ក្រុមជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី អំពាវនាវដល់អាជ្ញាធរជំនាញ ឱ្យអភិរក្សថ្មបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំ ដែលអ្នកភូមិជឿថា ស័ក្ដិសិទ្ធិ និងជាវត្ថុបុរាណធម្មជាតិមានតម្លៃ។ ការអំពាវនាវនេះ ក្រោយពីសហគមន៍ប្រទះឃើញទាហាន និងពលរដ្ឋខ្មែរ បានឃុបឃិតជាមួយជនជាតិវៀតណាម ប្រមូលយកសសរថ្មបុរាណ ២ដុំ ដឹកទៅលក់នៅប្រទេសវៀតណាម។
ក្រុមជនជាតិដើមភាគតិចព្នង រស់នៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្នើឱ្យអាជ្ញាធរ អភិរក្សថ្មបុរាណធម្មជាតិរាប់រយកំណាត់ មានអាយុកាលរាប់ពាន់ឆ្នាំ ដុះនៅចំណុចអូរស្រាល ក្នុងភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា មកជាសម្បត្តិបេតិកភណ្ឌជាតិ បម្រើវិស័យទេសចរ។ អ្នកភូមិថា ផ្ទាំងថ្មទាំងនេះ ជាតំបន់គោរពបូជា របស់ជនជាតិដើមភាគតិចព្នងជាច្រើនជំនាន់មកហើយ ដែលពួកគេតែងតែមកបន់ស្រន់សុំសេចក្ដីសុខ និងសុំឱ្យជាសះស្បើយពីជំងឺផ្សេងៗ ជាដើម។
សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ឱ្យដឹងនៅថ្ងៃទី៧ មករាថា ថ្មធម្មជាតិ ពណ៌ខ្មៅ ដែលមានអាយុកាលរាប់ពាន់ឆ្នាំទាំងនេះ អាចនឹងបាត់បង់ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនរូតរះអភិរក្សឱ្យមានប្រសិទ្ធភាពទេ។ លោកថា កាលពីសប្ដាហ៍មុន អ្នកភូមិប្រទះឃើញ ជនជាតិវៀតណាម ៣នាក់ ឃុបឃិតជាមួយមន្ត្រីយោធា ៣នាក់ មកពីមូលដ្ឋានកងទ័ព "គ១" ក្នុងស្រុកពេជ្រាដា និងពលរដ្ឋខ្មែរ ៣នាក់ទៀត បានលួចគាស់យកថ្មធម្មជាតិ ២ដុំ ដឹកជញ្ជូនទៅប្រទេសវៀតណាម ដើម្បីកែច្នៃធ្វើជាវត្ថុបុរាណ មានតម្លៃរាប់ពាន់ដុល្លារ៖ «ផែនការរបស់គេ គេនឹងធ្វើជាលក្ខណៈគ្រឿងចក្រ ដោយសារគេសាកល្បងដឹក គេសាកដឹកពីរដុំសិន ហើយគេជួលគោយន្តដឹកហ្នឹង តាមខ្ញុំទទួលព័ត៌មានគេជួលអ្នកភូមិ តម្លៃថ្លៃ គ្រាន់តែគេដឹកមួយដុំ មានតម្លៃ ៣ ទៅ ៤រយដុល្លារ »។
លោក គ្រើង តុលា បន្ថែមថា កាលពីថ្ងៃទី៣០ ខែធ្នូ អ្នកភូមិមួយក្រុម សហការជាមួយនគរបាលមូលដ្ឋាន បានចុះដល់ទីតាំងថ្មបុរាណ ប្រទះឃើញស្លាកស្នាមថ្មមួយចំនួន ត្រូវបានជនជាតិវៀតណាម មន្ត្រីយោធា និងពលរដ្ឋខ្មែរទាំងនោះ ឃុបឃិតគ្នាគាស់កកាយយកថ្ម ដឹកទៅលក់នៅប្រទេសវៀតណាម។ លោកថា ថ្មធម្មជាតិទាំងនោះ មានមុខកាត់ចាប់ពី ៥តឹក ដល់ ៦តឹក ប្រវែង ចាប់ពី ២ម៉ែត្រដល់ ៤ម៉ែត្រ៖ «គោលការណ៍ស្នើសុំទី១ អភិរក្ស ទី២ ការពារ ទី៣ សុំឱ្យផ្សព្វផ្សាយថា តំបន់នោះ ជាតំបន់វប្បធម៌មួយដែរ ដើម្បីឱ្យក្លាយជាតំបន់ទេសចរអីចឹងណាបង។ អាចថា វាមានព្រៃជំនឿ អាចថាជាបេតិកភណ្ឌវប្បធម៌ក៏អាចថាបាន ដោយសារពាក់ព័ន្ធហ្នឹង ប្រពៃណីជំនឿ។ ថ្មហ្នឹងរាល់ថ្ងៃបងប្អូនខ្ញុំគាត់គោរព ជំនឿថា ថ្មហ្នឹងអាចជួយគាត់រួចផុតពីសេចក្ដីស្លាប់ ក៏ដូចជារួចផុតពីជំងឺផ្សេងៗ អ៊ីចឹង » ។
ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភក្ត្រ មានប្រសាសន៍ថា ការគាស់កកាយថ្ម នៅក្នុងតំបន់ព្រៃការពារធម្មជាតិ ជាអំពើខុសច្បាប់ ហើយមន្ត្រីបរិស្ថានកំពុងតាមដាមរឿងនេះថា តើព័ត៌មានទាំងនេះ ជារឿងពិតឬយ៉ាងណា។ លោកថា មន្ត្រីជំនាញនៅមិនទាន់សន្និដ្ឋានថា ថ្មនោះមានលក្ខណៈបែបណានោះទេ ព្រោះសហគមន៍មិនទាន់រាយការណ៍ទៅមន្ត្រីបរិស្ថាន៖ «សូម្បីថា បាត់បង់មានតែបាត់បង់តូចៗ ទេ បើអាធំ ប្រសិនជាពាក់ព័ន្ធអាធំ ទាក់តែប្រើមធ្យោបាយ បើគិតពីមធ្យោបាយមិនអាចទៅកន្លែងហ្នឹងកើតទេ។ ថ្មមួយដុំៗ យើងមិនអាចទាញដោយមនុស្សបានទេ។ ថ្មហ្នឹងយើងអត់ទាន់បានសន្និដ្ឋានថា ថ្មហ្នឹងវាជាលក្ខណៈយ៉ាងម៉េច ? លក្ខណៈធម្មជាតិ ឬក៏ជាលក្ខណៈដែលកើតឡើងដោយមនុស្សជំនាន់ដើម យើងទាន់ដឹងទេពេលហ្នឹង » ។
លោក គ្រើង តុលា បន្ថែមថា ផ្ទាំងថ្មទាំងនោះ ជាសម្បត្តិធម្មជាតិរបស់រដ្ឋ ដែលត្រូវអភិរក្ស និងថែរក្សាឱ្យគង់វង្ស មិនគួរធ្វេសប្រហែស ឱ្យមានការលួចគាស់កាយ យកមកធ្វើអាជីវកម្មនោះទេ។ លោកសង្ស័យថា មូលហេតុដែលជនជាតិវៀតណាម អាចមកគាស់យកថ្មទាំងនេះបាន គឺដោយសារមានការបើកដៃពីមន្ត្រីពាក់ព័ន្ធក្នុងខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។