"រដ្ឋាភិបាល​​គួរ​ចាត់វិធានការ​លើ​ការ​វាយកម្ទេច​កុដិ​បុរាណ ៣​ខ្នង នៅ​វត្ត​ឧណ្ណាលោម"

ដោយ ម៉ៅ សុធានី
2022.12.15
Share on WhatsApp
Share on WhatsApp
"រដ្ឋាភិបាល​​គួរ​ចាត់វិធានការ​លើ​ការ​វាយកម្ទេច​កុដិ​បុរាណ ៣​ខ្នង នៅ​វត្ត​ឧណ្ណាលោម" ព្រះតេជព្រះគុណ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ នាវត្តឧណ្ណាឡោម រាជធានីភ្នំពេញ កាលពីឆ្នាំ​២០១៧។
រូប៖ គេហទំព័រ CPP

អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​និង​ប្រជាពលរដ្ឋ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​លើ​ករណី​វាយកម្ទេច​កុដិ​បុរាណ​ចំនួន​៣​ខ្នង​នៅ​វត្ត​ឧណ្ណាលោម ដោយ​ថា នេះ​ជា ការ​បំផ្លិចបំផ្លាញ​និង​លុបដាន​សំណង់​ចាស់​បុរាណ។ ពួកគាត់​ថា ក្រសួង​វប្បធម៌ គួរ​ពង្រឹង​ការងារ​អភិរក្ស និង​អនុវត្ត តាម​សារាចរ​ការពារ​សំណង់​បុរាណ​ឱ្យ​ម៉ឺងម៉ាត់ ជាជាង​ចេញ​លិខិត​សោកស្ដាយ ក្រោយ​ពេល​សំណង់​បុរាណ​ទាំងនោះ​ត្រូវ​បាន​វាយកម្ទេច​រាប​ដល់​ដី។

អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ប្រជាពលរដ្ឋ បង្ហាញ​ការ​សោកស្ដាយ​បន្ទាប់ពី​កុដិ​បុរាណ​នៅ​វត្ត​ឧណ្ណាលោម ចំនួន​៣​ខ្នង រង​ការ​វាយកម្ទេច​រាប​ដល់​ដី ដើម្បី​យក​ទីតាំង​ធ្វើ​ចេតិយ​។ ពួកគាត់​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទទួលខុសត្រូវ​លើ​ករណី​នេះ។

និស្សិត​ខាង​ជំនាញ​ស្ថាបត្យកម្ម​នៅ​រាជធានី​ភ្នំពេញ កញ្ញា កែវ មរកត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ធ្នូ ថា ការ​វាយកម្ទេច​កុដិ​បុរាណ​ទាំង​៣​ខ្នង​នេះ នឹង​ធ្វើ​ឱ្យ​សំណង់​បុរាណ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កាន់តែ​តិច​ទៅៗ​។ កញ្ញា​លើកឡើង​ថា សំណង់​បុរាណ​ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការសិក្សា​ស្វែងយល់​របស់​សិស្ស​និស្សិត និង​ជា​កន្លែង​ផ្ទុក​ទៅ​ដោយ​អ្នកចេះដឹង ដែល​តម្រូវ​ឱ្យ​មាន​ការ​ថែរក្សា​និង​អភិរក្ស​។ កញ្ញា​យល់​ឃើញ​ថា ការ​វាយកម្ទេច​កុដិ យក​ទីធ្លា​ទៅ​សង់​ចេតិយ ជា​រឿង​មិន​សម​ទំនង ហាក់ដូចជា​គណៈ​គ្រប់គ្រង​វត្ត​ឱ្យ​តម្លៃ​និង​យកចិត្តទុកដាក់​ទៅលើ​អ្នក​ស្លាប់​ទៅ​ជាជាង​អ្នក​នៅ​រស់។

លោក កែវ មរកត៖ «អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ហួសចិត្ត​ទៀត​ហ្នឹង​គឺ​ការ​កម្ទេច​សំណង់​អគារ​ដល់​ទៅ​៣ ហើយ​យើង​បែរជា​សាងសង់​ជំនួស​វិញ​ដោយ​ចេតិយ។ អាច​និយាយ​បាន​ថា កម្ទេច​សំណង់​ដែល​មនុស្ស​អាច​រស់នៅ​ប្រើប្រាស់​បាន តែ​បែរជា​មក​សាងសង់​សំណង់​មួយ​សម្រាប់​ដាក់​(​ឆ្អឹង​)​ខ្មោច​ទៅវិញ»

