ព្រះសង្ឃ​និង​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រិះគន់​ការ​ប្រគេន​ស្បែកជើង​មាស​ដល់​ថ្នាក់ដឹកនាំ​ព្រះសង្ឃ

ដោយ ថន ថារ៉ូ
2019.05.26
សៀង ចាន់ហេង ស្បែក​ជើង​មាស ៦២២ ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង (ឆ្វេង) ប្រគេន​ស្បែកជើង​មាស ដល់​​​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ ព្រះតេជព្រះគុណ ដួង ផង់។
រូប​ហ្វេសប៊ុក

មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​អះអាង​ថា ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង បាន​ធ្វើ​ស្បែកជើង​មាស​មួយ​គូ ទម្ងន់​មួយ​គីឡូ​កន្លះ​ដើម្បី​ប្រគេន​ដល់​មន្ត្រី​ជាន់ខ្ពស់​សង្ឃ​។ ព្រះសង្ឃ​ឯករាជ្យ និង​ពលរដ្ឋ​រិះគន់​ថា ការ​ផ្ដល់​ស្បែកជើង​មាស​នេះ នេះ​ជា​ទង្វើ​ដែល​មិន​សមស្រប​តាម​ធម៌​វិន័យ​ព្រះពុទ្ធសាសនា និង​មិនបាន​ជួយ​លើក​កម្ពស់​វិស័យ​សាសនា និង​សង្គម​នោះ​ទេ។

អ្នកស្រី​ឧកញ៉ា សៀង ចាន់ហេង ដែល​គេ​ស្គាល់​ថា​ជា​ឧកញ៉ា​ដែល​មាន​ទ្រព្យធន និង​ធ្លាប់​មាន​ជម្លោះ​ដីធ្លី​កន្លងមក​ជាមួយ​ប្រជាពលរដ្ឋ​ផង​ដែរ​នោះ ប្រាប់​អាស៊ីសេរី​ថា ស្បែកជើង​មាស​មួយ​គូ​នេះ ធ្វើ​អំពី​មាសទឹកដប់​សុទ្ធ ហើយ​បាត​ស្បែកជើង​ផលិត​នៅ​ប្រទេស​ជប៉ុន។ ស្បែកជើង​មួយ​គូ​នោះ ត្រូវ​បាន​ប្រគេន​ដល់​សម្ដេច​ព្រះឧត្តម​បញ្ញា ដួង ផង់ ព្រះសង្ឃ​គណៈមហានិកាយ និង​ជា​ព្រះចៅ​អធិការ វត្ត​ព្រែកប្រាំង ស្ថិត​ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។ អ្នកស្រី​បញ្ជាក់​ថា ការ​ប្រគេន​ស្បែកជើង​មាស​នេះ គឺ​ចង់​លើក​តម្កើង​ដល់​ឋានៈ និង​ងារ​របស់​សម្ដេច ដែល​ស័ក្ដិសម​នឹង​ទទួល​បាន​នូវ​ស្បែកជើង​មាស។ អ្នកស្រី​បញ្ជាក់​បន្ថែមទៀត​ថា វា​ស្រេច​តែ​ទឹកចិត្ត​និង​សទ្ធា​ជ្រះថ្លា​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​អ្វីមួយ​ប្រគេន​ដល់​ព្រះសង្ឃ ហើយ​ព្រះសង្ឃ​ក៏​មិនបាន​បញ្ជា​ថា ឱ្យ​ប្រគេន​វត្ថុ​នេះ ឬ​វត្ថុ​នោះ​ដែរ៖ «ចា​! ស្បែកជើង​មាស​ហ្នឹង បើ​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​មិនមែន​ជា​អ្នកធ្វើ ក៏​អ្នក​ទាំងអស់​គ្នា​មិន​ជឿ​ដែរ ព្រោះ​ឃើញ​ខ្ញុំ​ថ្វាយបង្គំ​សម្ដេច​។ តាមពិត​ស្បែកជើង​ហ្នឹង​ធ្វើ​អំពី​មាស​សុទ្ធ ទម្ងន់​មួយ​គីឡូ​កន្លះ ហើយ​បាត​វា​មកពី​ប្រទេស​ជប៉ុន​។ ហើយ​អ្នក​ដែល​ធ្វើ​ស្បែកជើង​ថ្វាយ​ព្រះសង្ឃរាជ​ហ្នឹង​គឺ​តំណាង គឺថា​ចង់​រំលើក​ពី​ស្ដេច ពី​សម្ដេច គឺថា​ស្រុក​ខ្មែរ​យើង​ឱ្យ​តែ​សម្ដេច​គឺ​មាន​ស្បែកជើង​មាស​ពាក់​អ៊ីចឹង​។ សទ្ធា​ជ្រះថ្លា​នៃ​ពុទ្ធ​បរិស័ទ បើ​សិន​មាន​សទ្ធា​ទៅ អ្នកខ្លះ​គេ​ទិញ​ឡាន​ប្រគេន​លោក​អ៊ីចឹង​ទៅ ខ្លះ​គេ​មាន​សទ្ធា​គេ​ទិញ​អី​ប្រគេន​លោក​អ៊ីចឹង​ទៅ ខ្លះ​គេ​មាន​សទ្ធា​គេ​កសាង​កុដិ មហាកុដិ​អី​ប្រគេន​លោក​អ៊ីចឹង​ទៅ នេះ​វា​តាម​សទ្ធា​ចិត្ត បើ​ថា​ឱ្យ​លោក​កុម្ម៉ង់ ឬមួយ​ក៏​សម្ដេច​សង្ឃ ឬមួយ​ព្រះសង្ឃ​ដទៃ​ទៀត​ថា នែ​ត្រូវតែ​ធ្វើ​ស្បែកជើង ត្រូវតែ​ធ្វើ​កុដិ​ប្រគេន​អាត្មា អានេះ​វា​អត់​មាន​ទេ សំខាន់​លើ​សទ្ធា​ចិត្ត​នៃ​អ្នកមាន​សទ្ធា»

ការ​ប្រគេន​ស្បែកជើង​មាស​ជូន​ព្រះសង្ឃ​ដែល​មិន​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​នេះ បាន​បណ្ដាល​ឱ្យ​មាន​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​ព្រះសង្ឃ​និង​ពលរដ្ឋ​ទូទៅ។

ព្រះតេជព្រះគុណ ឃោសកោវិសិទិ្ធ យៀង សុចិត្រា ព្រះចៅ​អធិការ​វត្ត​មណ្ឌល​ពុទ្ធសាសនា ក្នុង​ទីក្រុង​ប្រូវីឌែន (Providence) រដ្ឋ​រូឌអាលែន (Rhode Island) មាន​ថេរដីកា​ឱ្យ​អាស៊ីសេរី​ដឹង​ថា ការ​ប្រគេន​ស្បែកជើង​មាស​ដល់​ព្រះសង្ឃ ជា​ទង្វើ​ពុំ​ត្រឹមត្រូវ​និង​ប្រាសចាក​នូវ​គុណធម៌​របស់​ព្រះសង្ឃ។ ព្រះអង្គ​លើកឡើង​ថា ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា មិន​អនុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ ណាមួយ​ដែល​បួស​ក្នុង​ព្រះពុទ្ធសាសនា ហើយ​ប្រើ​ទ្រនាប់ជើង​ដែល​ធ្វើ​អំពី​មាស និង​របស់​មានតម្លៃ​ផ្សេង​មួយ​ចំនួន​ទៀត ហើយ​ព្រះសង្ឃ​ដែល​ប្រើប្រាស់​នូវ​របស់​ដែល​បាន​ហាមឃាត់​ទាំងនោះ អាច​នឹង​ត្រូវ​ដាច់​អាបត្តិ ព្រោះ​នេះ​ជា​ទង្វើ​មួយ​មិន​សមរម្យ​និង​ប្រាសចាក​ពី​គោលការណ៍​ព្រះពុទ្ធសាសនា៖ «អាត្មា​យល់ថា មិន​គួរ​ទេ ពីព្រោះ​ថា​ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា ព្រះពុទ្ធ​មាន​ពុទ្ធដីកា​នៅ​ក្នុង​ព្រះ​ត្រៃបិដក​ខ្មែរ ភាគ​ទី​៧ ទំព័រ​១៩១ ដល់​១៩២ មិន​អនុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​អង្គ​ណាមួយ​ដែល​បួស​ក្នុង​ព្រះ​ព្រះពុទ្ធសាសនា ហើយ​ប្រើ​ទ្រនាប់ជើង​ដែល​ធ្វើ​អំពី​មាស ដែល​ធ្វើ​អំពី​ប្រាក់ ដែល​ធ្វើ​អំពី​សម្រិត ដែល​ធ្វើ​អំពី​កែវមុន្នី ដែល​ធ្វើ​អំពី​កែវ​ពិទូ ដែល​ធ្វើ​អំពី​កែវ​ផ្លេកៗ ដែល​ធ្វើ​អំពី​កែវ​កញ្ចក់ ធ្វើ​អំពី​សំណប៉ាហាំង បើ​ភិក្ខុ​អង្គ​ណាមួយ​ប្រើ​នូវ​ទ្រនាប់ជើង​ទាំងនោះ ភិក្ខុ អង្គ​នោះ​នឹង​ត្រូវ​ដាច់​អាបត្តិ»

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​លើកឡើង​ថា វា​ពិតជា​រឿង​ដ៏​មហា​អស្ចារ្យ ដែល​មានការ​ប្រគេន​ស្បែកជើង​មាស​ដល់​ព្រះសង្ឃ ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ នៅ​មាន​កម្រិត​នៅឡើយ​។ អ្នក​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក៏បាន​លើក​ជា​យោបល់​ថា ប្រសិនបើ​យក​ថវិកា​ពី​ការ​ធ្វើ​ស្បែកជើង​មាស​នេះ ទៅ​ជួយ​ដល់​កិច្ចការ​សង្គម ផ្សេងៗ ដូចជា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាដើម ទើប​ប្រសើរ​ជាង។

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុមុន្នី បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ការ​ប្រគេន​ស្បែកជើង​មាស​មួយ​គេ​នេះ​ដល់​ព្រះសង្ឃ និង​ការ​ប្រគេន​វត្ថុ​ផ្សេងៗ មិន​មាន​អ្វី​ខុសឆ្គង​នោះ​ទេ ព្រោះ​ជា​សទ្ធា​ជ្រះថ្លា របស់​ពុទ្ធបរិស័ទ​ទូទៅ ហើយ​មិនបាន​ប៉ះពាល់​ដល់​ធម៌​វិន័យ​របស់​ព្រះសង្ឃ​នោះ​ទេ​។ លោក​ក៏​លើក​សរសើរ​ដល់​សកម្មភាព​របស់​អ្នកស្រី សៀង ចាន់​ហេង ដែល​កន្លងមក​តែង​បរិច្ចាគ​នូវ​ទ្រព្យធន​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម ក៏ដូចជា​លើកស្ទួយ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ជាដើម​។ លោក​ថា