សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស្វះ​ស្វែងរក​វត្ថុ​បុរាណ​ថែមទៀត ដែល​ឈ្មួញ​លក់​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស​ត្រឡប់​ទៅ​កម្ពុជា​វិញ

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​បន្ត​ស្វែងរក​វត្ថុ​បុរាណ​ខ្មែរ ដែល​ឈ្មួញ​លក់​ខុសច្បាប់​ទៅ​ក្រៅប្រទេស ត្រឡប់​មក​កម្ពុជា​វិញ​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ត្រូវ​បាន​សារព័ត៌មាន​របស់​អូស្ត្រាលី​(Australia) ចុះផ្សាយ​ព័ត៌មាន​ស៊ើបអង្កេត​មួយ កាល​ពី​ដើម​ខែ​សីហា ដោយ​រក​ឃើញ​វត្ថុ​បុរាណ​ខ្មែរ​មួយចំនួន ត្រូវ​បាន​ឈ្មួញ​យក​ទៅ​លក់​ដោយ​ខុសច្បាប់​ទៅ​ក្រៅប្រទេស។

ប្រទេស​អូស្ត្រាលី ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក បាន​ទិញ​វត្ថុ​បុរាណ​ខុសច្បាប់ របស់​ខ្មែរ​។ កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណកម្មការ​ជំនាញ​មួយ​ក្រុម ដើម្បី​ស្វែងរក​វត្ថុ​បុរាណ​ទាំងនោះ យក​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​សហប្រតិបត្តិការ​ជាមួយ​មេធាវី​ពី​សហរដ្ឋអាមេរិក។

មាន​ប្រទេស​មួយ​ចំនួន​ដែល បាន​ទិញ​វត្ថុ​បុរាណ​ខ្មែរ យក​ទៅ​តាំង​ក្នុង​មន្ទីរ​វិចិត្រ​សិល្បៈ នៃ​ប្រទេស​របស់​គេ ខ្លះទៀត​បាន​ទិញ​យក​ទៅ​តាំង​លម្អ​ក្នុងផ្ទះ​ជា​ឯកជន​។ ភាគច្រើន​នៃ​ការទិញ​វត្ថុ​បុរាណ​ទាំងនេះ គឺ​តាមរយៈ​ទីផ្សារ​ងងឹត ដែល​ឈ្មួញ​បាន​លក់​ឆ្លងដែន ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ ហើយ​បន្ត​លក់​ទៅ​ប្រទេស​ទី​៣ ក្នុង​ករណី​ខ្លះ​ធ្លាក់​ដល់ដៃ​ប្រទេស​ទី​៤​ក៏​មាន។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព លោក យង់ គិមអេង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការងារ​នេះ​ឲ្យ​ស្វិតស្វាញ​ថែមទៀត ដើម្បី​ទាមទារ​វត្ថុ​បុរាណ​ខ្មែរ ដែល​បណ្តា​ប្រទេស​មួយចំនួន បាន​ទិញ​ដោយ​ខុសច្បាប់​ពី​ឈ្មួញ​ទុច្ចរិត យក​សង​កម្ពុជា​វិញ។

លោក យង់ គិមអេង៖ «ស្ថានទូត​ខ្មែរ ដែល​ប្រចាំ​បណ្តា​ប្រទេស​នីមួយៗ ត្រូវ​មាន​អាណត្តិ ឬក៏​បេសកកម្ម​ចាំ​ចាច់​មួយ គឺ​ត្រូវតែ​ធ្វើ​រឿង​អស់ហ្នឹង​ឲ្យ​បាន​ច្រើន​បាទ ហើយ​ទំនាក់ទំនង ជាមួយ​នឹង​ប្រទេស​ម្ចាស់ផ្ទះ ជាពិសេស​ប្រទេស​ដែល​កម្ពុជា​ទៅ​តាំង​ស្ថានទូត​នៅ​ហ្នឹង គឺ​ត្រូវតែ​ធ្វើការ​ជាមួយ​ពួក​ប្រទេស​ទាំងអស់​ហ្នឹង​ដើម្បី​នាំ​យក​វត្ថុ​បុរាណ​ហ្នឹង​មក​វិញ​បាទ»។

លោក យង់ គិមអេង បន្ត​ថា រដ្ឋាភិបាល​ខ្មែរ​គួរតែ​ផ្សព្វផ្សាយ​រឿង​នេះ ឲ្យ​បាន​ទូលំទូលាយ និង​មាន​តម្លាភាព ក្នុង​ការ​ការពារ​បេតិកភណ្ឌ​ខ្មែរ។

ការ​អំពាវនាវ​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​បន្ទាប់ពី​ទូរទស្សន៍ អេប៊ីស៊ី (ABC) របស់​អូស្ត្រាលី ចុះផ្សាយ​កាលពី​ថ្ងៃ ទី៣ សីហា ថា វត្ថុ​បុរាណ​ខ្មែរ​មាន​ប្រមាណ​៤​ពាន់​បាន​ចរាចរណ៍​លក់​ដោយ​ខុសច្បាប់ ពី​ឈ្មួញ​មួយ​ទៅ​ឈ្មួញ​មួយ បន្ត​គ្នា​ទូទាំង​ពិភពលោក ក្នុង​នោះ មាន​ប្រមាណ ២​ពាន់​បាន​ធ្លាក់​ទៅលើ​ដៃ​អ្នកទិញ​យក​ទៅ​តាំង​ជា​ឯកជន តាម​គេហដ្ឋាន និង ២​ពាន់​ទៀត ធ្លាក់​ទៅ​ដល់​សារមន្ទីរ​វិចិត្រសិល្បៈ​ប្រមាណ ១០៥​កន្លែង​ក្នុង​សកលលោក។

