សាលា​រៀន​មួយ​ចំនួន​នៅ​កំពង់ចាម​មាន​សភាព​ស្ងប់ស្ងាត់​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន

0:00 / 0:00

គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ចាម មាន​ស្ថានភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ថ្ងៃ​បុណ្យ​សែន​ចូល​ឆ្នាំ​ចិន ពិសេស​នៅ​ក្នុង​ទីក្រុង​កំពង់ចាម។ សាលា​ខ្លះ គឺ​សិស្ស​មិន​មក​រៀន​តែ​ម្តង ចំណែក​ឯ​សាលា​ខ្លះ​ទៀត សិស្ស​ទៅ​រៀន ប៉ុន្តែ​គ្រូ​មិន​បាន​បង្រៀន ជាដើម។ ទោះ​យ៉ាង​ណា ប្រធាន​មន្ទីរ​បញ្ជាក់​ថា មន្ទីរ​បាន​ជូន​ដំណឹង​ទៅ​គ្រប់​សាលា​មិន​ឲ្យ​ឈប់​សម្រាក​ទេ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ប៉ុន្តែ​គេ​មិន​អាច​ហាម​ឃាត់​ការ​ឈប់​សម្រាក​របស់​សិស្ស​បាន​ឡើយ។

ឥទ្ធិពល​ពី​វប្បធម៌​ចិន និង​សែស្រឡាយ​ចិន បាន​ជំរុញ​ឲ្យ​កូន​សិស្ស​នៅ​ទីប្រជុំជន ពិសេស​នៅ​ក្នុង​ក្រុង​កំពង់ចាម មួយ​ភាគ​ធំ នាំ​គ្នា​ឈប់​សម្រាក​មិន​ទៅ​សាលា​ទេ​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន។ កូន​សិស្ស​ខ្លះ​ទៅ​សាលា​ហើយ ប៉ុន្តែ​នាំ​គ្នា​អង្គុយ​លេង​នៅ​ខាង​ក្រៅ​ថ្នាក់ ដោយ​គ្រូ​អត់​រៀន។ រីឯ​សិស្ស​សាលា​តាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ខ្លះ​ទៀត គឺ​សម្រេច​មិន​ទៅ​រៀន​តែ​ម្តង ដោយ​ត្រូវ​នៅ​ផ្ទះ​ជួប​ជុំ​បង​ប្អូន​ចូលរួម​ពិធី​សែន​ចូល​ឆ្នាំ​ចិន ទៅ​វិញ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម លោក ស្វាយ ផល្លា មាន​ប្រសាសន៍​មុន​ដាច់​ខ្សែ​ទូរស័ព្ទ​ថា ខាង​មន្ទីរ​បាន​ជូន​ដំណឹង​ទៅ​គ្រប់​ការិយាល័យ​អប់រំ​ស្រុក​ឲ្យ​រឹត​បន្តឹង​ទៅ​ដល់​គ្រប់​សាលា​ទាំងអស់​លើ​បញ្ហា​នេះ ដោយ​មិន​ត្រូវ​ឈប់​សម្រាក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ឡើយ ប៉ុន្តែ​ការ​ឈប់​សម្រាក​របស់​កូន​សិស្ស​នោះ លោក​ថា​គឺ​មិន​អាច​ហាម​ឃាត់​ពួក​គេ​បាន​ទេ។ លោក​បញ្ជាក់​ថា ត្បិត​តែ​ពួក​គេ​ឈប់​ក៏ដោយ ប៉ុន្តែ​គ្រូបង្រៀន​ទាំងអស់ គឺ​នៅ​តែ​យក​វត្តមាន​ដូច​រាល់​ដង​ដដែល៖ «ណែនាំ​អត់​ឲ្យ​ឈប់​ទេ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ហ្នឹង ដូច​កាល​ពី​ថ្ងៃ​ទី​១៤ អ៊ីចឹង ប៉ុន្តែ​សំខាន់​យើង​ឃាត់​ម៉េច​ឈ្នះ។ យើង​ធ្វើ​បញ្ជី​ធ្វើ​វត្តមាន​គ្រូ​សិស្ស​ដូច​ធម្មតា​អ៊ីចឹង​ណា!»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក៏​មាន​សាលា​ខ្លះ​រៀន​ដូច​ធម្មតា ពិសេស​សាលា​នៅ​តាម​ទី​ជនបទ។

