មន្ត្រី​រៀបចំ​បុណ្យ​ជាតិ​ថា​ថ្ងៃ​​ដំបូង​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​មិនសូវ​មាន​មនុស្ស​មក​ទស្សនា​

0:00 / 0:00

មន្ត្រី​រៀបចំ​បុណ្យ​ជាតិ-​អន្តរជាតិ បាន​អះអាង​ថា ថ្ងៃ​​ចាប់​ផ្ដើម​ដំបូង​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ទន្លេ​ចតុមុខ នា​វេទិកា​ទល់​មុខ​ព្រះ​បរម​រាជវាំង​ឆ្នាំ​នេះ​បាន​ដំណើរ​ដោយ​រលូន ប៉ុន្តែ​មិន​សូវ​មាន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​រួម​ទស្សនា​ការ​ប្រណាំង​ទូក​ច្រើន​ទេ។

មន្ត្រី​រៀបចំ​បុណ្យ​ជាតិ ​ស្នើ​មិន​បង្ហាញ​ឈ្មោះ​បាន​ព្យាករ​ថា បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ទំនង​ជា​មិន​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​​ពី​តាម​បណ្ដា​ខេត្ត​នានា​ច្រើន​ចូល​មក​ទស្សនា​ការ​ប្រណាំង​ទូក​នៅ​មុខ​ព្រះ​បរម​រាជវាំង​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ សមត្ថកិច្ច​នគរបាល និង​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ មួយ​ចំនួន​ដែល​ប្រចាំ​ការ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​សំខាន់ៗ​មួយ​ចំនួន មាន​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​ជាតិ​លេខ​៥ ជាដើម​ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ដំបូង​ពិធីបុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ពិត​ជា​មិន​សូវ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថយន្ត​ចូល​មក​រាជធានី​ភ្នំពេញ ច្រើន​ពិត​មែន។ ផ្ទុយ​ទៅ​វិញ បែរ​ជា​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថយន្ត​ច្រើន​សន្ធឹកសន្ធាប់ ចាកចេញ​ពី​រាជធានី​ភ្នំពេញ ចេញ​ទៅ​ក្រៅ​ក្រុង​មាន​ចំនួន​ច្រើន​កុះករ​ទៅ​វិញ៖ «»។

គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ-​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ង មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។ ​ពិធី​ប្រណាំង​ទូក​នៅ​តាម​ថ្ងៃ​នីមួយៗ ចាប់​ផ្ដើម​នៅ​ម៉ោង ១១​ព្រឹក រហូត​ដល់​ម៉ោង ៥ និង ៣០​នាទី នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ។ ការ​ប្រណាំង​ទូក​នេះ មាន​ចំនួន ២​ជើង គូ​ដដែល ដោយ​ដូរ​ខ្សែ​ទឹក​ខាង​ក្នុង ខាង​ក្រៅ។

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ព្រះមហាក្សត្រ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ស្ដេច​យាង​ទត​ការ​ប្រណាំង​ទូក​ និង​ព្រះរាជ​ប្រទាន​ភ្លើង​ទៀន​ជ័យ​លើ​ប្រទីប​ព្រះ​បរម​រាជវាំង នៅ​ម៉ោង ៦ និង ៣០​នាទី​ល្ងាច ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ព្រមទាំង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ជា​ច្រើន​ស្ថាប័ន​ទៀត​ចូល​រួម។

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៧ នេះ មាន​ប្រទីប​ចំនួន ១៣ រួម​មាន ប្រទីប​ព្រះបរមរាជវាំង ប្រទីប​ព្រឹទ្ធសភា ប្រទីប​រដ្ឋសភា ប្រទីប​រាជរដ្ឋាភិបាល និង​ប្រទីប​របស់​ក្រសួង​នានា​មួយ​ចំនួន​ទៀត។

បញ្ជី​ផ្គូផ្គង​ការ​ប្រណាំង​ទូក​ប្រចាំ​ថ្ងៃ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-​អន្តរជាតិ បង្ហាញ​ថា ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​មាន​ទូក​មក​ចូល​រួម​ប្រកួត​ប្រជែង​សរុប​ចំនួន ១៣៧​គូ ឬ​ស្នើ ២៧៤​ទូក នៅ​ទូទាំង​ប្រទេស​ដែល​បាន​មក​ចូលរួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។