សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ជោតញ្ញាណោ ជួន ណាត បានសោយទិវង្គតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩។ សម្តេច ជួន ណាត បានបន្សល់ទុកស្នាព្រះហស្តមហិមាជាច្រើនសម្រាប់ប្រទេសកម្ពុជា ពិសេសគឺស្នាព្រះហស្តអក្សរសាស្ត្រខ្មែរ។ ព្រះអង្គជាអ្នកនិពន្ធវចនានុក្រមខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ក្រៅតែជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ព្រះអង្គក៏បាននិពន្ធចម្រៀងជាតិជាច្រើនសម្រាប់បម្រើដល់សង្គមកម្ពុជា ពិសេសគឺបទនគររាជដែលជាចម្រៀងគោរពទង់ជាតិសម្រាប់កម្ពុជាបច្ចុប្បន្ន។
ទោះបីជាពលរដ្ឋខ្មែរទាំងក្មេងទាំងចាស់ បានច្រៀងចម្រៀងជាតិដែលនិពន្ធដោយសម្តេច ជួន ណាត រៀងរាល់ថ្ងៃ តែមានពលរដ្ឋខ្មែរតិចតួចប៉ុណ្ណោះដែលបានចាប់អារម្មណ៍ពីថ្ងៃខួបដែលព្រះអង្គចូលទិវង្គត។ មិនថាតែក្មេងជំនាន់ក្រោយ និងពលរដ្ឋទូទៅនោះទេ សូម្បីតែព្រះសង្ឃ យាយជី តាជី មួយចំនួន ក៏មិនបានចាប់អារម្មណ៍ថ្ងៃខួបព្រះអង្គដែរ។
លោកតាម្នាក់ដែលជាអាចារ្យនៅវត្តស្វាយពពែ ឈ្មោះ ធូ គង់ បានលើកឡើងថា សម្តេច ជួន ណាត មានគុណបំណាច់ដ៏ធំធេងសម្រាប់កូនខ្មែរ ក្រៅពីនោះ ព្រះអង្គបានបន្សល់ទុកនូវអារ្យធម៌ជាច្រើនសម្រាប់ព្រះសង្ឃ និងពុទ្ធសាសនិកខ្មែរសិក្សារៀនសូត្រ។ លោកតាបន្តថា ការរម្លឹកខួបគោរពប្រតិបត្តិចំពោះសម្ដេច ជួន ណាត គួរតែត្រូវបានរៀបចំ ហើយក្រសួងធម្មការនិងសាសនា គួរជាអ្នកផ្ដួចផ្ដើមគំនិតអោយមានពិធីនេះឡើង។
លោកតា ធូ គង់៖ «មួយចំនួនហ្នឹង អ្នកណាដែលគេដឹងគេដឹងទៅ ចាស់ៗគេដឹងទៅ ដូចថាក្មេងៗគេអត់ដឹងទេ បើសិនជាយើងមិនធ្វើក្មេងៗ វាអត់បានដឹង ប៉ុន្តែវាអត់មានអ្នកដឹកនាំធ្វើ អាហ្នឹងដឹកនាំធ្វើមានតែនៅលើក្រសួងធម្មការ ហើយអ៊ីចឹងបើក្រសួងធម្មការអត់បានពិភាក្សាដោះស្រាយគ្នា រួចស្រាប់តែឈឹងៗអ៊ីចឹងទៅ យូរៗទៅវាបាត់តំណាលអស់ហើយ»។
នៅឯសួនច្បារដែលមានរូបបដិមាសម្ដេច ជួន ណាត វិញ គេសង្កេតឃើញថា ពុំមានពុទ្ធបរិស័ទយកផ្កា ឬផ្លែឈើទៅដាក់ថ្វាយអុជធូបឧទ្ទិសកុសលថ្វាយព្រះអង្គឡើយនៅថ្ងៃទី២៥ កញ្ញា។ នេះសបញ្ជាក់អោយឃើញថា មិនមានមនុស្សច្រើនទេដែលបានចាប់អារម្មណ៍ពីថ្ងៃខួបរបស់អ្នកប្រាជ្ញខ្មែរអង្គនេះ។
លោកយាយ ឯម សៀន ដែលកំពុងយកចង្ហាន់ទៅប្រគេនលោកនៅវត្តមហាមន្ត្រី បាននិយាយថា លោកយាយមិនបានដឹងថា ថ្ងៃទី២៥ កញ្ញា ជាថ្ងៃខួបរបស់សម្ដេច ជួន ណាត ឡើយ។ តែលោកយាយចង់អោយពលរដ្ឋខ្មែរទូទៅ ពិសេសអ្នកកាន់ព្រះពុទ្ធសាសនា គួរតែធ្វើពិធីផ្លូវការទូទាំងប្រទេសជូនសម្តេច ជួន ណាត ដើម្បីឧទ្ទិសកុសលនិងរម្លឹកដល់គុណបំណាច់របស់ព្រះអង្គ។
