ខ្សែភាពយន្តភាគថៃ កំពុងពេញនិយមសម្រាប់កម្មការិនីរោងចក្រ និងមនុស្សវ័យកណ្ដាលមួយចំនួននៅកម្ពុជា។ ប៉ុន្តែចំពោះព្រឹទ្ធាចារ្យ និងមនុស្សចាស់ខ្លះវិញ សម្ដែងការមិនពេញចិត្តចំពោះរឿងភាគថៃ ដោយឈុតឆាកភាគច្រើនបង្ហាញពីសកម្មភាពស្នេហាចាប់រំលោភ ដណ្ដើមតួប្រុស ឬស្រីគ្នា និងកាច់កុងដណ្ដើមទ្រព្យសម្បត្តិគ្នាជាដើម។ ឈុតឆាកទាំងនេះ អាចជាបញ្ហាធ្វើឲ្យយុវវ័យខ្មែរវក់វីតាមដែរ។
ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវវ័យ ជក់ចិត្តតាមដានទស្សនារឿងភាគថៃ ជាងរឿងភាគដទៃទៀត។ ស្របពេលដែលទូរទស្សន៍ខ្សែកាប និងទូរទស្សន៍ក្នុងស្រុកមួយចំនួន ចាក់ផ្សាយឡើងវិញរឿងភាគថៃ ក៏មានអ្នកទស្សនាមួយចំនួនធំ មកជួលឌីស (Disc) និងបញ្ចូលរឿងភាគតាមចំណូលចិត្តរបស់ខ្លួនដាក់ក្នុងទូរស័ព្ទដៃ ឬឧបករណ៍ទំនើបដទៃទៀតតែម្ដង ដើម្បីទស្សនាពេលទំនេរពីការងារ។
យ៉ាងណា សកម្មភាពទាំងនេះមានចាស់ព្រឹទ្ធាចារ្យ និងអាជីវករខ្លះ បានរិះគន់អ្នកដែលជក់តាមដានរឿងភាគថៃ រហូតដល់ភ្លេចបាយទឹក ការងារ និងពេលវេលាសម្រាប់គ្រួសារជាដើម។
ប្រជាពលរដ្ឋរស់នៅក្រុងកំពង់ឆ្នាំង ដែលមានវ័យប្រមាណ ៦០ឆ្នាំ គឺលោក តូច យឿនសារី និងអ្នកស្រី គង់ យឺន ថ្លែងប្រហាក់ប្រហែលគ្នាថា មិនថាអ្នកក្រុង ឬអ្នកស្រែចម្ការទេ នាំគ្នាសម្រុកជួលរឿងភាគថៃ ទាំងដុំៗ និងបញ្ចូលរឿងក្នុងទូរស័ព្ទដៃរបស់ខ្លួនដើម្បីមើល។ ពួកគាត់បន្តថា រឿងភាគថៃ គាត់មិនសូវយកចិត្តទុកដាក់តាមដានអ្វីឡើយ ប៉ុន្តែថ្ងៃខ្លះមានពេលទំនេរឃើញក្មេងៗមើលច្រើន ក៏ឆ្លៀតមើលខ្លះដែរ៖ «ចង់ឲ្យមានការអប់រំទៅឲ្យកូនក្មេងដុះដាលតាមដំណើរដ៏ល្អរបស់ពូជពង្សវង្សត្រកូលរបស់ខ្មែរយើង។ វាច្រើនចូលចិត្តទៅមើលរឿងថៃ វិញហើយឥឡូវ។ ចំណុចនៃសាច់រឿងនោះវាច្រើនស្នេហា និងដណ្ដើមកេរមរតកហ្នឹងហើយខ្លាំង ប៉ុន្តែរឿងខ្មែរដូចបាត់មែន សំណូមពរថាចាក់រឿងខ្មែរពីបុរាណៗ និងរឿងសម័យបើមានក៏ចាក់មក ដើម្បីឲ្យក្មេងដឹងសាច់រឿង ឬប្រវត្តិរបស់ខ្មែរយ៉ាងម៉េចអីយ៉ាងម៉េចផង»។
ស្ត្រីវ័យកណ្ដាលម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងបញ្ជាក់ថា រូបនាងគឺជាទូរទស្សនិកជនម្នាក់តាមដានរឿងភាគ និងកម្មវិធីព័ត៌មាន តែតាមប៉ុស្តិ៍ភាគច្រើនមានតែបទចម្រៀង។
ចំណែក កញ្ញា ច័ន្ទ សុជាតា បង្ហាញពីការចាប់អារម្មណ៍ចំពោះរឿងភាគថៃ ថា នៅតាមកញ្ចក់ទូរទស្សន៍មានរឿងថៃ ច្រើនរឿង តែកញ្ញាចូលចិត្តមើលរឿងស្នេហា កាច់កុង និងវាយគ្នា៖ «និយាយទៅវាល្អមើល ពេលមើលទៅជក់ចិត្ដហ្មង ប៉ុន្តែរឿងណាល្អមើលបានតាមដាន អត់ល្អមើលអត់មើលដែរ។ (កញ្ញាយល់ថា) រឿងភាគថៃ ខ្លះបានអប់រំដែរ ដូចជារបៀបកាច់កុងគ្នាអ៊ីចឹងយើងដឹង»។
កាលពីជាងបីឆ្នាំមុន អាជីវករលក់ ឬជួលស៊ីឌីរឿងភាគថៃ ត្រូវប៉ាន់ដោយមានអតិថិជនច្រើនមកជួល និងទិញយកទៅចាក់មើល តែសព្វថ្ងៃមានពលរដ្ឋ ជាពិសេសយុវវ័យបានងាកមកបញ្ចូលរឿង ឬចម្រៀងតាមទូរស័ព្ទច្រើនជាងវិញ ដែលធ្វើឲ្យតូបជួលរឿងភាគថៃ នៅតាមខេត្តមួយចំនួនត្រូវបិទទ្វារ និងខ្លះនៅបើកជួល ឬលក់ដែរ ប៉ុន្តែក្នុងទំហំសមល្មម និងតូបខ្លះគ្មានរឿងភាគថៃ ជួលទៀតនោះទេ។
អាជីវករជួល ឬលក់ស៊ីឌី និងបញ្ចូលបទភ្លេងទូរស័ព្ទនៅខាងមុខរោងចក្រ អឹម.វ៉េ (M&V) ខេត្តកំពង់ឆ្នាំង លោក អ៊ុំ លឹមហេង មានប្រសាសន៍ថា តូបរបស់លោកលែងដាក់ស៊ីឌីរឿងភាគថៃ សម្រាប់ជួល ឬលក់ទៀតហើយ ពីព្រោះមិនសូវដាច់។ តែសព្វថ្ងៃ លោកនៅបញ្ចូលរឿងភាគថៃ និងចម្រៀង។ លោកថា កម្មករកម្មការិនីរោងចក្រភាគច្រើនសួររកតែរឿងភាគថៃ ដើម្បីបញ្ចូលក្នុងទូរស័ព្ទ៖ «បញ្ចូលរឿងដល់ពេលដេញជើងគ្នាពេកថោក ដល់ពេលថោកអ៊ីចឹងអ្នកជួលឌីស ក៏មិនសូវដាច់ដែរ។ ដូចថាពេលមុន ១ដុំ តម្លៃ ៥០០រៀល ដូចជួលឌីសអ៊ីចឹង តែឥឡូវអត់ទេ ៤ ទៅ ៦ដុំ តម្លៃតែ ១ពាន់រៀលទេ»។
ចំណែកអាជីវករបញ្ចូលបទភ្លេងទូរស័ព្ទ និងរឿងភាគថៃ នៅផ្សារព្រៃផ្ដៅ ខេត្តកំពង់ស្ពឺ លោក រស់ សុវណ្ណ ថ្លែងបញ្ជាក់ថា ក្នុងមួយថ្ងៃលោករកចំណូលបាន ៣ម៉ឺនរៀលពីការបញ្ចូលរឿងភាគថៃ។ ទូទៅ លោកទិញស៊ីឌីរឿងថ្មីៗពីម៉ូយមកចម្លង ឬទាញយកពីវែបសាយតែម្ដង។ លោកយល់ថា រឿងភាគថៃ មានអ្នកចូលចិត្តទស្សនាច្រើន ដោយការនិពន្ធ បច្ចេកទេសថត និងការសម្ដែង មើលទៅមិនសូវឆ្គង។
នៅមុនឆ្នាំ២០០៣ ខ្សែភាពយន្តភាគថៃ បានហូរចូលយ៉ាងច្រើនមកក្នុងប្រទេសកម្ពុជា ដោយស្ថានីយទូរទស្សន៍ខ្មែរស្ទើរទាំងអស់ដាក់បញ្ចាំងរឿងភាគថៃ ហើយវិស័យភាពយន្តខ្មែរត្រូវបានគេមើលឃើញថា មានការអន់ថយ ឬប្រកួតប្រជែងមិនឈ្នះភាពយន្តថៃ។ ប៉ុន្តែខ្សែភាពយន្តភាគថៃ បានអវត្តមានជាង ១០ឆ្នាំនៅកម្ពុជា ពោលគឺចាប់តាំងពីចុងខែមករា ឆ្នាំ២០០៣ បន្ទាប់ពីតារាសម្ដែងរបស់ថៃ ឈ្មោះ ស៊ូវ៉ាន់ណន្ត គង់យីង (Suvanant Kongying) ដែលទស្សនិកជនខ្មែរនិយមហៅក្រៅថា នាងផ្កាយព្រឹក បាននិយាយប៉ះពាល់ប្រវត្តិសាស្ត្រ និងប្រាសាទអង្គរវត្ត ហើយមានប្រតិកម្មពីពលរដ្ឋខ្មែរ។
កាលនោះ ពលរដ្ឋខ្មែរទូទៅមានការខឹងសម្បា និងបាតុកម្មដុតស្ថានទូតថៃ ដើម្បីប្រឆាំងនឹងពាក្យសម្ដីរបស់តារាសម្ដែងរូបនេះ។ ស្ថានីយទូរទស្សន៍ខ្មែរគ្រប់ប៉ុស្តិ៍ បានផ្អាកចាក់ផ្សាយរឿងថៃ។ ប៉ុន្តែបច្ចុប្បន្ន ខ្សែភាពយន្តថៃ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ឡើងវិញ តាមរយៈកាដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក និងខ្សែកាប ដែលបញ្ហានេះធ្វើឲ្យតារាសម្ដែងខ្មែរបារម្ភភាពយន្តខ្មែរធ្លាក់ចុះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ចាន់សាយ៉ា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៥ ខែមករា។ យ៉ាងណា លោកធ្លាប់ប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា ជាទូទៅការដាក់បញ្ចាំងរឿងបរទេស អាចមានផលប៉ះពាល់តិច ឬច្រើន ប៉ុន្តែគេមិនអាចរើសអើងឡើយ។ លោកថា ការហូរចូលភាពយន្តបរទេសមកស្រុកខ្មែរត្រូវចាត់ទុកថា ជាការប្រកួតប្រជែងលើវិស័យភាពយន្តមួយដែរ។ បច្ចុប្បន្ន នៅលើកញ្ចក់ទូរទស្សន៍កម្ពុជា បានដាក់បញ្ចាំងខ្សែភាពយន្តបរទេសជាង ៩០ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។