ពលរដ្ឋ​មួយ​ចំនួន​ប្រារព្ធ​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​ដោយ​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី

ដោយ យ៉ង ចាន់តារា
2016.10.01
ម្ដាយ កែម ឡី ២០១៦ ៦២២ ម្ដាយ​របស់​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ ជជែក​ជាមួយ​លោក ឃួន សេរីវុធ ដែល​មក​គោរព​វិញ្ញាណក្ខន្ធ​កូន​ប្រុស​របស់​គាត់​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦។
RFA

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព​ពុទ្ធ​សាសនា បាន​នាំ​គ្នា​ទៅ​វត្ត​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់​តាំង​ពី​ថ្ងៃ​ទី ១​រោច ដល់​ទី ១៥​រោច ខែ​ភទ្របទ។ ការ​ទៅ​វត្ត​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា និង​បុព្វការី​ជន​របស់​ពួកគេ។ ទោះបីជា​យ៉ាង​ណា ពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​ឧទ្ទិស​មគ្គផល​ទាំង​ឡាយ​ទៅ​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដូច​គ្នា ដោយសារ​ពួកគេ​ចាត់​ទុក​បណ្ឌិត កែម ឡី ថា​ជា​អ្នក​មាន​គុណ​មួយ​រូប​ដែរ គឺ​មាន​គុណ​សម្រាប់​ជាតិ​ខ្មែរ​ទាំង​មូល។

បន្ទាប់ពី​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​អំឡុង​ពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ខ្លះ​ជា​អ្នកស្រុក​តាកែវ និង​ខ្លះ​ទៀត​ជា​អ្នក​ស្រុក​ឆ្ងាយ បាន​ឆៀង​ចូល​គោរព​វិញ្ញាណ​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែល​ស្ថិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​ដៃ​វែង​ពណ៌​ស ខោ​ជើង​វែង​ពណ៌​ខ្មៅ ទើប​នឹង​ចេញ​មក​ពី​ពិធី​កាន់​បិណ្ឌ​នៅ​វត្ត​មួយ​ជិត​ទី​រួម​ខេត្ត​តាកែវ លោក ឃួន សេរីវុធ ដែល​ជា​អតីត​អ្នក​ស្រុក​ត្រាំកក់ និង​បច្ចុប្បន្ន​ជា​មន្ត្រី​រាជការ​ម្នាក់​បម្រើការ​នៅ​ខេត្ត​ស្វាយរៀង បាន​ឌុប​ភរិយា​របស់​លោក​ដោយ​ម៉ូតូ​មក​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។

លោក ឃួន សេរីវុធ  ថ្លែង​ថា លោក​ចាត់​ទុក​បណ្ឌិត កែម ឡី ជា​វីរបុរស និង​ជា​អ្នក​មាន​គុណូបការៈ​ចំពោះ​ជាតិ​ខ្មែរ ដូច​នេះ​លោក​សង្ឃឹម​ថា មគ្គផល​ដែល​លោក​បាន​ឧទ្ទិស​ទៅ​តាម​រយៈ​ព្រះសង្ឃ​នឹង​អាច​បាន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី៖ «ខ្ញុំ​ឧទ្ទិស គឺ​ទី​មួយ​សម្រាប់​ញាតិ​មិត្ត និង​អ្នក​មាន​គុណ ទី​ពីរ គឺ​អ្នក​ស្នេហា​ជាតិ និង​អ្នក​មាន​គុណ​ប្រយោជន៍​សម្រាប់​ជាតិ​ទាំង​អស់​តាំង​ពី​មុនៗ​មក​ដែល​គាត់​មាន​គុណូបការៈ​សម្រាប់​ជាតិ។ ក្នុង​ការ​វេរ​ដា​សម្រាប់​ព្រះសង្ឃ លោក​អាចារ្យ​ក៏​បាន​ឧទ្ទិស​មគ្គផល​ទាំង​ហ្នឹង​សម្រាប់​អ្នក​មាន​គុណ​របស់​ជាតិ»

​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ លោក ឃួន សេរីវុធ យល់​ឃើញ​ថា បុគ្គល​រូប​ណា​ក៏ដោយ​ដែល​មាន​គុណបំណាច់​ចំពោះ​ជាតិ បាន​ធ្វើ​សកម្មភាព​ដើម្បី​ជា​ប្រយោជន៍​ជាតិ​មាតុភូមិ គួរ​ត្រូវ​បាន​គោរព ឱ្យ​តម្លៃ និង​មាន​ការ​តបស្នង​ទៅ​ពួកគាត់​វិញ។

