សហគ្រិន​វ័យ​ក្មេង​បង្កើត​វគ្គសិក្សា​ភាសាខ្មែរ​ដល់​ជន​បរទេស ដើម្បី​ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ

ដោយ ឡេង ម៉ាលី
2021-02-08
Share
សហគ្រិន​វ័យ​ក្មេង​បង្កើត​វគ្គសិក្សា​ភាសាខ្មែរ​ដល់​ជន​បរទេស ដើម្បី​ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ អ្នកស្រី ហុក ស្រីមុំ ជា​អ្នក​បង្កើត​វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​សម្រាប់​ជន​បរទេស ទាំង​នៅ​លើ​អនឡាយ និង​ការ​សិក្សា​ដោយ​ផ្ទាល់។
រូប៖ ហ្វេសប៊ុក​ Sreymom Hok

ស្ត្រី​មួយ​រូប​បាន​បង្កើត​វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​សម្រាប់​ជន​បរទេស ទាំង​នៅ​លើ​អនឡាយ (Online) និង​ការ​សិក្សា​ដោយ​ផ្ទាល់។ នាង​មាន​គោល​បំណង​ផ្សព្វផ្សាយ​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ ឱ្យ​ជន​បរទេស​បាន​យល់​ដឹង​កាន់​តែ​ច្រើន។ សំខាន់​ជាង​នេះ​ទៅ​ទៀត នាង​បង្កើត​កម្មវិធី​សិក្សា​ភាសា​ខ្មែរ​នេះ ដើម្បី​ចូល​រួម​បង្កើត​ការងារ​ជូន​ស្ត្រី​ដទៃ​ទៀត និង​លើក​ទឹក​ចិត្ត​ដល់​ពួកគេ ឱ្យ​ហ៊ាន​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង ដើម្បី​សម្រេច​គោល​បំណង​នៅ​ថ្ងៃ​អនាគត។

ខ្មែរ​លេសសិន (Khmer Lesson) ជា​កម្មវិធី​សិក្សា​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​សហគ្រិន​មួយ​រូប គឺ​អ្នកស្រី ហុក ស្រីមុំ ក្នុង​ទិស​ដៅ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ខ្មែរ និង​វប្បធម៌​ខ្មែរ។

កម្មវិធីសិក្សា​ថ្មី​នេះ អាច​ជួយ​ដល់​ជន​បរទេស​ដែល​ជា​និស្សិត ម្ចាស់​អាជីវកម្ម ឬ​មន្ត្រីទូត ឱ្យ​យល់ដឹង ​អំពី​វប្បធម៌ អរិយ​ធម៌ និង​ទំនៀម​ទម្លាប់​ខ្មែរ ​ដើម្បីឲ្យ​ពួកគេ​​​ងាយ​ស្រួល​ទាក់​ទង និង​សម្រប​ខ្លួន​តាម​ប្រពៃណី​របស់​ខ្មែរ។

ជន​បរទេស​ អាច​​មាន​​ជម្រើស​​​ក្នុង​​​ការ​​​សិក្សា​តាម​​រយៈ​ប្រព័ន្ធ​អនឡាញ (Online) ឬ​ចុះ​ឈ្មោះ​​​រៀន​​ដោយ​​ផ្ទាល់​។ មុន​ការ​ចុះ​ឈ្មោះ ពួកគេ​អាច​ទទួល​បាន​ការ​បង្រៀន​សាក​ល្បង​រយៈពេល ៣០នាទី ដើម្បី​ធ្វើ​តេស្ត​សមត្ថភាព និង​កម្រិត​សិក្សា​ភាសា​ខ្មែរ​របស់​ពួកគេ។

