អត្ថន័យ​និង​អត្ថប្រយោជន៍​នៃ​ការ​កាន់​សីល​៥

0:00 / 0:00

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា មនុស្ស​នៅ​ក្នុង​សកលលោក រួម​មាន​ទាំង​ប្រទេស​កម្ពុជា​ផង សព្វ​ថ្ងៃ​នេះ ភាគ​ច្រើន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ឲ្យ​តម្លៃ​ទៅ​លើ​គុណធម៌​នៃ​ការ​រក្សាសីល​ទេ ពិសេស​គឺ​សីល​៥ ឬ​សិក្ខាបទ​៥។ ប្រការ​នេះ​ជា​ហេតុ​នាំ​ឲ្យ​មនុស្ស​ក្នុង​ប្រទេស ឬ​សង្គម​ជាតិ​ទាំង​ឡាយ​នោះ បាន​ជួប​វិបត្តិ​មិន​ចុះ​សម្រុង​គ្នា មាន​អំពើ​ហិង្សា កាប់​សម្លាប់ ច្រណែននិន្ទាឈ្នានីស ប្រទេចផ្ដាសា​គ្នា​មិន​ចេះ​ចប់។

តើ​សីល​៥ មាន​អត្ថន័យ​យ៉ាង​ដូច​ម្ដេច និង​មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​ដែល​អាច​ជួយ​ដល់​សង្គម​មនុស្ស​ឲ្យ​មាន​សុខ​សន្តិភាព​បាន?

ការ​រស់​នៅ​របស់​មនុស្ស​ដែល​គេ​ប្រាថ្នា​ចង់​បាន​បំផុត​នោះ គឺ​សេចក្ដី​សុខ​សន្តិភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។

នៅ​ក្នុង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​សាសនា​បាន​ចែង​ថា មនុស្ស​អាច​សាង​សេចក្ដី​សុខ​សន្តិភាព​បាន លុះ​ត្រា​តែ​គេ​នាំ​គ្នា​អនុវត្ត ឬ​រក្សាសីល​៥ ឲ្យ​បាន​ខ្ជាប់​ខ្ជួន ពីព្រោះ​សីល​៥ នេះ​គឺ​ជា​ច្បាប់​មួយ​ដែល​និយាយ​ទាក់ទង​ទាំង​ស្រុង​ទៅ​នឹង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជាតិ។ ដូច​ជា​សីល​ទី​១ ដែល​ហៅ​តាម​ភាសា​បាលី​ថា «បាណាតិបាតា វេរមណី» ជា​ដើម។ ពាក្យ​នេះ​គឺ​សំដៅ​អប់រំ​បណ្ដុះ​គំនិត​បុគ្គល​ម្នាក់ៗ​ឲ្យ​មាន​ធម៌​មេត្តា មិន​បៀតបៀន​ដល់​គ្នា​នឹង​គ្នា ឬ​មិន​ផ្ដាច់ផ្ដិល​អាយុ​ជីវិត​ផង​គ្នា​ដែល​សូម្បី​តែ​សត្វ​តូច​តាច​ក៏​មិន​បៀតបៀន​ឲ្យ​បាត់​បង់​ជីវិត​ដែរ។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា សីល​ទី​១ ឬ​សិក្ខាបទ​ទី​១​នោះ គឺ​ជា​ច្បាប់​យ៉ាង​សំខាន់​ដែល​បង្ហាញ​អំពី​គុណ​តម្លៃ​នៃ​ជីវិត មិន​ថា​ជីវិត​មនុស្ស ឬ​ជីវិត​សត្វ​ទេ ពីព្រោះ​បុគ្គល​គ្រប់​រូប​គឺ​សុទ្ធសឹងតែ​ស្រឡាញ់​ជីវិត​របស់​ខ្លួន។