លោកយាយ ឯម សៀន៖ «វាជាគុណបំណាច់របស់ព្រះអង្គហ្នឹង យើងគួរតែធ្វើរម្លឹកគុណសម្បត្តិរបស់លោកដែលលោកបានត្រួសត្រាយ មានព្រះត្រៃបិដកអីតាំងពីជំនាន់លោកហ្នុងមកណា! គួររម្លឹកគុណដល់សម្ដេចអ៊ីចឹងហើយ»។
លោកតាអាចារ្យនៅវត្តមហាមន្ត្រី ឈ្មោះ ជា ឈុន និយាយថា បើទោះជាគ្មានពិធីរម្លឹកផ្លូវការនៅទូទាំងប្រទេសសម្រាប់សម្ដេច ជួន ណាត ក្តី ក៏មានព្រះសង្ឃនិងពុទ្ធបរិស័ទខ្លះ ជាពិសេសគឺសិស្សគណរបស់សម្ដេច ជួន ណាត ធ្វើពិធីរម្លឹកខួបសម្រាប់ព្រះអង្គដែរ។ ទោះយ៉ាងណាក៏ដោយ លោកតាអាចារ្យ ជា ឈុន នៅតែចង់អោយមានពិធីរម្លឹកជាផ្លូវការទូទាំងប្រទេសជារៀងរាល់ឆ្នាំដែរ។
លោតតា ជា ឈុន៖ «សម្តេច ជួន ណាត លោកមានថ្វីដៃល្អប្រពៃណាស់ផ្នែកអក្សរសាស្ត្រជាតិ និងអក្សរសាស្ត្រអន្តរជាតិ បើកុំមានលោកមិនដឹងថា ព្រះពុទ្ធសាសនាទៅទីណាទេស្រុកខ្មែរយើង ពីព្រោះជំនាន់ ប៉ុល ពត អា ៣ឆ្នាំ ២០ថ្ងៃហ្នឹង វាដុតចោលគម្ពីរដីកាអស់ខ្លះ ហើយដែលសល់អារ្យធម៌តិចតួចដូចទៅលើរូបខ្ញុំ ដូចយាយអ៊ីចេះៗមក បានអ្នកនេះចេះតិច អ្នកនោះចេះតិច ផ្សំៗគ្នាបង្កើតជាស្អីត្រឡប់មកវិញទៅ ហើយខ្លះទៀតក៏គេបង្កប់នៅស្រុកបារាំង ស្រុកអីទៅ នៅប្រទេសដែលគេគ្មានសង្គ្រាមគេនៅសល់ គឺយើងប្រមូលពីគេមកវិញ យកមកចងក្រង»។
គេអាចមើលឃើញព្រះឆាយាល័ក្ខណ៍សម្ដេច ជួន ណាត នៅស្ទើរតែគ្រប់ទីវត្តអារាម បណ្ណាល័យខ្មែរ សាលារៀន និងកន្លែងវប្បធម៌ផ្សេងៗទៀត។ សាលាក្រុងភ្នំពេញ ក៏បានសាងសង់រូបបដិមាសម្ដេច ជួន ណាត នៅចំកណ្ដាលរាជធានីភ្នំពេញ មួយដែរ។ ពលរដ្ឋក្នុងទីក្រុងភ្នំពេញ ភាគច្រើនធ្លាប់បានឃើញរូបបដិមារបស់ព្រះអង្គ ហើយអ្នកខ្លះទៀតជិះកាត់ព្រះភក្ត្រព្រះអង្គជារៀងរាល់ថ្ងៃ តែពលរដ្ឋទាំងនោះមិនប្រាកដថា បានដឹងច្រើនពីប្រវត្តិរបស់ព្រះអង្គឡើយ។
ព្រះតេជព្រះគុណ ទូច ម៉ៃ គង់នៅវត្តមហាមន្ត្រី បានមានថេរដីកាថា ដើម្បីអោយពលរដ្ឋខ្មែរទូទៅស្គាល់កាន់តែច្បាស់ពីប្រវត្តិ និងស្នាព្រះហស្តរបស់សម្ដេច ជួន ណាត ព្រះសង្ឃនិងពលរដ្ឋខ្មែរទូទាំងប្រទេស គួរធ្វើពិធីរម្លឹកខួបសម្រាប់ព្រះអង្គជារៀងរាល់ឆ្នាំ។ ព្រះតេជព្រះគុណបន្តថា ការរម្លឹកខួបមិន ត្រឹមតែធ្វើអោយព្រះសង្ឃនិងក្មេងជំនាន់ក្រោយបានស្គាល់ បានយល់ពីសម្ដេច ជួន ណាត នោះទេ តែសាវតារនិងការតស៊ូរបស់ព្រះអង្គកាលពីកុមារភាព និងជីវិតកាលជាសមណរបស់ព្រះអង្គអាចធ្វើអោយអ្នកជំនាន់ក្រោយចេះតស៊ូសិក្សារៀនសូត្រ និងធ្វើខ្លួនអោយល្អដូចព្រះអង្គដែរ។
