ស្ត្រីមួយរូបបានបង្កើតវគ្គបណ្ដុះបណ្ដាលភាសាខ្មែរសម្រាប់ជនបរទេស ទាំងនៅលើអនឡាយ (Online) និងការសិក្សាដោយផ្ទាល់។ នាងមានគោលបំណងផ្សព្វផ្សាយអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ឱ្យជនបរទេសបានយល់ដឹងកាន់តែច្រើន។ សំខាន់ជាងនេះទៅទៀត នាងបង្កើតកម្មវិធីសិក្សាភាសាខ្មែរនេះ ដើម្បីចូលរួមបង្កើតការងារជូនស្ត្រីដទៃទៀត និងលើកទឹកចិត្តដល់ពួកគេ ឱ្យហ៊ានបង្កើតអាជីវកម្មដោយខ្លួនឯង ដើម្បីសម្រេចគោលបំណងនៅថ្ងៃអនាគត។
ខ្មែរលេសសិន (Khmer Lesson) ជាកម្មវិធីសិក្សាថ្មីមួយដែលបង្កើតឡើងដោយសហគ្រិនមួយរូប គឺអ្នកស្រី ហុក ស្រីមុំ ក្នុងទិសដៅលើកស្ទួយអក្សរសាស្ត្រខ្មែរ និងវប្បធម៌ខ្មែរ។
កម្មវិធីសិក្សាថ្មីនេះ អាចជួយដល់ជនបរទេសដែលជានិស្សិត ម្ចាស់អាជីវកម្ម ឬមន្ត្រីទូត ឱ្យយល់ដឹង អំពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្មែរ ដើម្បីឲ្យពួកគេងាយស្រួលទាក់ទង និងសម្របខ្លួនតាមប្រពៃណីរបស់ខ្មែរ។
ជនបរទេស អាចមានជម្រើសក្នុងការសិក្សាតាមរយៈប្រព័ន្ធអនឡាញ (Online) ឬចុះឈ្មោះរៀនដោយផ្ទាល់។ មុនការចុះឈ្មោះ ពួកគេអាចទទួលបានការបង្រៀនសាកល្បងរយៈពេល ៣០នាទី ដើម្បីធ្វើតេស្តសមត្ថភាព និងកម្រិតសិក្សាភាសាខ្មែររបស់ពួកគេ។
សហស្ថាបនិក Khmer Lesson អ្នកស្រី ហុក ស្រីមុំ លើកឡើងថា ការបង្រៀនជនបរទេសឱ្យចេះនិយាយ និងអានភាសាខ្មែរ ពុំមែនជារឿងងាយស្រួលនោះទេ។ អ្នកស្រីត្រូវរិះរកមធ្យោបាយ និងបង្កើតអក្សរអានសម្រាប់ឲ្យពួកគេបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវតាមភាសាខ្មែរ។ ទោះជាមានការលំបាកបន្តិចក្តី ក៏អ្នកស្រីមិនបោះបង់ ក្ដីសុបិនរបស់ខ្លួនឡើ៖ « សៀវភៅដែលបងបានបង្កើតហ្នឹង គឺសៀវភៅហ្នឹងយើងផ្តោតទៅលើការសន្ទនា។ អ៊ីចឹងកូនសិស្សយើងមួយចំនួនហ្នឹង គឺគាត់អត់ចេះអានទេ។ អ៊ីចឹងសៀវភៅដែលគាត់មើលហ្នឹង គឺគាត់មើលទៅលើ Phonetic អក្សរអង់គ្លេស ប៉ុន្តែ Phonetic អក្សរអង់គ្លេសហ្នឹង ពេលខ្លះគាត់អានអត់ត្រូវដូចជាសម្លេងខ្មែរទេ។ អ៊ីចឹងត្រូវធ្វើម៉េច ? អ៊ីចឹងហើយ បានជាពួកខាងបងសម្រេចយើងធ្វើជាការថតសំឡេង ដែលជា Native Speaker ហ្នឹងគឺគាត់ថតសម្លេងទៅ ហើយយើងបានផូសនៅក្នុងយូធូប។ អ៊ីចឹងនៅពេលដែលគាត់អានសៀវភៅហ្នឹង គឺគាត់អាចស្ដាប់ផង ហើយគាត់អាចអាន មើលសៀវភៅហ្នឹងផ្ទាល់ផង គាត់នឹងដឹងពីសំឡេងផ្ទាល់របស់ Native Speaker ហើយ » ។
មុនបើកអាជីវកម្មនេះ អ្នកស្រី ហុក ស្រីមុំ ធ្លាប់ជាបុគ្គលិកទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងអង្គការមួយទៀតរបស់កូរ៉េ។ អ្នកស្រីបានសម្រេចចិត្តឈប់ពីការងារទាំងនេះ ដើម្បីបង្កើតអាជីវកម្មផ្នែកអប់រំភាសាខ្មែរដល់ជនបរទេស។
អ្នកស្រីបានបង្កើតវគ្គបណ្ដុះបណ្ដាល ខ្មែរលេសសិន (Khmer Lesson) នៅឆ្នាំ២០១៧ ដែលកាលនោះ មានសមាជិកដំបូងតែម្នាក់ប៉ុណ្ណោះ។ ក្រោយមក អ្នកស្រីបានសហការជាមួយដៃគូរអាជីវកម្មដទៃទៀត និងបានចងក្រងសៀវភៅ និងវ៉ឹបសៃត៍មួយចំនួន ដើម្បីឲ្យជនបរទេសកាន់តែងាយស្រួលស្វែងរក និងសិក្សាភាសាខ្មែរ។