ព្រះតេជព្រះគុណ ព្រះភិក្ខុ ឈួន ចំរើន គង់​នៅ​អាស្រម​វត្ត​ជំនាប់ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​មាន​ព្រះ​ថេរដីកា​បញ្ជាក់​អំពី​អត្ថន័យ​នៃ​សីល​ទី​១​នេះ​ថា គឺ​ជា​ច្បាប់​អប់រំ​ទូន្មាន​មួយ​របស់​ព្រះពុទ្ធ​សាសនា​ដែល​លើក​តម្កើង​មនុស្ស​ឲ្យ​ចេះ​គោរព​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មាន​ន័យ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​ដែល​គេ​កំពុង​ផ្សព្វផ្សាយ​សព្វថ្ងៃ​នេះ​ដែរ គឺ​សិទ្ធ​រស់រាន​មាន​ជីវិត។

ព្រះតេជព្រះគុណ ឈួន ចំរើន៖ «ចំរើនពរ! ខាន់​ណាស់​សព្វ​សត្វ​ទាំង​អស់​ហ្នឹង​តែងតែ​ត្រូវ​ការ​រស់​នៅ សូម្បី​តែ​រូប​កាយ​ហ្នឹង​វិកល ពិការ ទាប តឿ ខ្វាក់ ខ្វិន យ៉ាង​ណា​ក៏ដោយ​ហ្នឹង តែង​តែ​ស្រឡាញ់​នូវ​អាយុ​ជីវិត​ខ្លួន មិន​ចង់​ឲ្យ​អ្នក​ដទៃ​មក​ប៉ះពាល់ មក​បៀតបៀន​ដល់​ការ​រស់​នៅ​របស់​ខ្លួន​ទេ។ ដូច្នេះ​គេ​ខំ​រក​វិធី​ផ្សេងៗ​ដើម្បី​រក្សា​ការ​រស់​នៅ​របស់​គេ​ហ្នឹង​ឲ្យ​បាន​ស្ថិត​នៅ។ ដូច្នេះ​ការ​សម្ដែង​អំពី បាណាតិបាតា​ហ្នឹង ពី​សិទ្ធិ​មនុស្ស​ហ្នឹង ជា​គោលការណ៍​មួយ ជា​គ្រឹះ​មួយ​លើក​តម្កើង​ក្នុង​សិទ្ធិ​នៃ​ការ​រស់​នៅ​របស់​មនុស្ស និង​សព្វ​សត្វ​ទាំង​អស់...»

ចំណែក​ឯ​សីល​ទី​២ ឬ​សិក្ខាបទ​ទី​២ ដែល​ភាសា​បាលី​ថា «អទិន្នា ទានា វេរមណី» គឺ​សំដៅ​អប់រំ​មនុស្ស​មិន​ឲ្យ​បៀតបៀន លួច ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​គ្នា​ទេ បើ​ទោះ​បី​ជា​ទ្រព្យ​សម្បត្តិ​នោះ​មាន​តិច ឬ​ច្រើន​ក្តី​ក៏ដោយ ពីព្រោះ​ថា ធម្មតា​មនុស្ស​គ្រប់​រូប​មុន​នឹង​បាន​ទ្រព្យ​សម្បត្តិ​ឯ​ណា​នីមួយ​ជា​កម្មសិទ្ធិ​របស់​គេ គឺ​ម្នាក់ៗ​បាន​ប្រឹងប្រែង​បញ្ចេញ​កម្លាំង​ពលកម្ម បញ្ញា​ស្មារតី​គ្រប់​បែប​យ៉ាង។ ដូច្នេះ​នៅ​ពេល​ដែល​បាន​ទ្រព្យ​មក​ហើយ គឺ​គេ​ពិត​ជា​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​រក​បាន​មក​នោះ។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​អំពី​សារប្រយោជន៍​នៃ​ការ​រក្សា​សីល​ទី​២​នេះ​ថា បើ​មនុស្ស​ទាំង​អស់​បាន​នាំ​គ្នា​រក្សា​សិក្ខាបទ​នេះ គឺ​សង្គម​របស់​គេ​នឹង​មាន​ទំនុក​ទុក​ចិត្ត​រវាង​គ្នា​នឹង​គ្នា ឬ​ផ្ដល់​សុខ​សន្តិភាព​ឲ្យ​គ្នា ដោយ​មិន​ចាំបាច់​ភ័យ​ព្រួយ​ថា មាន​អ្នក​ណា​មក​គំរាមកំហែង លួច ឆក់ប្លន់​ទ្រព្យ​របស់​ខ្លួន​ឡើយ ហើយ​នៅ​ក្នុង​ផ្ទះ​ក៏​សឹងតែ​មិន​ចាំបាច់​ចាក់សោ​ការពារ​ក៏​បាន។

