ក្រុមអ្នកស្រាវជ្រាវផ្នែកវប្បធម៌ព្រួយបារម្ភពីការបាត់បង់ប្រាសាទបុរាណជាបន្តបន្ទាប់ កប់ក្នុងព្រៃជាច្រើន ដែលពុំសូវមានអ្នកស្គាល់ ឋិតក្នុងខេត្តសៀមរាប កំពង់ចាម និងខេត្តព្រះវិហារ។
ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានប្រើពេលជាង ១ឆ្នាំ រុករកប្រាសាទបុរាណ និងតំបន់បុរាណឋានជាច្រើន ក្នុងតំបន់ដាច់ស្រយាល ដែលពុំសូវមានអ្នកចាប់អារម្មណ៍។
ក្រុមអ្នកស្រាវជ្រាវផ្នែកវប្បធម៌យល់ថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងវប្បធម៌ នៅតែមិនចាប់អារម្មណ៍ថែទាំប្រាសាទបុរាណ និងតំបន់បុរាណឋានជាច្រើនក្នុងព្រៃ នឹងធ្វើឱ្យបាត់បង់ កេរដំណែលវប្បធម៌ដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងស្នាដៃបុព្វបុរសខ្មែរ។
ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានប្រើពេលជាច្រើនខែ ស្វែងរកប្រាសាទបុរាណនានា ឋិតក្នុងខេត្តសៀមរាប ព្រះវិហារ និងកំពង់ចាម ប្រទះឃើញប្រាសាទបុរាណជាច្រើន កំពុងប្រឈមការបំផ្លាញដោយសកម្មភាពមនុស្ស រួមមាន ការទន្ទ្រានយកដីធ្វើកសិកម្ម ការបំផ្លាញធនធានធម្មជាតិ និងការជីកកាយយកកំណប់ជាដើម។
អ្នកស្រាវជ្រាវផ្នែកវប្បធម៌ លោក ណន ម៉ាណុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ កញ្ញា ថា ក្រុមការងារលោកប្រទះឃើញប្រាសាទបុរាណជាច្រើន ឋិតក្នុងស្រុកស្វាយលើខេត្តសៀមរាប ស្រុកគូលែន ខេត្តព្រះវិហារ និងប្រាសាទមួយចំនួនទៀត ឋិតក្នុងខេត្តកំពង់ចាម។
លោកថា មានប្រាសាទជាច្រើនគ្មានឈ្មោះ ខ្លះសល់តែខឿន គ្រឹះ ចម្លាក់អក្សរបុរាណនិងខ្លះទៀត នៅរូបរាងល្អនៅឡើយ ហាក់ត្រូវបានគេទុកចោលមិនថែទាំ។
លោកបន្ថែមថា សូម្បីតែផ្លូវធ្វើដំណើរចូលប្រាសាទទាំងនេះ និងស្លាកសញ្ញាបង្ហាញទីតាំងប្រាសាទ មិនទាន់មាននៅឡើយទេ។
លោក ណន ម៉ាណុន៖ «បើទោះបីជាប្រាសាទហ្នឹង សល់ស្នាមតិចក្តី ក៏វាជាបុរាណឋាន ជាទីតាំង បង្ហាញពីអរិយធម៌ ទឹកដីស្នាដៃបុព្វបុរសយើងពីមុនមក។ បើមានប្រាសាទ ទុកទីតាំងហ្នឹង កុំឱ្យពលរដ្ឋយកដី ធ្វើស្រែចម្ការ។ ជាពិសេស អាជ្ញាធរភូមិ និងឃុំ ដាក់ស្លាកជាសញ្ញា ធ្វើផ្លូវបើអត់មានផ្លូវ»។
ចំណែកឯ ពលរដ្ឋរស់នៅខេត្តសៀមរាប ដែលតែងនាំភ្ញៀវទេសចរទស្សនាប្រាសាទ លោក គឹម សៃ រកឃើញថា ប្រាសាទទ្រង់ ប្រាសាទរើ ប្រាសាទគងភ្លុក និងប្រាសាទភ្នំសណ្តរ ឋិតក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ នៅមិនទាន់មានផ្លូវធ្វើដំណើរល្អ ចូលទៅកាន់ប្រាសាទទីនោះនៅឡើយទេ។
រីឯប្រាសាទជាច្រើនទៀត ក៏គ្មានផ្លូវចូលទៅឡើយ ហើយអ្នកទេសចរ ត្រូវធ្វើដំណើរដោយថ្មើរជើង ក្នុងចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រ។