សហ​ស្ថាបនិក Khmer Lesson អ្នកស្រី ហុក ស្រីមុំ លើក​ឡើង​ថា ការ​បង្រៀន​​ជន​បរទេស​ឱ្យ​ចេះ​និយាយ និង​​​​​អាន​ភាសាខ្មែរ​​ ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ អ្នកស្រី​ត្រូវ​រិះ​រក​មធ្យោបាយ និង​បង្កើត​​អក្សរ​អាន​សម្រាប់​ឲ្យ​ពួកគេ​បញ្ចេញ​​​សំឡេង​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ភាសាខ្មែរ។ ទោះ​ជា​មាន​ការ​លំបាក​បន្តិច​ក្តី ក៏​អ្នកស្រី​មិន​បោះ​បង់ ​ក្ដី​សុបិន​របស់​ខ្លួន​ឡើ៖ «សៀវភៅ​ដែល​បង​បាន​បង្កើត​ហ្នឹង គឺ​សៀវ​ភៅហ្នឹង​យើង​ផ្តោត​ទៅលើ​ការ​សន្ទនា។ អ៊ីចឹង​កូន​សិស្ស​យើង​មួយ​ចំនួន​ហ្នឹង គឺ​គាត់​អត់​ចេះ​អាន​ទេ។ អ៊ីចឹង​សៀវភៅ​ដែល​គាត់​មើល​ហ្នឹង គឺ​គាត់​មើល​ទៅ​លើ Phonetic អក្សរ​អង់គ្លេស ប៉ុន្តែ Phonetic អក្សរ​អង់គ្លេស​ហ្នឹង ពេលខ្លះ​គាត់​អាន​អត់ត្រូវ​ដូចជា​សម្លេង​ខ្មែរ​ទេ។ អ៊ីចឹង​ត្រូវ​ធ្វើ​ម៉េច? អ៊ីចឹង​ហើយ បាន​ជា​ពួក​ខាង​បង​សម្រេច​យើង​ធ្វើ​ជា​ការ​ថត​សំឡេង ដែល​ជា Native Speaker ហ្នឹង​គឺគាត់​ថត​សម្លេង​ទៅ ហើយ​យើង​បាន​ផូស​នៅ​ក្នុង​យូធូប។ អ៊ីចឹង​នៅ​ពេល​ដែល​គាត់​អាន​សៀវភៅ​ហ្នឹង គឺ​គាត់​អាច​ស្ដាប់​ផង ហើយ​គាត់​អាច​អាន មើល​សៀវភៅ​ហ្នឹង​ផ្ទាល់​ផង គាត់​នឹង​ដឹង​ពី​សំឡេង​ផ្ទាល់​របស់ Native Speaker ហើយ»

មុន​បើក​អាជីវកម្ម​នេះ អ្នកស្រី ហុក ស្រីមុំ ធ្លាប់​ជា​បុគ្គលិក​​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជា​ជាតិ(UNDP) និង​អង្គការ​មួយ​ទៀត​របស់​កូរ៉េ​។ អ្នកស្រី​បាន​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​ទាំងនេះ ដើម្បី​បង្កើត​អាជីវកម្ម​ផ្នែក​អប់រំ​ភាសា​ខ្មែរ​ដល់​ជន​បរទេស។

អ្នកស្រី​បាន​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ ខ្មែរ​លេសសិន (Khmer Lesson) នៅ​ឆ្នាំ២០១៧ ដែល​កាល​នោះ មាន​សមាជិក​ដំបូង​តែ​ម្នាក់​ប៉ុណ្ណោះ។ ក្រោយ​មក​ អ្នក​ស្រី​បាន​សហការ​ជាមួយ​ដៃ​គូរ​អាជីវកម្ម​ដទៃ​ទៀត និង​បាន​ចងក្រង​សៀវភៅ និង​វ៉ឹបសៃត៍​មួយ​ចំនួន ដើម្បី​ឲ្យ​ជន​បរទេស​កាន់​តែ​ងាយ​ស្រួល​​ស្វែង​រក និង​សិក្សា​ភាសាខ្មែរ។

