អ្នកស្រាវជ្រាវ​វប្បធម៌​ស្នើ​រដ្ឋ​ថវិកា​ខ្លះ​ពី​សំបុត្រ​អង្គរ ទៅ​អភិរក្ស​ប្រាសាទ​នៅ​តំបន់​ដាច់ស្រយាល

0:00 / 0:00

អ្នកស្រាវជ្រាវ​វប្បធម៌ និង​ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​មួយចំនួន ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ទស្សនា​ឧទ្យាន​អង្គរ យក​ទៅ​អភិរក្ស​ទីតាំង​ប្រវត្តិសាស្ត្រ និង​ប្រាសាទបុរាណ​ដទៃ​ទៀត​ឋិត​ក្នុង​តំបន់​ព្រៃជ្រៅ និង​តំបន់​ដាច់ស្រយាល​ដែល​ពុំ​សូវ​មាន​អ្នក​ស្គាល់។

ពួកគាត់​សង្កេត​ឃើញ​ថា ប្រាសាទ​បុរាណ​នៅ​តំបន់​នោះ កំពុង​ប្រឈម​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការ​ជីក​គាស់​លួច​យក​វត្ថុ​បុរាណ​ជា​បន្តបន្ទាប់។

អ្នកស្រាវជ្រាវ​ផ្នែក​វប្បធម៌ និង​ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​បារម្ភ​ពី​ការ​បាត់បង់​ប្រាសាទបុរាណ​តូចៗ​ជា​បន្តបន្ទាប់ ឋិត​នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ព្រៃ​ជ្រៅ នា​ខេត្ត​សៀមរាប និង​ខេត្តព្រះវិហារ​។​

ប្រាសាទ​ទាំងនោះ នៅតែ​រង​ការ​ខូចខាត​ដោយ​អន្លើ ដោយសារ​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​រាន​យក​ដី ការ​ជីក​យក​វត្ថុ​បុរាណ និង​ការ​រំលោភ​ដីធ្លី ធ្វើ​ជា​កម្មសិទ្ធិ ពី​សំណាក់​ជន​ខិលខូច និង​បុគ្គល​មាន​លុយ​មាន​អំណាច។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប ដែល​តែង​នាំ​ភ្ញៀវ​ទេសចរ​ទស្សនា​ប្រាសាទ លោក គឹម សៃ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មាន​ប្រាសាទ​ជាច្រើន​ឋិត​ក្នុងស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​រួម​មាន ប្រាសាទ​ទ្រង់ ប្រាសាទ​រើ ប្រាសាទ​គងភ្លុក និង​ប្រាសាទភ្នំ​សណ្តរ នៅ​ពុំ​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ល្អ ចូល​ទៅ​ទីនោះ​នៅឡើយ។

រីឯ​ប្រាសាទ​ជាច្រើន​ទៀត ក៏​គ្មាន​ផ្លូវ​ចូល​ទៅ​ឡើយ​ហើយ​អ្នក​ទេសចរ ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ជា​ច្រើន​គីឡូម៉ែត្រ។

លោក គឹម សៃ៖ «ថ្ងៃ​មុនគេ​ខ្ញុំ​ទៅ​ជិត​ដល់ ឃើញ​គេ​ទ្រួស​ព្រៃ​ជិតៗ​ហ្នឹង ស្រុក​គេ​ភូមិ​គេ បើ​អាជ្ញាធរ​នៅ​តំបន់​នោះ គេ​មិន​ជួយ​ថែរក្សា មិនដឹង​យ៉ាងណា ខ្ញុំ​បារម្ភ​ខ្លះ​ដែរ តែ​អត់​ហ៊ាន​អារកាត់»។

បុរស​ដដែល​បន្ថែម​ថា សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម ការ​កាប់​ឈើ​ធំៗ និង​ការ​ជីក​គាស់​យក​វត្ថុ​បុរាណ នៅតែ​កើត​មាន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ និង​សម្រស់​បរិស្ថាន ជុំវិញ​ប្រាសាទ​ទាំងនេះ។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​វប្បធម៌ សហការ រក​មធ្យោបាយ​ការពារ​សុវត្ថិភាព​ប្រាសាទ​បុរាណ​តូច​ធំ​នៅ​តំបន់​នោះ​ឱ្យ​គង់វង្ស និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ច្រកល្ហក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌ ដែល​តែង​ចុះ​ស្រាវជ្រាវ​រក​ប្រាសាទបុរាណ​ក្នុង​ព្រៃ លោក ហៀក សេងហួត ឱ្យ​ដឹង​ថា ពួក​លោក​បាន​ប្រទះឃើញ​ប្រាសាទបុរាណ​មួយ​ចំនួន​ទៀត កម្រ​មាន​អ្នក​ទៅ​ដល់ ឋិត​នៅ​មិន​ឆ្ងាយ​ពី​ប្រាសាទ​កោះកេរ ក្នុង​ខេត្តព្រះវិហារ​រួមមាន ប្រាសាទ អារាមរោងចិន ប្រាសាទប្រាំ ប្រាសាទ​កាចាប់ និង​ប្រាសាទ​កំពែង​ពីរ​ជាន់។

