តើ​ប្រពៃណី​ចូល​ឆ្នាំ​ថ្មី​របស់​ជនជាតិ​ចិន មាន​ប្រវត្តិ​ដើម​ទង​យ៉ាង​ណា​ខ្លះ?

0:00 / 0:00

ទំនាក់ទំនង​ផ្លូវ​ការ​រវាង​កម្ពុជា-ចិន បាន​កើត​ឡើង​រាប់​សិប​ឆ្នាំ​មក​ហើយ ហើយ​លំហូរ​វប្បធម៌​ចិន ចូល​ក្នុង​សង្គម​ខ្មែរ មិន​មែន​ទើប​កើត​ឡើង​នោះ​ដែរ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​គ្រឹះ​វប្បធម៌​ចិន មួយ ដែល​ប្រជាជន​ចិន និង​ជាប់​សែស្រឡាយ​ចិន នៅ​កម្ពុជា កំពុង​ប្រតិបត្តិ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សន្ទុះ​នៃ​ការ​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៃ​វប្បធម៌​ចិន នៅ​កម្ពុជា វិវឌ្ឍន៍​ស្រប​ទៅ​នឹង​ចរន្ត​សន្ទុះ​សេដ្ឋកិច្ច។

តើ​ប្រពៃណី​ចូល​ឆ្នាំ​ថ្មី​របស់​ជនជាតិ​ចិន មាន​ប្រវត្តិ​ដើម​ទង​យ៉ាង​ណា​ខ្លះ?

ភ្លេង​ឡក​មុងសាយ​ឮ​ខ្ទរខ្ទារ ហើយ​ចង្កៀង​គោម​ក្រហម​ដាក់​តាំង​ព្រោងព្រាត​នៅ​តំបន់​ផ្សារ​កណ្ដាល​ក្នុង​រាជធានី​ភ្នំពេញ។ នៅ​ខាង​មុខ​ផ្ទះ និង​ហាង​លក់​ទំនិញ មាន​ដាក់​តាំង​ផ្កា​ពណ៌​លឿង និង​បិទ​ក្រដាស​ក្រហម​នៅ​លើ​ទ្វារ និង​ជញ្ជាំង។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា រដូវ​កាល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន ចាប់​ផ្ដើម​ហើយ។

បើ​តាម​ប្រវត្តិសាស្ត្រ ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ កើត​ឡើង​នៅ​ប្រទេស​ចិន តាំង​ពី​ជាង ២​ពាន់​ឆ្នាំ​មុន​គ.ស មក​ម្ល៉េះ។

រឿង​ព្រេង​និទាន​ចិន តំណាល​ថា មាន​សត្វ​ព្រៃ​មួយ​ឈ្មោះ ណៀន (Nian) ដែល​មាន​ខ្លួន​ជា​សត្វ​គោ និង​ក្បាល​ជា​តោ តែង​ចូល​ក្នុង​ភូមិ​ខាំ​សម្លាប់​អ្នក​ភូមិ​នៅ​ចុង​រដូវ​ត្រជាក់ ដែល​កំណត់​ការ​មក​ដល់​ឆ្នាំ​ថ្មី។ ពាក្យ ណៀន ក្នុង​ភាសា​ចិន ក៏​មាន​ន័យ​ថា ឆ្នាំ។ ដូច្នេះ នៅ​ពេល​រដូវ​ត្រជាក់​បញ្ចប់ វា​ជា​សញ្ញា​បញ្ជាក់​ថា ពេល​គ្រោះ​កាច និង​ទុរ្ភិក្ស​ចាប់​ផ្តើម​កើត​ឡើង​ហើយ។

នៅ​ឆ្នាំ​ថ្មី មេ​គ្រួសារ​នឹង​ប្រមូល​កូន​ចៅ ដើម្បី​ដឹង​ថា អ្នក​ស្លាប់ ឬ​រស់ បន្ទាប់​ពី​សត្វ​ណៀន ចូល​យាយី​ភូមិក។

យ៉ាង​ណា​ក៏ដោយ ប្រជាជន​បាន​រក​ឃើញ​ចំណុច​ខ្សោយ​របស់​សត្វ​ណៀន នេះ គឺ​វា​ខ្លាច​សំឡេង​កង​រំពង ខ្លាច​ភ្លើង និង​ខ្លាច​ពណ៌​ក្រហម។

ពណ៌​ក្រហម ក៏​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សុភមង្គល និង​សំណាង​ល្អ។

ព្រឹទ្ធាចារ្យ ហេង ជួរលី ប្រធាន​គណៈកម្មការ​ព្រះវិហារ​សាំង​ហ័រ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ឆ្នាំ​ថ្មី​វា​លែង​ជា​ពេល​ត្រូវ​ខ្លាច​រអា​ទៀត​ហើយ តែ​វា​ជា​ពេល​ដែល​ក្រុម​គ្រួសារ​ជួប​ជុំ​គ្នា ដើម្បី​បង្កើត​សំណើច ភាព​កក់ក្តៅ និង​សុភមង្គល។

ជាទូទៅ ប្រជាជន​ចិន ឬ​ជាប់​សែស្រឡាយ​ចិន អបអរ​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី តាម​ប្រតិទិន​ចន្ទគតិ ឬ​ចន្លោះ​ចុង​ខែ​មករា និង​ដើម​ខែ​កុម្ភៈ តាម​ប្រតិទិន​សុរិយគតិ។