ព្រះតេជព្រះគុណគិតថា គណៈសង្ឃនាយក ព្រមទាំងក្រសួងធម្មការនិងសាសនា គប្បីមានសង្ឃប្រកាស ឬសារាចរណែនាំប្រគេនព្រះសង្ឃគ្រប់វត្តទាំងអស់ទូទាំងប្រទេសរៀងរាល់ថ្ងៃទី២៥ ខែកញ្ញា ដើម្បីអោយព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើមហាបង្សុកូលឧទ្ទិសកុសលថ្វាយសម្តេច។
ព្រះតេជព្រះគុណ ទូច ម៉ៃ៖ «គំរូល្អៗច្រើនណាស់ដែលយើងមិនអាចធ្វើការគណនាបានទេ ប៉ុន្តែយើងអាចលើកជាចំណុចសំខាន់ៗបាន។ តួយ៉ាងដូចព្រះអង្គលះបង់មួយព្រះជន្មព្រះអង្គដើម្បីសាសនា ដើម្បីអក្សរសាស្ត្រ វចនានុក្រមជាស្នាព្រះហស្តរបស់ព្រះអង្គ។ មួយវិញទៀត ការធ្វើគម្ពីរព្រះត្រៃបិដកពីមគធភាសាមកភាសាជាតិខ្មែរយើង ដែលយើងធ្វើបាននេះ ពិភពលោកក៏មិនទាន់ធ្វើបានដូចខ្មែរយើងទេ។ ខ្មែរយើងជាប្រទេសទីមួយហើយដែលធ្វើបាន មួយវិញទៀត បញ្ហាពាក់ព័ន្ធសង្គមកិច្ច ព្រះអង្គបានជួយច្រើន នេះសបញ្ជាក់អោយឃើញថា ព្រះអង្គមិនត្រឹមតែយកព្រះទ័យទុកដាក់ផ្នែកសាសនា ក៏ដូចជាអក្សរសាស្ត្រទេ ថែមទាំងព្រះអង្គយកព្រះទ័យទុកដាក់បញ្ហាផ្នែកសង្គមកិច្ចហ្នឹងផងដែរ។ បញ្ហាទាំងអស់នេះហើយដែលព្រះសង្ឃជំនាន់ក្រោយ ឬព្រះសង្ឃទូទៅក្នុងសម័យបច្ចុប្បន្ននេះ គួរតែរៀនសូត្រតាមគំរូដ៏ល្អរបស់សម្ដេច»។
ស្រដៀងគ្នានេះដែរ ព្រះតេជព្រះគុណ ទេស វណ្ណៈ គង់នៅវត្តឧណ្ណាលោម បានមានថេរដីកាថា ពិធីរម្លឹកខួបគូរធ្វើឡើងជាទូទៅក្នុងថ្ងៃតែមួយ និងគួរមានការណែនាំពីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការសហការពីគណៈសង្ឃនាយក។
ព្រះតេជព្រះគុណ ទេស វណ្ណៈ៖ «ទី១ការរម្លឹកស្នាដៃវីរភាពកេរ្តិ៍ឈ្មោះរបស់លោកឡើងវិញ ទី២ គឺបង្ហាញវីរភាពរបស់លោកអោយសង្គមខ្មែរបានដឹង ជាពិសេសយើងបង្ហាញដល់កុមារា កុមារី ឬយុវជនរបស់យើងដែលគាត់មានចេតនាចង់ក្លាយជាអ្នកចេះដឹងចង់ជួយសង្គមជាតិនោះ អាហ្នឹងធ្វើអោយគាត់ប្រមូលគំនិត ប្រមូលពុទ្ធិ ប្រមូលការតាំងចិត្តរបស់គាត់រឹតតែខ្លាំងឡើង អាហ្នឹងចំណុចពិសេសដែលយើងធ្វើទៅ យើងនឹងកើតអ្នកប្រាជ្ញច្រើន កើតអ្នកចេះដឹង កើតបញ្ញវន្តច្រើន កាន់តែច្រើនឡើង»។
ជាការពិតណាស់ ការរម្លឹកខួបអោយវីរបុរសជាតិ ឬអ្នកប្រាជ្ញដូចសម្ដេច ជួន ណាត មិនត្រឹមតែធ្វើអោយមនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់ពីភាពអស្ចារ្យរបស់មនុស្សជំនាន់មុននោះទេ វាថែមទាំងធ្វើឲ្យអ្នកជំនាន់ក្រោយមានចិត្តខិតខំធ្វើខ្លួនល្អដូចបុព្វបុរសគេដូច្នេះដែរ ព្រោះគេគិតថា បើគេធ្វើល្អ ប្រទេសជាតិនឹងចងចាំពួកគេជារៀងរហូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។