គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការ យូណេស្កូ (UNESCO) ក្នុងសម័យប្រជុំលើកទី៤៥ នាទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត (Kingdom of Saudi Arabia) បានសម្រេចបញ្ចូលរមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា។
ព្រះបាទជ័យវរ្ម័នទី៤ បានកសាងទីតាំងប្រជុំប្រាសាទកោះកេរ ដែលជាអតីតរាជធានីលិង្គបុរៈ (អានថា លិង្គ បុ រៈ មានន័យថា បុរីនៃលិង្គ) ឬ ឆោកគគ៌្យរ (អានថា ឆោកគគីរ) ក្នុងសតវត្សទី១០ និងបានឡើងសោយរាជ្យជាផ្លូវការពីឆ្នាំ៩២៨ ដល់៩៤១ នៃគ្រិស្តសករាជ។
រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ មានបុរាណដ្ឋានប្រមាណ១៦៩ទីតាំង លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ៨ពាន់ ៧០០ហិកតារ (៨,៧០០ហិកតារ) ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រៅពីមានប្រាសាទកោះកេររាងជាពីរ៉ាមីត ដែលមានកម្ពស់ប្រមាណ ៣៥ម៉ែត្រ ចែកជា៧ថ្នាក់ជាប្រាសាទធំជាងគេហើយនោះ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ក៏មានប្រាសាទផ្សេងៗទៀតចំនួន៧៥ ប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រផងដែរ។ ក្រៅពីតំបន់ប្រជុំប្រាសាទកោះកេរនេះ កន្លងមកគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) ក៏បានដាក់តំបន់ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវការពារផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។