រដ្ឋាភិបាល​នឹង​រៀបចំ​ខួប​៧​ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

0:00 / 0:00

ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ (UNESCO) បាន​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ របស់​ខ្មែរ​ដែល​នៅ​លើ​ភ្នំ​ដងរែក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ រហូត​មក​ដល់​ឆ្នាំ​២០១៥ នេះ ប្រាសាទ​ព្រះវិហារ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មាន​រយៈពេល ៧​ឆ្នាំ​ហើយ។ ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក កាល​ពី ៧​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ ជំទាស់ ហើយ​លើក​ទ័ព​ចូល​លុក​លុយ​តំបន់​ប្រាសាទ​ព្រះវិហារ ភ្លាមៗ បង្ក​ឲ្យ​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ ជិត​ប្រាសាទ​ព្រះវិហារ នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចេញ​រហូត​មក​ដល់​សព្វថ្ងៃ។

តើ​ការ​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​នាំ​ឲ្យ​កម្ពុជា បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?

អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ជាច្រើន​ផ្នែក​ទៀត គ្រោង​នឹង​រៀបចំ​ពិធី​រំឭក​ខួប ៧​ឆ្នាំ​នៃ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ឯ​តំបន់ "គ​១" ជាប់​ជើង​ភ្នំ​នៃ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា។

មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ប្រាសាទ​ព្រះវិហារ បាន​ដាក់​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មក វា​មិន​ត្រឹម​តែ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​បញ្ជាក់​ថា ជា​ប្រាសាទ​បុរាណ​ខ្មែរ​នៅ​លើ​កំពូល​ភ្នំ​ជាប់​នឹង​ព្រំដែន​ខ្មែរ-ថៃ មិន​ឲ្យ​បាត់​បង់​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​ជា​ឱកាស​ដ៏​វិសេសវិសាល​ឲ្យ​ពិភពលោក​ទាំង​មូល បាន​ចូលរួម​ជួយ​សង្គ្រោះ ជួសជុល និង​អភិរក្ស​ព្រលឹង​នៃ​វប្បធម៌​ខ្មែរ​ឲ្យ​កាន់​តែ​គង់វង្ស​បាន​យូរ​អង្វែង​ត​ទៅ​ទៀត​ផង។

អនុប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ គឺ​លោក អ៊ុក តុបបុត្រា។ លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ប្រាសាទ​ព្រះវិហារ បាន​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មក គឺ​បាន​ធ្វើ​ឲ្យ​ប្រាសាទ​ព្រះវិហារ ដែល​ធ្លាប់​តែ​ស្ងប់ស្ងាត់​ដោយ​មិន​មាន​ការ​អភិរក្ស ថែ​រក្សា ព្រម​ទាំង​តំបន់​ជុំវិញ​ដែល​មិន​មាន​ការ​អភិវឌ្ឍ​ទាល់​តែ​សោះ បាន​ប្រែ​ក្លាយ​ទៅ​រក​វិបុលភាព​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល ៧​ឆ្នាំ​កន្លង​មក​នេះ។ ការ​ផ្លាស់​ប្រែ​ជា​ច្រើន​វិស័យ​នៅ​ទីនោះ ដូចជា ប្រាសាទ​ព្រះវិហារ ដែល​ជាច្រើន​ជំនាន់​មក​ហើយ​ធ្លាប់​តែ​កប់​បាត់​នៅ​ក្នុង​ព្រៃ ប៉ុន្តែ​ពេល​នេះ​មាន​ស្ថាប័ន​អាជ្ញាធរ​ជាតិ​ព្រះវិហារ នៅ​មើល​ថែ​រក្សា ជួសជុល ព្រម​ទាំង​មាន​អ្នក​បោស​សម្អាត​នៅ​តាម​ទីធ្លា​ជា​ប្រចាំ។ ចំណែក​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ពី​មុន​មក​មាន​ប្រជាពលរដ្ឋ​រស់នៅ​តិចតួច ហើយ​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​សោះ ប៉ុន្តែ​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​អភិវឌ្ឍ​ផ្លូវ​ថ្នល់ និង​ភូមិដ្ឋាន​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​កាន់​តែ​ប្រសើរ ឧទាហរណ៍ ដូចជា​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ គឺ​រដ្ឋាភិបាល​បាន​រៀបចំ​ឲ្យ​ក្លាយ​ទៅ​ជា​ភូមិ​មាន​សាលា​រៀន មណ្ឌល​សុខភាព​ត្រឹមត្រូវ ហើយ​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ដែល​ពី​មុន​មិន​មាន​ការ​រីក​ចម្រើន​អ្វី​ទាល់​តែ​សោះ ឥឡូវ​មាន​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ជាច្រើន រង់ចាំ​ទទួល​ភ្ញៀវ​ដែល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ។

