ចំណែកឯអ្នកសិក្សាស្រាវជ្រាវវប្បធម៌ទំនៀមទម្លាប់ខ្មែរបានបញ្ជាក់ថា ការស្បថ គឺជាវិធីសាស្ត្ររបស់មនុស្សជំនាន់មុនដែលគេប្រើដើម្បីកម្លាចអ្នកដទៃឲ្យឆ្លើយការពិត ពីព្រោះសម័យនោះគេខ្វះបច្ចេកទេសស៊ើបអង្កេតស្រាវជ្រាវដើម្បីរកចម្លើយឲ្យត្រឹមត្រូវបាន។ ជំនឿសម្បថនេះកើតមានតាំងពីពេលណាមកនៅក្នុងសង្គមខ្មែរ?
ការប្រើប្រាស់ពាក្យសម្បថ ឬស្បថនៅក្នុងជំនឿខ្មែរតាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ គេឃើញនៅតែបន្តនិយមប្រើនៅឡើយ បើទោះបីបច្ចុប្បន្ននេះជាសម័យវិទ្យាសាស្ត្រទំនើបជឿនលឿនយ៉ាងណាក៏ដោយ។
ប្រការដែលនៅគេមាននិយមពាក្យសម្បថ ឬស្បថក្នុងសម័យនេះ ពីព្រោះគេយល់ថា គឺជាវិធីសាស្ត្រមួយអាចជួយឲ្យគេបានស្ងប់រម្ងាប់ចិត្តដែលចម្រូងចម្រាស ឬក៏អាចជួយដោះស្រាយសសបញ្ហាទ័លច្រកណាមួយរបស់គេម្នាក់ៗ។
រីឯការប្រើពាក្យសម្បថនោះ គឺមានច្រើនយ៉ាង ដូចជាអ្នកខ្លះគេស្បថនៅក្នុងពេលណាដែលមានរឿងវិវាទ ក្ដីក្ដាំនឹងគ្នា ហើយដោះស្រាយមិនចេញ ថាអ្នកណាខុសអ្នកណាត្រូវ។ រីឯអ្នកខ្លះទៀតបាននាំគ្នាប្រើពាក្យសម្បថ នៅពេលដែលគេមានគូសង្សារ ឬគូកំណាន់ចិត្តដើម្បីបង្ហាញពីភក្ដីភាព ឬភាពស្មោះត្រង់ប្ដូរផ្ដាច់ជាមួយគ្នា។
ទាក់ទងនឹងការប្រើពាក្យសម្បថនៅក្នុងរឿងវិវាទក្ដីក្ដាំនឹងគ្នា ប្រជាពលរដ្ឋមួយរូប ឈ្មោះ សុផាន នៅខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អ្នកស្រុកនៅទីនេះមួយចំនួន គេជឿសម្បថ ពីព្រោះគេបានឃើញមានអ្នកស្បថបំពានខ្លះបានចាញ់ពាក្យសម្បថរបស់ខ្លួន។
ស្ត្រីដដែលបានបន្តថា ដូចជាប៉ុន្មានឆ្នាំមុននេះ គាត់បានឃើញអ្នកមានទំនាស់ដីធ្លីពីរគ្រួសារនៅភូមិរបស់គាត់ បានបបួលគ្នាស្បថ ពីព្រោះតែពីភាគីម្ខាងទៀតឃើញថា តុលាការកាត់ក្តីឲ្យមានភាពអយុត្តិធម៌៖ «អ្នកចង់បានរបស់គេមានលុយ មានលុយយកទៅសូកតុលាការ ហើយតុលាការឲ្យម្ខាងហ្នឹងឈ្នះ អ៊ីចឹង ម៉្លោះហើយម្ចាស់ដីម៉េចសុខចិត្ត។ ម្ចាស់ដីអត់លុយសុខចិត្តស្បថ។ អ្នកយកដីគេហ្នឹងអត់ព្រមស្បថទេ ប៉ុន្តែម្ចាស់គេបបួលស្បថ ហើយអ្នកនោះស្បថទាំងបំពានអ៊ីចឹងឈឺងាប់ទៅណា...»។
