ឃុំអន្លង់រមៀត ដែលឋិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅតែមានឈ្មោះល្បីរហូតមកដល់បច្ចុប្បន្ននេះនៅក្នុងអារម្មណ៍របស់សាធារណជន ដោយសាររបៀបរាំវង់របស់អ្នកស្រុកភូមិនេះ គឺរាំវង់លក់ផ្កា បើទោះបីជារបៀបរាំនោះបានបញ្ចប់ទៅយូរឆ្នាំមកហើយក្ដី។ អ្នកភូមិដែលជាក្មេងជំនាន់ក្រោយបង្ហាញទស្សនៈថា ពួកគេចង់ឃើញរបៀបរាំនោះឡើងវិញ ជាពិសេសនៅពេលពិធីបុណ្យចូលឆ្នាំមកដល់។ អ្នកភូមិអន្លង់រមៀត មួយចំនួនចង់អោយមានការរក្សាទម្លាប់រាំវង់លក់ផ្កា អោយនៅមានរូបភាពតំណាងអោយឃុំនេះ ដូចដែលធ្លាប់មានឈ្មោះល្បីល្បាញ។
ក្រុមអ្នកភូមិមួយចំនួនដែលបានផ្ដល់បទសម្ភាសន៍លើកឡើងថា គេចង់ឃើញរបៀបរាំលក់ផ្កានោះ ម្យ៉ាងចង់រំលឹកពីការកម្សាន្តក្នុងអតីតកាល ម្យ៉ាងទៀតចង់រក្សាទុកអោយក្មេងៗជំនាន់ក្រោយបានឃើញការរាំដែលធ្លាប់ល្បីល្បាញក្នុងអតីតកាល។
កំពុងសកអំពៅដើម្បីកិនយកទឹក ស្ត្រីអ្នកភូមិម្នាក់ដែលមានផ្ទះនៅជិតវត្តអន្លង់រមៀត មានប្រសាសន៍ថា អ្នកស្រីធ្លាប់តែឮចាស់ៗនិយាយ ហេតុនេះអ្នកស្រីចង់អោយមានការរាំលក់ផ្កានោះឡើងវិញ៖ «អត់ឃើញទេ ខ្ញុំតែងឮចាស់ៗនិយាយថា រាំហ្នឹងសប្បាយ។ ខ្ញុំចង់អោយគេមានឡើងវិញ។ ក្មេងៗខ្លះគេទៅរោងចក្រខ្លះទៅ ពេលគេទំនេរគេអាចរាំលេង។ ដូចមិនឃើញប៉ះពាល់អីទេ មិនមែនខូចខ្លួនឯណា»។
ចំណែកស្រ្តីវ័យក្មេងម្នាក់ទៀត លើកឡើងដែរថា នាងចង់ឃើញរាំវង់អន្លង់រមៀតនេះដែរ។ នាងគិតថា របៀបរាំនោះបង្ហាញបីការផ្ដល់តម្លៃដល់ស្រ្តី និងការចេះលេងកម្សាន្តដោយថ្លៃថ្នូរ៖ «ពីដើមឮថាគេរាំអ៊ីចឹងអង្គុយជាជួរ ឯប្រុសៗគេលើកដៃសំពះសុំរាំ ដូចថាគោរពសិទ្ធិនារី។ មិនដូចឥឡូវឮតែភ្លេងចូលរាំ ជាពិសេសបទញាក់»។
រាំវង់អន្លង់រមៀត ឬរាំវង់លក់ផ្កា ជារបៀបរាំពិសេសមួយរបស់អ្នកភូមិក្នុងឃុំអន្លង់រមៀតនេះ ដែលខុសប្លែកពីកន្លែងដទៃ។ របៀបរាំនោះបានល្បីល្បាញកាលពីក្នុងរបបសង្គមរាស្ត្រនិយម ប៉ុន្តែបានបញ្ឈប់បណ្ដើរនៅពេលដែលស្រុកមានសង្គ្រាមស៊ីវិលរវាងទសវត្ស៧០។
ក្នុងវ័យជាង ៥០ឆ្នាំ អ្នកស្រី លាង ហុង ដែលធ្លាប់ជាយុវតីម្នាក់នៅក្នុងក្រុមអ្នករាំលក់ផ្កា មានប្រសាសន៍ថា កាលណោះក្រុមរាំក្នុងភូមិអ្នកស្រីមានឈ្មោះល្បីទូទាំងប្រទេស។ ក្រុមនេះត្រូវគេអញ្ជើញអោយទៅរាំតាមបណ្ដាខេត្តនានានៅពេលមានពិធីកម្សាន្តសប្បាយណាមួយ៖ «នៅភ្នំពេញអីក៏គេហៅទៅពេលមានពិធីបុណ្យ ឬការអី គេមកជួលតែអន្លង់រមៀតទេល្បី។ មានភ្លេងទៅពីហ្នឹងដែរ អ្នករាំកូនស្រីនៅអន្លង់រមៀត អ៊ីចឹងទៅ។ គេមានសេហ្វ (Chief) រាំធន។ សប្បាយណាស់តើពេលហ្នុង»។
ស្ត្រីវ័យចំណាស់ដដែលរំលឹកថា ភាគច្រើននៃអ្នករាំគឺជាកូនអ្នកក្រីក្រក្នុងភូមិ ឃុំនេះ។ ពេលនោះអ្នកស្រីអាចរកប្រាក់បានខ្លះដែរ អោយម្ដាយជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីបញ្ជាក់ដែរថា ជីវភាពពេលនោះគឺមិនខុសអ្វីនឹងបទចម្រៀងដែលគេច្រៀងរៀបរាប់ពីយុវតីនៅអន្លង់រមៀត រាំលក់ផ្កាយកប្រាក់ជូនម្ដាយឡើយ៖ «បើគេចង់រាំដូចគូរខ្ញុំអ៊ីចឹង គេទៅទិញផ្កាសិន ហើយយកមកជូនខ្ញុំបានឡើងរាំ។ ប្រាក់បានមកគេអោយទៅមេក្រុមរាំ ហើយចែកទៅអ្នករាំ។ កាលណោះខ្ញុំបាន ១យប់ ១០០រៀល»។
បទចម្រៀងរាំវង់អន្លង់រមៀត ត្រូវគេតាក់តែងឡើងនៅសម័យក្រោយទេ ពោលគឺក្នុងរវាងទសវត្ស៩០ ប៉ុន្តែបទចម្រៀងនេះបានលើកឡើងពីរាំវង់លក់ផ្កានៅអន្លង់រមៀត។ បទនេះច្រៀងដោយ អ្នកស្រី ម៉េង កែវពេជ្ជតា៖ «ចម្រៀង»។
យ៉ាងណាបទចម្រៀងនេះពុំបានរៀបរាប់ជាទូទៅពីរបៀបរាំវង់លក់ផ្កាទេ គឺបានរៀបរាប់ពីទុក្ខសោករបស់យុវតីម្នាក់ដែលបែកបាក់ស្នេហានៅពេលរូបនាងត្រូវម្ដាយអោយរៀបការមានប្ដីជាថៅកែនៅភ្នំពេញ៖ «សំឡេងចម្រៀង»។
បទចម្រៀងរាំវង់អន្លង់រមៀតនេះ ជាទំនុកថ្មីដោយប្រើបទភ្លេងចាស់តាមលំនាំចម្រៀងពីសង្គមចាស់ គឺបទសែនស្រណោះច្រៀងដោយលោក ស៊ិន ស៊ីសាមុត។
ទាក់ទងនឹងរាំវង់លក់ផ្កានៅអន្លង់រមៀត ដែលនៅសល់តែបទចម្រៀងនេះ ស្ត្រីវ័យចំណាស់ដែលជាអ្នករាំលក់ផ្កាម្នាក់ទៀត អ្នកស្រី ម៉ែន ណារី មានប្រសាសន៍ថា ពីជំនាន់អ្នកស្រីរាមលក់ផ្កានោះគឺមានមេក្រុមដែលជាស្រ្តីចំណាស់ក្នុងភូមិជាអ្នកនាំមុខ។ ស្រ្តីជាមេក្រុមនោះមានតួនាទីសំខាន់ក្នុងការការពារសុវត្ថិភាពរបស់ក្មេងស្រីដែលទៅរាំ។
អ្នកស្រីថា សង្គមគេពុំបានមាក់ងាយមុខរបរនេះឡើង ដ្បិតតែមានក្មេងស្រីក្នុងក្រុមពុំបានធ្វើអ្វីខុសឆ្គងនឹងប្រពៃណីឡើយ៖ «គេមានមេក្រុមគេមួយ និងមានកូនក្រុមជាអ្នករាំ។ គេរាំស្មោះស អត់មានផ្ដេសផ្ដាសអីទេ គេដឹងតែថាទៅរាំរកប្រាក់។ ចុះជំនាន់ដើមប្រុសៗអត់ហ៊ានមើលងាយយើងទេ យើងត្រឹមត្រូវ»។