សហគ្រិនវ័យ៣២ ឆ្នាំរូបនេះ ឱ្យដឹងថា ការបង្កើតកម្មវិធី Khmer Lessonនេះ ក្រៅពីការលើកស្ទួយអក្សរសាស្ត្រខ្មែរ និងវប្បធម៌ខ្មែរហើយ អ្នកស្រីក៏ចង់ផ្តល់ឱកាសការងារដល់ស្ត្រីដទៃទៀត អាចឆ្លៀតរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយការចុះឈ្មោះបង្រៀនតាមអនឡាញ៖ « ដោយសារតែខ្ញុំជាស្ត្រីខ្លួនឯងផ្ទាល់ ដូច្នេះ ខ្ញុំយល់ពីភាពមមាញឹករបស់ស្ត្រី ដែលគាត់ត្រូវមើលថែកូន ហើយគាត់ត្រូវមើលថែអ្នកផ្ទះដែលពេលខ្លះ គាត់អត់អាចចេញទៅក្រៅធ្វើការបាន ប៉ុន្តែគាត់ត្រូវមានចំណូលខ្លួនគាត់។ ខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំអាចជួយមនុស្សស្រីម្នាក់ ហើយអ៊ីចឹងខ្ញុំគិតថា ពីម្នាក់ទៅ ខ្ញុំអាចជួយ ២នាក់ ខ្ញុំអាចជួយ ៣នាក់ ដែលខ្ញុំអាចជួយច្រើនជាងនេះទៅទៀត។ អ៊ីចឹងហើយបានជាបុគ្គលិករបស់ខ្ញុំភាគច្រើន គឺជាស្ត្រីផ្ទាល់ » ។
គ្រូបង្រៀនក្រៅម៉ោងផ្នែកអក្សរសាស្ត្រខ្មែរ លោកស្រី ឈិន ណាវី រៀបរាប់ថា លោកស្រី ពេញចិត្តនឹងការងារនេះ ព្រោះបានចែករំលែកចំណេះដឹងរបស់ខ្លួន ដល់ជនបរទេសមួយចំនួន ដែលចង់ស្គាល់ប្រទេសកម្ពុជា និងចង់ចេះនិយាយភាសាខ្មែរ។ លោកស្រីបន្តថា លោកស្រីអាចរកប្រាក់ចំណូលពីការងារក្រៅម៉ោងនេះ ចន្លោះពី ៤០០ ទៅ ៦០០ ដុល្លារក្នុងមួយខែ៖ « កត្តាដែលធ្វើឲ្យខ្ញុំចូលរួមនៅក្នុងការបង្រៀនជាមួយនឹងខ្មែរលេសសិនហ្នឹង កត្តាទី១ គឺ ខ្ញុំចង់ចែករំលែកវប្បធម៌ខ្មែរទៅជនជាតិបរទេស។ អ៊ីចឹងខ្ញុំចង់ឲ្យយុវជនខ្មែររបស់យើងហ្នឹង គាត់ចុះឈ្មោះចូលរួម មិនថា សិស្សម្នាក់ ឬ ២នាក់ទេ យ៉ាងហោចណាស់ គឺយើងបានចែកចំណេះដឹងទៅជនជាតិផ្សេងដែរ ដើម្បីឲ្យពិភពលោក ឬមួយក៏សកលលោកគេបានដឹង » ។
សហស្ថានិក និងជាប្រធានគម្រោងនៃក្រុមហ៊ុន ស៊ី.អ៊ីនវេសមិន (SHE Investment) អ្នកស្រី លឹម លីដា លើកឡើងថា អាជីវកម្មរបស់ Khmer Lesson គឺពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រទេសជាតិ និងផ្សព្វផ្សាយបន្ថែមដល់បរទេសឲ្យស្គាល់ពីអក្សរសាស្ត្រខ្មែរផងដែរ។ អ្នកស្រីលើកទឹកចិត្តដល់ស្ត្រីដទៃទៀត ឲ្យប្រឹងប្រែងរៀនសូត្របន្ថែមពីបច្ចេកទេសថ្មីៗ និងចូលរួមវគ្គបណ្ដុះបណ្ដាលឱ្យបានច្រើន ដើម្បីជាជំនួយស្មារតីក្នុងការប្រកបអាជីវកម្ម៖ « ស្ត្រីមុំ គឺដោយសារតែគាត់បានឃើញខ្លួនគាត់អភិវឌ្ឍន៍ខ្លាំង នៅក្នុងកម្មវិធីរបស់យើងហ្នឹង ក៏គាត់មានបំណងចង់ជួយសហគ្រិនស្ត្រីផ្សេងទៀត។ អ៊ីចឹងក៏គាត់បានដាក់ពាក្យ ដើម្បីក្លាយទៅជាគ្រូបង្គោលរបស់យើង។ ហេតុអីបានជាយើងផ្តល់វគ្គបណ្តុះបណ្តាលហ្នឹងទៅឲ្យសហគ្រិនស្ត្រីហ្នឹង ? គឺដើម្បីឲ្យគាត់ហ្នឹងអាចហ្នឹង ហើយអាចពង្រីកខ្លួនឯង ហើយនឹងអាចជួយដល់សហគ្រិនស្ត្រីផ្សេងទៀត។ ខ្ញុំគិតថា ស្ត្រីគួរតែដកនូវការគិតបែបអវិជ្ជមានថា ខ្លួនឯងហ្នឹង គឺធ្វើអត់កើតអីចឹងទៅ។ អ៊ីចឹងចាប់ផ្តើមពីធ្វើអ្វីការធ្វើអ្វីដែលសាមញ្ញទៅ ហើយចាំអភិវឌ្ឍន៍វាឲ្យវាកាន់តែធំទៅៗ » ។