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ព្រីង​ជ្រុំ ក្នុង​ខេត្ត​កំពង់ចាម លោក អ៊ូ សុខខេន មាន​ប្រសាសន៍​ថា នៅ​សាលា​រៀន​របស់​លោក គឺ​រៀន​ដូច​រាល់​ថ្ងៃ ដោយ​មិន​មាន​សិស្ស​អវត្តមាន​ទេ តែ​បើ​អវត្តមាន គឺ​ពួក​គេ​ជាប់​ភារកិច្ច​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ ដល់​ពេល​រដូវ​ចូល​ឆ្នាំ​ចិន ក្នុង​សាលា​លោក​បង្រៀន គឺ​មិន​បាន​ឈប់​សម្រាក​ទាំង​គ្រូ​ទាំង​សិស្ស ដោយ​យល់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន ពុំ​មែន​ជា​វប្បធម៌ ឬ​ប្រពៃណី​របស់​ខ្លួន​ឡើយ៖ «ខ្ញុំ​ជា​ខ្មែរ​មួយ​រូប។ ដូច​នេះ​ខ្ញុំ​មិន​អាច​ទៅ​ឈប់​ដោយសារ​តែ​ប្រពៃណី​សាសនា​ដទៃ​ទេ​បង»

បន្ថែម​ពី​នេះ នៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​របស់​ខ្មែរ គឺ​មិន​បាន​កំណត់​ឲ្យ​មាន​ការ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន នោះ​ទេ។ ដូច​នេះ ការ​ឈប់​សម្រាក​ណា​មួយ​របស់​សិស្សានុសិស្ស និង​បុគ្គលិក​រដ្ឋ​ក្នុង​អំឡុង​ចូល​ឆ្នាំ​ចិន គឺ​ឈប់​ដោយ​ខ្លួន​ឯង។

ដោយ​ឡែក អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន មាន​ប្រសាសន៍​ថា ខាង​ក្រសួង​កំពុង​រង់ចាំ​របាយការណ៍​ពី​ខាង​គ្រប់​មន្ទីរ​អប់រំ ទាំងអស់ ជុំវិញ​ស្ថានភាព​តាម​សាលា​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ទើប​ខាង​ក្រសួង​អាច​ជម្រាប​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ៖ «ខាង​ក្រសួង​កំពុង​រង់ចាំ​ពី​ខាង​មន្ទីរ រាយការណ៍​ពី​ស្ថានភាព​តាម​សាលា​នីមួយៗ​សិន ទើប​អាច​ជម្រាប​ជូន​បាន»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ជា​ការ​គត់​សម្គាល់​របស់​លោក ជា​រៀង​រាល់​ឆ្នាំ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ និង​ឯកជន​មួយ​ចំនួន គឺ​គេ​បិទ​ទ្វារ​ឈប់​សម្រាក​តែ​ម្តង។ ជាក់ស្តែង​នៅ​ឆ្នាំ​នេះ លោក​សង្កេត​ឃើញ​ថា សកម្មភាព​មិន​រៀន និង​មិន​បង្រៀន​នៅ​តាម​សាលា​មួយ​ចំនួន​ធំ នៅ​តែ​កើត​មាន​ដដែល បើ​ទោះ​បី​ជា​ក្រសួង​អប់រំ បាន​ចេញ​សេចក្តី​ណែនាំ​មិន​ឲ្យ​ឈប់​សម្រាក និង​ត្រូវ​រឹត​បន្តឹង​ចំពោះ​បញ្ហា​នេះ​យ៉ាង​ណា​ក៏ដោយ​ចុះ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​នេះ​ជា​ប្រពៃណី​វប្បធម៌​ជនជាតិ​ចិន វា​មិន​មែន​ជា​ប្រពៃណី​វប្បធម៌​ខ្មែរ​យើង​ទេ»

