លោក ធាន វុទ្ធី ដែលតាំងខ្លួនឯងជាព្រះសិអារ្យមេត្រី នៅវត្តទួលព្រះរាជា មានទីតាំងនៅស្រុកកោះធំ ខេត្តកណ្ដាល បានចូលខ្លួនទៅបំភ្លឺចំពោះមុខអាជ្ញាធរនូវទង្វើខុសឆ្គងរបស់ខ្លួន នៅក្នុងវិស័យព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃពុធ ទី៦ ខែសីហា។
ការបង្ហាញខ្លួននេះ ធ្វើឡើងដោយមានវត្តមាន លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធ នៅចំពោះព្រះភ័ក្ដ្រសម្ដេចពោធិ៍វាំង អំ លឹមហេង នៅវត្តមុនីសុវណ្ណ ឬនៅវត្តចំពុះក្អែក ខេត្តកណ្ដាល។
នៅក្នុងវីដេអូឃ្លីប ដែលបានចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃពុធ នេះ លោក ធាន វុទ្ធី បានទទួលកំហុសឆ្គងរាល់ទង្វើ និងការប្រព្រឹត្តរបស់ខ្លួន និងព្រមឲ្យគណៈកម្មការចម្រុះ និងផ្នែកពាក់ព័ន្ធ កែលំអរចនាបថនានាដែលបានកសាងឡើងនៅក្នុងបរិវេណវត្តទួលព្រះរាជា ឡើងវិញ៖ «ខុសតែម្តង។ រចនាបថខុសទាំងប៉ុន្មានហ្នឹង ក៏ទូលបង្គំទួលថ្វាយ បើសិនជាខុសត្រង់ណា? សូមព្រះអង្គមានបន្ទូល ឬក៏ឲ្យទូលបង្គំធ្វើអាហ្នឹងតទៅទៀត ក៏ទូលបង្គំខ្លាចខុសតទៅទៀត។ អ៊ីចឹងសុំថ្វាយដល់ព្រះអង្គ សម្ដេចនាយក សូមព្រះអង្គមេត្តាអនុគ្រោះ ពីព្រោះការធ្វើនេះ ទូលបង្គំមិនបានយល់អស់ទេ ព្រោះអីទូលបង្គំមានការល្ងឹតល្ងង់។ ហើយការដែលហៅមកបំភ្លឺនេះ ដែលទូលបង្គំមិនបានមក គឺទូលបង្គំមិនបានជឿអ្នកដែលប្រាប់នោះច្បាស់លាស់។ តែការមកថ្ងៃនេះ គឺដោយសារតែមានលិខិតអញ្ជើញត្រឹមត្រូវ ទូលបង្គំក៏មកតាមការអញ្ជើញ»។
អភិបាលខេត្តកណ្ដាល លោក ផៃ ប៊ុនឈឿន ឲ្យដឹងនៅក្នុងពិធីសុំទោសនោះថា លោកបានប្រព្រឹត្តខុសដូចជា បង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំ និងឲ្យប្រជាពលរដ្ឋគោរពខ្លួននោះ ដោយសារតែភាពឆោតល្ងង់ និងចង់ត្រាស់ជាព្រះពុទ្ធនៅជាតិមុខ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះពីមន្ត្រីនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានទេនៅល្ងាចថ្ងៃពុធ ទី៦ សីហា។
ប៉ុន្តែ អាជ្ញាធរខេត្តកណ្ដាល ឲ្យដឹងថា លោក ធាន វុទ្ធី នឹងត្រូវនាំខ្លួនទៅសុំទោសនៅចំពោះមុខ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៧ ខែសីហា។
ទាក់ទិនបញ្ហានេះ មន្ត្រីមកពីក្រសួងធម្មការ និងមន្ត្រីខេត្តកណ្ដាល ក៏បដិសេធមិនផ្តល់អត្ថាធិប្បាយបន្ថែមអំពីទោសកំហុសទាំងនោះ ត្រូវបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស ឬក៏ទទួលពិន័យបែបណា ចំពោះទង្វើខុសនឹងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ពេលនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។