លោក​ថា ប្រាសាទ​ទាំងនេះ មាន​រូបរាង​មាំ​នៅ​ឡើយ មាន​ខឿន និង​ចម្លាក់​ជញ្ជាំង​រំលេច​ដោយ​រចនាសម្ព័ន្ធ​ប្រឡាយ​ទឹក​បុរាណ ដែល​អាជ្ញាធរ​គួរតែ​ថែរក្សា ជួសជុល និង​អភិរក្ស​ឡើងវិញ។

លោក​បន្ថែម​ថា ពួក​លោក​កំពុង​សិក្សា​ស្រាវជ្រាវ ពី​សំណង់​បុរាណ​ទាំងនេះ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ស្វែងរក​ជំនួយ​អភិរក្ស ពី​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល។

លោក ហៀក សេងហួត៖ «ខ្ញុំ​រក​ឃើញ​ច្រើន ឃើញ​អាជ្ញាធរ​ទៅ​មួយៗ​ដែរ តែ​គាត់​នៅ​មាន​កម្រិត ព្រោះ​ផ្លូវ​ខ្លះ​ពិបាក​ចូល​ដែរ ដូច​ខ្ញុំ​អី អូស​ម៉ូតូ​អូស​កាត់​ភក់ អ្នក​ឆ្លៀត​លួច​គាស់ និង​កាប់​ព្រៃ​នៅតែ​មាន តែ​តិចតួច​។ យើង​ធ្វើ​នេះ ដើម្បី​ឱ្យ​បាន​ជ្រាប ប្រាសាទ​ដាច់ស្រយាល​ឆ្ងាយៗ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល និង​អគ្គនាយក​ហិរញ្ញវត្ថុ​នៃ​ក្រសួង​វប្បធម៌ លោក វិន ឡៃជួ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី ២២ កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​បន្ថែម​ថា ក្រសួង​វប្បធម៌ គួរតែ​ការពារ​ឱ្យ​បាន នូវ​តំបន់​បុរាណ​ឋាន និង​ប្រាសាទ​តូចៗ​ជាច្រើន កុំ​ឱ្យ​មានការ​រំលោភបំពាន​ជា​សម្បត្តិ​ឯកជន។

លោក​ថា ប្រាសាទ​ដ៏​ធំ​មួយ គឺ​ព្រះខាន់​កំពង់ស្វាយ ឋិត​ក្នុង​ខេត្តព្រះវិហារ អាជ្ញាធរ​ក៏​គួរតែ​អភិរក្ស​ឱ្យ​ល្អ និង​កសាង​ផ្លូវ​ចូល​ទៅ​ទីនោះ រុញច្រាន​ឱ្យ​វិស័យ​ទេសចរណ៍​លូតលាស់​គ្រប់​តំបន់ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​សហគមន៍។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្មែរ​អង្គរ លោក ខៀវ ធី យល់​ថា ប្រសិនបើ អាជ្ញាធរ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​តូចៗ ដោយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ល្អ នឹង​រួមចំណែក​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៅ​ជុំវិញ​ប្រាសាទ ដែល​ជា​ផ្នែក​មួយ លើក​កម្ពស់​វិស័យ​ទេសចរណ៍។

លោក ខៀវ ធី៖ «បរទេស​គេ​ស្គាល់​ខ្មែរ​កាន់តែ​ច្រើន កាលណា​ចុះបញ្ជី និង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​គ្រប់គ្រង​វិសាលភាព​ប៉ុន្មាន​គីឡូម៉ែត្រ​ការ៉េ យើង​ការពារ​ព្រៃឈើ​ឱ្យ​បាន កុំ​ឱ្យ​មានការ​រំលោភបំពាន ជា​របស់​ឯកជន ជា​របស់​រួម»។

អ្នកជំនាញ​វប្បធម៌​រូប​នេះ​បន្ថែម​ថា មិន​ត្រឹមតែ​ប្រាសាទបុរាណ​ប៉ុណ្ណោះ​ទេ រដ្ឋាភិបាល​ក៏​ត្រូវ​តែ ស្នើសុំ​ចុះបញ្ជី​ព្រៃឈើ តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ទទួល​បាន​កញ្ចប់​ថវិកា ការពារ​ធនធាន​ធម្មជាតិ ដែល​កំពុង​ប្រឈម​ការ​រំលោភ​បំពាន​ដោយ​សកម្មភាព​មនុស្ស។សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ឱ្យ​ដឹង​ថា គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០២៣ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សរុប​ជាង ២ សែន ៣​ម៉ឺន​នាក់ (២៣៦.៣៤១ )​ដោយ​ទទួល​បាន​ថវិកា ពី​ការ​លក់​សំបុត្រ​ចំនួន​ជាង ១១​លាន​ដុល្លារ​អាមេរិក (១១.១៣៥.៤៩២)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។