នេះ​ជា​រឿង​អស្ចារ្យ​ដែល​ពុទ្ធ​បរិស័ទ​ខ្មែរ​យើង បាន​ប្រគេន​ស្បែកជើង​មាស​ដល់​ព្រះសង្ឃ ដែល​នេះ​មិនដែល​កើតមាន​ក្នុង​សង្គម​ខ្មែរ​ក្នុង​ពេល​កន្លងមក។ លោក​បញ្ជាក់​ថា ពុំ​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ថា ការ​ប្រគេន​ស្បែកជើង​មាស ឬ​របស់​មាន​តម្លៃ​ផ្សេងៗ​ទៀត​ដូចជា​ឡាន​ទំនើបៗ និង​ប្រាក់កាស​ជាដើម​នោះ មាន​ភាព​ខុស​ឆ្គង​និង​ធម៌​វិន័យ​ព្រះ​សម្មាសម្ពុទ្ធ ព្រោះ​វា​អាស្រ័យ​ទៅ​លើ​សទ្ធា​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ៖ «គាត់​ប្រគេន​យូរហើយ ប៉ុន្តែ​ប្រហែល​ទើប​ហ្វេសប៊ុក (Alert) ឡើងវិញ​។ បញ្ហា​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធ​បរិស័ទ​ទេ មិន​ជា​ប៉ះពាល់​អី​ដល់​ធម៌​វិន័យ​អី​ទេ អាស្រ័យ​ព្រះអង្គ​យក​ទៅ​ប្រើប្រាស់ ដើម្បី​កុំ​ឱ្យ​វា​ខុសឆ្គង​និង​ធម៌​វិន័យ​អី​ទៅ វា​អត់​អី​ទេ។ ខ្ញុំ​ឃើញ​គាត់​មានការ​បរិច្ចាគ​ច្រើន ចំពោះ​ពុទ្ធសាសនា​ហ្នឹង​។ អស្ចារ្យ​ដែរ​សម្រាប់​ពុទ្ធ​បរិស័ទ​ខ្មែរ​យើង ដែល​មាន​សទ្ធា​ជ្រះ​ធ្លា​រហូតដល់​ប្រគេន​ស្បែកជើង​មាស​ព្រះសង្ឃ​អីចឹង ជា​រឿង​អស្ចារ្យ ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ សម័យ​ពុទ្ធកាល​ក៏​មាន​បូជា​ច្រើនយ៉ាង​ណាស់ ដូច​ជា​មាន​ធ្វើជា​កម្រាល​មាស​។ យើង​មើល​ឃើញ​ថា ដូច​មិន​មាន​ខុស​អី​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ទេ នេះ​គឺជា​សទ្ធា​ជ្រះថ្លា»

ព្រះតេជព្រះគុណ​ឃោសកោវិសិទ្ធ យៀង សុចិត្រា មាន​ថេរដីកា​ថា ប្រសិនបើ​ទ្រព្យ​ដែល​ប្រគេន​នេះ ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​លើកស្ទួយ​ព្រះពុទ្ធសាសនា​ឬក៏​សម្រាប់​កសាង​ផ្សេងៗ ដូចជា​ការ​កសាង​ព្រះវិហារ មន្ទីរពេទ្យ កុដិ សាលា ឬ​របង​វត្ត​ជាដើម នោះ​មិន​មាន​ខុស​ទាស់​អ្វី​ទេ ប៉ុន្តែ​បើ​ប្រគេន​ឱ្យ​ភិក្ខុសង្ឃ​អង្គ​ណាមួយ ប្រើប្រាស់​ដើម្បី​លំអ​រាងកាយ ដើម្បី​ឱ្យ​មនុស្ស​ទាំង​ផង​ស្ងើចសរសើរ​ថា​អស្ចារ្យ​នោះ វា​ជា​ទង្វើ​ដែល​ខុសឆ្គង ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធម៌​វិន័យ​របស់​ព្រះសង្ឃ។ ព្រះអង្គ​បន្ត​ថា អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា មិន​ត្រូវ​ប្រាថ្នា​ចង់បាន​អ្វី​ឡើយ ហើយ​ត្រូវ​លះបង់​នូវ​លោភៈ​ទោសៈ​ចេញពី​ចិត្ត ហើយ​ការ​បួស​ជា​ព្រះសង្ឃ​មិនមែន​ដើម្បី​សន្សំ​មាស សន្សំ​ប្រាក់ និង​ដើម្បី​ឱ្យ​គេ​កោត​ស្ងើចសរសើរ​ថា​ខ្លួន​ហ្នឹង​អស្ចារ្យ​នោះ​ទេ៖ «បើ​ប្រគេន​ដើម្បី​ឱ្យ​ព្រះសង្ឃ​ណាមួយ ប្រើប្រាស់​ដើម្បី​លម្អ​រាងកាយ ឱ្យ​មនុស្ស​ទាំងឡាយ​ទាំងពួង​ហ្នឹង​គេ​ស្ងើចសរសើរ​ថា​ខ្លួន​ហ្នឹង​អស្ចារ្យ ដែល​មាន​របស់​តម្លៃ​ប្រើប្រាស់ មិន​គួរ​ប្រគេន​ដល់​ភិក្ខុសង្ឃ​អង្គ​ណាមួយ​ទេ ដូច​មាន​ពុទ្ធដីកា​របស់​ព្រះ​សម្មាសម្ពុទ្ធ​មួយ​ឃ្លា​ពោល​ចំពោះ​អ្នកបួស​ថា សព្វទុក្ខ និស្សរណៈ និព្វាន ថា​បួស​ហ្នឹង​ប្រាថ្នា​តែ​ម្យ៉ាង​ទេ គឺ​ប្រាថ្នា​ដើម្បី​ឱ្យ​រួច​ចាក​ទុក្ខ​ទៅកាន់​ព្រះ​និព្វាន មិនមែន​បួស​ដើម្បី​សន្សំ​មាស​សន្សំ​ប្រាក់ ដើម្បី​ឱ្យ​គេ​ស្ងើចសរសើរ​ថា​ខ្លួន​ហ្នឹង​អស្ចារ្យ​នោះ​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ ព្រះតេជព្រះគុណ ភិក្ខុ​ថិតធម្មោ រស់ ប៊ុនថន ព្រះចៅ​អធិការ​វត្ត​ធម្មរង្សី​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​មាន​ថេរដីកា​ថា ធម៌​របស់​ព្រះពុទ្ធ​បាន​ប្រៀនប្រដៅ​ឱ្យ​មាន​ការ​លះបង់ និង​មិន​ត្រូវការ​សម្ភារៈ​និយម ហើយ​ការប្រើប្រាស់​នូវ​សម្ភារ​ទាំងឡាយ គឺ​ដើម្បី​សម្រួល​នូវ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដែល​ការរស់នៅ​ប្រចាំ​ថ្ងៃនេះ មិន​តម្រូវ​ឱ្យ​មាន​ការប្រើប្រាស់​ស្បែង​ជើង​មាស​នោះ​ទេ ដែល​នេះ​ជា​ការ​ដែល​មិន​អាច​អនុវត្ត​បាន​នៅ​ក្នុង​ជីវិត​ជាក់ស្ដែង​របស់​បុគ្គល​ម្នាក់ៗ​។ ព្រះអង្គ​បន្ត​ទៀត​ថា​វា​រិត​តែ​មិន​សម​ទៅទៀត នៅ​ពេល​ដែល​សង្គមជាតិ​កម្ពុជា កំពុងតែ​ក្រខ្សត់ ការ​ប្រគេន​ស្បែកជើង​មាស​ដល់​ព្រះសង្ឃ​ជា​ការ​ខុសឆ្គង​យ៉ាង​ខ្លាំង។ ព្រះអង្គ​បន្ត​ទៀត​ថា ការ​ប្រគេន​ស្អែក​ជើង​មាស​នេះ មិន​អាច​យក​ប្រើ​ទៅ​ប្រើ​ប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន ហើយ​ម្យ៉ាង​ទៀត​បើ​របស់​ដែល​ប្រគេន​នោះ​បាន​មក​ដោយសារ​អំពើ​ពុករលួយ ការ​កេងប្រវ័ញ្ច​ពី​អ្នក​ដ៏​ទៃ​នោះ វា​ហ្នឹង​ធ្វើ​ឱ្យ​មាន​អំពើ​បាប​ទៅវិញ​ទេ៖ «ទាន​ហ្នឹង​មិន​អាច​យក​ទៅ​អនុវត្ត​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បានទេ! ពរ។ ហើយ​បើសិនជា​ទាន​របស់​យើង ឬក៏​ទ្រព្យ​ហ្នឹង​ដែរ​បាន​មក​មិន​ប្រកបដោយ​ធម៌ បាន​មក​ដោយ​អំពើ​ពុករលួយ បាន​មក​ដោយ​ការ​កេង​ប្រវ័ញ្ច រំលោភបំពាន​គេ ហើយ​យក​មក​ធ្វើ​រឿង​អស់ហ្នឹង វា​រឹត​តែ​មិនបាន​ផល​ទៀត។ ប្រសិនបើ​ព្រះសង្ឃ​ដឹង​ថា ទេយ្យទាន ឬក៏​របស់របរ​ដែល​បាន​មក​ដោយ​កាយទុច្ចរិត មិន​ប្រកបដោយ​ធម៌ ហើយ​លោក​នៅតែ​ទទួល នឹង​ក៏​ជា​ការ​រួមចំណែក​ឃុបឃិត ឬក៏​លើកទឹកចិត្ត​បុគ្គល​ហ្នឹង​ដែរ។ ហ្នឹង​អាត្មា​មិន​ហ៊ាន​និយាយ​ថា គេ​បាន​ទេយ្យទាន គេ​បាន​លុយ​ហ្នឹង​ពី​ណា​មក​ទេ​។ បើ​កីឡាករ​បាល់ទាត់​គេ​បាន​ស្បែកជើង វា​ជា​សមត្ថភាព​នៃ​កិច្ចប្រឹងប្រែង​របស់​គេ តែ​យើង​ជា​លោកសង្ឃ​យើង​មាន​ទៅ​ទាត់​ស្អី»

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​ព្រះតេជព្រះគុណ ដួង ផង់ បាន​នៅឡើយ​ទេ រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ដើម្បី​ឱ្យ​ព្រះអង្គ​បញ្ជាក់​ពី​រឿង​ស្បែកជើង​មាស​មួយ​គូ​នេះ។

ជាទូទៅ​មហាជន​សង្កេត​ឃើញ​ថា វត្ត​ដែល​មាន​មន្ត្រី​ធំៗ​របស់​គណបក្ស​កាន់អំណាច មន្ត្រី​រដ្ឋាភិបាល ឧកញ៉ា ឬ​អ្នកមាន​ទ្រព្យធន​លុយកាក់​ចេញចូល​ធ្វើ​បុណ្យទាន​ញឹកញាប់ វត្ត​នោះ​តែង​មាន​ការ​រីកចំរើន ហើយ​ថ្នាក់ដឹកនាំ​ព្រះសង្ឃ​ក្នុង​វត្ត​ទាំងនោះ​តែង​មាន​រថយន្ត​ទំនើបៗ​ប្រើប្រាស់ មាន​អ្នក​បើកបរ​រថយន្ត និង​ពេលខ្លះ​រហូតដល់​មាន​អង្គរក្ស​សម្រាប់​ការពារ​ទៀត​ផង។ ចំណែក​វត្ត​ដែល​មិន​មាន​មន្ត្រី​ធំ ឬ​អ្នក​មាន​អំណាច​ទាំងនោះ​ចេញចូល​ញឹកញាប់​ទេ វត្ត​ទាំងនោះ​តែង​មាន​ភាព​អត្តខាត់ មិន​មាន​ការ​រីក​ចំរើន ហើយ​ពេលខ្លះ​ព្រះសង្ឃ​គង់នៅ​ទីនោះ​អាច​ប្រឈម​នឹង​ការ​ដាច់​ចង្ហាន់​ម្ដងម្កាល​ផង​ក៏​ថា​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។