ព្រឹទ្ធាចារ្យ ហេង ជួរលី ពន្យល់​ថា ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ជីដូន​ជីតា កុង​ម៉ា និង​អាទិទេព ហើយ​វា​ជា​ពេល​ដែល​ក្រុម​គ្រួសារ​ដែល​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា មក​ជួប​ជុំ​គ្នា​វិញ៖ « ថ្ងៃ​ទី​៧ ( កុម្ភៈ ) គឺ​ជា​ថ្ងៃ​សែន​ឆ្លង​ឆ្នាំ។ នៅ​ពេល​នេះ គេ​តែង​ធ្វើ​ម្ហូប​បរិបូរណ៍។ ល្ងាច​សែន​ដូនតា​ហើយ គេ​ជប់លៀង​ជួប​ជុំ​បង​ប្អូន​ហូប​បាយ​ជាមួយ​គ្នា ដើម្បី​សុខ​សប្បាយ​ក្នុង​គ្រួសារ មាន​មួយ​ឆ្នាំ​តែ​ម្តង​ទេ »

មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មក​ដល់ ជនជាតិ​ចិន និង​កាត់​ចិន ដើរ​រក​ទិញ​របស់​របរ​គ្រឿង​តុប​តែង បន្លែ​ត្រី​សាច់ និង​ផ្លែ​ឈើ ដើម្បី​ទុក​ត្រៀម​ទទួល​ឆ្នាំ​ថ្មី។

មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មក​ដល់ ពួក​គាត់​បោក​សម្អាត​ផ្ទះ​សម្បែង ដើម្បី​បណ្ដេញ​ឧបទ្រព​ចង្រៃ​ចេញ​ពី​ផ្ទះ និង​រៀបចំ​តុប​តែង​ផ្ទះ ដើម្បី​ឲ្យ​មាន​ហុងស៊ុយ ឬ​សំណាង​ល្អ។

សម្រាប់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា មួយ​ថ្ងៃ​មុន​ចូល​ឆ្នាំ​ប្រជាជន​ចិន ឬ​កាត់​ចិន រៀបចំ​សែន​ដូនតា អ្នក​ខ្លះ​សែន​នៅ​ផ្ទះ អ្នក​ខ្លះ​ទៅ​សែន​នៅ​ព្រះវិហារ ហើយ​អ្នក​ខ្លះ​សែន​ទាំង​ពីរ។

ក្រោយ​សែន​ហើយ សមាជិក​គ្រួសារ​បរិភោគ​អាហារ​ជុំ​គ្នា ហើយ​ចែក​អាំងប៉ាវ​ដែល​ជា​ក្រដាស​ក្រហម​នាំ​សំណាង​ឲ្យ​គ្នា។ អាំងប៉ាវ មាន​សារ​ជូន​ពរ​នៅ​ខាង​ក្រៅ និង​លុយ​នាំ​សំណាង​នៅ​ខាង​ក្នុង៖ « អាំងប៉ាវ​មក​ពី​អាំង​ហ្នឹង គឺ​ក្រហម ប៉ាវ គឺ​ខ្ចប់។ ខ្ចប់​លុយ​ឲ្យ​ក្មេងៗ​ដើម្បី​ឲ្យ​សុខ​សប្បាយ។ ឥឡូវ​គេ​ធ្វើ​អាំងប៉ាវ​ជា​រាង​កញ្ចប់​បួន​ជ្រុង ដើម្បី​ដាក់​លុយ​ជូន​ទៅ​ក្មេង។ ហ្នឹង​គេ​ហៅ​អាំងប៉ាវ។ គេ​មិន​មែន​ឲ្យ​សម្រាប់​តែ​ក្មេងៗ​ទេ ដូចជា​អ្នក​ដែល​មាន​គ្រួសារ ពេល​ដល់​ចូល​ឆ្នាំ ត្រូវ​ជូន​អាំងប៉ាវ​ជូន​ចាស់​ព្រឹទ្ធាចារ្យ ដើម្បី​ជូន​ពរ​បាន​សុខភាព​ល្អ និង​អាយុ​វែង សុខ​សប្បាយ។ នៅ​តាម​ក្រុមហ៊ុន​ក៏​ចឹង​ដែរ នៅ​ពេល​ជូន​កាដូ​ដល់​បុគ្គលិក គេ​ជូន​ជា​អាំងប៉ាវ​ដើម្បី​ឲ្យ​មាន​លាភ »

នៅ​ប្រទេស​ចិន គេ​ចូល​ឆ្នាំ​ចំនួន ១៥​ថ្ងៃ តែ​នៅ​កម្ពុជា ធ្វើ​តែ​បី​ថ្ងៃ។ តែ​សម្រាប់​អ្នក​ដែល​ធ្វើ​ពិធី​សែន​កុង​ម៉ា គេ​ធ្វើ​មួយ​ថ្ងៃ​មុន​ឆ្នាំ​ថ្មី​មក​ដល់។ នៅ​ឆ្នាំ​២០១៦ ជា​ឆ្នាំ​សត្វ​ស្វា។ នៅ​ឆ្នាំ​នេះ គេ​ចូល​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ កុម្ភៈ។

ដើម្បី​អបអរ​ឆ្នាំ​ថ្មី ជនជាតិ​ចិន ស្លៀក​ពាក់​សម្លៀកបំពាក់​ថ្មីៗ កាត់​សក់​ថ្មី សង​បំណុល​ដែល​ជំពាក់​គេ ក្នុង​គោល​បំណង​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​ឲ្យ​ស្រស់ស្រាយ។

ព្រឹទ្ធាចារ្យ ហេង ជួរលី បាន​ប្រសិទ្ធពរ​ដល់​ប្រជាជន​ទាំងឡាយ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី៖ « ក្នុង​ឱកាស​ចូល​ឆ្នាំ​នេះ ជូន​ពរ​ឲ្យ​បង​ប្អូន​មាន​សុខភាព​ល្អ រក​ស៊ី​មាន​បាន »

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។