កុដិ​ទាំង​៣​ខ្នង​ដែល​រង​ការ​វាយកម្ទេច​រួមមាន​កុដិ​លេខ​៤៣ ៤៤ និង​៤៥ មាន​ទីតាំងនៅ​ប៉ែក​ខាងកើត​វត្ត​ឧណ្ណាលោម ដែល​បាន​កសាង​តាំងពី​ឆ្នាំ​១៩៣០ មក​ម្ល៉េះ​។ កាលពី​ឆ្នាំ​២០១៧ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ចុះបញ្ជី​កុដិ​ទាំង​៣​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​ត្រូវ​ការពារ និង​អភិរក្ស​។ ក៏ប៉ុន្តែ នៅ​ថ្ងៃទី​៧ ធ្នូ សម្ដេចព្រះសង្ឃរាជ ទេព វង្ស បាន​បញ្ជា​ឱ្យ​វាយកម្ទេច​កុដិ​ទាំង​៣​ដើម្បី​យក​ទីធ្លា​កសាង​ចេតិយ។

ការ​វាយកម្ទេច​សំណង់​អគារ​បុរាណ​ដោយ​បំពាន​ច្បាប់​នេះ មិន​មាន​ក្រសួង​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ឡើយ ក្រៅតែ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី​៨ ធ្នូ បាន​ចេញ​លិខិត​បង្ហាញ​ការ​សោកស្ដាយ និង​ស្នើ​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស ឱ្យ​បញ្ឈប់​សកម្មភាព​នេះ ដោយ​អះអាង​ថា ការ​រុះរើ​និង​វាយកម្ទេច​កុដិ​ទាំង​៣ ពុំបាន​សិក្សា​ពី​គ្រោះ និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​នោះ​ឡើយ​។ ប៉ុន្តែ​មក​ទល់​ថ្ងៃទី​១៣ ធ្នូ កុដិទាំង​៣ ត្រូវ​បាន​គេ​វាយកម្ទេច​រាប​ដល់​ដី​ទៅ​ហើយ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង សម្ដេចព្រះសង្ឃរាជ ទេព វង្ស ព្រះមហាសង្ឃរាជា​គណៈមហានិកាយ​នៃ​កម្ពុជា និង​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ឡើយ​នៅ​ថ្ងៃទី​១៣ ធ្នូ។

ទាក់ទិន​រឿង​នេះ អ្នកស្រាវជ្រាវ​ខាង​ប្រវត្តិសាស្ត្រ អរិយធម៌ និង​វប្បធម៌​ខ្មែរ លោក​បណ្ឌិត មីសែល ត្រាណេ សោកស្ដាយ​ចំពោះ​ការបំផ្លាញ​សំណង់​បុរាណ ដោយ​ការ​រំលោភបំពាន​។ លោក​ថា នេះ​មិនមែន​ជា​ករណី​ទីមួយ​នោះ​ឡើយ ដោយ​នៅ​តាម​វត្ត​អារាម និង​នៅ​កន្លែង​ផ្សេងទៀត ក៏​មាន​ការ​បំផ្លិចបំផ្លាញ​សំណង់​អាគារ​បុរាណ​បែបនេះ​ដែរ។ លោក​ចាត់ទុក​អ្នក​បំផ្លាញ​ទាំងនោះ​ថា ជា​មនុស្ស​មិន​យល់​ពី​តម្លៃ​ប្រវត្តិសាស្ត្រ និង​មរតក​ដូនតា​។ លោក​បន្ត​ថា រាល់​ការ​រុះរើ​ឬ​ធ្វើ​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​សំណង់​បុរាណ ព្រះសង្ឃ​រាជ​ត្រូវ​ជូនដំណឹង​ទៅ​ក្រសួង​ធម្មការ និង​សាសនា និង​ត្រូវ​ពិភាក្សា​ជាមួយ​ក្រសួង​វប្បធម៌​ដែល​មាន​ជំនាញ​ជា​មុន​សិន ដោយ​មិន​ត្រូវ​អារកាត់​តែ​អង្គ​ឯង​នោះ​ឡើយ។

បណ្ឌិត មីសែល ត្រាណេ៖ «បង​មិន​រិះគន់​ទេ ប៉ុន្តែ​យើង​ខ្វះ​ទំនាក់ទំនង ខ្វះ​វិន័យ ខ្វះ​ថវិកា​។ ក្រសួង​ធម្មការ​ត្រូវតែ​ទាក់ទង​ជាមួយ​ក្រសួង​វប្បធម៌ៗ​ត្រូវតែ​មាន​ជំនាញ មាន​ក្រុម​ការងារ​មួយ​ចុះ​ទៅ​តាមដាន»

កាលពី​ខែតុលា ឆ្នាំ​២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​មួយ​ស្ដីពី​ការទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ និង​កំណត់​ឱ្យ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌​ជាមុន​សិន មុននឹង​កែប្រែ ជួសជុល ឬ​វាយ​កម្ទេច​ចោល។

