ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​កម្ពុជា​ក្រោម ​រៀបចំ​​​ក្នុង​សភាព​ស្ងប់ស្ងាត់​ ដូច​នៅ​កម្ពុជា​ដែរ​

ដោយ សេក បណ្ឌិត
2020-04-13
Share
ចូលឆ្នាំកម្ពុជាក្រោម ២០២០ ការរៀបចំ​ចង​បដា​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​វត្ត​មុនី​រង្សី​មេពាំង ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះ​ត្រពាំង ទឹកដី​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ព្រះតេជព្រះគុណ ចាន់ ថយ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បានរៀបចំក្នុង​សភាព​ស្ងប់ស្ងាត់ ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ (Covid-19) ជា​សាកល។ ព្រះ​សង្ឃ និង​ពលរដ្ឋ​ ថា ពិធី​តាម​បែប​សាសនា នៅ​តែ​រៀបចំ​ដដែល តែ​កាត់​បន្ថយ​ការ​ជួបជុំ​មនុស្ស​ច្រើន និង​លុប​ចោល​​កម្មវិធី​ល្បែង​ប្រជាប្រិយ ក្បួន​ដង្ហែ​ព្រះ​កេស​ព្រះ​ព្រហ្ម តាម​ភូមិ​ស្រុក និង​រាំវង់​ធុង​បាស ជាដើម។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​កម្ពុជា​ក្រោម​ឆ្នាំ​នេះ មាន​ភាព​សោះ​កក្រោះ​​ជាង​ឆ្នាំ​ណាៗ ទាំង​អស់ ព្រោះ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩។ ព្រះ​សង្ឃ​ ពុទ្ធិ​បរិស័ទ​ចំណុះ​ជើង​វត្ត សិស្ស និស្សិត និង​កម្មករ​ធ្វើការ​នៅ​ទីក្រុង មិន​​អាច​ទៅ​បាន​ជួបជុំ​គ្នា សប្បាយ​ចូល​ឆ្នាំ​បាន​ទេ តែ​អាច​សែន​ព្រេន ទទួល​ទេវតា នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន។

ព្រះ​ភិក្ខុ ចាន់ ថយ គង់​នៅ​វត្ត​មុនី​រង្សី​មេ​ពាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ឲ្យ​ដឹង​ថា តាម​អារាម​ទាំង​ឡាយ សុទ្ធ​តែ​បាន​បោស​សំអាត ចង់​បដា ស្វាគមន៍​ឆ្នាំ​ថ្មី​រួច​រាល់​ហើយ តែ​ស្ថិត​ក្នុង​សភាព​ស្ងប់​ស្ងាត់។ ទាំង​អាជ្ញាធរ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ​ក្រោម សុទ្ធ​តែ​មាន​ក្ដី​បារម្ភ​ពី​ជំងឺ​កូវីដ១៩ នេះ ដូច​គ្នា។

ជនជាតិ​ដើម​​ខ្មែរ​ នៅ​កម្ពុជា​ក្រោម ដែល​មាន​ជំនឿ​ថា ទេវតា​នឹង​​ចុះ​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ និង​ចុះ​ត្រូវ​​នៅ​ពេលា​ដូច​គ្នា ​នៅ​កម្ពុជា​ដែរ នឹង​ផ្អាក​ការ​ជួបជុំ​គ្នា​ទទួល​ទេវតា​ទ្រង់ទ្រាយ​ធំ នៅ​តាម​វត្ត។ ល្បែង​ប្រជាប្រិយ​ បោះ​អង្គញ់​​ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ជាដើម​​ ដែល​ខ្មែរ​ក្រោម​ លេង​កម្សាន្ត​ ​ទៀងទាត់​តាម​វត្ត​អារាម​​រាល់​ពេល​ចូល​ឆ្នាំ​ថ្មី​ សឹង​តែ​ថា រក្សា​ការ​លេង​បាន​ល្អ​ ​ជាង​អ្នក​នៅ​កម្ពុជា​ផង​ ក៏​ត្រូវ​លុប​ចោល​​ នៅ​ឆ្នាំ​នេះ​ដែរ។