ចំពោះ​សីល​ទី​៣​វិញ ដែល​ពោល​ជា​ភាសា​បាលី​ថា «កាមេសុមិច្ឆាចារា វេរមណី » គឺ​សំដៅ​អប់រំ​អំពី​គុណធម៌​របស់​មនុស្ស​ម្នាក់ៗ ដែល​មាន​ធម្ម​សញ្ញា​ខ្ពង់ខ្ពស់​ប្រសើរ​ជាង​សត្វ ឬ​មាន​ការ​យល់​ដឹង​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ថា​អ្វី​ខុស អ្វី​ត្រូវ​ជា​ដើម ពិសេស​គឺ​មិន​ប្រព្រឹត្ត​រំលោភ​បំពាន​រាង​កាយ​អ្នក​ដទៃ រួម​មាន​ប្រពន្ធ កូន ចៅ ប្ដីសី​របស់​គេ​ជាដើម។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ពិភពលោក រួម​មាន​ទាំង ​ប្រទេស​កម្ពុជា​ផង សព្វ​ថ្ងៃ​នេះ​បាន​កើត​មាន​អំពើ​ប្រព្រឹត្ត​ខុស​ក្នុង​សីល​ទី​៣​នេះ​យ៉ាង​ខ្លាំង រហូត​ដល់​បុគ្គល​ខ្លះ​វង្វេងវង្វាន់​មិន​ដឹង​ខុស​ត្រូវ ដូចជា​ឪពុក​រំលោភ​បំពាន​កូន​ស្រី​ខ្លួន​ឯង​បង្កើត មាន​អំពើ​ជួញ​ដូរ​ស្ត្រី ឬ​កុមារី អំពើ​ជះ​ទឹក​អាស៊ីដ​ដាក់​គ្នា មាន​បញ្ហា​កើត​ជំងឺតម្កាត់​ព្យាបាល​មិន​ជា ដូចជា​ជំងឺ​អេដស៍ ។ល។បញ្ហា​ទាំង​អស់​នេះ ក៏​ដោយសារ​តែ​មនុស្ស​ទាំង​នោះ​មិន​រក្សា និង​ឲ្យ​តម្លៃ​សិក្ខាបទ ឬ​សីល​ទី​៣​នោះ​ឯង។

ព្រះតេជព្រះគុណ ព្រះភិក្ខុ ឈួន ចំរើន គង់​នៅ​អាស្រម​វត្ត​ជំនាប់ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​មាន​ព្រះ​ថេរដីកា​ថា ការ​ដាច់​មិន​គោរព​សិក្ខាបទ​ទី​៣​នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស ទាំង​ប្រុស​ស្រី​រង​ទុក្ខ​លំបាក​ខ្លាំង​ណាស់ ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត៖ «ប្តី​ប្រពន្ធ​យើង​មាន​ហើយ យើង​មាន​ចិត្ត​អនុគ្រោះ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ មិន​មាន​ចិត្ត​វៀចវេរ ទៅ​មាន​ថ្មី នឹង​ធ្វើ​ឲ្យ​សង្គម​ក្រុម​គ្រួសារ​យើង​ហ្នឹង​បាន​សេចក្ដី​សុខ ហើយ​យើង​នឹង​ផ្ដល់​នូវ​ចំណែក​សេចក្ដី​សុខ​យ៉ាង​ធំ​ទៀត​ដល់​សង្គម​ក្រុម​គ្រួសារ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដែល​យើង​មិន​បៀតបៀន មិន​ប្រព្រឹត្ត​ខុស​ក្នុង​ភរិយា​គេ ស្វាមី​គេ ក្នុង​កូន​ប្រុស​កូន​ស្រី​គេ។ តាំង​ចេតនា​វៀរចាក​ការ​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​កាម...»

