នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋមួយចំនួនតែងប្រារព្ធនូវពិធីបុណ្យស្រង់ព្រះ ឬងូតទឹកជូនអ្នកមានគុណប្រុសស្រី និងចាស់ទុំនៅតំបន់ដែលពួកគេរស់នៅ។ ពិធីនេះបង្ហាញឱ្យឃើញនូវគុណូបការៈរបស់អ្នកមានគុណ ម្យ៉ាងដើម្បីផ្សារភ្ជាប់ទៅនឹងប្រពៃណីសាសនាព្រះពុទ្ធដែលជាបរមគ្រូនៃពុទ្ធសាសនិកគ្រប់រូបផង។
តើពលរដ្ឋនៅខេត្តកំពង់ចាម ប្រារព្ធពិធីនេះយ៉ាងដូចម្ដេចខ្លះ ហើយមានប្រវត្តិ និងអត្ថន័យយ៉ាងដូចម្ដេច?
ពិធីស្រង់ព្រះ ឬងូតទឹកសម្អាតកាយជូនអ្នកមានគុណ តែងប្រារព្ធឡើងនៅថ្ងៃទី៣ ឬថ្ងៃបញ្ចប់ ក្នុងពិធីបុណ្យចូលឆ្នាំ។ ពិធីនេះ តំបន់ខ្លះធ្វើឡើងនៅតាមវត្តអារាម ដោយមានទឹកក្រអូប ឬទឹកធម្មតាមកលាងសម្អាតព្រះពុទ្ធបដិមាដែលមាននៅក្នុងបរិវេណវត្ត ឬងូតទឹកជូនចាស់ៗ ដែលមាននៅទីនោះ ប៉ុន្តែកន្លែងខ្លះទៀត គេធ្វើឡើងនៅក្នុងភូមិ ដោយអញ្ជើញឪពុកម្ដាយ ឬចាស់ព្រឹទ្ធាចារ្យមកងូតទឹកដើម្បីសម្អាតកាយជូនពួកគាត់។
ចាស់ព្រឹទ្ធាចារ្យខ្លះយល់ថា ពិធីបុណ្យនេះ គោលបំណងសំដៅដល់ឪពុកម្ដាយដែលជាអ្នកមានគុណ ឬ គេហៅថា ព្រះរស់តែម្ដង ពីព្រោះលោកបានចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីរហូតមក។ ចំណែកពលរដ្ឋខ្លះទៀតយល់ថា ធ្វើឡើងដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធ។
ចាស់ព្រឹទ្ធាចារ្យរស់នៅឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ មួយរូប លោក នាង ម៉ក់ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅក្នុងភូមិរបស់លោកតែងរៀបចំឱ្យមានពិធីងូតទឹកជូនអ្នកមានគុណ។ លោកថា ពិធីនេះធ្វើឡើងដើម្បីបង្ហាញពីការដឹងគុណដល់ឪពុកម្ដាយ ហើយភ្ជាប់នឹងទំនៀមទម្លាប់ស្រង់ព្រះតាំងពីដើមរៀងមក៖ «មានធ្វើនៅតាមក្រុមគេ អ៊ីចឹងទៅមានចាស់ៗបួនដប់នាក់។ គេដាក់គ្រែមួយ ដាក់ទឹកអីមក ហើយគេហៅចាស់ៗហ្នឹងមក»។
គ្រឿងរណ្ដាប់សម្រាប់យកទៅស្រង់ព្រះ ព្រមទាំងងូតទឹកជម្រះកាយជូនមាតាបិតា រួមមានទឹកក្រអូប ឬ ទឹកធម្មតា ផ្កាភ្ញី សាប៊ូក្រអូប ទឹកអប់ ម្សៅ ហើយតំបន់ខ្លះទៀត អាចជូនជាសម្ភារៈ ឬ ចំណីចំណុកមួយចំនួនដល់មាតាបិតា ឬ ចាស់ទុំទាំងនោះទៀតផង។
លោក នាង ម៉ក់ ឱ្យដឹងដែរថា រាល់ពេលដែលកូនចៅប្រុសស្រី បានធ្វើពិធីនេះ លោកសប្បាយត្រេកអរណាស់ ហើយថែមទាំងប្រសិទ្ធិពរជ័យត្រឡប់ទៅវិញ ឱ្យកូនចៅខ្លួនទទួលបានសុខចម្រើនក្នុងការរស់នៅ។ លោកថា ពិធីនេះក៏ជាការលើកកម្ពស់ព្រះពុទ្ធសាសនាមួយផ្នែកក្នុងនាមខ្លួនជាពុទ្ធសាសនិកដែរ។
មិនខុសគ្នានេះ ចាស់ព្រឹទ្ធាចារ្យ និងជាគណៈកម្មការវត្តនគរបាជ័យក្នុង លោក ជួង ជុន មានប្រសាសន៍ថា ពិធីស្រង់ព្រះគឺសំដៅដល់គុណូបការៈរបស់ព្រះសម្មាសម្ពុទ្ធដែលបានខិតខំទូន្មានប្រៀនប្រដៅប្រជាពលរដ្ឋទាំងឡាយឱ្យប្រកាន់នូវអំពើល្អ និងជៀសផុតពីសេចក្ដីអាក្រក់ទាំងពួង។ លោកបន្តថា អត្ថន័យពិធីស្រង់ព្រះដែលសំខាន់ជាងនេះទៅទៀតនោះ គឺសំដៅទៅដល់គុណមាតាបិតាដែលបានខិតខំចិញ្ចឹមបីបាច់កូនចៅកន្លងមក។ ពិធីងូតទឹកជូនមាតាបិតា ឬចាស់ទុំ គឺមិនត្រឹមតែបង្ហាញពីការតបគុណប៉ុណ្ណោះទេ ប៉ុន្តែតំណាងឱ្យភាពត្រជាក់ត្រជំប្រៀបបានទៅនឹងទឹកអម្រឹត។