ព្រះ​អង្គ ចាន់ ថយ បន្ត​ថា ពិធី​ដង្ហែ​ ព្រះ​សិរសា​កបិល​មហាព្រហ្ម ជា​បិតា នៃ​ទេវតា​ទាំង​៧​អង្គ ជុំវិញ​ព្រះ​វិហារ ​​វត្ត​អារាម ​ការ​ដង្ហែ​ ដើម្បី​ប្រោះ​ព្រំ​ទឹក​ តាម​ផ្លូវ ​ក្នុង​ភូមិ ក៏​ត្រូវ​លុប​ចោល ហើយ​ការ​ ​រាំ​វង់ ​ធុងបាស ក្នុង​វត្ត​អារាម នៅ​ពេល​រាត្រី លុប​ចោល​ដូច​គ្នា។ ប៉ុន្តែ​ការ​សម្ដែង​ធម្ម​ទេសនា មាន​ពុទ្ធិ​បរិស័ទ​ក្រោម​២០​នាក់ អាច​​សម្ដែង​ធម៌​បាន​ តែ​ត្រូវ​ពាក់​ម៉ាស់ ទាំង​ព្រះ​សង្ឃ និង​គ្រហស្ថ៖ «ផ្អាក​កម្មវិធី​មួយ​ចំនួន ដូចជា​កម្មវិធី​ដង្ហែ​មហា​សង្ក្រាន្ត​ ឬ​ក៏​កម្មវិធី​ព័ទ្ធ​ជុំវិញ​ភូមិ​ស្រុក​ហ្នឹង ក៏​មាន​ការ​ផ្អាក​មួយ​ចំនួន ហើយ​កម្មវិធី​រាប់​បាត្រ កម្មវិធី​ស្រង់​ទឹក​ព្រះ។ កម្មវិធី​ស្រង់​ទឹក​ព្រះ​ហ្នឹង មិន​មែន​ថា ផ្អាក​មិន​ធ្វើ​ទេ។ រៀប​ចំ​ ដែរ​ ប៉ុន្តែ​រៀបចំ​ទុក​តម្កល់​សម្រាប់​​ព្រះ​សង្ឃ​ហ្នឹង យើង​ស្រង់​ទឹក​ព្រះ​រៀងៗ​ខ្លួន។ មិន​មែន​ផ្អាក​ទាំង​ស្រុង​ទេ។ នៅ​តាម​គេហដ្ឋាន​របស់​​ប្រជា​​បរិស័ទ​វិញ គឺ​គាត់​នៅ​តែ​រៀបចំ ការ​សម្ដែង​គាត់​ ទទួល​ទេវតា​ឆ្នាំ​ថ្មី តាម​របៀប​គ្រួសារ​អ៊ីចឹង។ ធ្វើ​ចង្ហាន់​វនចរ​អ៊ីចឹង​ មក​ប្រគេន​ព្រះសង្ឃ។ ​តាម​វត្ត​មួយ​ចំនួន ក៏​បាន​ចាត់​ចែង​ជា​កម្មវិធី​សម្ដែង​ព្រះ​ធម៌​ទេសនា ដូចជា ព្រះ​វេស្សន្ដរ​ជាដើម គ្រាន់​តែ​កាត់​បន្ថយ ឲ្យ​ស្ងប់ស្ងាត់​ជាង​មុន​បន្តិច​ប៉ុន​ហ្នឹង»