រី​ឯ​សីល​ទី​៤ ដែល​មាន​ជា​ភាសា​បាលី​ថា «មុសាវាទា វេរមណី» គឺ​ចង់​អប់រំ​មនុស្ស​ឲ្យ​រក្សា​សំដី​ត្រូវ ឬ​វាចា​ត្រូវ ដោយ​មិន​ពោល​ពាក្យ​កុហក ញុះញង់ ស៊កសៀត​ផ្លែផ្កា ចាក់​ដោត ទ្រគោះបោះបោក​ដាក់​អ្នក​ដទៃ ឬ​មិន​ពោល​ពាក្យ​រាយមាយ ឡេះឡោះ​ឥត​ប្រយោជន៍​ជាដើម។

នៅ​ក្នុង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​សាសនា​បាន​ចែង​ថា ការ​រក្សា​សិក្ខាបទ​ទី​៤​នេះ គឺ​នឹង​នាំ​មក​នូវ​សុខ​សន្តិភាព​ដល់​មនុស្ស​ផង​គ្នា ពីព្រោះ​មនុស្ស​គ្រប់​រូប មិន​ថា​ក្មេង ចាស់ ប្រុស​ស្រី​ទេ គឺ​ចង់​បាន​តែ​សម្ដី​ល្អ សម្ដី​ស្មោះ​ត្រង់។ ដូច្នោះ​ប្រសិន​បើ​មាន​បុគ្គល​ណា​មួយ​មិន​គោរព រក្សា​សីល​ទី​៤​នេះ​ទេ ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​អ្នក​ដទៃ គឺ​អ្នក​ដែល​ទទួល​រង​នូវ​ពាក្យ​នេះ​នឹង​មិន​សប្បាយ​ចិត្ត​ទេ ហើយ​អាច​នឹង​ឈាន​ទៅ​រក​ការ​ប្រើ​អំពើ​ហិង្សា។

ចំពោះ​សីល​ទី​៥ ដែល​ហៅ​តាម​ភាសា​បាលី​ថា «សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី » គឺ​អប់រំ​មនុស្ស​អំពី​ទុក្ខទោស​នៃ​ការ​ប្រព្រឹត្ត​គ្រឿង​ស្រវឹង គ្រឿង​ញៀន​ផង​ទាំង​ឡាយ។ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន គេ​ឃើញ​មាន​បញ្ហា​គ្រោះថ្នាក់​ជា​ច្រើន​ដល់​អាយុ​ជីវិត និង​សុខភាព​មនុស្ស ដែល​បណ្ដាល​មក​ការ​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ទាំង​អ្នក​ប្រើប្រាស់ ទាំង​អ្នក​លក់​ទំនិញ និង​ទាំង​ថ្នាក់​ដឹក​នាំ​ប្រទេស​គ្រប់​ជាន់​ថ្នាក់​នៅ​មើល​ស្រាល​ពី​បញ្ហា​នេះ​នៅ​ឡើយ។