ក្រៅពីគេប្រើពាក្យសម្បថនៅក្នុងរឿងវិវាទទំនាស់ដីធ្លីរបស់ពលរដ្ឋធម្មតា ក្នុងនោះពាក្យសម្បថនេះគេក៏ឃើញមន្ត្រីរាជការជាន់ខ្ពស់មួយចំនួនក៏និយមប្រើដែរ ពិសេសគឺនៅពេលដែលគេចូលកាន់តំណែង ដូចជាតំណែងសមាជិករដ្ឋសភា ឬតំណែងតំណាងរាស្ត្រជាដើម។ មួយវិញទៀត ចំពោះសម្បថនោះ នៅក្នុងសង្គមខ្មែរសព្វថ្ងៃនេះជួនកាលគេយកទៅប្រើប្រាស់ក្នុងផលប្រយោជន៍នយោបាយក៏មានដែរ។
តួយ៉ាងដូចជានៅក្នុងអំឡុងពេលដែលគណបក្សនយោបាយនានាកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រសន្លឹកឆ្នោតរបស់គេប៉ុន្មានថ្ងៃនេះ គេឃើញមានមន្ត្រីរបស់គណបក្សនយោបាយមួយចំនួនបានឲ្យប្រជាពលរដ្ឋនៅតាមតំបន់ខ្លះស្បថស្បែថា ឲ្យបោះឆ្នោតឲ្យគណបក្សរបស់គេជាដើម។
នូវរាល់ការប្រើប្រាស់ពាក្យសម្បថទាំងអម្បាលមាណនេះ ទាំងជានយោបាយក្ដី ទាំងជាក្នុងរឿងវិវាទដីធ្លីរបស់ពលរដ្ឋសាមញ្ញធម្មតាក្ដី អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់អំពីរឿងនេះថា គឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរបានជឿតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ឬគេហៅថា ជាជំនឿអរូបិយមិនមានភាពប្រាកដប្រជាច្បាស់លាស់អាចយកជាការបាននោះទេ។
ព្រះតេជព្រះគុណ រស់ សុខា ព្រះគ្រូចៅអធិការវត្តបានយ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមានព្រះថេរដីកាថា ពាក្យសម្បថនេះមិនមានចែងនៅក្នុងព្រះពុទ្ធសាសនាទេ គឺជាជំនឿមួយរបស់ព្រហ្មញ្ញសាសនា ដែលបានកើតមានតាំងពីមុនសម័យពុទ្ធកាល៖ «រហូតដល់អបិយជំនឿហ្នឹងមាននៅក្នុងប្រជាពលរដ្ឋខ្មែរ ដូចជានៅក្នុងសម័យពីដើមៗ នៅក្នុងពិធីការកាត់ក្ដី នៅក្នុងពិធីការអីផ្សេងៗ អត់មានច្បាប់តុលាការពីដើម គឺគេយកពាក្យសម្បថហ្នឹងជាធំទៅវិញ។ ប៉ុន្តែក្រោយៗមកទៅក៏មានច្បាប់តុលាការ មានច្បាប់អីផ្សេងៗចៅក្រមអ៊ីចឹងទៅ ក៏គេលះបង់សម្បថហ្នឹង គេប្រើវិធីសាស្ត្រតុលាការវិញ។ ប៉ុន្តែក៏មិនអាចនឹងចោលពាក្យសម្បថដែរ ដោយសារតែពាក្យសម្បថនេះគឺវាទំនៀមទម្លាប់ពីសម័យដើម។ ប៉ុន្តែមិនមែនជាផ្លូវនេះព្រះពុទ្ធសាសនាទេ។ ពាក្យសាសនា គឺព្រះអង្គអត់មានពន្យល់ន័យពីសម្បថទេ គឺពន្យល់ពីកម្មហើយនិងផល»។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ទំនៀមទម្លាប់ខ្មែរ លោក សិង្ហ គា បានមានប្រសាសន៍ប្រាប់ពីការប្រើប្រាស់ពាក្យសម្បថនៅក្នុងជំនឿរបស់ខ្មែរនេះដែរថា កាលពីសម័យដើមនៅក្នុងសង្គមខ្មែរបានទទួលឥទ្ធិពលព្រហ្មញ្ញសាសនា ឬជឿលើព្រះអាទិទេព ដូច្នេះបើគេមានរឿងអ្វីមួយកើតឡើងគេតែងតែនាំគ្នាប្ដឹងផ្ដល់ ឬបួងសួងសុំដល់ព្រះអាទិទេពឲ្យជួយដោះស្រាយបញ្ហារបស់គេ។