ក្រុមគ្រូបង្រៀនរបស់ Khmer Lesson បានបង្រៀនភាសាខ្មែរដល់មន្ត្រីស្ថានទូត និងអង្គការជាច្រើន ដូចជា ស្ថានទូតហ្វីលីពីន (Philippines)ស្ថានទូតអូស្ត្រាលី (Australia) ស្ថានទូតស៊ុយអែត (Sweden) ទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងស្ថាប័នធំៗ មួយចំនួនទៀត។
បច្ចុប្បន្ន វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ខ្មែរ លេសសិន (Khmer Lesson) នេះ មានគ្រូបង្រៀន សរុប ១៣នាក់ និងមានសិស្សជិត ៥០០នាក់ បានចុះឈ្មោះចូលរៀន។
ទាក់ទងនឹងការបង្រៀនភាសាខ្មែរដល់ជនបរទេសនេះ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលភាសាខ្មែរដល់ជនជាតិបរទេសតាមកម្មវិធីក្រសួងអប់រំ មាននៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបន្តថា វគ្គបណ្ដុះបណ្ដាលទាំងនោះ រួមមាន ជំនាញស្ដាប់ សរសេរ និយាយ និងអាន ហើយសិស្សត្រូវ ចុះឈ្មោះរៀនដោយផ្ទាល់នៅទីនោះ។ លោកបញ្ជាក់ថា ក្រសួងលើកទឹកចិត្តឲ្យគ្រឹះស្ថានអប់រំ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ បន្តប្រឹងប្រែងបន្ថែមទៀត ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរដល់ជនបរទេស។ ចំពោះស្ថាប័នសិក្សាផ្សេងទៀត ដែលពុំទាន់មានអាជ្ញាប័ណ្ណ ក្រសួងលើកទឹកចិត្តឲ្យពួកគេ ស្នើសុំអាជ្ញាប័ណ្ណពីក្រសួងអប់រំឲ្យបានត្រឹមត្រូវ៖ « ខ្ញុំសុំអរគុណទៅដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលអ្នកសិក្សានៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងពិភពលោក ដែលបានចាប់អារម្មណ៍សិក្សាទៅលើភាសាខ្មែរ ក៏ដូចជាមុខវិជ្ជាដទៃទៀត ដែលអាចឆ្លើយតបទៅនឹងគោលបំណងរបស់បុគ្គល ក៏ដូចជាគោលបំណងរបស់គ្រួសារគាត់ នៅក្នុងន័យចូលរួមលើកកម្ពស់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា ហើយក៏សូមអំពាវនាវឲ្យបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្តិភាពសុខភាព ទន្ទឹមនឹងការខិតខំប្រឹងប្រែងរៀនសូត្ររបស់អ្នកសិក្សាទាំងអស់ » ។
ជុំវិញរឿងនេះ សហស្ថាបនិក Khmer Lesson អ្នកស្រី ហុក ស្រីមុំ ឱ្យដឹងថា អ្នកស្រីនឹងស្នើសុំអាជ្ញាប័ណ្ណពីក្រសួងអប់រំ នៅពេលដែល វគ្គបណ្តុះបណ្តាល Khmer Lesson អាចរកប្រាក់ចំណូលបានខ្ពស់ជាងនេះ នាពេលអនាគត។
អ្នកស្រីថ្លែងទៀតថា ក្រុមការងាររបស់អ្នកស្រី កំពុងរិះរកមធ្យោបាយ និងកម្មវិធីដទៃទៀត ដើម្បីពង្រីកការផ្តល់សេវាអប់រំភាសាខ្មែរដល់ជនបរទេសឱ្យបានទូលំទូលាយ។ សហគ្រិនរូបនេះលើកទឹកចិត្តដល់ស្ត្រីដទៃទៀត ដែលស្ទាក់ស្ទើរក្នុងការបើកអាជីវកម្ម ឲ្យពួកគាត់ក្លាហានក្នុងការសម្រេចចិត្ត និងហ៊ានជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។