ព្រះ​អង្គ​ បន្ត​ថា ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត ក៏​ចាប់​ផ្ដើម​សម្អាត​ផ្ទះ រៀបចំ​រណ្ដាប់​ទទួល​ទេវតា​រួច​រាល់​អស់​ហើយ​ដែរ។ ឯ​កម្មករ​ ធ្វើការ​នៅ​តំបន់​ទី​ប្រជុំ​ជន ដូចជា នៅ​ទីក្រុង​ព្រៃ​នគរ ខេត្ត​ទួល​តា​មោក មិន​អាច​មក​លេង​ចូល​ឆ្នាំ នៅ​ស្រុក​កំណើត​បាន​ទេ។ អាជ្ញាធរ​វៀតណាម​ បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​សុខ​ភាព​ពលរដ្ឋ តាម​ផ្លូវ​ឆ្លង​ខេត្ត និង​មាន​វិធានការ​មិន​ឲ្យ​ប្រមូល​ផ្ដុំ ជួបជុំ​គ្នា​ឡើយ។ ចំណែក​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ ​​​របស់​​ខេត្ត​ ​ដែល​មាន​ជនជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ ក៏​មាន​ការ​ចាក់​បញ្ចាំង​ ការ​សម្ដែង​របាំ​ប្រពៃណី ប្រជាប្រិយ​​ខ្មែរ ដែរ។​​​

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​កម្ពុជា​ក្រោម ​គេ​មិន​ហៅ​ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី​ទេ គេ​ហៅ​ថា ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ថ្មី។ ពលរដ្ឋ​​ខ្មែរ មាន​ជំនឿ​លើ​រឿង ​កបិល​មហា​ព្រហ្ម កាត់​សិរសា ព្រោះ​ចាញ់​ប្រស្នា​ធម្មបាល​កុមារ​​ដែរ ទើប​បង្កើត​ឲ្យ​មាន​ទេវតា​៧​អង្គ ផ្លាស់​វេន​គ្នា ចុះ​មក​ផែនដី​ ដើម្បី​គ្រង​ថែរក្សា​មនុស្ស​ជាតិ។

នៅ​ថ្ងៃ​ចូល​ឆ្នាំ រាល់​ឆ្នាំ​គឺ​ ខ្មែរ​ក្រោម ច្រើន​តែ​ណាត់​គ្នា ​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​វត្ត​អារាម។ នៅ​ពេលា​ទេវតា​ចុះ ខ្មែរ​ក្រោម​ ​ធ្វើ​​ពិធី​​សូត្រ​មន្ត​ទទួល​ទេវតា។ ​​ថ្ងៃ​ឆ្លង​ឆ្នាំ​ គេ​​តែង​ជួប​ជុំ​គ្នា​ ​ទទួល​ទេវតា ​សម្ដែង​ព្រះ​បរិត្ត ពូន​ភ្នំ​ខ្សាច់​ ​លេង​ល្បែង​ប្រជាប្រិយ។ ​​ថ្ងៃ​ចូល​ឆ្នាំ​ ​ទី២ គឺ​វរ​វ័នប័ត​ ខ្មែរ​ក្រោម នាំគ្នា​ធ្វើ​ពិធី​ងូត​ទឹក​ជូន​ឪពុក​ម្ដាយ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​ពួកគេ​បន្ត​ទៅ​វត្ត​ ធ្វើ​ពិធី​ងូត​ទឹក​​ប្រគេន ព្រះ​គ្រូ​ចៅអធិការ​ និង​តា​ជី យាយ​ជី​​ នៅ​​ក្នុង​វត្ត​អារាម។ ឯ​ថ្ងៃ​​ចូល​ឆ្នាំ ទី​៣ ជា​​ថ្ងៃ​ឡើង​ស័ក ខ្មែរ​ក្រោម​នាំ​គ្នា​ ធ្វើពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា តាម​វត្ត​​ពេល​រសៀល។

រយៈ​ពេល​៣​ថ្ងៃ ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ គ្រប់​​ទីវត្ត​អារាម​​​​​ជាង​៥០០​វត្ត​ នៅ​កម្ពុជា​ក្រោម ឮ​សំឡេង​កង​រំពង​ អំពី​ការ​សូត្រ​ធម៌ ការ​លេង​ល្បែង​ប្រជាប្រិយ ហើយ​ពុទ្ធសាសនិក​ស្លៀក​សំលៀក​បំពាក់ ​តាម​បែប​ប្រពៃណី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ។ រាល់​ឆ្នាំ កម្មករ​​ខ្មែរ​ក្រោម ធ្វើការ​នៅ​ទីក្រុង​ ឬ​ទី​ប្រជុំ​ជន​ឆ្ងាយ​ៗ មិន​ត្រូវ​បាន​ថៅកែ​អនុញ្ញាត​ច្បាប់ ឲ្យ​ទៅ​លេង​ចូល​ឆ្នាំ​​ខ្មែរ​ទេ តែ​អ្នក​ខ្លះ​ សុខ​ចិត្ត​ឲ្យ​ថៅកែ​កាត់​លុយ ដើម្បី​ទៅ​ជួបជុំ​គ្រួសារ។

ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​នេះ កម្មករ​ខ្មែរ​ក្រោម ធ្វើ​ការ​នៅ​ទីក្រុង​ មិន​បាន​ទៅ​​ចូលឆ្នាំ​ នៅ​​ស្រុក​កំណើត​ទេ ដោយ​សារ​ថៅកែ​មិន​ឲ្យ​ឈប់ អាជ្ញាធរ​បិទ​ផ្លូវ និង​បម្រាប​ពី​គ្រួសារ មិន​ឲ្យ​ត្រលប់​ទៅ​ស្រុក​វិញ ព្រោះ​ខ្លាច​​ឆ្លង​ជំងឺ​កូវីដ​១៩។

កម្មករ​ធ្វើការ​នៅ​រោងចក្រ​ស្បែកជើង​មួយ​កន្លែង ក្នុង​​ទីក្រុង​ព្រៃ​នគរ លោក ពន្លក វុទ្ធី ជា​អ្នក​ខេត្ត​ព្រះ​ត្រពាំង។ លោក ក៏​ដូច​កម្មករ​ខ្មែរ រាប់​ពាន់​នាក់​ផ្សេង​ទៀត ដែល​កំពុង​ធ្វើការ​រោងចក្រ​នៅ​ទីក្រុង​ព្រៃ​នគរ​ដែរ គឺ​មិន​បាន​មក​លេង​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត​ទេ ដោយសារ​តែ​ជំងឺ​កូវីដ​១៩។ លោក រំលឹក​ថា រាល់​ឆ្នាំ​ទោះ​បី​កម្មករ​ មិន​បាន​ទៅ​លេង​ស្រុក​កំណើត ក៏​អាច​រ៉ៃ​អង្គាស​លុយ​គ្នា ជួល​ធុងបាស មក​ច្រៀង​រាំ​លេង​កម្សាន្ត​ នៅ​ម្ដុំ​បន្ទប់​ជួល ឬ​មុខ​រោងចក្រ​បាន​ដែរ តែ​ឆ្នាំ​នេះ កម្មករ​​លែង​អាច​ធ្វើ​បែប​នេះ បាន​ហើយ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ និង​មាន​បម្រាប​ជួបជុំ​គ្នា ពី​អាជ្ញាធរ​វៀតណាម។