លោកបានបន្តថា ការបួងសួង ការបន់ស្រន់ ឬស្បថស្បែ ជួនកាលគេឃើញបានស័ក្ដិសិទ្ធិ ប៉ុន្តែជួនកាលខ្លះមិនបានលទ្ធផលអ្វីទេ។ តែទោះជាយ៉ាងនេះក្ដី ក៏នៅតែមានប្រជាពលរដ្ឋជឿលើជំនឿនោះ ពីព្រោះគេគិតថា យ៉ាងហោចណាស់បានជួយបន្ធូរភាពតានតឹងបានខ្លះៗដែរ៖ «ស្បថស្បែនោះ គឺគេប្រើសម្រាប់ពេលមានអាសន្ន ដែលយើងខ្វះបច្ចេកទេសក្នុងការស៊ើបអង្កេត ខ្វះបច្ចេកទេសក្នុងការស្រាវជ្រាវរកការពិត គឺយើងមានវិជ្ជាហ្នឹងមួយដើម្បីកម្លាចចិត្តមនុស្សឲ្យនិយាយត្រង់។ អ៊ីចឹងឃើញថា វាមានកើតមានតាំងពីយូរយារមក។ ខ្ញុំឃើញនៅសម័យអង្គរក្តី ពេលដែលពួកខ្មាំងណាៗដែលជាសត្រូវនឹងខ្មែរក្ដី ឬក៏ខ្មែរឈ្លោះគ្នាក្ដីហ្នឹង គេចុះចូលទៅខាងណាមួយ គឺគេឲ្យធ្វើសម្បថហ្នឹងហើយ តែងតែមានសឹងតែគ្រប់សម័យកាល។ សម្បថនេះគឺយកអាវុធ ដាវ លំពែង យកមកកូរ ហើយឲ្យផឹកនៅចំពោះមុខព្រះ មានសច្ចា មានរហូតដល់ទៅអារឈាមសម្រក់ទៅក្នុងទឹក នៅក្នុងស្រាហ្នឹងផឹករួមគ្នាទៀត អាហ្នឹងមានធ្វើអ៊ីចឹង ធ្វើយូរមកហើយ»។
ទាក់ទងនឹងការប្រើប្រាស់ពាក្យសម្បថនោះ គេឃើញមិនមែនមានតែនៅក្នុងសង្គមជាតិខ្មែរទេ ក្នុងនោះក៏មាននៅតាមបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតនៅក្នុងសកលលោក ដូចជានៅសហរដ្ឋអាមេរិកជាដើម។ ប៉ុន្តែគេប្រើពាក្យសម្បថនោះ គឺច្រើនតែប្រើនៅក្នុងពិធីធំៗ ដូចជាពេលប្រធានាធិបតីចូលកាន់តំណែងកិច្ចការប្រទេសជាតិរបស់គេជាដើម។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ប្រាប់ដែរថា សម្រាប់សង្គមខ្មែរ ទោះជាយ៉ាងណាក៏ដោយសព្វថ្ងៃនេះទាំងប្រជាពលរដ្ឋ ទាំងថ្នាក់ដឹកនាំប្រទេស បានគោរពព្រះពុទ្ធសាសនា ដោយលើកតម្កើងថាជាសាសនារបស់រដ្ឋ។
លោកបានបន្តថា នៅក្នុងព្រះពុទ្ធសាសនានោះ ពុំបានអប់រំឲ្យមនុស្សជឿលើអ្វីដែលមិនច្បាស់លាស់មិនប្រាកដប្រជានោះទេ គឺឲ្យសិក្សាស្វែងយល់ជឿលើកម្មផល ពោលគឺបើបុគ្គលណាមួយបានធ្វើអំពើល្អ នោះគេនឹងទទួលបានផលល្អ។ ប៉ុន្តែបើគេប្រព្រឹត្ត ឬធ្វើអំពើអាក្រក់ផ្ទុយពីច្បាប់ធម្មជាតិពេលនោះគឺគេនឹងទទួលផលអាក្រក់នៅថ្ងៃណាមួយជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។