អាជ្ញាធរអូស្ត្រាលី (Australia) ប្រគល់ចម្លាក់បុរាណចំនួន ៣ ទៅឱ្យកម្ពុជាវិញ បន្ទាប់ពីរកឃើញថា វត្ថុសិល្បៈទាំងនេះត្រូវបានគេលួច និងជួញដូរដោយខុសច្បាប់ចេញពីកម្ពុជា។
ព័ត៌មានពីស្ថានទូតខ្មែរប្រចាំនៅប្រទេសអូស្ត្រាលីឱ្យដឹងថា ពិធីប្រគល់ និងទទួលរូបចម្លាក់បុរាណនេះបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែកក្កដា។ តែទោះជាយ៉ាងណា ភាគីកម្ពុជាសម្រេចឱ្យភាគីអូស្ត្រាលីខ្ចីដាក់បង្ហាញចម្លាក់ទាំង ៣ នៅវិចិត្រសាលជាតិអូស្ត្រាលី សម្រាប់រយៈពេល ២ឆ្នាំ។
ចម្លាក់ទាំង ៣ ធ្វើអំពីសំរឹទ្ធ ដែលរួមមានព្រះពោធិសត្វអវលោកិតេស្វរៈនៅលើទម្រផ្កាឈូក និងបដិមាព្រះពោធិសត្វអមចំនួន ២ទៀត ដែលជាវត្ថុសិល្បៈបុរាណរបស់ជនជាតិចាមនៅក្នុងសតវត្សទី៩ ដល់ទី១០។
ជនជាតិអង់គ្លេស Douglas Latchford បានជួញដូររូបចម្លាក់ទាំង៣ ក្នុងតម្លៃ ១,៥ លានដុល្លារ ក្នុងឆ្នាំ ២០១១ ដែលក្រោយមកលោកត្រូវគេរកឃើញថា បានជាប់ពាក់ព័ន្ធក្នុងការលួច និងជួញដូរវត្ថុបុរាណខុសច្បាប់ចេញពីកម្ពុជា។
នេះជាលើកទី១ហើយ ដែលអាជ្ញាធរអូស្ត្រាលីប្រគល់វត្ថុសិល្បៈ ដែលជាប់ទាក់ទងនឹងការលួច និងជួញដូរខុសច្បាប់មកឱ្យកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។