សហគ្រិន​វ័យ​៣២ ឆ្នាំ​រូប​នេះ ឱ្យ​ដឹង​ថា ការ​បង្កើត​កម្មវិធី Khmer Lesson នេះ ក្រៅ​ពី​ការ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ខ្មែរ និង​វប្បធម៌​ខ្មែរ​ហើយ អ្នកស្រី​ក៏​ចង់​ផ្តល់​ឱកាស​ការងារ​ដល់​ស្ត្រី​ដទៃ​ទៀត អាច​ឆ្លៀត​រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ដោយ​ការ​ចុះ​ឈ្មោះ​បង្រៀន​តាម​អនឡាញ៖ «ដោយ​សារ​តែ​ខ្ញុំ​ជាស្ត្រី​ខ្លួនឯង​ផ្ទាល់ ដូច្នេះ ខ្ញុំ​យល់​ពី​ភាព​មមាញឹក​របស់​ស្ត្រី ដែល​គាត់​ត្រូវ​មើលថែ​កូន ហើយ​គាត់​ត្រូវ​មើល​ថែ​អ្នក​ផ្ទះ​ដែល​ពេល​ខ្លះ គាត់​អត់​អាច​ចេញ​ទៅ​ក្រៅ​ធ្វើការ​បាន ប៉ុន្តែ​គាត់​ត្រូវ​មាន​ចំណូល​ខ្លួន​គាត់។ ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​នៅ​ពេល​ដែល​ខ្ញុំ​អាច​ជួយ​មនុស្ស​ស្រី​ម្នាក់ ហើយ​អ៊ីចឹង​ខ្ញុំ​គិត​ថា ពី​ម្នាក់​ទៅ ខ្ញុំ​អាច​ជួយ ២នាក់ ខ្ញុំ​អាច​ជួយ ៣នាក់ ដែល​ខ្ញុំ​អាច​ជួយ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ អ៊ីចឹង​ហើយ​បាន​ជា​បុគ្គលិក​របស់​ខ្ញុំ​ភាគ​ច្រើន គឺ​ជា​ស្ត្រី​ផ្ទាល់»​​​

គ្រូ​បង្រៀន​ក្រៅ​ម៉ោង​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​​ លោកស្រី ឈិន ណាវី រៀប​រាប់​ថា លោកស្រី ពេញចិត្ត​នឹង​ការ​ងារនេះ ព្រោះ​បាន​ចែក​រំលែក​ចំណេះ​ដឹង​របស់​ខ្លួន ដល់​ជន​បរទេស​មួយ​ចំនួន ដែល​ចង់​ស្គាល់​ប្រទេស​កម្ពុជា និង​ចង់​ចេះ​និយាយ​ភាសាខ្មែរ។​ លោកស្រី​បន្ត​ថា លោកស្រី​អាច​រក​ប្រាក់​ចំណូល​ពី​ការងារ​ក្រៅ​ម៉ោង​​នេះ ចន្លោះ​ពី ៤០០ ទៅ ៦០០ ដុល្លារ​ក្នុង​មួយ​ខែ៖ «កត្តា​ដែល​ធ្វើឲ្យ​ខ្ញុំ​ចូល​រួម​នៅ​ក្នុង​ការ​បង្រៀន​ជាមួយ​នឹង​ខ្មែរ​លេសសិន​ហ្នឹង កត្តា​ទី១ គឺ ខ្ញុំ​ចង់​ចែក​រំលែក​វប្បធម៌​ខ្មែរ​ទៅ​ជន​ជាតិ​បរទេស។ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​យុវជន​ខ្មែរ​របស់​យើង​ហ្នឹង គាត់​ចុះ​ឈ្មោះ​ចូល​រួម មិន​ថា សិស្ស​ម្នាក់ ឬ ២នាក់​ទេ យ៉ាង​ហោច​ណាស់ គឺ​យើង​បាន​ចែក​ចំណេះ​ដឹង​ទៅ​ជន​ជាតិ​ផ្សេង​ដែរ ដើម្បី​ឲ្យ​ពិភព​លោក ឬ​មួយ​ក៏​សកល​លោក​គេ​បាន​ដឹង»