កម្មករ​​រូប​នេះ បន្ត​ថា ចំណែក​​សាច់​ញាតិ​ នៅ​ស្រុក​កំណើត​ ក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន​រៀបចំ​សម្អាត​ផ្ទះ និង​ត្រៀម​រណ្ដាប់​ទទួល​ទេវតា​រួច​អស់​ហើយ។ លោក ថា អ្នក​ភូមិ នឹង​ជួបជុំ​គ្នា​ជា​ទ្រង់ទ្រាយ​តូច លក្ខណៈ​គ្រួសារ អុជ​ធូប​ទៀន ទទួល​ទេវតា​ឆ្នាំ​ថ្មី។ យ៉ាង​ណា លោក​ថា អារម្មណ៍​​ពេល​នេះ នៅ​តែ​ស្រងេះស្រងោច ដោយសារ​មិន​បាន​ លេង​សប្បាយ​ ​ចូល​ឆ្នាំ​ខ្មែរ ដូច​រាល់​ឆ្នាំ៖ «ធម្មតា​ពេល​ចូល​ឆ្នាំ គឺ​យើង​​មាន​អារម្មណ៍​ចង់​ទៅ​ស្រុក​ទាំង​អស់​គ្នា​ហ្នឹង។ ប៉ុន្តែ​មាន​ជំងឺ​សព្វ​ថ្ងៃ​ហ្នឹង យើង​មិន​អាច​ទៅ​មក មិន​បាន​សប្បាយ មិន​បាន​ជួបជុំ​គ្នា​ច្រើន​អ៊ីចឹង​ណា​បង។ គ្រាន់​តែ​យើង​ធ្វើ​ពិធី​តូចៗ ដូចជា​ស្រង់​ទឹក​ជូន​អ្នក​មាន​គុណ​ញាតិ ហើយ​យើង​បំបែក​គ្នា​ទៅ។ នៅ​ព្រៃ​នគរ ប៉ុន្តែ​រោងចក្រ​គេ​ឲ្យ​ឈប់​សម្រាក​ហើយ ដោយសារ​ខ្វះ​ការងារ ហើយ​គេ​មួយ​ចំនួន​ទៀត ច្រើន​គ្នា​ណាស់​បង គេ​ឲ្យ​យើង​ឈប់​ខ្លះ​ ប្ដូរ​វេន​គ្នា ដើម្បី​យើង​អង្គុយ​ឆ្ងាយ​ពី​គ្នា។ គេ​មិន​ឲ្យ​អង្គុយ​ជិតៗ​គ្នា។ បើ​យើង​ឈប់ ក៏​យើង​មិន​អាច​ទៅ​ស្រុក​បាន​ទេ។ បើ​បង​ប្អូន​ណា​មាន​ម៉ូតូ នឹង​អាច​ទៅ​ស្រុក​បាន​រវាង​មួយ​ថ្ងៃ ពីរ​ថ្ងៃ​ ដែល​គេ​ឲ្យ​​ឈប់​សម្រាក។ ប៉ុន្តែ​គេ​មិន​ឲ្យ​ឈប់​សម្រាក​បួន​ ប្រាំ​ថ្ងៃ​ទេ គេ​ឲ្យ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ប្ដូរ​វេន​គ្នា​ណា​បង»

ថ្វី​ត្បិត​ គ្មាន​​របាយការណ៍​បញ្ជាក់​ថា ទឹក​ដី​កម្ពុជា​ក្រោម​ មាន​ទំហំ​ប៉ុនណា​ឲ្យ​​​ប្រាកដ​​ តែ​​​​អ្នក​រស់​នៅ​​​លើ​អតីត​ទឹក​ដី​ខ្មែរ​ទាំង ២១ខេត្ត​ក្រុង​ និង​​តាម​បណ្ដា​កោះ​ជាច្រើន នៅ​ក្នុង​សមុទ្ទ សុទ្ធ​តែ​​​ប្រារព្ធ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ឯ​វត្ត​ទាំង​ជាង​ប្រាំ​រយ (៥០០)​វត្ត ក៏​រៀបចំ​​សូត្រ​មន្ត ជួបជុំ​ពុទ្ធិ​បរិស័ទ ចូល​ឆ្នាំ​ខ្មែរ​រាល់​ឆ្នាំ​ដែរ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ធ្លាប់​សង្កេត​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ មិន​សូវ​រង​ការ​រឹតត្បិត ពី​អាជ្ញាធរ​វៀតណាម ​ដូច​ពេល​មុនៗ ទេ។ ប៉ុន្តែ​វៀតណាម នៅ​តែ​មិន​ព្រម​ឲ្យ​កម្មករ​ខ្មែរ និង​សិស្សានុសិស្ស​ខ្មែរ ​បាន​ឈប់​សម្រាក​ ក្នុង​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​។ សហគមន៍​ខ្មែរ​ក្រោម​ តែង​តែ​ អំពាវនាវ​​ យ៉ាង​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​​គ្រប់គ្រង​នៅ​​ខែត្រ ​ដែល​មាន​ខ្មែរ​រស់​នៅ​ច្រើន បាន​​​​ឈប់​សម្រាក ​ក្នុង​ពិធី​បុណ្យ​ជាតិ​ធំៗ របស់​ខ្មែរ តែ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឡើយ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល