"ព្រឹត្តិការណ៍​ប្រាសាទសម្បូរ​​ព្រៃគុក​អាច​ជា​ការ​ពង្វាង​ការ​ចាប់​អារម្មណ៍​ករណី​បណ្ឌិត កែម ឡី"

ដោយ មួង ណារ៉េត
2017.07.18
ប៊ុត ប៊ុនតិញ ៨៥៥ ២០១៧ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
Photo: RFA

រដ្ឋាភិបាល​គ្រោង​រៀបចំ​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ ដែល​គាប់​ជួន​គ្នា​នឹង​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​ធ្លាប់​បាន​ចូលរួម​រៀបចំ​បុណ្យ​សព​​បណ្ឌិត កែម ឡី ចាត់​ទុក​ថា ការ​រៀបចំ​នេះ​ជា​ការប​ង្វែង​ព្រឹត្តិការណ៍។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្ស័យ​ថា ការ​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​ចងចាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​នេះ និង​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អាច​ជា​ព្រឹត្តិការណ៍​ដោះដូរ​បញ្ហា។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​រឿង​នេះ​ដោយ​ខ្លួន​ឯង ព្រោះ​ព្រះអង្គ​ជឿ​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​ស្វាមីភក្ដិ​ចំពោះ​លោក​បណ្ឌិត កែម ឡី ប្រាកដ​ជា​មិន​ឲ្យ​ព្រឹត្តិការណ៍​ថ្មី​ផ្លាស់ប្ដូរ​សេចក្ដី​ស្រលាញ់ និង​ការ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ៖ «ញាតិញោម​មេត្តា​ស្វែង​យល់​អ៊ីចេះ​ទៅ​វិញ! បើ​ញោម​ស្រលាញ់​លោក កែម ឡី ញោម​គោរព​លោក កែម ឡី ចង់​ព្រឹត្តិការណ៍​ប៉ុន្មាន​រយ​ប៉ុន្មាន​ពាន់ ក៏​ញោម​មិន​គាំទ្រ គឺ​ថា​ជំហរ​របស់​ញោម គឺ​ការពារ​លោក កែម ឡី»

តាម​ពិត​ប្រាសាទ​សម្បូរ​ព្រៃគុក ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​អំពាវ​ឲ្យ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​រួម​គ្នា​វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​នៅ​តាម​ក្រសួង និង​តាម​ភូមិ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ម៉ោង​ដប់​ព្រឹក ដើម្បី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស កំពុង​ប្រារព្ធ​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

ទោះ​បី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​ក្រោយ និង​ឆ្នាំ​បន្តបន្ទាប់​ជា​ថ្ងៃ​រំលឹក​ព្រឹត្តិការណ៍​បញ្ចូល​ប្រាសាទ​សម្បូរ​ព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​ក៏ដោយ ក៏​ឆ្នាំ​នេះ​ព្រឹត្តិការណ៍​សាទរ​នេះ​ត្រូវ​បាន​រៀបចំ​ធំ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ ការ​រៀប​ចំ​នេះ គឺ​នៅ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខកខាន​មិន​បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍ និង​អវត្តមាន​ក្នុង​ពេល​ប្រជុំ​សភា ដើម្បី​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា នេះ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ឆ្លៀត​វាយ​ប្រហារ​គណបក្ស​នយោបាយ​ដែល​មិន​ប្រកាស​អបអរសាទរ​នៃ​ការ​ចុះ​បញ្ជី​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក​នេះ៖ «មាន​បក្ស​នយោបាយ​ជា​ច្រើន​ដែល​បាន​បញ្ជូន​សារ​មាន​ការ​បញ្ជូន​សារ​ដោយ​ឡែក​មក​កាន់ WhatsApp របស់​ខ្ញុំ។ ប៉ុន្តែ​ក៏​អវត្តមាន​នៃ​បក្ស​នយោបាយ  ឬ​សង្គម​ស៊ីវិល​ខ្លះ ដែល​គេ​មិន​ហ៊ាន​ទាំង​និយាយ​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ជាតិ​ផង​នោះ»

​ទោះ​ជា​លោក ហ៊ុន សែន មិន​និយាយ​ចំៗ​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏​ចុង​ក្រោយ​គឺ​លោក​ចង់​និយាយ​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ឯង។  លោក ហ៊ុន សែន បន្ត​ថា គណបក្ស​នយោបាយ​ដែល​មិន​ចេះ​សរសើរ​សមិទ្ធផល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​បែប​នេះ មិន​អាច​ដឹកនាំ​ប្រទេស​កើត​ទេ៖ «តើ​វា​ស័ក្ដិសម​ទៅ​ជា​បក្ស​ដែល​គួរ​កាន់​អំណាច ឬ​ដឹកនាំ​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ? នេះ​ហើយ​ដែល​ត្រូវ​ចងចាំ! ចំណុច​មិន​មែន​ត្រង់​ពូកែ​និយាយ​ទេ តែ​ត្រូវ​ធ្វើ​សកម្មភាព​ជាក់ស្ដែង»

​ការ​រិះគន់​គណបក្ស​ប្រឆាំង​ថា ទាល់​តែ​ចេះ​សរសើរ​រដ្ឋាភិបាល​ទើប​អាច​ដឹក​នាំ​ប្រទេស​កើត​នេះ ត្រូវ​បាន​កូន​ប្រុស​លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថ្មីៗ​នេះ​ដែរ គឺ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លង​ទៅ នៅ​ក្នុង​រដ្ឋសភា ពេល​កំពុង​ប្រជុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ហាម​យក​រូបថត និង​សំឡេង ឬ​សារ​ផ្សេងៗ​របស់​លោក សម រង្ស៊ី មក​ប្រើ ដើម្បី​ប្រយោជន៍​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន ម៉ានី ពេល​នោះ​ក៏​សម្តែង​ការ​ឈឺឆ្អាល​ដែល​មិន​ឃើញ​គណបក្ស​ប្រឆាំង​ថ្លែង​សាទរ​ចំពោះ​ព្រឹត្តិការណ៍​បែប​នេះ។ លោក ហ៊ុន ម៉ានី យល់​ថា នេះ​ប្រហែល​ជា​គណបក្ស​ប្រឆាំង​ខ្លាច​បាត់​ប្រជាប្រិយ ទើប​មិន​ចូល​ចិត្ត​និយាយ​សរសើរ​រដ្ឋាភិបាល៖ «ចេញ​ពី​ថ្ងៃ​នេះ ពី​យុវជន ហ៊ុន ម៉ានី មួយ​រូប​នោះ គឺ​រឿង​អ្វី​ដែល​ជា​មោទនភាព​ជាតិ គួរ​តែ​ចូលរួម​អបអរសាទរ​ទៅ ដូច​ប្រាសាទ​សម្បូរ​ព្រៃគុក អី​នេះ!  គិត​ដោយ​វិជ្ជមាន​ចូល​រួម​អបអរសាទរ​បន្តិច​ទៅ វា​អត់​មាន​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា ក្នុង​នាម​ជា​កូន​ខ្មែរ លោក​មាន​មោទនភាព​ណាស់​ដែល​បាន​កើត​នៅ​លើ​ទឹក​ដី​មាតុភូមិ​កម្ពុជា ជា​ទឹកដី​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​ល្បីល្បាញ ដូចជា​ប្រាសាទ​សម្បូរ​ព្រៃគុក ជាដើម។ លោក កឹម សុខា បាន​បន្ត​ថា លោក​សូម​គាំទ្រ​ទាំង​ស្រុង​នូវ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​អង្គការ​យូណេស្កូ (UNESCO) កាល​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧ នាទី​ក្រុង​ក្រាកូ (Cracow) ប្រទេស​ប៉ូឡូញ (Poland) បន្ទាប់​ពី​កម្ពុជា បាន​ស្នើ​អង្គការ​យូណេស្កូ ពិនិត្យ​ដាក់​តំបន់​ប្រាសាទ​នេះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ​២០០៩។ បច្ចុប្បន្ន​កម្ពុជា មាន​សម្បត្តិ​វប្បធម៌​ទាំង​រូបី និង​អរូបី ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ ទទួល​ស្គាល់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក មាន​ដូចជា​តំបន់​ប្រាសាទ​អង្គរ ប្រាសាទ​ព្រះវិហារ ចាប៉ី​ដង​វែង ល្ខោន​ស្រមោល​ស្បែក​ធំ របាំ​ព្រះ​រាជ្យទ្រព្យ និង​ចុង​ក្រោយ​នេះ គឺ​ប្រាសាទ​សម្បូរ​ព្រៃគុក នេះ​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។