លោកតា ជួង ជុន យល់ថា គឺជារឿងល្អមួយសម្រាប់កុលបុត្រខ្មែរដែលនាំគ្នាធ្វើអំពើល្អទាំងនេះ៖ «បាទល្អ! បើសិនកូនខ្មែរយើង ក្មួយៗ កូនចៅក្រោយៗមកទៀតគេអាចធ្វើទៅតាមហ្នឹង គឺល្អតែម្តង»។
មាតាបិតាមួយចំនួននៅពេលកូនចៅនាំគ្នាស្រង់ទឹក ឬងូតទឹកជូន ពេលខ្លះធ្វើឱ្យទឹកភ្នែករបស់ពួកគាត់ធ្លាក់ចុះដោយមិនដឹងខ្លួនក៏មាន។
ព្រះ តេជព្រះគុណព្រះមហាធម្មាលង្ការោ និងជាចៅអធិការវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ខេត្តបន្ទាយមានជ័យ ព្រះនាម ចាន់ សុជន មានថេរដីកាថា ពិធីស្រង់ព្រះ គឺមានកំណើតចាប់ពីសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មក។ ព្រះអង្គបន្តថា កាលណោះ ព្រះមហាក្សត្រខ្មែរបានដង្ហែព្រះពុទ្ធបដិមា ចំនួន ២៥អង្គ មកពីតាមបណ្ដាខេត្តមួយចំនួនយកទៅតម្កល់ទុកនៅក្នុងប្រាសាទព្រះខ័ណ្ឌ។ ក្រោយមកមានការស្រង់ព្រះពុទ្ធបដិមាទាំងនោះ ហើយដើរប្រទក្សិណទៅតាមទិសនីមួយៗ បន្ទាប់មកក៏ដង្ហែទុកនៅកន្លែងដើមវិញ។
ព្រះអង្គឱ្យដឹងទៀតថា ក្រោយមកប្រជាពលរដ្ឋខ្មែរនាំគ្នាប្រារព្ធពិធីនេះរហូតមក ប៉ុន្តែប្រែក្លាយខ្លះដោយមានទាំងស្រង់ ឬងូតទឹកជូនមាតាបិតា ព្រមទាំងចាស់ទុំថែមទៀត៖ «បន្ទាប់ពីលោកសម្ដែងពុទ្ធមន្ត រួចទៅក៏អញ្ជើញចាស់ៗ ទាំងអស់ឡើងទៅ រួចក៏នាំគ្នាស្រោច ឬងូតទឹកជូនគាត់»។
ព្រះតេជព្រះគុណដដែលបន្ថែមទៀត អត្ថន័យពិធីស្រង់ព្រះ ព្រមទាំងងូតទឹកជូនចាស់ទុំ គឺមិនត្រឹមតែដើម្បីការតបគុណ ឬដឹងគុណប៉ុណ្ណោះឡើយ ប៉ុន្តែដើម្បីលាងជម្រះចិត្តសៅហ្មង ទាំងពួង នឹងធ្វើឱ្យចិត្តរបស់យើងស្ងប់៖ «ហើយបំណងរបស់ឪពុកម្ដាយ គឺគ្មានអ្វីក្រៅពីចង់ឃើញកូនបានល្អទេ ហើយបើងាយទៅកូនធ្វើអំពើផ្ដេសផ្ដាសនៅក្នុងសង្គម ឪពុកម្ដាយមានតែឈឺចាប់ ហើយមានតែពិបាកចិត្ត»។
ព្រះអង្គបន្ថែមថា រាល់ការប្រារព្ធពិធីទាំងនេះ គប្បីធ្វើឡើងចេញពីទឹកចិត្ត និងប្រកបដោយការយល់ដឹងត្រឹមត្រូវ មិនមែនធ្វើឡើងដើម្បីគម្រប់កិច្ច ឬធ្វើតាមគ្នានោះទេ។
ព្រះតេជព្រះគុណយល់ថា ដើម្បីឱ្យយុវជនខ្មែរជំនាន់ក្រោយ អាចប្រតិបត្តិនូវអ្វីដែលជាអំពើល្អ និងបន្តទំនៀមទម្លាប់ប្រពៃណីសាសនាឱ្យបានប្រសើរ ប្រព័ន្ធផ្សព្វផ្សាយគឺមានតួនាទីសំខាន់ដោយត្រូវផ្សព្វផ្សាយការអប់រំចិត្ត បណ្ដុះសីលធម៌ ហើយគប្បីជៀសវាងការផ្សព្វផ្សាយស្រានាឱកាសបុណ្យចូលឆ្នាំខ្មែរ។ មិនតែប៉ុណ្ណោះ មេដឹកនាំត្រូវបង្ហាញភាពជាគំរូ ហើយមេដឹកនាំតាមមូលដ្ឋាន ពិសេសព្រះសង្ឃត្រូវមានតួនាទីអប់រំណែនាំដល់ពុទ្ធសាសនិកទាំងឡាយ ឱ្យបានយល់អំពីការដឹងគុណ ឬតបគុណ និងអត្ថន័យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។