លោក​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆាប់​ទទួល​យក​នូវ​ឥទ្ធិពល​បរទេស គឺ​ដោយសារ​តែ​ការ​គ្រប់គ្រង​របស់​ថ្នាក់​ដឹក​នាំ​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ។ ទី​ពីរ ពលរដ្ឋ​កម្ពុជា ឋិត​នៅ​ក្នុង​ភាព​ក្រីក្រ និង​ជាពិសេស ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​ថា បញ្ហា​នេះ​គប្បី​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា ទាំង​សិស្សានុសិស្ស​ខ្លួន​ឯង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ជៀសវាង​ទទួល​យក​នូវ​វប្បធម៌​ជាតិ​ដទៃ​ដោយ​ងាយៗ។

បន្ថែម​លើ​ការ​លើក​ឡើង​នេះ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា មិន​ត្រឹម​តែ​គ្រឹះស្ថាន​សិក្សា​ខ្លះ​ទេ​ដែល​ឈប់​សម្រាក​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន នោះ ប៉ុន្តែ​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​បាន​ឈប់​សម្រាក​ដែរ។ លើស​ពី​នេះ កន្លង​មក​មាន​ស្ថាប័ន​រដ្ឋ​ខ្លះ​យក​ទីតាំង​របស់​ខ្លួន ដើម្បី​ធ្វើ​ពិធី​ជប់លៀង​ថែម​ទៀត។ លោក​ថា វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ ពីព្រោះ​ឥទ្ធិពល​វប្បធម៌​វៀតណាម និង​ចិន នា​ពេល​បច្ចុប្បន្ន គឺ​មាន​កាន់​តែ​ខ្លាំង​មក​លើ​កម្ពុជា៖ «យើង​អត់​នាំ​គ្នា​រៀបចំ​ពង្រឹង ថែ​រក្សា ឬ​ក៏​អភិរក្ស​វប្បធម៌​យើង​ទេ។ កាល​ណា​យើង​អត់​ថែ​រក្សា​អ៊ីចឹង វប្បធម៌​យើង​កាន់​តែ​ធ្លាក់​ចុះ»

អ្នក​ស្រាវជ្រាវ​ដដែល​បន្ថែម​ថា ត្បិត​តែ​មិន​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ ទាក់ទង​ការ​ទទួល​យក​ឥទ្ធិពល​ពី​ចិន និង​វៀតណាម ចំពោះ​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ពួក​គេ​ក៏ដោយ ប៉ុន្តែ​លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​លើសលប់​នៅ​តាម​ទីក្រុង​ប្រមាណ ៨០% ទៅ ៩០% គឺ​ទទួល​យក​វប្បធម៌​មួយ​នេះ និង​មាន​ប្រជាពលរដ្ឋ​តិចតួច​នៅ​តាម​ជនបទ ក៏​ទទួល​យក​ដែរ។ លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​គប្បី​មាន​វិធានការ​ឲ្យ​បាន​ប្រសើរ ព្រោះ​នៅ​ស្រុក​ខ្មែរ គឺ​ចំណាយ​ពេល​ឈប់​សម្រាក​ច្រើន​ក្នុង​ឱកាស​បុណ្យ​ទាន​ម្តងៗ ហើយ​ការ​ឈប់​សម្រាក គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ និង​ធនធាន​របស់​រដ្ឋ។ លោក​បន្ត​ថា ប្រសិន​បើ​នៅ​តែ​បណ្តោយ​ឲ្យ​សកម្មភាព​នេះ​នៅ​តែ​បន្ត​រីក​រាលដាល​នៅ​កម្ពុជា ថែម​ទៀត​នោះ គឺ​បង្ហាញ​ថា យន្តការ​អនុវត្ត​ច្បាប់​ដើម្បី​គ្រប់គ្រង​រដ្ឋ​ទាំង​មូល គឺ​នៅ​មាន​ភាព​ទន់​ខ្សោយ។ មួយ​វិញ​ទៀត​ស​ឲ្យ​ឃើញ​ថា ឥទ្ធិពល​វប្បធម៌​ចិន និង​វៀតណាម កំពុង​គ្រប​ដណ្ដប់​មក​លើ​កម្ពុជា នា​ពេល​បច្ចុប្បន្ន និង​ធ្វើ​ឲ្យ​វប្បធម៌​កម្ពុជា កាន់​តែ​ថយ​ចុះ​ទៅៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។