លោក ណន ម៉ាណុន៖ «ឃើញគេត្រួសព្រៃឈើជិតៗហ្នឹង តំបន់ប្រាសាទនៅល្អ ឃើញថា បើអាជ្ញាធរនៅតំបន់ហ្នឹងគេអត់ជួយថែរក្សា មិនដឹងយ៉ាងណា ខ្ញុំបារម្ភខ្លះដែរ តែយើងអត់ហ៊ានអារកាត់»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បកស្រាយថា ការថែទាំប្រាសាទបុរាណកប់ក្នុងព្រៃ និងនៅតំបន់ដាច់ស្រយាល គឺហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរអប្សរា។ តែយ៉ាងណាលោកថា ក្រសួងវប្បធម៌មិនធ្វេសប្រហែសឡើយ ក្នុងការកែលម្អ ថែទាំ និងជួសជុលប្រាសាទបុរាណនានា ក្នុងខេត្តនីមួយៗ ក៏ប៉ុន្តែអ្វីជាឧបសគ្គគឺលទ្ធភាពថវិកានៅមានកម្រិត។
លោក ឡុង កុសល៖ «យើងចង់កែលម្អ យើងចង់កែកុនធ្វើឱ្យមានភាពល្អប្រសើរ វាឋិតលើថវិការបស់យើង យើងមានគ្រប់គ្រាន់អត់។ យើងត្រូវកំណត់អាទិភាពនេះ ។ល។»
ជុំវិញរឿងនេះ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរខ្មែរអង្គរ លោក ខៀវ ធី យល់ថា ប្រសិនបើ អាជ្ញាធរថែទាំប្រាសាទបុរាណក្នុងព្រៃ ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យល្អ នឹងរួមចំណែកការពារធនធានធម្មជាតិ និងបរិស្ថាននៅជុំវិញប្រាសាទ ដែលជាផ្នែកមួយ លើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់។
លោកបញ្ជាក់ថា កន្លែងស្រូបទាញភ្ញៀវទេសចរ ពុំមែនតែតំបន់អង្គរតែម្យ៉ាងទេ រចនាសម្ព័ន្ធប្រាសាទបុរាណ និងស្ពានបុរាណជាច្រើនដែលកប់ក្នុងព្រៃ ក៏ជាទីតាំងគួរតែចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍវិស័យទេសចរដែរ។
លោក ខៀវ ធី៖ «យើងការពារតំបន់ព្រៃឈើឱ្យបាន កុំឱ្យមានការបំពាន ជារបស់ឯកជន ត្រូវជារបស់រួម ផ្សព្វផ្សាយជាសាធារណៈ»។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌បន្ថែមថា ក្រសួងវប្បធម៌ គួរតែការពារឱ្យបាន នូវគុណតម្លៃតំបន់បុរាណឋាន និងប្រាសាទជាច្រើន កុំឱ្យមានការរំលោភបំពានជាសម្បត្តិឯកជន។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ បាននៅឡើយទេ នៅថ្ងៃទី២៩ កញ្ញា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
អ្នកស្រាវជ្រាវវប្បធម៌រកឃើញថា ប្រាសាទដ៏ធំមួយ គឺព្រះខាន់កំពង់ស្វាយ ឋិតក្នុងខេត្តព្រះវិហារ ត្រូវជនខិលខូចកាប់បំផ្លាញដើមឈើធំៗលក់ ធ្វើឱ្យប៉ះពាល់បរិស្ថាននៅជុំវិញប្រាសាទនោះ។ ពួកគេស្នើឱ្យរដ្ឋាភិបាលគួរតែអភិរក្សឱ្យល្អ និងកសាងផ្លូវចូលទៅទីនោះ រុញច្រានឱ្យវិស័យទេសចរណ៍លូតលាស់គ្រប់តំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។