សហ​ស្ថានិក និង​ជា​ប្រធាន​គម្រោង​នៃ​ក្រុមហ៊ុន​​ ស៊ី.អ៊ីនវេសមិន (SHE Investment) អ្នកស្រី លឹម លីដា លើក​ឡើង​ថា អាជីវកម្ម​របស់ Khmer Lesson គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ និង​ផ្សព្វ​ផ្សាយ​បន្ថែម​ដល់​បរទេស​ឲ្យ​ស្គាល់​ពី​អក្សរ​សាស្ត្រ​ខ្មែរ​ផង​ដែរ។ អ្នកស្រី​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​ដទៃ​ទៀត ឲ្យ​ប្រឹង​ប្រែង​រៀន​សូត្រ​បន្ថែម​ពី​បច្ចេកទេស​ថ្មីៗ និង​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​ឱ្យ​បាន​ច្រើន ដើម្បី​ជា​ជំនួយ​​ស្មារតី​ក្នុង​ការ​ប្រកប​អាជីវកម្ម៖ «ស្ត្រីមុំ គឺ​ដោយ​សារ​តែ​គាត់​បាន​ឃើញ​ខ្លួន​គាត់​អភិវឌ្ឍន៍​ខ្លាំង នៅ​ក្នុង​កម្ម​វិធី​របស់​យើង​ហ្នឹង ក៏​គាត់​មាន​បំណង​ចង់​ជួយ​សហគ្រិន​ស្ត្រី​ផ្សេង​ទៀត។ អ៊ីចឹង​ក៏​គាត់​បាន​ដាក់​ពាក្យ ដើម្បី​ក្លាយ​ទៅ​ជា​គ្រូ​បង្គោល​របស់​យើង។ ហេតុ​អី​បាន​ជា​យើង​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ហ្នឹង​ទៅ​ឲ្យ​សហគ្រិន​ស្ត្រី​ហ្នឹង? គឺ​ដើម្បី​ឲ្យ​គាត់​ហ្នឹង​អាច​ហ្នឹង ហើយ​អាច​ពង្រីក​ខ្លួន​ឯង ហើយ​នឹង​អាច​ជួយ​ដល់​សហគ្រិន​ស្ត្រី​ផ្សេង​ទៀត។ ខ្ញុំ​គិត​ថា ស្ត្រី​គួរ​តែ​ដក​នូវ​ការ​គិត​បែប​អវិជ្ជមាន​ថា ខ្លួន​ឯង​ហ្នឹង គឺ​ធ្វើ​អត់​កើតអី​ចឹង​ទៅ។ អ៊ីចឹង​ចាប់​ផ្តើម​ពី​ធ្វើអ្វី​ការ​ធ្វើអ្វី​ដែល​សាមញ្ញ​ទៅ ហើយ​ចាំ​អភិវឌ្ឍន៍​វា​ឲ្យ​វា​កាន់​តែ​ធំ​ទៅៗ»

ក្រុម​គ្រូ​បង្រៀន​របស់ Khmer Lesson បាន​បង្រៀន​ភាសាខ្មែរ​ដល់​មន្ត្រី​ស្ថាន​ទូត និង​អង្គការ​ជា​ច្រើន ​ដូច​ជា ស្ថានទូត​ហ្វីលីពីន (Philippines) ស្ថាន​ទូត​អូស្ត្រាលី (Australia) ស្ថាន​ទូត​ស៊ុយអែត (Sweden) ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ(UNDP) និង​ស្ថាប័ន​ធំៗ មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន វគ្គ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ ខ្មែរ លេស​សិន (Khmer Lesson) នេះ មាន​គ្រូ​បង្រៀន សរុប ១៣នាក់ និង​មាន​សិស្ស​ជិត ៥០០នាក់ បាន​ចុះ​ឈ្មោះ​ចូលរៀន។