ទូរទស្សន៍ អេប៊ីស៊ី (ABC) អូស្ត្រាលី បាន​បញ្ជាក់​អំពី​ឈ្មួញ​ជនជាតិ​អង់គ្លេស​មួយ​រូប ដែល​បាន ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួញដូរ​មុខរបរ​ខុសច្បាប់​នេះ នោះ​គឺ​លោក ដាក់លឺស ឡាច់ហ្វូត (Douglas Latchford)។ លោក ដាក់លឺស ឡាច់ហ្វូត (Douglas Latchford) បាន​ទៅ​រស់នៅ​ក្នុង​ប្រទេស​ថៃ​(Thailand) ក្នុង​វ័យ​អាយុ ២០​ឆ្នាំ​ជាង ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយ បន្ទាប់មក​បាន​ក្លាយ​ជា​អ្នក​រកស៊ី​ជួញដូរ​វត្ថុ​បុរាណ​ខ្មែរ​ដ៏​សម្បើម ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា កំពុង​មាន​សង្គ្រាម​ផ្ទៃក្នុង នា​ទសវត្ស ៧០ ៨០ និង ៩០។ ប្រភព​ដដែល បន្ត​ថា លោក ដាក់លឺស ឡាច់ហ្វូត (Douglas Latchhford) ជា​មនុស្ស​ទីមួយ ដែល​ទទួលផល​ប្រយោជន៍​រាប់​សិប​លាន​ដុល្លារ ពី​ការ​ជួញដូរ​នេះ ជា​មនុស្ស​ឈ្លក់​វង្វេង​នឹង​វត្ថុ​បុរាណ​ខ្មែរ ហើយ​បាន​ក្លាយ​ជន​ឆបោក​ដ៏​ពូកែ​មួយ។

ក្នុង​ឆ្នាំ ២០១១ អាជ្ញាធរ​អាមេរិក បាន​ឃាត់ទុក​រូបចម្លាក់​បដិមា​បុរាណ​ខ្មែរ​មួយ ដែល​ហៅ​ជា​ភាសាសំស្ក្រឹត​ថា ព្រះទុរយោធន៍ (Duryodhana) ក្នុង​ទីផ្សារ ដេញថ្លៃ នៅ​ទីក្រុង​ញូវយ៉ក (New York) ដែល​គេ​សង្ស័យ​ថា ជា​ការ​លក់​វត្ថុ​បុរាណ​ខ្មែរ​ខុសច្បាប់ ទាក់ទិន​ជាមួយ​លោក ដាក់លឹស ឡាច់ហ្វូត (Douglas Latchford) នេះ​។ ជាមួយ​គ្នា​នេះ ក្នុង​អំឡុង​ឆ្នាំ​ដដែល លោក​បាន​លក់​ចម្លាក់ ព្រះ​ពុទ្ធរូប ៣​អង្គ ដែល​ធ្វើ​អំពី​សំរឹទ្ធ ឲ្យ​ទៅ​សារមន្ទីរ​វិចិត្រ​សិល្បៈជាតិ​អូស្ត្រាលី ទីក្រុង​កង់បេរ៉ា (Canberra) ក្នុង​តម្លៃ ១​លាន ៥​សែន ដុល្លារ​។ រូបចម្លាក់​ទាំង​៣​នោះ​មាន​ប្រភព​មកពី​ខេត្ត​ត្បូងឃ្មុំ។

ក្នុង​ឆ្នាំ ២០១៩ លោក ដាក់លឺស ឡាច់ហ្វូត Douglas Latchford ត្រូវ​បាន​អាជ្ញាធរ អាមេរិក​ចោទប្រកាន់​ពី​បទ​ល្មើស ក្នុង​ការ​ជួញដូរ​វត្ថុ​បុរាណ​ខុសច្បាប់​។ ក៏ប៉ុន្តែ លោក​បាន​ស្លាប់ ក្នុង​ឆ្នាំ ២០២០ ដោយ​ពុំបាន​ឡើង​តតាំង​ក្តី​ក្នុង​តុលាការ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​ទេស​អូស្ត្រាលី និង​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​សុំ​អត្ថាធិប្បាយ អំពី​សំណើ​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​បានទេ នៅ​ថ្ងៃទី​៨​សីហា ដោយ​ទូរ​សព្ទ័​ច្រើនដង តែ​អត់​មាន​អ្នក​លើក​។ គិត​មក​ទល់​ពេល​នេះ ក្រុម​គណៈកម្មការ​ពិសេស​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ទាមទារ​វត្ថុ​បុរាណ​មកវិញ​ប្រមាណ ៣​រយ​(៣០០) រូប​ចម្លាក់ ក្នុង​ចំណោម ៤​ពាន់​រូប​បដិមា ដែល​បាន​បាត់បង់​យូរ​ឆ្នាំ តាំង​ពី​ប្រទេស​កម្ពុជា កើត​កលិយុគ ក្នុង​សង្គ្រាម​ស៊ីវិល រយៈពេល​ជាង​៣​ទសវត្ស​កន្លង​ទៅ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៦៩ ដល់​១៩៩៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។