អ្នក​ខេត្ត​តាកែវ ម្នាក់​ទៀត គឺ​លោកស្រី សួន សូភី ដែល​ជា​អ្នក​គាំទ្រ និង​ចូល​ចិត្ត​ការ​វិភាគ​របស់​បណ្ឌិត កែម ឡី ពេល​លោក​នៅ​មាន​ជីវិត ថ្លែង​ដោយ​ទឹក​ភ្នែក​រលីងរលោង​ថា លោកស្រី​នឹក​បណ្ឌិត កែម ឡី ជា​ខ្លាំង ពិសេស​គឺ​នឹក​សំឡេង និង​ការ​វិភាគ​ស៊ីជម្រៅ​របស់​លោក។ រយៈពេល​ជិត ៣​ខែ​កន្លង​ទៅ​នេះ លោកស្រី​មិន​ទាន់​អស់ចិត្ត​ទេ​ថា បណ្ឌិត កែម ឡី បាន​បែក​កាយ​រំលាយ​ក្ខន្ធ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នក​និយម​ស្ដាប់​លោក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​រៀង​រហូត​មិន​ត្រឡប់​មក​វិញ៖ «នៅ​តែ​នឹក​អាណិត ព្រោះ​វា​នៅ​ថ្មីៗ​អ៊ីចឹង។ កាល​ពី​ពីរ​បី​ខែ​មុន ខ្ញុំ​ហូប​បាយ​អត់​បាន​សម្រាន្ត​ក៏​មិន​លក់​ដែរ។ សម្រាន្ត​ទៅ​ស្រាល​ខ្លួន មួយ​យប់ៗ​ចេះ​តែ​ប្រែ​ខ្លួន​នឹក​ឃើញ​តែ​គាត់ អាណិត​តែ​គាត់។ ស្ដាយ​ចំណេះ​គាត់​ស្ដាយ​អ្នក​ដែល​រក​មិន​បាន​បែប​នេះ»

​ដើម្បី​ជា​ការ​តបស្នង លោកស្រី សួន សូភី ដែល​ជា​អ្នក​ស្អប់​ខ្ពើម​អំពើ​អយុត្តិធម៌​ក្នុង​សង្គម និង​តែង​ចែក​រំលែក​ព័ត៌មាន​តាម​កន្តាញ​សង្គម​របស់​ខ្លួន​បញ្ជាក់​ថា បន្ទាប់​ពី​ឧទ្ទិស​មគ្គផល​ទាំង​ឡាយ​ជូន​សាច់សាលោហិត​រួច​ហើយ។ លោកស្រី​មិន​ដែល​ភ្លេច​ឡើយ​ចំពោះ​ការ​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។

លោកស្រី​តែង​បួងសួង​សុំ​ឱ្យ​វិញ្ញាណក្ខន្ធ​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​បាន​ទៅ​ដល់​ទី​បរមសុខ៖ «បួងសួង​ឱ្យ​គាត់​ទៅ​កាន់​សុគតិភព ជាតិ​ក្រោយ​កុំ​ឱ្យ​ដូច្នេះ​ទៀត កុំ​ឱ្យ​អាយុ​ខ្លី (អាយុ) កាន់​តែ​វែង។ កុំ​ឱ្យ​មាន​ឧបទ្ទវហេតុ​អ៊ីចឹង​កើត​ឡើង​ឱ្យ​កើត​ជា​ខ្មែរ​ទៀត ឱ្យ​ខ្ពង់ខ្ពស់​ជាង​នេះ​ទៀត ហើយ​ដឹក​នាំ​ខ្មែរ​ដោយ​សុខសាន្ត»

​ទាក់ទង​នឹង​ការ​បួងសួង​សុំ​អោយ​ដួង​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី បាន​កើតជា​ខ្មែរ​នេះ អ្នក​និពន្ធ​បទ​ភ្លេង និង​ជា​អ្នក​ចម្រៀង​មួយ​រូប​ក៏​បាន​ច្រៀង​បួងសួង​អោយ​លោក​កើត​ជា​ខ្មែរ​ដែរ៖ «សំឡេង​ចម្រៀង»។

ប្រជា​ពលរដ្ឋ​ជិត​ឆ្ងាយ​បន្ត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។
ប្រជា​ពលរដ្ឋ​ជិត​ឆ្ងាយ​បន្ត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Yang Chandara