ទាក់ទង​នឹង​ការ​បង្រៀន​ភាសាខ្មែរ​ដល់​ជន​បរទេស​នេះ អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុវាចា មាន​ប្រសាសន៍​ថា ​វគ្គ​បណ្ដុះបណ្ដាល​ភាសាខ្មែរ​ដល់​ជនជាតិ​បរទេស​តាម​កម្មវិធី​ក្រសួង​អប់រំ មាន​នៅ​ឯ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លោក​បន្ត​ថា វគ្គ​បណ្ដុះបណ្ដាល​ទាំង​នោះ​ រួមមាន ជំនាញ​ស្ដាប់ សរសេរ និយាយ និង​អាន ហើយ​សិស្ស​ត្រូវ ចុះ​ឈ្មោះ​រៀន​ដោយ​ផ្ទាល់​នៅ​ទីនោះ។ លោក​បញ្ជាក់​ថា ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​គ្រឹះស្ថាន​អប់រំ ដែល​មាន​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ បន្ត​ប្រឹង​ប្រែង​បន្ថែម​ទៀត ក្នុង​ការ​លើក​កម្ពស់​អក្សរ​សាស្ត្រ​ខ្មែរ​ដល់​ជន​បរទេស។ ចំពោះ​ស្ថាប័ន​សិក្សា​ផ្សេង​ទៀត ដែល​ពុំ​ទាន់​មាន​អាជ្ញា​ប័ណ្ណ​ ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​អប់រំ​​ឲ្យ​បាន​ត្រឹម​ត្រូវ៖ «ខ្ញុំសុំអរគុណ​ទៅ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់ ដែល​អ្នក​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ពិភព​លោក ដែល​បាន​ចាប់​អារម្មណ៍​សិក្សា​ទៅ​លើ​ភាសា​ខ្មែរ ក៏​ដូច​ជា​មុខវិជ្ជា​ដទៃ​ទៀត ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង​របស់​បុគ្គល ក៏​ដូចជា​គោល​បំណង​របស់​គ្រួសារ​គាត់ នៅ​ក្នុង​ន័យ​ចូល​រួម​លើក​កម្ពស់​សង្គម សេដ្ឋ​កិច្ច និង​វប្បធម៌​របស់​កម្ពុជា ហើយ​ក៏​សូម​អំពាវ​នាវ​ឲ្យ​បន្ត​ការ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​វិធានការ​សុវត្តិភាព​សុខភាព ទន្ទឹម​នឹង​ការ​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​របស់​អ្នក​សិក្សា​ទាំង​អស់»

ជុំវិញ​រឿង​នេះ សហ​ស្ថាបនិក Khmer Lesson អ្នកស្រី ហុក ស្រីមុំ ឱ្យ​ដឹង​ថា អ្នកស្រី​នឹង​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​អប់រំ នៅ​ពេល​ដែល​ វគ្គ​បណ្តុះបណ្តាល Khmer Lesson អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាង​នេះ នា​ពេល​អនាគត។

អ្នក​ស្រី​ថ្លែង​ទៀត​ថា ​ក្រុម​ការងារ​របស់​អ្នក​ស្រី កំពុង​រិះរក​មធ្យោបាយ​ និង​កម្មវិធី​ដទៃ​ទៀត ដើម្បី​ពង្រីក​ការ​ផ្តល់​សេវា​អប់រំ​ភាសាខ្មែរ​ដល់​ជន​បរទេស​ឱ្យ​បាន​ទូលំទូលាយ​។ សហគ្រិន​រូប​នេះ​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ដទៃ​ទៀត ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​បើក​អាជីវកម្ម​ ឲ្យ​ពួកគាត់​ក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត និង​ហ៊ាន​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល