អាមេរិក​ផ្ដល់​ជំនួយ​៤៥​ម៉ឺន​ដុល្លារ​ដើម្បី​អភិរក្ស​វប្បធម៌​និង​គំរោង​ជួសជុល​ប្រាសាទ​ភ្នំបាខែង​ដំណាក់កាល​ទី​៧

0:00 / 0:00

ឯកអគ្គរដ្ឋទូត​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក ប៉ាកទ្រីក ម័រហ្វី (Patrick Murphy) បាន​ថ្លែង​ថា​សហរដ្ឋអាមេរិក​នៅតែ​បន្ត​ធ្វើជា​ដៃគូ​ដ៏​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌​កេរដំណែល​ការ​អភិរក្ស ការ​ជួសជុល​និង​កិច្ចការពារ​លើ​ប្រាសាទបុរាណ​នានា​នៅក្នុង​ប្រទេស​កម្ពុជា។

ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ សហរដ្ឋអាមេរិក​បាន​ជួយ​ជ្រោមជ្រែង​ទៅ​លើ​គំរោង​ជួសជុល​ប្រាសាទ​ភ្នំបាខែង​នៅក្នុង​ខេត្ត​សៀមរាប និង​ប្រាសាទ​មួយចំនួន​ទៀត​នូវ​ទឹកប្រាក់​ប្រមាណ ៤​លាន​ដុល្លារ​អាមេរិក។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជាមួយ​នឹង​អង្គការ​វើលម៉ូញូមិនហ្វាន់ (World Monument Fund បាន ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​មូលនិធិ​ឯកអគ្គរដ្ឋទូត​នូវ​ទឹកប្រាក់​ប្រមាណ​៤៥​ម៉ឺន​ដុល្លារ​ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​អភិរក្ស​វប្បធម៌ និង​គំរោង​សម្រាប់​ជួសជុល​ប្រាសាទ​ភ្នំ​បាខែង​ក្នុង​ដំណាក់កាល​ទី​៧​នា​ឆ្នាំ​២០២៣។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក ប៉ាកទ្រីក ម័រហ្វី (Patrick W.Murphy) មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១ ខែ​ធ្នូ បន្ទាប់ពី​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​មូលនិធិ​ឯកអគ្គរដ្ឋទូត​នោះ​ថា នេះ គឺជា​ជំនួយ​ដ៏​សំខាន់​ពី​មូលនិធិ​ស្ថានទូត​សម្រាប់​ការ​អភិរក្ស វប្បធម៌ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ​២០២៣។ នេះ​គឺជា​ជំនួយ​សម្រាប់​និរន្តរភាព​វប្បធម៌ ការ​អភិរក្ស និង​ការពារ​ប្រាសាទបុរាណ​នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​មានប្រសាសន៍​ទៀត​ថា សហរដ្ឋអាមេរិក​បាន​គាំទ្រ​គំរោង ជួសជុល​ប្រាសាទ​ភ្នំ​បាខែង រយៈពេល​២០​ឆ្នាំ​មក​ហើយ លើ​ការ​ជួសជុល​ប្រាសាទ​ការ​អភិរក្ស​ថ្ម​ការ ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ និង​ការរៀបចំ​ជញ្ជាំង​នៃ​ប្រាសាទ​ភ្នំបាខែង​ឱ្យ​ប្រសើរ​ឡើងវិញ។

លោក ប៉ាកទ្រីក ម័រហ្វី៖ «ស្ថានទូត​អាមេរិក​នៅតែ​បន្ត​គាំទ្រ​ចំពោះ​ការ​អភិរក្ស​ក៏ដូចជា​ការ​ការពារ​ជួសជុល​ប្រាសាទបុរាណ​ហើយ​យើង​ក៏បាន​ជួយ​ការងារ​ជួសជុល​ប្រាសាទព្រះវិហារ​មួយ​ចំណែក​ផង​ដែរ។ យើង​ក៏​មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​ការ​បញ្ជូន​ត្រឡប់​មកវិញ​នូវ​រូបចម្លាក់​សិល្បៈ​បុរាណ​មក​កម្ពុជា​វិញ ពីព្រោះ​រូបចម្លាក់​សិល្បៈ​បុរាណ​ទាំងនេះ​វា​ជា​បេះដូង និង​ដួង​ព្រលឹង​របស់​ប្រទេស​កម្ពុជា»។

ប្រាសាទភ្នំបាខែង​បាន​កសាង​តាំងពី​ឆ្នាំ​៩០៧ នៃ​គ្រីស្ដសករាជ ក្នុង​រជ្ជកាល​ព្រះបាទ​យសោវរ្ម័នទី១។ ប្រាសាទ​នេះ​ស្ថិតនៅ​ចំ​ពីលើ​កំពូលភ្នំ​ធម្មជាតិ​មួយ ដែល​មាន​ទីតាំងនៅ​ចំ​កណ្តាល​ទីក្រុង យសោធបុរៈ​ស្ថិត​នៅ​ចន្លោះ ប្រាសាទ​អង្គរវត្ត និង​ក្រុង​អង្គរធំ។

ដោយសារតែ​អាយុកាល​ច្រើន​រយ​ឆ្នាំ​សំណង់​របស់​ប្រាសាទ​នេះ​បាន​ទ្រុឌទ្រោម​ជាច្រើន​កន្លែង។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោកស្រី ភឿង សកុណា មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ មក​ហើយ​សហរដ្ឋអាមេរិក​បាន​សហប្រតិបត្តិការ​លើ​ផ្នែក​វប្បធម៌​ជាមួយ​កម្ពុជា ដោយ​មិន​ត្រឹមតែ​ជួយ​លើ​គម្រោង​ជួសជុល​ប្រាសាទភ្នំបាខែង​ប៉ុណ្ណោះ​ទេ គឺ​សហរដ្ឋអាមេរិក​ក៏បាន​ជួយ​ជួសជុល ជណ្ដើរ​ផ្នែក​ខាងជើង​របស់​ប្រាសាទព្រះវិហារ​ហើយ​ថ្មីៗ​សហរដ្ឋអាមេរិក​ក៏បាន​ជួយ​បញ្ជូន​វត្ថុ​បុរាណ​ជាច្រើន​ឱ្យ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​ផង​ដែរ។ លោកស្រី ភឿង សកុណា បញ្ជាក់​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​ផ្នែក​អភិរក្ស​វប្បធម៌​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ពេល​នេះ​គឺជា​ការ​ផ្តល់ ផលប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ទាំងពីរ ប្រសិនបើ​គ្មាន​សហរដ្ឋអាមេរិក​ជួយ​ជ្រោមជ្រែង​ទេ គឺ​កម្ពុជា​មានការ​ពិបាក​យ៉ាង​ខ្លាំង។

លោកស្រី ភឿង សកុណា៖ «ជា​ការ​ពិត​យើង​ចង់ឱ្យ​សហប្រតិបត្តិការ​អាមេរិក​លើ​ផ្នែក​វប្បធម៌​បន្ត​ឱ្យ​បាន​ច្រើន​ទៅមុខ​ទៀត ហើយ​ពេល​ថ្មីៗ​នេះ​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ប្រតិបត្តិ​នៅ​UNESCO​របស់​អង្គការ​សហប្រជាជាតិ គឺ​កម្ពុជា​ក៏បាន​បោះឆ្នោត​ជូន​អាមេរិក ដើម្បី​ឱ្យ​ក្លាយទៅជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​របស់​អង្គការ​UNESCO​ដែរ»។

តំណាង​អង្គការWorld Momument Fundប្រចាំ​កម្ពុជា​លោកស្រី ជីននីវរ៉ា បូតូ (Ginevra Boatto) ឱ្យ ដឹង​ថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ ៤​លាន​ដុល្លារ​អាមេរិក​ហើយ តាមរយៈ​អង្គការ​World Monument Fund សម្រាប់​កិច្ចការ​ជួសជុល អភិរក្ស និង​ការពារ​ប្រាសាទបុរាណ​នៅ​ភ្នំ​បាខែង​និង​នៅ​តំបន់​ដទៃទៀត​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។