លោក អ៊ុក តុបបុត្រា មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដោយសារ​តែ​ប្រាសាទ​ព្រះវិហារ បាន​ចូល​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក គឺ​ថ្មីៗ​នេះ ប្រទេស​មហា​អំណាច​ខាង​សេដ្ឋកិច្ច​ធំៗ​ចំនួន​៣ ដូចជា​ចិន និង​ឥណ្ឌា បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​សហប្រធាន​នៃ​គណៈកម្មការ​អន្តរជាតិ សម្រាប់​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC) ព្រះវិហារ ក្នុង​នោះ​សហរដ្ឋ​អាមេរិក ក៏​ជា​សមាជិក​ស្ថាបនិក​នៃ​គណៈកម្មការ អាយ.ស៊ី.ស៊ី ព្រះវិហារ​ដែរ៖ «កាល​ពី​មុន​យើង​អត់​មាន​ការ​អភិរក្ស ការ​គាំពារ​ប្រាសាទ ឥឡូវ​យើង​មាន​ការ​ថែទាំ​បាន​ត្រឹមត្រូវ។ ចំណុច​មួយ​ទៀត​នោះ គឺ​ការ​ផ្សព្វផ្សាយ ដោយសារ​យើង​ចុះ​បញ្ជី​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​ផ្នែក​វប្បធម៌​នៃ​ប្រាសាទ​របស់​យើង​ហ្នឹង បាន​ទៅ​ឲ្យ​ពិភពលោក​ជាច្រើន​ស្គាល់»

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ (RFA/Hang Savyouth)

មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ ឲ្យ​ដឹង​ថា ចាប់​តែ​តាំង​ពី​ប្រាសាទ​ព្រះវិហារ បាន​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មក បាន​ធ្វើ​ឲ្យ​កិត្តិនាម​នៃ​ព្រលឹង​វប្បធម៌​ខ្មែរ​តាំង​ពី​សម័យ​សតវត្ស​ទី​៩ មួយ​នេះ ទាក់ទាញ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទស្សនា​កាន់​តែ​ច្រើន​ឡើងៗ។

មន្ត្រី​ផ្នែក​គ្រប់គ្រង​ស្ថិតិ​ភ្ញៀវ​ទេសចរ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក យាន ស៊ុនថារ៉ាត់ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់។ ចំនួន​នេះ គឺ​កើន​ឡើង​ប្រមាណ ១២% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៦​ខែ​នៃ​ឆ្នាំ​២០១៤ កន្លង​ទៅ។

ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ដែល​កសាង​ឡើង​ដោយ​ព្រះមហាក្សត្រ​ព្រះនាម សុរិយ​វរ្ម័នទី១ និង​សុរិយ​វរ្ម័នទី២ កាល​ពី​សតវត្ស​ទី​៩ ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ ចុះ​បញ្ជី​ឲ្យ​ក្លាយ​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ កន្លង​ទៅ​នៅ​ទីក្រុង​កេប៊ិច (Quebec) ប្រទេស​កាណាដា (Canada)។ ក៏ប៉ុន្តែ​ប្រទេស​ថៃ ដែល​មាន​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ បង្កើយ បាន​ជំទាស់​ចំពោះ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ហើយ​នៅ​ក្រោយ​ការ​ចុះ​បញ្ជី​នោះ គឺ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ថៃ បាន​បញ្ជូន​កងទ័ព​ឈុត​ខ្មៅ​ជាង ៥០០​នាក់ ចូល​លុក​លុយ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ធ្វើ​ឲ្យ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ កើត​ឡើង​បន្ត​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ដោះស្រាយ​ឲ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ដែល​ថៃ បញ្ជូន​កងទ័ព​ចូល​លុក​លុយ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​បាន​ប្រើ​យុទ្ធសាស្ត្រ​ចំនួន​២ ដូចជា​ចាត់​ទុក​តំបន់​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ជា​តំបន់​មិន​ច្បាស់លាស់។ ទី​២ បាន​ចាត់​ទុក​តំបន់​ខ្លះ​ជា​បន្ទាត់​ព្រំដែន​ដែល​ត្រួត​ស៊ី​គ្នា។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជាច្រើន​លើក បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​តតាំង​យ៉ាង​ខ្លាំង​ផ្នែក​ផ្លូវ​ច្បាប់​ទៅ​តុលាការ​អន្តរជាតិ​ជា​ថ្មី ដើម្បី​ឲ្យ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ អំពី​អធិបតេយ្យភាព​របស់​កម្ពុជា។ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ តុលាការ​អន្តរជាតិ បាន​ប្រកាស​សាល​ដីកា​ថា តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​តម្រូវ​ថៃ ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ដែល​ចូល​មក​លុក​លុយ​ទាំងអស់។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា បើ​ទោះ​បី​ជា​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ បាន​ប្រកាស​សាល​ដីកា ដោយ​បញ្ជា​ឲ្យ​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ ដោយសារ​តែ​ស្ថានភាព​នយោបាយ​អាក្រក់​នៅ​ក្នុង​ប្រទេស គឺ​ថៃ មិន​ទាន់​បាន​អនុវត្ត​តាម​សាល​ដីកា​របស់​តុលាការ​អន្តរជាតិ​នៅ​ឡើយ៖ «យើង​កំពុង​តែ​បន្ត​ពង្រឹង​នយោបាយ​ទំនាក់ទំនង​ល្អ​ជាមួយ​ថៃ ស្វែងរក​ឱកាស​ក្នុង​ការងារ​រួម ក្នុង​កិច្ច​កំណត់ ហើយ​និង​បោះ​បង្គោល​ព្រំដែន ក៏ដូចជា​ដែន​ខណ្ឌ​សីមា​នៅ​តំបន់​នោះ»

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់​ឃើញ​ថា ក្រោយ​ពី​តុលាការ​អន្តរជាតិ ប្រកាស​សាល​ដីកា​ជា​ថ្មី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដោយ​បញ្ជាក់​ថា តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​តម្រូវ​ឲ្យ​ថៃ ដក​កងទ័ព​របស់​ខ្លួន​ចេញ​ទាំងអស់​មក លោក​មើល​ឃើញ​ថា ថៃ ហាក់​ដូចជា​បន្ទន់​ឥរិយាបថ​ដោយ​ទទួល​ស្គាល់​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​នោះ ថា​ពិត​ជា​របស់​ខ្មែរ ពីព្រោះ​តាម​លោក​ដឹង​ថា ប្រទេស​ថៃ គ្រោង​នឹង​ប្រគល់​រូប​ចម្លាក់ និង​វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​ជា​រចនាបថ​របស់​ប្រាសាទ​ព្រះវិហារ មក​ឲ្យ​កម្ពុជា វិញ នៅ​ពេល​ដែល​ជួប​ប្រជុំ​គណៈកម្មការ​ព្រំដែន​ជាមួយ លោក ហោ ណាំហុង នៅ​ពេល​ខាង​មុខ។ លោក​បណ្ឌិត សុខ ទូច ចង់​ឲ្យ​ប្រទេស​ថៃ ទទួល​ស្គាល់​ច្បាប់​អន្តរជាតិ ហើយ​បញ្ចប់​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ៖ «ហើយ​យើង​នឹង​ប្រែ​ក្លាយ​ព្រំដែន​ជម្លោះ​នេះ​ឲ្យ​ទៅ​ជា​ព្រំដែន​សន្តិភាព ឲ្យ​ទៅ​ជា​អ្នក​ជិត​ខាង​ល្អ ហើយ​ប្រែ​ក្លាយ​ព្រំដែន​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍»

លោក​បណ្ឌិត សុខ ទូច បាន​ចាត់​ទុក​ថា វិបត្តិ​ផ្ទៃ​ក្នុង​របស់​ថៃ ដែល​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ​ជាច្រើន​កន្លង​មក គឺ​គ្រាន់​តែ​ជា​របត់​នយោបាយ​មួយ ប៉ុន្តែ​ប្រទេស​ថៃ មិន​អាច​គេច​ចេញ​ពី​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ ក្នុង​រឿង​មិន​ដក​កងទ័ព​ចេញ​ពី​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ ទៅ​តាម​សាល​ដីកា​របស់​តុលាការ​អន្តរជាតិ ឆ្នាំ​១៩៦២ នេះ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។