ចំពោះ​ករណី​ដែល​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស ដែល​បញ្ជា​ឱ្យ​វាយកម្ទេច​កុដិ​បុរាណ​ទាំង​៣​នេះ ត្រូវ​បាន​មហាជន​រិះគន់​ថា បាន​ប្រព្រឹត្ត​ខុសច្បាប់ ដោយ​ខ្វះ​ការពិចារណា និង​ស្មារតី​អភិរក្សនិយម ក្នុងនាម​ជាម​ន្ត្រី​សង្ឃ​ជាន់ខ្ពស់​មួយ​អង្គ។

ជុំវិញ​រឿង​នេះ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​លោក សំបូរ មាណ្ណារ៉ា លើកឡើង​ថា វត្ត​អារាម​មានតម្លៃ​ជា​ប្រពៃណី​ផង និង​សាសនា​ផង ដែល​មាន​ព្រះសង្ឃ​ជា​អ្នក​នៅ​គ្រប់គ្រង មើល​ថែរក្សា​។ ចំពោះ​ករណី​វាយកម្ទេច​កុដិ​បុរាណ នៅ​វត្ត​ឧណ្ណាលោម​នេះ លោក សំបូរ មាណ្ណារ៉ា យល់​ថា ក្រសួង​វប្បធម៌ សម្ដេច​សង្ឃនាយក ទេព វង្ស និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ស្ថាប័ន​ដែល​ត្រូវ​ទទួល​ខុសត្រូវ។

លោក សំបូរ មាណ្ណារ៉ា៖ «ហើយ​ជា​ចំណែក​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​ថា យើង​គួរតែ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​បន្តិច ចំពោះ​អ្វី​ដែល​ជា​របស់​ជាតិ របស់​សង្គម​ហ្នឹង ដើម្បី​ឱ្យ​យើង​បាន​បន្សល់ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ យើង​ទទួល​ស្គាល់​ថា អភិវឌ្ឍ​ហើយ តែ​យើង​គួរ​គិត​ពី​អនាគត​នៃ​វប្បធម៌ សង្គម​ធម៌ និង​សាសនា»

តាម​មាត្រា​៦២ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ចែងថា ជន​ណា​ដែល​ប្ដូរ​ទីតាំង បំផ្លាញ​ចោល ពង្រេចពង្រឹល បំផ្លាញ​រូបរាង ឬ​ជួសជុល​ដោយ​គ្មាន​ការអនុញ្ញាត នូវ​សម្បត្តិ​វប្បធម៌ ដែល​បាន​ស្នើ​ឱ្យ​ចាត់​ថ្នាក់ ឬ​ចាត់​ថ្នាក់​រួច​ហើយ ត្រូវ​ផ្ដន្ទាទោស​ពី​៦​ខែ ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​តាម​តម្លៃ​ដែល​អ្នក​ជំនាញ​ប៉ាន់ស្មាន។

ជា​រៀងរាល់​ឆ្នាំ មាន​និស្សិត​និង​ព្រះសង្ឃ​មិន​ក្រោម​២០​អង្គ​\​នាក់​នោះ​ឡើយ ដែល​មក​រៀនសូត្រ និង​បាន​ស្នាក់អាស្រ័យ​នៅ​កុដិ​ទាំង​៣​។ កុដិ និង​វត្ត​អារាម បាន​ផ្ដល់​កន្លែង​អប់រំ​ទាំង​ចំណេះវិជ្ជា និង​ផ្លូវចិត្ត​ដល់​សិស្ស និង​សមណ​សិស្ស​។ ការ​កម្ទេច​កុដិ​ទាំង​៣​នេះ ដើម្បី​យក​ទីធ្លា​កសាង​ចេតិយ ប្រៀប​បាន​ទៅ​នឹង​ការ​កម្ទេច​កន្លែង​បណ្ដុះ​អ្នកចេះដឹង និង​ជំនួស​មកវិញ​ដោយ​ឆ្អឹង​ខ្មោច​របស់​អ្នកមាន​លុយ​មួយ​ចំនួន។

ជាមួយ​គ្នា​នេះ ការ​បណ្ដោយ​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​សំណង់​អគារ​បុរាណ​នៅ​តាម​វត្ត​អារាម និង​កន្លែង​មួយចំនួន​ជាច្រើន​កន្លង​មក ក្រោម​ហេតុផល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​គ្មាន​វិធានការ​ការពារ ឬ​ជួសជុល ត្រូវ​បាន​មហាជន​រិះគន់​ថា ក្រសួង​វប្បធម៌​អសមត្ថភាព និង​បរាជ័យ​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។