ្ធៗមិនធ្វើឲ្យក្លាយ។ តាំងពីការចាប់ផ្ដើមចារហ្នឹងមក លើកទឹកចិត្តសំខាន់ គឺពុកគាត់ប្រាប់ថា នេះជាស្នាដៃខ្មែរជាអក្សរបុរាណ បុណ្យក៏យើងបាន ឈ្មោះក៏យើងមាន ថវិកាក៏យើងបាន»។
នាង សុផាវី មានបងប្អូនទាំងអស់ចំនួន ៦នាក់ ហើយបងប្អូនប្រុសរបស់នាង ២នាក់ទៀត ក៏ចេះចារសាស្ត្រាស្លឹករឹតនេះដែរ។
អ្នកស្រី ស៊ឹម ណារុត អាយុ ៦៥ឆ្នាំ ជាម្ដាយរបស់នាង ដែលចេះជំនាញខាងដេរទង់ទាក់ទងនឹងសាសនាដែរ បានបង្ហាញពីមោទនភាពដែលកូនរបស់គាត់ចេះចារសាស្ត្រាស្លឹករឹតនេះ។ អ្នកស្រី ស៊ឹម ណារុត មានប្រសាសន៍ថា គាត់ពេញចិត្តពេលឃើញកូនស្រីរបស់គាត់ ហើយប្រហែលជាស្ត្រីខ្មែរតែម្នាក់ផងក៏មិនដឹង ដែលចេះជំនាញចារលើសាស្ត្រាស្លឹករឹតនេះ៖ «ខ្ញុំស្រឡាញ់ដែរ ព្រោះថាពេលយើងស្លាប់ទៅដូចថាវាមានសញ្ញាឃើញ បើសញ្ញាបត្រ ពេលដែលយើងស្លាប់ទៅ គឺវាបាត់សូន្យទៅនឹងដី អានេះវាអណ្ដែត បានខ្ញុំស្រឡាញ់អត់មានជំទាស់នឹងកូនដែលប្រកបរបរចារលើសាស្ត្រាស្លឹករឹតនេះទេ»។
បើទោះបីជា នាង ភឿន សុផាវី បានចាប់យកជំនាញចារសាស្ត្រាស្លឹករឹតធ្វើជាមុខរបររកកម្រៃប្រចាំថ្ងៃក៏ដោយ ក៏គ្រួសាររបស់នាងដែលស្ថិតក្នុងស្ថានភាពមេម៉ាយ មិនមានជីវភាពធូរធារទេ ដោយសារតែសាស្ត្រាមួយច្បាប់ទម្រាំតែនាងចារបានលក់ក្នុងតម្លៃ ២៥០ដុល្លារ គឺត្រូវប្រើពេលជាច្រើនខែ ហើយបច្ចុប្បន្ន នៅក្នុងសង្គមខ្មែរលែងសូវស្គាល់ និងនិយមប្រើប្រាស់វាទៀតហើយ។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកអភិរក្សផ្នែកវប្បធម៌ខ្មែរ នៅតែឲ្យតម្លៃទៅលើអ្នកដែលចេះចារសាស្ត្រាស្លឹករឹត ថាគឺជាអ្នកស្នងមរតក និងចូលរួមថែរក្សាវប្បធម៌ខ្មែរដ៏សំខាន់។
មគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាថៃ មួយរូប លោក រ៉េត សាមុត មានប្រសាសន៍ថា សិល្បៈនៃការចារអក្សរលើស្លឹករឹត គឺមានប្រភពដំបូងចេញពីប្រទេសឥណ្ឌា និងស្រីលង្កា។ លោក រ៉េត សាមុត ឲ្យដឹងថា សិល្បៈនៃការចារអក្សរនៅលើស្លឹករឹត បានកើតមាននៅប្រទេសកម្ពុជា រយៈពេលជាង ៨០០ឆ្នាំមកហើយ ដោយវាមានចំណាស់ប្រហាក់ប្រហែលជាមួយនឹងសិលាចារឹកជាច្រើននៅតាមផ្ទាំងថ្មនៃប្រាសាទបុរាណដែរ។ ដូច្នេះ ថ្វីត្បិតតែសិល្បៈមួយនេះមានប្រភពចម្លងពីប្រទេសផ្សេង ក៏ប៉ុន្តែវាបានចាក់ឫសយ៉ាងជ្រៅទាំងផ្នែកវប្បធម៌ និងសិល្បៈ និងជំនឿសាសនានៅក្នុងសង្គមខ្មែរ ដែលយើងមិនអាចបោះបង់ចោលបាន៖ «ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាស៊ីគ្នាជាមួយនឹងអរិយធម៌វប្បធម៌របស់យើង បានន័យថា វាមានតម្លៃសម្រាប់ជាតិខ្លាំងណាស់»។

អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក នឹម សួន មានប្រសាសន៍ថា សាស្ត្រាស្លឹករឹត គឺជាព្រលឹងវប្បធម៌របស់ខ្មែរដ៏សំខាន់ ដែលក្រុមអ្នកអភិរក្សវប្បធម៌កំពុងប្រឹងប្រែងរក្សាទុកកុំឲ្យបាត់បង់។ មន្ត្រីដដែលបញ្ជាក់ទៀតថា នៅខេត្តសៀមរាប មានក្បួនច្បាប់ និងគម្ពីរសាសនាជាច្រើន ដែលគេចារទុកលើសាស្ត្រាស្លឹករឹត នៅមានតាមទីវត្តអារាមជាច្រើនកន្លែង ដែលមន្ត្រីមន្ទីរវប្បធម៌កំពុងតែចុះស្រាវជ្រាវ និងចងក្រងទុកជាឯកសារ៖ «ការប្រើប្រាស់ស្លឹករឹតហ្នឹងវាជាប្រពៃណីបុរាណដែលយើងមិនទាន់មាន ក្រដាសស្នាមនៃការវិវឌ្ឍប្រើប្រាស់តាមសម្បកឈើ ពីស្លឹកឈើមកស្លឹករឹត ហើយពីស្លឹករឹត ដោយសារតែស្លឹករឹតមានគុណភាពអាចប្រើប្រាស់ និងរក្សាទុកបានយូរ»។
នាង ភឿន សុផាវី បង្ហាញឲ្យដឹងពីការប្ដេជ្ញាចិត្តថា ក្នុងមួយជីវិតរបស់នាងនេះ បើទោះបីជាស្ថិតក្នុងស្ថានភាពរស់នៅលំបាកយ៉ាងណា ក៏នាងមិនអាចបោះបង់ចោលជំនាញចារសាស្ត្រាស្លឹករឹតនេះទេ។ ទៅថ្ងៃអនាគត នាងមានបំណងដ៏ធំមួយ គឺប្រឹងប្រែងរកមូលនិធិមកសាងសង់ជាសារមន្ទីរដ៏តូចមួយនៅក្នុងដីភូមិរបស់នាង ដើម្បីដាក់បង្ហាញក្បួនច្បាប់គម្ពីរ និងសាស្ត្រានានា ដែលចារលើស្លឹករឹត បង្ហាញឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ បានចូលមកសិក្សាស្វែងយល់ និងបើកទូលាយឲ្យកូនខ្មែរជំនាន់ក្រោយណាដែលចង់ចេះចារសាស្ត្រាស្លឹករឹត បានចូលមករៀនផង។
ទោះយ៉ាងណា នាង ភឿន សុផាវី មិនប្រាកដថា តើសេចក្តីប៉ងប្រាថ្នារបស់នាង អាចនឹងបានសម្រេចទៅតាមក្តីស្រមៃជាយូរមកហើយនោះដែរ ឬក៏យ៉ាងណាទេ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។