អ្នកស្រីបន្តទៀតថា ប្រសិនបើអាចអភិរក្សការរាំវង់លក់ផ្កានេះបានគឺជាការល្អ។ ប៉ុន្តែអ្នកស្រីក៏មានការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នករាំ នៅពេលដែលពិធីរាំវង់នានាក្នុងពេលបច្ចុប្បន្ននេះតែងកើតមានករណីហិង្សាជាញឹកញយ៖ «កាលហ្នឹងមេល្អដែរ បានគេទៅតាម តែឥឡូវខ្លាចតែមិនដូចពីមុន ខ្លាចតែមនុស្សមើលឃើញតែប្រាក់ជាធំ។ ពីមុនមានលោក ម៉ា ឡាពី អ្នកទូរទស្សន៍ អ្នកល្ខោននិយាយមករាំនៅអន្លង់រមៀតហ្នឹងពេលចូលឆ្នាំ គឺល្បីណាស់! ហើយសប្បាយណាស់! តែពេលនេះរាំទៅមើលមុខបន្តិចបែកមាត់»។
មេឃុំអន្លង់រមៀត លោក ស៊ីវ សាវ៉ាត មានប្រសាសន៍ថា លោកគាំទ្រចំពោះគំនិតអោយមានការអភិរក្សនេះ ហើយអាជ្ញាធរមូលដ្ឋាននឹងចូលរួមសហការរៀបចំ និងការពារសុវត្ថិភាព៖ «ការងារហ្នឹងវាល្អតើ វាធម្មតាទេ រាំវង់ដែលធ្លាប់ល្បីល្បាញ រក្សាកិត្តិយសកិត្តិនាមភូមិស្រុក។ ពេលខ្ញុំទៅប្រជុំខេត្តអីក៏ចេះតែសាកសួររឿងហ្នឹងដែរ»។
មិនខុសគ្នានេះដែរ ប្រធានមន្ទីរវប្បធម៌ខេត្តកណ្ដាល លោក សុខ អឿន មានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយមន្ត្រីបច្ចេកទេសដើម្បីរិះរកមធ្យោបាយអភិរក្សការរាំវង់លក់ផ្កានៅឃុំអន្លង់រមៀត៖ «ហ្នឹងទាល់តែមានសំណើពីគាត់មកថា ចង់អភិរក្សអ៊ីចឹងទៅ ខ្ញុំនឹងលើកសំណើរទៅខាងលើទៀត មិនអាចអត្តនោម័តបានទេ។ ឥឡូវស្ថានភាពមិនដូចពីមុន ដូច្នេះត្រូវរិះរកវិធីយ៉ាងណាដែលអាចធ្វើបាន»។
ក្រៅល្បីល្បាញពីការរាំលក់ផ្កា អន្លង់រមៀតក៏មានស្ករត្នោត និងដំណាប់ផ្លែឈើឈ្ងុយឆ្ងាញ់ ដែលអាចចាត់ទុកថា ជាផលិតផលពិសេសរបស់ឃុំនេះ។
បច្ចុប្បន្នឃុំអន្លង់រមៀត មានភូមិចំនួន ៦ មានប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ។ អ្នកភូមិភាគច្រើនប្រកបរបរកសិកម្ម។ ជីវភាពរស់នៅរបស់អ្នកភូមិបានធូរធារច្រើន ដោយសារមានកូនស្រីទៅធ្វើការងារជាកម្មករនៅរោងចក្រកាត់ដេរនៅជាយរាជធានីភ្នំពេញ ដែលនៅមិនឆ្ងាយប៉ុន្មានពីឃុំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។