ព្រះ​មេគណ​ខេត្ត​កំពង់ស្ពឺ ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន បាន​មាន​ព្រះ​ថរដីកា​ថា គ្រឿង​ស្រវឹង​គ្រឿង​ញៀន គឺ​ជា​ថ្នាំពិស​មួយ​ដែល​អាច​សម្លាប់​មនុស្ស​បាន​បើ​គេ​នៅ​តែ​ប្រព្រឹត្ត។ ប្រការ​នោះ​ហើយ​ទើប​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ផ្លូវ​ឲ្យ​មនុស្ស​នាំ​គ្នា​រក្សា​សិក្ខាបទ​ទី​៥​នេះ៖ «អ៊ីចឹង​ទេ សូម​ឲ្យ​ញោមញាតិ ពុទ្ធ​បរិស័ទ មិន​ថា​ចាស់​ក្មេង​ប្រុស​ស្រី បឋម​វ័យ មជ្ឈិម​វ័យ បច្ឆិមវ័យ ឲ្យ​មាន​សីល​នៅ​ក្នុង​ខ្លួន​ទាំង​អស់​គ្នា»

អតីត​គ្រូ​ជំនួយ​វិបស្សនា ព្រះតេជព្រះគុណ​សង្ឃ​ពោធី នាម​ដើម ពូ តុងហាវ គង់​នៅ​វត្តឧណ្ណាលោម ក្រុង​ភ្នំពេញ បាន​មាន​ព្រះ​ថេរដីកា​ដែរ​ថា នៅ​ក្នុង​សីល​ទាំង​៥ ឬ​សិក្ខាបទ​ទាំង​៥ ដែល​រាប់​តាំង​ពី​សីល​ទី​១ ការ​វៀរចាក​មិន​សម្លាប់ មិន​លួច​ទ្រព្យ​គេ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម ប្រពន្ធ​កូន​អ្នក​ដទៃ មិន​ពោល​ពាក្យ​កុហក ញុះញង់ មិន​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន ជាដើម​នេះ គឺ​ជា​ច្បាប់​សម្រាប់​ទូន្មាន​មនុស្ស​ទាំង​អស់ មិន​ថា​ជាតិ​សាសន៍​ណា​នោះ​ទេ។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ដែរ​ថា ការ​កាន់សីល ឬ​រក្សាសីល​នេះ មិន​មែន​ចាំ​ទាល់​តែ​ថា​មាន​វ័យ​ចាស់​ជរា​បាន​រក្សា ឬ​ទៅ​សុំ​សីល​ពី​ព្រះសង្ឃ​នៅ​វត្ត​អារាម​នោះ​ទេ។ សីល​នេះ​បើ​ពោល​ឲ្យ​ចំ គឺ​មាន​ន័យ​ប្រៀប​ដូចជា​សិរៈ ឬ​ក្បាល​របស់​មនុស្ស។

ប្រការ​នេះ ហើយ​បើ​មនុស្ស​គ្រប់​រូប​ក្នុង​សង្គម​មួយៗ​មិន​រវល់​អើពើ​យក​ចិត្ត​ទុក​ដាក់​នាំ​គ្នា​រក្សា​សីល​ទាំង​៥ ចាប់​តាំង​ពី​បឋម​វ័យ​ឡើង​ទៅ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នោះ​ទេ គឺ​ប្រៀប​ដូច​ជា​គេ​មិន​ថែ​រក្សា​ក្បាល​របស់​គេ​ឲ្យ​នៅ​គង់វង្ស​ដែរ។

អ្នក​ប្រាជ្ញ​ដដែល​បាន​បន្ត​ថា បើ​គេ​មិន​ថែ​រក្សា​សីល ឬ​រក្សា​ក្បាល​ឲ្យ​គង់វង្ស ពេល​នោះ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ជីវិត​រស់​នៅ​ក៏​រមែង​ជួប​ប្រទះ​នូវ​វិបត្តិ​ទុក្ខ​ទោស​មិន​មាន​សេចក្ដី​សុខ​សន្តិភាព​នៅ​ក្នុង​សង្គម​គ្រួសារ សង្គម​ការងារ ឬ​សង្គម​ជាតិ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។