ចំណែក​ឯ​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​បើក​ឡាន​តាំង​ពី​ខេត្ត​កំពត មក​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ឯ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក នឿ គុណ វិញ បញ្ជាក់​ថា លោក​បាន​ទៅ​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ជា​ច្រើន​វត្ត​រួច​មក​ហើយ ហើយ​ជា​រៀង​រាល់​ពេល​លោក​មិន​ដែល​ភ្លេច​រំលឹក​គុណ​បណ្ឌិត កែម ឡី នោះ​ទេ៖ «ចំពោះ​ខ្ញុំ និង​អ្នក​ស្និទ្ធស្នាល​ធ្លាប់​ទំនាក់ទំនង ក៏​ឧទ្ទិស​ដូច​គ្នា ព្រោះ​យើង​ឃើញ​អត្តសញ្ញាណ​របស់​គាត់ ការងារ​របស់​គាត់​ត្រឹមត្រូវ យុត្តិធម៌ ជាក់ស្ដែង។ គេ​នឹង​ទទួល​ស្គាល់​ហើយ​និង​ស្រឡាញ់​គាត់ ស្ដាយ​គាត់ អាណិត​គាត់ ដោយសារ​គាត់​យុត្តិធម៌​ក្នុង​សង្គម​របស់​យើង​ទាំង​មូល»

​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់​ទំនិញ ស្តារម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ សព​របស់​លោក​ត្រូវ​បាន​តម្កល់​នៅ​វត្ត​ចាស់ អស់​រយៈពេល ២​សប្ដាហ៍ មុន​នឹង​ត្រូវ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ប្រហែល ២​លាន​នាក់ ដង្ហែ​មក​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា និង​ត្រូវ​បាន​បញ្ចុះ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។

សម្រាប់​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ប្រព្រឹត្ត​ទៅ​ដោយ​ក្រៀមក្រំ​បំផុត។ ស្ថិត​ក្នុង​វ័យ​ជាង ៧០​ឆ្នាំ លោកស្រី ភោគ សេ គឺ​ជា​ម្ដាយ​បង្កើត​របស់​បណ្ឌិត កែម ឡី។ អង្គុយ​លើ​គ្រែ​នៅ​ពី​មុខ​ទី​កប់​សព​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ ថ្លែង​ដោយ​ទឹក​ភ្នែក​ថា គាត់​នឹក​អាណិត​កូន​របស់​គាត់​ជា​ខ្លាំង​ដែល​ធ្វើ​តែ​អំពើ​ល្អ ប៉ុន្តែ​ត្រូវ​ជួប​គ្រោះ​អាក្រក់​បែប​នេះ។

លោកស្រី​រំលឹក​ថា បណ្ឌិត កែម ឡី តែងតែ​មក​ជួប​ជុំ​គ្រួសារ​នៅ​រៀងរាល់​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ហើយ​ជូន​គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​ដល់​លោកស្រី​ដែល​ម្ដាយ​មិន​ដែល​អាក់ខាន ប៉ុន្តែ​ឆ្នាំ​នេះ​លោកស្រី​លែង​បាន​ជួប​ជុំ​ជាមួយ​កូន​ម្នាក់​នេះ​ត​ទៅ​ទៀត​ហើយ នៅ​ឡើយ​តែ​រូបថត និង​អនុស្សាវរីយ៍​ដែល​មាន​ពី​មុនៗ​មក៖ «ជូន (គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ) ហើយ ជួនកាល​ទៅ​លេង​កែប ទឹកឈូ កំពង់សោម។ រាល់​ឆ្នាំ​សប្បាយ​ជួបជុំ​គ្នា វេច​នំ​អន្សម​ហូប​អ៊ីចឹង។ ហូប​ហើយ វា (បណ្ឌិត កែម ឡី) ដាក់​យក​ទៅ​ហូប​នៅ​ផ្ទះ​ទៀត»

វិធី​រំងាប់​ទុក្ខ​សម្រាប់​លោកស្រី ភោគ សេ គឺ​ការ​បដិបត្តិ​ធម៌​តាម​ឱវាទ​ពុទ្ធ​សាសនា។ ជា​រៀងរាល់​ថ្ងៃ​សីល លោកស្រី និង​កូនចៅ​បាន​នាំ​គ្នា​និមន្ត​ព្រះសង្ឃ​មក​បង្សុកូល ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ហើយ​ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ លោកស្រី​តែង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង​បួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ​កូនប្រុស​លោកស្រី​បាន​ទៅ​កើត​នៅ​ឋាន​សុគតិភព។

​ជុំវិញ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ អ្វី​ដែល​ក្រុម​គ្រួសារ សាច់ញាតិ និង​ពលរដ្ឋ​ចង់​ឃើញ​បំផុត​នោះ គឺ​យុត្តិធម៌ ពោល​គឺ​ការ​វែក​មុខ​ចាប់​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​នេះ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដែល​មិន​មែន​ជា​ការ​ប្រឌិត ឬ​ការ​កប់​សំណុំ​រឿង​ចោល ដូច​ករណី​ឃាតកម្ម​មុនៗ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។